Saturday, November 5, 2011

បទអត្ថាធិប្បាយ ​អត្ថន័យដ៏ឧត្តុង្គឧត្តម នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ដ៏​ធំ​បី​នៅកម្ពុជា​


            ព្រះ​រាជ​ពិធី​បុណ្យដ៏​អឹកអធឹក​ចំ​នួន​បី​បាន​កើត​មាន​ឡើង​ព្រម​គ្នា នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​​រៀប​ចំ​​​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ​គឺបានបង្កប់​ទៅ​ដោយ​អត្ថន័យ​ដ៏​ត្រចះ​ត្រចង់ បង្ហាញ​ពី​ភាព​សុខដុមរមនា​របស់​ប្រជាពល​រដ្ឋកម្ពុជា​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ការ​ឯកភាព​ជាតិ​ ទឹក​ដី​ ក៏​ដូច​ជា​ ការ​គោរព​តាម​យ៉ាង​ត្រឹម​ត្រូវ​នូវ​របបរាជានិយម​អាស្រ័យ​ធម្ម​នុញ្ញ ដែល​មាន​ព្រះ​មហាក្សត្រគ្រង​រាជសម្បត្តិ​។
ព្រះ ​រាជ​ពិធី​បុណ្យដ៏​ធំទាំង​បី ​បាន​ចាប់ផ្តើមប្រារព្ធ​ធ្វើ​ឡើង​​តាំងពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ ២០១១​មកម្លេះ ​ដែល​មាន​ការ​​រៀប​ចំ​ភ្លឺចំ​រុះ​ពណ៌​នៅ​តាម​ដង​វិថី​តូច​ធំ​នា​នា ​ការ​បាញ់​កាំ​ជ្រួច​អប​អរយ៉ាង​​កង​​រំ​ពង​ ជាពិ​​សេស វត្តមាន​នៃ​ការ​ចូល​រួមថ្វាយ​ព្រះ​សព្វ​សារ​ធុការពរពី​សំ​ណាក់​​ថ្នាក់​ដឹក​ នាំ​នៃ​រាជ​រដ្ឋា​ភិបាល​​​ជា​ច្រើន​រូបនោះ ​គឺ​ព្រះ​​​រាជ​ពិធី​បុណ្យ​គម្រប់​ខួប​ព្រះ​ជន្មវស្សា៨៩ យាងចូល​៩០ ព្រះ​វស្សា ពី​ធី​បុណ្យ​​ខួបគម្រប់២០ឆ្នាំ​នៃ​ការ​​យាង​និវត្តន៍មកកាន់មាតុភូមិរបស់ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះមហាវីរៈក្សត្រ ព្រះវររាជ​បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រមទាំងព្រះ​រាជ​ពិធី​បុណ្យ​ខួបគម្រប់៧​ឆ្នាំនៃការ​គ្រប់គ្រង​រាជសម្បត្តិ​ របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។
នៅ ​ក្រោម​បរិយាកាសដ៏មហានក្ខត្តឬក្ស នៃ​ការ​បាន​ឃើញ​ព្រះ​វត្តមាន​របស់​អតី​តព្រះ​មហា​ក្សត្រ និង​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ គង់​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង គឺជាសក្ខីភាពក​តញ្ញូដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​ របស់រាជ​រដ្ឋាភិបាល​ ឆ្លើយ​តប​ទៅ​នឹង​គុណូបក្ការគុណ​របស់​​ព្រះករុណា​ ព្រះបាទបរមនាថនរោត្តមសីហមុនី ព្រះ​មហាក្សត្រប្រកបដោយទសពិធរាជធម៍ និងព្រះបាទនរោត្តមសីហនុ ព្រះវររាជបិតា បង្រួបបង្រួមជាតិ ក៏​ជា​ឱកាសមួយ​ ដើម្បីផ្តល់​លទ្ធ​ភាព​ បាន​ទូលថ្វាយអំពីសមិទ្ធផលដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ក្រោ​មការ​ដឹកនាំ របស់រាជរដ្ឋាភិបាល ក្នុង​​​រយៈ​ពេល​២០មក​នេះផង​ដែរ។​
ការ ​រក្សាបាន​នូវ​របបរាជា​និយម​អាស្រ័យ​ធម្ម​នុញ្ញ​ គឺបាន​កើត​មាន​ឡើងដោយ​ការ​​លះបង់ខ្ពស់​បំផុតរបស់​សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បច្ចុប្ប​ន្ន ជាមួយ​អតី​តព្រះ​មហាក្សត្រកម្ពុជា​ គឺ​សម្តេច​ព្រះ​នរោត្តម​ សី​ហនុ​​ សម្តេចឪ សម្តេចតា សម្តេច​តាទួតនៃ​យើង​ទាំង​អស់​គ្នា​ ដើម្បី​ការ​ចង់​បាន​សន្តិភាព និងការបង្រួបបង្រួមជាតិ ទើប​រួម​គ្នាបង្កើត​ជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និង​បាន​យាងសម្តេចឪ សម្តេចតា ចូលស្រុកវិញ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ១៩៩១ ឱ្យ​គង់​ធ្វើ​ជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា និង​រៀប​ចំ​ឲ្យមានការ​បោះ​ឆ្នោតនៅឆ្នាំ១៩៩៣ ដោយ​អ៊ុន​តាក់​ ដែល​ក្រោយ​មក​បង្កើត​បាន​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​សន្តិ​ភាព​នោះ​មិន​បាន​ផ្តល់​នូវ​ភាព​សុខសាន្ត​ដល់​​ប្រជាពល​ រដ្ឋទាំង​ស្រុង​នោះ​ទេ​ គឺ​កើត​មាន​ឡើង​ក្រោម​នយោបាយ​ឈ្នះ​‑ឈ្នះ​ របស់​សម្តេច​ ហ៊ុន ​សែន នៅ​ចុង​ឆ្នាំ ១៩៩៨​ តែ​ប៉ុណ្ណោះ​។
          ទោះបីរាជរដ្ឋាភិបាលបានគោរពត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញរបស់​ខ្លួន ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញ​សហប្រជាជាតិ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ដើម្បីពង្រឹង​នីតិរដ្ឋ និង​នូវ​បានប្រើ​ឧបករណ៍​ច្បាប់ជាច្រើន​ទៀត​ ដើម្បី​កិច្ចការពារ​អធិប​តេយ្យ​បូរណ​ភាពទឹក​ដី​ និងផល​ប្រយោជន៍​ជាតិខ្មែរ យ៉ាង​ណា​ក៏​ដោយ ក៏ពួកក្រុមគណបក្សប្រឆាំង នៅ​កម្ពុជា​ និងអង្គការ​មិន​មែន​រដ្ឋាភិបាលមួយចំ​នួន​តូច តែងតែលើក​ឡើង​ដដែល ជាដដែល នូវការចោទប្រកាន់គ្មានមូលដ្ឋាន ទម្លាក់​កំហុស​លើរាជ​រដ្ឋាភិបាល ដើម្បីយក​ប្រៀប​ខាងនយោបាយ និង​ខ្វះមនសិការជាតិ​ចាប់​រហូត​មក​។ ប៉ុន្តែ​ ការពិត​ រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​មេស្ថាបនិក​ ក្នុង​​ការ​​បង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស  ជាពិសេស បង្កើត​ឱ្យមាននូវអង្គ​ជំ​នុំ​ជម្រះ​វិសាម​ញ្ញ​តុលាការ​កម្ពុជា ដែល​គាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសថ្នាក់ដឹក​នាំកំពូលៗ​នៃរបបខ្មែរក្រ​ហម​។ តុលាការនេះ បាន​និង​កំ​ពុង​ឆ្ពោះ​ទៅ​មុខក្នុង​ទិសដៅ​ជោគ​ជ័យ​ និងបាន​នាំមក​នូវ​យុត្តិ​ធម៌​ដល់​ពល​រដ្ឋគ្រប់​រូប​ដែល​​ជាជន​រងគ្រោះ​ក្នុង ​របបនោះ​។
          ដូច្នេះ​ សន្តិ​ភាព​ដែល​មាន​នាពេល​បច្ចុប្បន្ន​ គឺពិត​ជាកើត​ចេញ​ពីការ​រួម​ចំ​ណែក​ដ៏​ធំ​របស់​ព្រះ​មហាវី​រក្សត្រ​កម្ពុជា​ ដែល​មិន​អាច​ខ្វះ​បាន ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ប្រកាន់​ខ្ជាប់​តាម​រដ្ឋធម្ម​នុញ្ញ និង​បាន​រៀប​ចំ​​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ខួបរបស់​ព្រះ​មហាវីរក្ស​ត្រ​    និង​ព្រះ​រាជ​ពិធី​បុណ្យ​គ្រង​រាជ​សម្បត្តិ ​នៃ​ព្រះ​មហា​​ក្ស​ត្រ ​គឺ​ជាសារមួយ​​បង្ហាញ​ប្រាប់​ពិភព​លោក​ថា​ កម្ពុជា​កំ​ពុង​រស់​នៅ​ជាមួយ​នឹងសុខ​សន្តិ​ភាព​ដ៏​ពេញ​បរិបូរណ៍​ ហើ​យ​ ​កំ​ពុង​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ​ ការ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចី​រភាព​៕ ​
ដោយ ទិត សារុនរ៉េត (ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា)
ថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១១