Friday, December 9, 2011

សេចក្តីប្​រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី


ថ្ងៃទី ០៩  ខែ ​ធ្នូ​ ​ឆ្នាំ២០១១

     ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០១១ វេលាម៉ោង ៨​ និង៣០នាទីព្រឹក នៅវិមាន​សន្តិភាព​មានបើក​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ
១-​សេច​ក្តី​ព្រាង​​ព្រះ​រាជក្រឹត្យ ស្តី​ពី​ការ​បង្កើត​គណៈស្ថាបត្យករ​កម្ពុជា​​​​​ ៖
២-សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ
៣-​​បញ្ហា​ផ្សេងៗ ៖ សំណើ​សុំ​ការ​យល់​ព្រម​ពី​គណៈរដ្ឋមន្រ្តី​ ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ហត្ថពលកម្ម​នៅ​រដ្ឋ​កាតា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​រដ្ឋ​កាតា”
      
     ក្រោយ​ពី​បាន​ស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋ​មន្ត្រី​បាន​សម្រេច​​​អនុម័ត​នូវ​៖
I-សេច​ក្តី​ព្រាង​​ព្រះ​រាជក្រឹត្យ ស្តី​ពី​ការ​បង្កើត​គណៈស្ថាបត្យករ​កម្ពុជា​​​​​
សេច​ក្តី​ព្រាង​​ព្រះ​រាជក្រឹត្យ ស្តី​ពី​ការ​បង្កើត​គណៈស្ថាបត្យករ​កម្ពុជាសរសេរ​អក្សរ​កាត់​ គ.ស.ក ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម និង​សំណង់​ មាន​គោល​បំណង ​៖
-​ដើម្បី​ប្រមូល​ផ្តុំ​ និង​គ្រប់​គ្រង​ស្ថាបត្យករ​ ដែល​បាន​ចុះ​បញ្ជី​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ព្រម​ទាំង​លើក​កម្ពស់​វិជ្ជាជីវៈ គុណភាព​ស្នាដៃ​របស់​ស្ថាបត្យករ និង​កិត្យានុភាព​នៃ​ស្ថាបត្យកម្ម​កម្ពុជា​។​
-​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​ចាំ​បាច់​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​វិជ្ជាជីវៈ​​ស្ថាបត្យកម្ម​ក្នុង​តំបន់​ ជាពិសេស​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​។​
សេចក្តី​ព្រាងព្រះ​រាជក្រឹត្យ​នេះ​ ចែក​ចេញ​ជា​ ៩ ជំពូក​ និង​មាន ៣៥ មាត្រា មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ស្ថាបត្យករ​​ខ្មែរ និង​ស្ថាបត្យករ​បរទេស​ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ គ.ស.ក ។​
​​
II- សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ៖
នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ការ​កំណត់​អត្ត​សញ្ញាណ​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​អនុវត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ស្ថានប័ន​រាជ​រដ្ឋាភិបាល​ ដៃ​គូអភិវឌ្ឍន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​ ដើម្បី​ផ្តល់​សេវា​សង្គម ផ្តល់​ជំនួយ និង​ការ​កំណត់​អាទិភាព​ក្នុង​ការ​អភិវឌ្ឍន៍​ផ្សេង​ៗ​ ដោយ​ប្រើ​ប្រាស់​នីតិ​វិធី​ផ្សេងៗ​គ្នា។ ​​ ការ​កំណត់​អត្ត​សញ្ញាណ​គ្រួសារ​ក្រីក្រ​​ ដោយ​ប្រើ​ប្រាស់​នីតិវិធីផ្សេង​ៗ​គ្នា​នេះ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដូច​ជា៖
-ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការ​កំណត់​អត្ត​សញ្ញាណ​គ្រួសារ​ក្រីក្រ​​ ប្រើ​ប្រាស់​បាន​តែ​ស្ថាប័ន​ ឬ​អង្គភាព​សាម៉ី​ តែ​ប៉ុណ្ណោះ​
-ទិន្នន័យ​ដែល​ទទួល​បាន​ពី​ការ​កំណត់​អត្ត​សញ្ញាណ​គ្រួសារ​ក្រីក្រ​របស់​ស្ថាប័ន​​រាជរដ្ឋាភិបាល​ ដៃ​គូអភិវឌ្ឍន៍​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​
-ដំណើរ​ការ​កំណត់​អត្ត​សញ្ញាណ​គ្រួសារ​ក្រីក្រ​ អាច​ស្ទួន​គ្នា​នៅ​ក្នុង​ភូមិ​មួយ ឬ ឃុំ​មួយ
-ពុំ​មាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្នន័យ​ឡើង​វិញ​ ដើម្បី​ពិនិត្យ​មើល​អំពី​និន្នាការ​នៃ​គ្រួសារ​ក្រីក្រ​។
ការ​រៀប​ចំ​ឡើង​នូវ​អនុក្រឹត្យ​ ស្តី​ពី​​អត្ត​សញ្ញាណកម្ម​​គ្រួសារ​ក្រីក្រ មាន​គោល​បំណង​ដើម្បី​ជម្រុញ​ឲ្យ​ក្រសួង​-ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេង​ៗ​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​ ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រី​ក្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​ផែន​ការ​។​
សេច​ក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រមាន​ ៧ ជំពូក​ និង ២៣ មាត្រា មាន​គោល​ដៅ​កំណត់​អំពី​អត្ត​សញ្ញាណ​​កម្ម​គ្រួសារ​ក្រីក្រ ដើម្បី​ផ្តល់​ទិន្នន័យ​សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​កាត់​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​កម្ពុជាស្រប​​​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធសាស្រ្ត​ចតុកោណដំណាក់​កាល​ទី២​ ​របស់​រាជរដ្ឋាភិបាល​ក្រោម​កា​រ​ដឹក​នាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​។​

III-បញ្ហា​ផ្សេងៗ ៖ ​អង្គប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី​ បាន​សម្រេច​បញ្ជូន​​ “សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ហត្ថពលកម្ម​​នៅ​រដ្ឋ​កាតា រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​រដ្ឋ​កាតា” ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ។
កិច្ច​ព្រម​ព្រៀង​នេះ​ មាន​ទិស​ដៅ​ស្វែង​រក​ការ​គ្រប់​គ្រង​ ការ​ប្រើប្រាស់​ហត្ថពលកម្ម​កម្ពុជានៅ​​រដ្ឋ​កាតា ស្រប​ទៅ​តាម​ក្រប​ខណ្ឌ​ច្បាប់​ និង​បទបញ្ជា​ទាំង​ឡាយ​ជា​ធរ​​​មាន​របស់​ព្រះ​រាជា​ណាចក្រកម្ពុជា និង​រដ្ឋ​កាតា ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ផ្នែកឯកជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចូលរួម​កាន់តែ​ខ្លាំង​ថែម​ទៀត​ក្នុង​វិស័យ​ផ្សេង​ៗ នៃ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​​កិច្ច​ប្រទេស​ទាំង​ពីរ​ ស្រប​ទៅ​តាម​ទិស​ដៅ​នៃ​សកលភាវូបនីយកម្ម​។​
-ដើម្បី​​ទប់​ស្កាត់​ពលករ​ចំណាក​ស្រុក​ដោ​យ​ខុស​ច្បាប់ ដែល​ប្រឈម​​នឹង​ហានិភ័យ​ខ្ពស់​ បណ្តាល​ឲ្យ​​ខ្វះ​កម្លាំង​ពលកម្ម​​ក្នុង​ស្រុក​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី បាន​ផ្តល់​អនុសាសន៍​ឲ្យ​ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ​ និង​ការ​ងារ​សហការ​ជា​មួយ​​បណ្តា​​ក្រុម​ហ៊ុន​វិនិយោគ​នានា​ធ្វើ​ការ​ផ្សព្វ​ផ្សាយ អំពី​តម្រូវ​ការ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ ដែល​កំពុង​កើន​ឡើង​​ជូន​ប្រជាពលរដ្ឋ​​ឲ្យ​បាន​ជ្រាប​ទូលំទូលាយ។​
-សម្តេច​​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន​ណែនាំ​ដល់​ឯកឧត្តម​ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ឲ្យពិនិត្យ​បាន​ដិត​ដល់​ចំពោះ​ការ​អនុវត្ត​ច្បាប់ ​​លើ​ករណី​សំណុំ​រឿង​​បង្ក​របួស​ស្នាម ​​លើ​ចៅ​ក្រម​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌល​គីរី​ ដោយ​ផ្ទេរ​សំណុំ​រឿងនោះ​​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​មិន​ត្រូវ​អនុគ្រោះ​ ឬលើក​លែង​ចំពោះ​អ្នក​បង្ក​ទោះជា​អ្នក​នោះ​ជា​អ្នក​ណា​ ឬ​កូន​អ្នក​ធំ​ណា​ឡើយ​។​
-សម្តេច​​​តេជោនាយក​រដ្ឋមន្រ្តី​ ​បាន​​ក្រើន​រំលឹក​ឲ្យ​អាជ្ញាធរ​ដែន​ដី​ជុំ​វិញ​បឹង​ទន្លេ​សាប​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​​​ពិសេស​​​ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋ​មន្រ្តី ​បន្ត​ដឹក​នាំ​អនុវត្ត​​​ការ​ទប់​ស្កាត់​​បទ​ល្មើស​នេសាទ​ និង​ភាព​​អនា​ធិប​តេយ្យ​​នៃ​ការ​នេសាទ​ ពេល​ត្រី​កំពុង​ត្រូវ​ ព្រោះ​ថា​ប្រជា​ពលរដ្ឋ​បាន​និង​កំពុង​គាំទ្រ​ការ​អនុវត្ត​បទបញ្ជា​លេខ ០១ប.ប និង​ការ​កែទម្រង់​ឡូត៍​នេសាទ​ ដែល​ធ្វើ​ឲ្យ​ផល​ត្រី​​បាន​កើន​ឡើង​។
-​ក្នុង​គោល​បំណង​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ សម្តេច​​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន​ណែនាំ​​ឲ្យ​ឯកឧត្តម​អគ្គ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រួត​ពិនិត្យ និង​កែ​សម្រួល​​​​លុប​បំបាត់​ចោល​ឧបសគ្គ​ណា​ ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ផ្ទេរ​ថវិកា​ ពីបរទេស​ចូល​មក​វិនិយោគ​​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ ទន្ទឹម​គ្នា​នោះ​ដែរ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ អគ្គនាយក​ដ្ឋាន​​កាំកុង​ត្រូល​ ក៏​ត្រូវ​ពិនិត្យ​កាត់​បន្ថយ​លុប​​បំបាត់​នូវ​ភាព​យឺត​យ៉ាវ​ក្នុង​ការផ្តល់​សេវា​​សម្រាប់​​ការ​​នាំ​ចូល ​និង​នាំ​ចេញទំនិញ​ ពី​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ផង​ដែរ​។​

អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង ១២ និង ៣០ នាទី។
         
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ​​ ធ្នូ​ ឆ្នាំ២០១១