Friday, December 9, 2011

បទវិភាគ ការគោរពសិទ្ធិមនុស្ស និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា


ដោយ រាជ្យ សុវណ្ណនគរ

           នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ គឺជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ តាមសេចក្តីប្រកាសជាសកល​ស្តីពី​សិទ្ធិ​​មនុស្ស​របស់អង្គការសហប្រជាជាតិ ដែលជាប្រធានបទដ៏ពេញ​និយមសម្រាប់​អ្នកនយោបាយ​មួយ​ចំនួន​​នៅ​កម្ពុជា ឆ្លៀតទាញយកអត្ថប្រយោជន៍ និង ប្រជាប្រិយភាពផ្ទាល់ខ្លួន។ ជាពិសេសជាង​នេះ​ទៅទៀត បញ្ហា​សិទ្ធិ​មនុស្ស គឺជាបញ្ហាដ៏រសើប និង ងាយបង្ករឲ្យមានការភ័ន្តច្រឡំពីសាធារណៈជន គ្រប់ស្រទាប់​សង្គម។

          ស្របពេលដែលអ្នក​រាយ​ការ​​ណ៍​ពិសេស​របស់​​អង្គ​​​ការ​​​​សហ​​ប្រ​​ជា​​ជាតិ​​ ​ ទទួល​​​បន្ទុកផ្នែក​​សិទ្ធិ​មនុស្ស លោក​ សូរិយា ស៊ូប៊ែឌី កំពុងមានវត្តមាននៅ​កម្ពុជា គេសង្កេតឃើញមានអ្នកនយោបាយខ្មែរមួយចំនួន បាន​លើក​យកបញ្ហាសិទ្ធិមនុស្ស និង បញ្ហាដទៃទៀត ទៅគោរពប្រណិប័ត្រ និង គោរពរាយការណ៍ហាក់បី​ដូចជា​អ្នកដ៏​មានគុណរបស់ខ្លួន ព្រមទាំងបំផ្លឹសហួសពីតថភាពរបស់សង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ ពួក​គេ បាន និង ​កំពុង​ចាត់​ទុកស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និង ការអនុវត្តច្បាប់នៅកម្ពុជា ហាក់បីដូច​ជា​​សង្គមព្រៃ សង្គមសត្វ និង រស់នៅគ្មានច្បាប់ទំលាប់អ្វីទាល់តែសោះអញ្ចឹងដែរ។

            តើការគោរពសិទ្ធិមនុស្ស ត្រូវអាស្រ័យទៅនឹងស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​របស់ប្រជា​ជាតិ​​នោះ ​ដែរឬទេ? តើយើងនាំគ្នាផ្តោតតែទៅលើកត្តាសិទ្ធិមនុស្ស ដោយបំភេ្លចចោលនូវក្រពះ និង សុខសន្តិភាព​របស់​ប្រជា​ពលរដ្ឋ​​ឬដូចម្តេច?

          តើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអ្វីខ្លះពាក់ព័ន្ធនឹង​លក្ខខណ្ឌ​​សិទ្ធិ​មនុស្ស និង ការគោរពច្បាប់នៅកម្ពុជា?

               ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើនេះ យើងគួរពិនិត្យត្រឡប់ទៅសម័យកាលរបបខ្មែរក្រហម​រហូតមក​ដល់​បច្ចុប្បន្ននេះ ថាតើស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា បានវិវត្តទៅយ៉ាងដូចម្តេច ហើយ​យើងទាំងអស់​គ្នា​ជា​ប្រជាពលរដ្ឋគ្រប់រូប គួរមានមោទនភាពនឹងថ្នាក់ដឹកនាំ និង ប្រជាជាតិរបស់ខ្លួន​ដែលបានខិតខំរិះរក​គ្រប​មធ្យោ​បាយ និង ធនធានក្នុងការសង្គ្រោះ ការកសាង និង ការអភិវឌ្ឍប្រទេសជាតិ​ដូច​សព្វថ្ងៃនេះ តាមរយៈសកម្មភាព និង​សមិទ្ធផលដូចខាងក្រោមនេះ៖

          នៅពេលដែលប្រជាជាតិខ្មែរទាំងមូល កំពុងស្ថិតនៅក្នុងជ្រោះមរណៈនៃរបបកម្ពុជា​ប្រជាធិប​តេយ្យ​​ខ្មែរ​ ក្រហមដែលមិនត្រឹមតែគ្មានសិទ្ធិមនុស្សទាល់តែសោះ ក៏ប៉ុន្តែរង់ចាំតែនាទីនៃសេចក្តីស្លាប់មក​ដល់នោះ​​គឺថ្នាក់ដឹកនាំ​ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គទាំងបីទេ​ដែលជា​អ្នក​ជួយ​សង្រ្គោះ​​ អាយុជីវិតឲ្យរួចផុតពី​សេចក្តីស្លាប់ និង ព្រាត់ប្រាសនិរាស្ត្រអន្តរាយ។ នេះគឺជាការពិត ហើយ​ក៏ជា​ការស្វែង​រកសិទ្ធិនៃការរស់រានមានជីវិត​ សេរីភាព សន្តិសុខ និង សិទ្ធិជួបជុំគ្រួសារ ជូន​ប្រជាជាតិខ្មែរគ្រប់រូប។

          ការទប់ស្កាត់ការវិលត្រឡប់របស់របបប្រល័យពូជសាសន៍ ការចរចារស្វែងរក​សន្តិភាព និង​ ការ​បញ្ចប់​សង្គ្រាមរវាងខ្មែរ និង ខ្មែរ តាមរយៈកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស​ឆ្នាំ​១៩៩១ ការធ្វើឲ្យរលំ​រលាយ​​អង្គការចាត់តាំង​នយោបាយ និង យោធារបស់ខ្មែរក្រហមជា​ស្ថាពរនៅ​ឆ្នាំ​១៩៩៨។

តាមរយៈ ​គោល​នយោបាយ​ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ដែលធ្វើឲ្យ​ប្រទេស​ជាតិ​កម្ពុជា ទទួលបាន​សន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយ និង ឯកភាពជាតិ និង ឯកភាពទឹកដី ដែល​ប្រជាជាតិខ្មែរមិនធ្លាប់មានអស់​រយៈ​ពេល​ជាច្រើនសតវត្សមកហើយ និង ការទប់​ស្កាត់​ប្រឆាំង​នឹងការរំលោភ​ឈ្លាន​ពានបូរណភាព​ទឹកដី និង សេចក្តីសុខសាន្ត​ពីសំណាក់ប្រទេស​ជិត​ខាង ជា​ពិសេស​ប្រទេសថៃ។

          ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិត​ខំ​ស្វែង​​រកយុត្តិ​ធម៌ជូនប្រជាជនខ្មែរ តាមរយៈការបង្កើតឲ្យមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ប៉ុល​​ពត អៀង សារី និង ខៀវ សំផន នៅពេលនោះ ស្របពេលដែលអ្នកនយោបាយខ្មែរ​ និង ប្រទេសមួយ​ចំនួន ដែលកំពុងស្រែកអំពីសិទ្ធិមនុស្ស​នៅពេល​នេះ ធ្វើសកម្មភាពគាំទ្រពួកខ្មែរក្រហម​នៅឡើយ។ សកម្មភាព​នេះ បាន និង កំពុងបន្ត​ស្វែង​រក​យុត្តិតាមរយៈសាលាក្តីខ្មែរក្រហម ដែលកំពុងកាត់ទោស លោក នួនជា អៀង សារី ខៀវ សំផន អៀង ធីរិទ្ធ និង ឌុច នាពេលនេះ។ ទាំងនេះ គឺជាសិទ្ធិទទួលបាន​យុត្តិធម៌។

          ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពក្នុងការទទួលបានការអប់រំ ការព្យាបាលជម្ងឺ ការ​បញ្ចេញ​ម​តិ​យោបល់គ្រប់រូបភាព​ និង មធ្យោបាយ សិទ្ធិលើកម្មសិទ្ធិរបស់បុគ្គលគ្រប់រូប ការប្រកប​អាជីវកម្មដោយសេរី តាមគោល​ការណ៍​សេដ្ឋកិច្ចទីផ្សារ សិទ្ធិនៃការប្រមូលផ្តុំ ការបង្កើតអង្គការសមាគម និង គណបក្សនយោបាយ សិទ្ធិនៃជំនឿ​សាសនា ដោយមិនប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ ឬ និន្នាការ​នយោ​បាយអ្វីឡើយ ព្រមទាំងសិទ្ធិសេរីភាពជា​មូលដ្ឋានដទៃទៀត ដូចដែលមានចែងក្នុង​រដ្ឋធម្មនុញ្ញនៃ​ព្រះរា​ជាណាចក្រកម្ពុជា​​ ឆ្នាំ១៩៩៣ សេចក្តីប្រកាសជា​សកល​ស្តីពីសិទ្ធិមនុស្ស និង សន្និសញ្ញា អនុសញ្ញា​ពាក់​ព័ន្ធនានា ច្បាប់ និង បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារ ការគោរពសិទ្ធិសេរីភាព និង ផល​ប្រយោជន៍​​របស់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយយុត្តិធម៌ និង ស្មើភាព។

          ទាំងអស់នេះ គឺជាបុរេលក្ខខណ្ឌ និង ជាលក្ខខណ្ឌគ្រឹះមិនអាចខ្វះបាន ក្នុងការបដិសន្ធិសិទ្ធិ និង នាំឲ្យមាន​ការគោរពសិទ្ធិមនុស្សនៅក្នុងសង្គមជាតិនីមួយៗ។ តើគ្រប់គ្រាន់សមល្មមហើយឬនៅ ដើម្បីធ្វើឲ្យ​ស្ថានភាពនៃ​ការគោរព​សិទ្ធិមនុស្ស? ដើម្បីធ្វើឲ្យស្ថានភាពនៃការគោរពសិទ្ធិមនុស្សកាន់តែប្រសើរថែមទៀត ប្រជាពលរដ្ឋខ្មែរគ្រប់​រូប គ្រប់ក្រុម គ្រប់និន្នាការនយោបាយ ត្រូវរួមគ្នាផ្តោតការយកចិត្តទុកដាក់ទៅលើ៖

          ១.ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល សកម្មកែប្រែអត្តចរិត និង អាកប្បកិរិយាខ្ជិលច្រអូស ចាំ​មើល​បំណាំ ចេះតែស្រែកជេរ រិះគន់ដែលមិនឈរលើមូលដ្ឋានពិតជាក់ស្តែងរបស់សង្គមជាតិ ដើម្បីរួម​ចំណែក​​ក្នុង​ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែចំពោះការរិះគន់ប្រកបដោយការស្ថាបនា រាជរដ្ឋាភិបាល​តែងតែងយក​មក​ពិចារណា និង ដាក់បញ្ចូលទៅក្នុងគោលនយោបាយរបស់ខ្លួន។

          ២.ប្រជាពលរដ្ឋម្នាក់ ត្រូវខិតខំប្រឹងប្រែងកសាង និង អភិវឌ្ឍសមត្ថភាព ជំនាញ ចំណេះដឹង ចំណេះ​ធ្វើ​ និង​ បទពិសោធ​ន៍ការងារគ្រប់វិស័យ ដើម្បីផលប្រយោជន៍ផ្ទាល់ផង គ្រួសារផង និង សង្គមជាតិ​ទាំង​មូល​ផង។

          ៣.ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួមគ្នារក្សាតម្លៃ និង សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ ហើយត្រូវតែចង​ចាំ​ថា ខ្មែរជាប្រជាជាតិដែលធ្លាប់រុងរឿង និង មានអារ្យធម៌ខ្ពង់ខ្ពស់ដែលមានការទទួលស្គាល់ជាទូទៅ។ ដូច្នេះខ្មែរគ្រប់រូប គួរត្រូវជៀស​វាង​ជាដាច់​ខាតតាមតែអាចធ្វើបាន ឲ្យជាតិសាសន៍ដទៃមកដឹកច្រមុះខ្មែរ មកនិយាយ​កិច្ចការ​ជំនួស​ខ្មែរ នៅពេល​ដែល​ខ្មែរអាចនិយាយជាមួយខ្មែរគ្នាឯងបាននោះ។ គ្មាននរណា​ស្រឡាញ់ខ្មែរ​ជាងខ្មែរនោះ​ឡើយ ហើយក៏គ្មាននរណា យល់ពីជម្រៅខ្មែរជាងខ្មែរនោះដែរ។ ខ្មែរ បញ្ចប់​សង្គ្រាមស៊ីវិល​រាប់ទសវត្សរវាងខ្មែរ និង ខ្មែរ ដោយខ្មែរគ្នាឯង។ នេះគឺជា​តម្លៃ និង សេចក្តីថ្លៃថ្នូរ​របស់ខ្មែរ ដែលខ្មែរមួយចំនួន​ធ្លាប់គិត​ខុស ត្រូវតែភ្ញាក់រលឹកទទួលស្គាល់ការពិត​នេះ។ និង

          ៤.ពេលវេលា គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកដល់ការគោរពសិទ្ធិមនុស្ស និង ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​​សង្គម​កម្ពុជាឲ្យកាន់រីកចំរើនថែមទៀត ពីព្រោះថា យើងមិនអាចធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៃ​ប្រទេស​ដែលទើប​ចាក​ចេញពីសង្រ្គាម ប្រទេសក្រីក្រ ធនធានមនុស្សនៅមានកំរិត សមត្ថភាពជំនាញ ចំណេះដឹង​ចំណេះ​ធ្វើនៅមាន​ការខ្វះ​ចន្លោះ​គ្រប់វិស័យ សេដ្ឋកិច្ចនៅទាន់ខ្សោយនោះ ដូចគ្នាទៅនឹងប្រទេសដែល​គ្មាន​សង្រ្គាម និង មានការអភិវឌ្ឍ​សេដ្ឋកិច្ចនោះឡើយ។ ក៏ប៉ុន្តែកម្ពុជា និង ប្រជាជាតិខ្មែរ ពេញចិត្តនឹងគោល​នយោ​បាយ​ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី។

          សួរថាតើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពេញចិត្តនូវសមិទ្ធផលដែល​សម្រេច​បាន​​​ទាំង​នេះ ហើយឬនៅ? នៅមានការងារ និង បេសកកម្មជាច្រើនទៀតដែលរាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវរក្សា ការពារ និង អនុវត្តឲ្យបានសម្រេច គឺសន្តិភាព សន្តិសុខ ស្ថេរភាព​នយោ​បាយ ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ឲ្យនៅទាបបំផុត ទៅតាម​ធន​ធាន​ដែលប្រទេសជាតិមាន រក្សាបូរណភាពទឹកដី និង បន្តធ្វើ​សមាហរណកម្មទៅក្នុងអង្គការតំបន់ និង ពិភពលោកបន្ថែម​ទៀត ដូចជាចូលជាសមាជិកមិន​អចិន្ត្រៃយ៍របស់​ក្រុមប្រឹក្សា​​សន្តិសុខអង្គការ​ សហប្រជា​ជាតិ និង សកម្មភាព​​មនុស្សធម៌​ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិជាដើម។

ក៏ប៉ុន្តែផ្ទុយមកវិញ ប្រជាពលរដ្ឋខ្មែរ មានមោទនភាព និង ត្រូវតែមានមោទនភាពនឹងស្ថានភាព​នៃការគោរព​សិទ្ធិមនុស្ស ការអនុវត្តច្បាប់ និង ការដំណើរការលទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្សតាមរយៈ​ការបោះ​ឆ្នោតជាច្រើន​ លើកដែលប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និង ទទួលយកបាន។ នេះ​បញ្ជាក់​​ថា កម្ពុជាកាន់តែមានភាព​ចាស់​ទុំនៃ​របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បើប្រៀបធៀបជាមួយ​ប្រទេស​នានានៅក្នុងតំបន់។

ជាពិសេសជាងនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​ សម្តេចអគ្គ​មហា​​សេនា​បតីតេជោ ហ៊ុន សែន បាន និង​ កំពុងដើរតួរយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ដូចជាកម្ពុជា ត្រូវធ្វើជាប្រធាន​អាស៊ានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ តទៅ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ​សន្និសីទ​​សន្ធិសញ្ញាទីក្រុងអូតាវ៉ា ស្តីពីការប្រឆាំងគ្រាប់មីន ដែលរដ្ឋជាសមាជិកចូលរួមជាង ១០០ ប្រទេស និង វេទិការ​អន្តរជាតិជាច្រើនទៀត ដែលព្រះរាជាណាចក្រកម្ពុជា បាន និង កំពុងដើរតួនាទី។