Tuesday, December 27, 2011

សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី ដាក់​បទ​បញ្ជា​ការ​ពារ​ និង​គ្រប់​គ្រង​បរិស្ថាន ​នៅ​តំបន់​សាងសង់​វា​រី​អគ្គិសនី​អាតៃ ​នៅ​ស្រុក​វាល​វែង ​ខេត្តពោធិ៍​សាត់


ព្រឹក​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១១ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ដ្ឋាន ​វារីអគ្គិសនី​ អាតៃ ​ស្ថិត​នៅ​ក្នុង​ឃុំ ​អូរសោម​ ស្រុក ​វាល​វែង​មាន​ចំងាយ​ ១៧៥ គីឡូម៉ែត្រ​ ពី​ទី​រួម​​ខេត្ត​ពោធិសាត់ ​ដែល​កំពុង​ដំណើរ​ការ​សាងសង់​ដោយ​ ក្រុម​ហ៊ុន មក​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​​ចិន​ ។   គម្រោង​វារីអគ្គិស​នី​ អាតៃ​មាន​អានុ​ភាព១២០​មេ​ហ្កាវ៉ាត់ ​មក​ដល់ ​ពេលនេះ ​ការ​ស្ថាបនា​ ​សម្រេច​បាន​ ៤៦% ​ហើយ ​នឹង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ​២០១៣ ​ខាង​មុខ​ ។ តម្លៃ​រួម​នៃ​គម្រោង​វារីអគ្គិសនី​អាតៃ​ដោយ​រួម​ទាំង ​អនុស្ថានីយ៍ ​និង​ខ្សែ​បញ្ជូន​ដល់​ ទីក្រុង​ពោធិសាត់​ មាន​តម្លៃ​២៥៥​លាន​៣​សែន​ដុល្លា​​អាមេរិក ​ដែល​ជា​ការវិនិយោគ ក្នុង​រូប​ភាព ​B.O.T​  (សាង​សង់ ​ប្រតិបត្តិ​ការ​ និ​ផ្ទេរ​)​ មាន​រយៈ​​ពេល​៣៤​ឆ្នាំ​ក្នុង​នេះ​រយៈពេល​សាង​សង់​៤​ឆ្នាំ ​និង​រយៈ​ពេល​ធ្វើ​អាជីវកម្ម​៣០​ឆ្នាំ​ ។
​​ជា​មួយ​និង​ការ​​​កោត​សរសើរ ​ចំពោះការ​ខិត​ខំ​ទាំង​ឡាយ​​ទាក់​ទិន​នឹង​ការ​សាងសង់​​វារីអគ្គិសនី​ អាតៃ​នេះ ជាថ្មី​ម្ដង​ទៀត​សម្ដេច​តេជោ​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​អំណរ​គុណ​ ចំពោះ​រដ្ឋាភិបាល​ចិន​ ដែល​បាន​ជំរុញ ​និង​គាំទ្រ​អ្នក​វិនិយោគ​ឲ្យ​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ​។ សម្ដេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា​ ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន​ តាម​រយៈឲ្យ​ធនា​គារ​ផ្ដល់​ទុន​សម្រាប់​គម្រោង​ វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​​នៅ​កម្ពុជា​ ​មក​ដល់​ពេល​នេះ ​មិន​មាន​ការ​ វិនិយោគ​របស់​ក្រុម​ហ៊ុនចិន​ណា​មួយ​នៅ​កម្ពុជា​បរាជ័យ​នោះ​ទេ​ ។
          សម្ដេចតេជោ​មាន​ប្រសាសន៍​​​​ថា តាម​រយៈនៃ​គម្រោង​វារីអគ្គិសនី​អាតៃ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​​ជួរ​ភ្នំ​ក្រ​វ៉ាញ​ ជា​តំបន់​ធ្វើ​សមាហរណ​កម្ម​ ​ ​នេះ​បង្ហាញ​កាន់​តែ​ច្បាស់ ​នូវ​តម្លៃនៃ​​​សន្តិភាព​ និង​ការ​បង្រួប​បង្រួម​ជាតិ ​។ ​ព្រោះ​​ថា ​បើ​គ្មាន​សន្តិភាព ​និង​ការ​បង្រួប​បង្រួម​ជាតិ ​ដែល​កើត​ចេញ​ពី​​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​ទេ ​ការ​កសាង​វារី​អគ្គិសនី​​នៅ​បន់​ព្រៃ​ភ្នំ​បែប​នេះ​ពិត​ជា​មិន​អាច​​ធ្វើ​ទៅ​បាន​ឡើយ ​។
​ដោយ​សារ​កំណើន​ប្រជាជនចេះតែ​​កើន​ឡើង​​នៅ​តំបន់​នេះ ​និង​ម៉្យាង​ទៀត​ ដោយ​តំបន់​នេះ​ ជា​តំបន់​ដែល​ត្រូវ​ការ​ពារ​ធម្ម​ជាតិ ​និង​ដែន​ជំរ​ក​សត្វ​ព្រៃ ​ដែល​ទទួល​បាន​​ការ​កោត​សរសើរ ​និង​ទទួល​ស្គាល់​ក្នុង​កម្រិត​ពិភព​លោក​នោះ ​សម្ដេច​តេជោនាយក​រដ្ឋ​មន្រ្តី ​បាន​ដាក់​ចេញ​ នូវ​បទ​បញ្ជា​ម៉ឺង​ម៉ាត់ដល់​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ​ដើម្បី​ការពារ​តំបន់​នេះ​ ។
​ទី១ ​អាជ្ញាធរដែនដី ​ក្រសួង​បរិស្ថាន ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ត្រូវ​ធ្វើការ​កំណត់ដី​ភូមិករ ​ដីកំពុង​បង្ក​បង្កើន​ផល​បច្ចុប្បន្ន ​ឲ្យ​បាន​ច្បាស់​លាស់ ​ដោយ​អនុវត្ត​ តាម​ច្បាប់​ជាធរមាន​ ដោយ​គ្រួសារ​នីមួយៗ​មាន​សិទ្ធិ ​កាន់​កាប់ដី ​មិន​លើស​ពី​៥ហិកតាឡើយ​ ​។
ទី២​ ធ្វើ ​មោឃ​ភាព ​ចំពោះ​បង្កាន់​ដៃ ​ឬលិខិត​ស្នាម​ផ្សេងៗ ​ដែល​បាន​ប្រើ​ប្រាស់​ និង​កាន់​កាប់​ដីធ្លី​ខុស​ច្បាប់ ​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ ។
ទី៣ ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​អង្គភាព​ពាក់​ព័ន្ធ​​ត្រូវ​បញ្ឈប់ការ​ចេញ​ប័ណ្ណ ​ឬ​ការ​បញ្ជាក់​​ការ​កាន់​កាប់​ដីធ្លី ​ការ​លក់​ដូរ ​ការ​ធ្វើ ​អំណោយ ​ការ​ផ្ទេរ ​ការ​ជួល​ដី​ខុស​ច្បាប់​ ក្នុង​តំបន់​ការពារ​ធម្មជាតិ ​។​
និង ​ទី៤ ​កង​កម្លាំង​ប្រដាប់​អាវុធ ​អាជ្ញាធរ​ដែនដី​ និង​ស្ថាប័ន ​ពាក់​ព័ន្ធ ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​សហការ​ជា​មួយ​ក្រសួង​បរិស្ថាន ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ត្រូវ​ទប់ស្កាត់ ​និង​លុប​បំបាត់​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ការ​រុក​រាន​ទន្រ្ទាន​យក​ដី​ ការ​បរ​បាញ់​​សត្វ​ព្រៃ ​ដោយ​ធានា​ដល់​ការ​ ការ​ពារ​អភិរក្ស​ព្រៃឈើ ​និង​ធនធាន​ធម្ម​ជាតិ​ក្នុង​ តំបន់​ការ​ពារ​ ។
​ដោយ​យោងតាម​របាយការណ៍​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម​ឲ្យ​ដឹងថា អាកាសធាតុ​នៅ តាម​តំបន់​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់ភ្នំ​ដងរែក​សីត​ណ្ហ​ភាព​បាន​ចុះ​ដល់ ១២ អង្សា និង នៅ​តំបន់​ជួរ​ភ្នំក្រវាញ​សីតុណ្ហភាព​ចុះ​ដល់​ពី ១៤ ឬ ១៥ អង្សា​​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា សីតុណ្ហភាព​ដែល​កំពុង​ធ្លាក់ចុះ​បែបនេះ​បើសិនជា​មិន​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់​ទេ​គឺ គ្រោះថ្នាក់​ខ្លាំងណាស់។ សម្តេចតេជោ​ មានប្រសាសន៍ថា ខ្ញុំ​សូម​អំពាវនាវ​ចេញពី​ទីនេះ​ទៅគ្រប់​ទី កន្លែង​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ជាមួយនឹង​មនុស្ស​ចាស់  ព្រោះ​ជាធម្មតា​ទោះជា​បុរស​ឬ ស្ត្រី​ក្តី​គឺ​ចាញ់​រងារ​ខ្លាំងណាស់។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា យើង​មិន​គប្បី​ឲ្យ​មាន​បញ្ហា ដែល​មនុស្ស​ចាស់​ឬ​ក្មេង​ស្លាប់​ដោយសារតែ​ធាតុអាកាស​ត្រជាក់​ទេ។ កន្លងទៅ មាន​គ្រោះទឹកជំនន់ យើង​មិន​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់បាយ​ទេ ឥឡូវនេះយើង​ក៏មិន​ត្រូវ​​ឲ្យ​ប្រជាជន​យើង​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​រងារ​នេះដែរ​។ 
សូម​បញ្ជាក់ថា ស្ថានីយ៍​វារី​អគ្គិសនី​អាតៃ ដែល​កំពុង​សាង​សង់​​​ស្ថិត​នៅ​កណ្ដាល​ទ្រូង​ព្រៃ​​នៃ​ជួរ​ភ្នំ​ក្រវ៉ាញ​នា​មាត់​ស្ទឹង​អាតៃ​​​តំបន់​ត្រី​កោណ ​រវាង​ខេត្ត​ពោធិសាត់ ​កោះកុង ​និង​កំពង់​ស្ពឺ ​។ បន្ទាប់​​​​ពី​សាង​សង់​រួច​​វារីអគ្គិសនី​អាតៃ​ ដែល​មានអានុភាព​១២០​មេ​ហ្កាវ៉ាត់​នេះ​ នឹង​បញ្ជូន​ទៅ​ចែកចាយ​ប្រើ​ប្រាស់​​នៅ​ខេត្ត​ ពោធិសាត់​ ដែល​មាន​ចម្ងាយ​១៧៥​គីឡូម៉ែត្រ​ពី​ទីតាំង​​វារីអគ្គិសនី​ ហើយ​សល់​ពី​នេះ​នឹង​បញ្ជូន​បន្ត​​ទៅ​ទីក្រុង​ភ្នំពេញ ​និង​ខេត្ត​បាត់​ដំបង​ ៕