Tuesday, December 27, 2011

សេចក្តីថ្លែងការណ៍រួម CPNP​ ៖ សិទ្ធិ​ស្រប​ច្បាប់​​របស់​សមាជិកក្រុម​ប្រឹក្សាឃុំ សង្កាត់​ ត្រូវ​បាន​គំ​រាម​ដក​ហូត​ដោយ​លោក សម រង្ស៊ី


ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សេចក្តីថ្លែងការណ៍រួម
­­­---------

សិទ្ធិ​ស្រប​ច្បាប់​​របស់​សមាជិកក្រុម​ប្រឹក្សាឃុំ សង្កាត់​ ត្រូវ​បាន​គំ​រាម​ដក​ហូត​ដោយ​លោក សម រង្ស៊ី
         
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP) ដែលមានសមាជិកអង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីពនៅកម្ពុជាចំនួន ១៤៩ សូមទាញការចាប់អារម្មណ៏ពីសាធារណជន ជាតិ និង​អន្តរជាតិ ឱ្យ​បាន​ជ្រាបថា​ សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ របស់​គណបក្ស​សម រង្ស៊ី អាច​នឹង​ត្រូវ​បាន​គំ​រាម​ទាំង​បង្ខំ​ឱ្យ​ស្បថថា ​ត្រូវតែ​បោះឆ្នោតឱ្យ​​គណបក្ស​សម រង្ស៊ី​ ហើយ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិរបស់​ពល​រដ្ឋត្រូវ​ទទួល​រង​នូវ​ការ​បំ​ភិត​បំ​ភ័យ​​តាម​រយៈ​ការ​ព្រមានដក​ហូត​ទូ​រស័ព្ទដៃពី​សមាជិក​របស់​ខ្លួន​ទាំង​អស់​នៅ​ថ្ងៃ​ទី ​២៨ ​ខែមករា ឆ្នាំ ២០១២ខាង​មុខ មួយថ្ងៃ​មុន​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភានឹង​មក​ដល់​។
តាម​ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ដែល​គួរឱ្យ​ជឿទុក​ចិត្តបាន​ផ្តល់​ដោយ​សមាជិក​របស់​គណបក្ស​សម រង្ស៊ី បានបង្ហើប​ឱ្យ​ដឹង​ថា​ នាពេល​ថ្មី​ៗកន្លង​ទៅ​នេះ​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​បាន​បញ្ជាយ៉ាង​ដាច់​អហង្កា​តាម​ទូ​រស័ព្ទ​​ពី​ក្រៅ​ប្រទេស​មក​ ដោយ​តម្រូវ​ឱ្យ​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់ខ្លួនទាំង​អស់​​ស្បថថា​ « ត្រូវ​តែបោះ​ឆ្នោត​ឱ្យ​គណបក្ស​សម រង្ស៊ី​ ហើយ​ទូរស័ព្ទ​ដៃនឹង​ត្រូវតែដក​ហូត​ទាំង​អស់​ នៅថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១ ខាងមុខនេះ មួយ​ថ្ងៃ​មុន​ការបោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ត្រង់​ចំពោះ​បក្ស»​។
ទង្វើ​រំ​លោភបំ​ពាន​ច្បាប់​ទាំង​កំរោល​របស់​លោកសម រង្ស៊ី​ ទៅ​លើ​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់របស់​ខ្លួន​បែប​នេះ​​ បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព(CPNP)យល់ឃើញថា
ការ​បង្ខំ​ឱ្យ​ស្បថ ចាត់​ទុក​ថា​ ជាអំ​ពើ​ផ្តាច់​ការ​របស់​មេបក្ស​ប្រឆាំង​ លោក សម រង្ស៊ី​  និង​ជាការ​រំ​លោភសិទ្ធិ​មនុស្ស ពី​ព្រោះ​​ការ​សម្រេច​ចិត្ត​គាំទ្រ ឬ​មិន​គាំ​ទ្រទៅ​លើ​បុគ្គល ឬគណបក្ស​​ណា​មួយ​ជាសិទ្ធិ​របស់​ប្រជាពល​រដ្ឋ ហើយសិទ្ធិ​​នេះ ត្រូវ​បាន​ធានាដោយ​​រដ្ឋធម្ម​នុញ្ញមាត្រា៣៨ ដែលចែង​ថា​ ច្បាប់​ការពារ​អាយុ​ជី​វិត​ កិត្តិ​យស និង​សេចក្តី​ថ្លៃថ្នូ​ររបស់​ប្រជាពល​រដ្ឋ។ ការ​បង្ខិត​បង្ខំ ត្រូវ​បាន​ហាម​ឃាត់​ជា​ដាច់​ខាត​។
ជាទង្វើផ្ទុយពី​គោលការ​ណ៍លទ្ធិ​ប្រជាធិបតេយ្យ ​ពី​ព្រោះ​​អំ​ណាច​ទាំង​អស់​ជារបស់​ប្រជាពល​រដ្ឋ ដោយ​ប្រជាពល​រដ្ឋ និង​ដើម្បី​ប្រជាពល​រដ្ឋ មិន​មែន​ជារបស់​បុគ្គល​ ឬ​ក៏​ត្រូវ​បាន​បង្ខំ​ទាំង​បំ​ពាន​ដោយ​បុគ្គល​ ឬក្រុម​ណាមួយ​ឡើយ​។
‑​ការ​ដក​ហូត​ទូ​រស័ព្ទ​ដៃពី​សមាជិក​របស់​ខ្លួន  គឺ​ជា​ការដក​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​  និង​​មិន​ទុក​ចិត្ត ដោយ ភាព​ស័ង្សយ​ ទៅ​លើ​សមាជិក​របស់​ខ្លួន។  អំពើ​បែប​នេះ​  នឹង​អាច​នាំឱ្យ​​សមាជិក​​ទាំង​នោះ​មាន​ការព្រួយ​បារម្ភ ដោយ​សិទ្ធិ​នៃ​ការ​ទំ​នាក់ទំ​នង​​គ្នា​ត្រូវ​បាន​កាត់​ផ្តាច់​ដូច​របបប៉ុល​ពត។

បណ្តាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិ​ភាព (CPNP) ​យល់​ឃើញ​ថា ​ការ​គំ​រាម​កំ​ហែង​ដោយ​បង្ខិត​បង្ខំ​ និង​ការ​ព្រមាន​របស់​លោកសម រង្ស៊ី​ ទៅលើ​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់របស់​ខ្លួន​ ដោយ​ពុំ​ឈរលើ​មូល​ដ្ឋាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ គឺជាអំ​ពើក្បត់​​​នឹង​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋដែល​ជាម្ចាស់​ឆ្នោត​។