Thursday, January 5, 2012

ទស្សនៈ​​អ្នក​​និពន្ធ​ឯករាជ្យ​៖ លេច​ឮព័ត៌មាន​​ល្បី​​រន្ទឺថា​ លោក កឹម សុខា មាន​ប្រពន្ធ​ចុង​ច្រើន !


          អ្នក​ន​យោបាយ​​ដែល​នឹង​អាច​ទទួ​​ល​បាន​ជោគ​ជ័យ​ក្នុង​ការ​ទាក់​ទាញ​សំ​ឡេងគាំ​ទ្រពី​ប្រជាពល​រដ្ឋ គឺ​ជា​មនុស្ស​ដែល​មាននូវ​ភាព​​ឈ្លាសវៃ គិត​គូរអំ​ពី​ផល​ប្រយោជន៍​ជាតិ​ជាធំ​ មាន​ឧត្តម​មគតិ​ខ្ពស់​ ស្រឡាញ់​​កិត្តិ​យស កេរ្តិ៍​ឈ្មោះ​ល្អ​ ថែរក្សាវង្សត្រកូល​ និង​មិន​មាន​រឿង​អាស្រូវ​ជាប់​កាយ​ ជាពិសេស គឺត្រូវ​តែជៀសវាង​ឱ្យ​បាន​ជាដាច់​ខាត​នូវអំពើ​​លួច​មានសាហាយស្មន់ និង​​​មាន​ប្រពន្ធចុង​ច្រើន ប្រព្រឹត្តក្បត់​ចិត្តភរិយា​ ។
ប៉ុន្តែ ​នាពេល​ថ្មី​ៗនេះ​មានលេចឮនូវ​ពាក្យ​ចចាម​អារ៉ាមពី​មាត់​មួយ​ទៅ​មាត់​មួយ​ ពី​តំ​បន់​មួយ​ទៅ​តំ​បន់​មួយ ល្បី​រន្ទឺថា​ លោកកឹម សុខា ប្រធាន​គណបក្សសិទ្ធិ​មនុស្ស បាន​ប្រព្រឹត្តក្បត់​ចិត្តភរិយា ដោយ​ទៅ​មាន​ប្រពន្ធ​​ចុងលួចលាក់​​​ជាច្រើន​នាក់នៅ​ខាង​ក្រៅ​ផ្ទះ​​ ហើយ​កាលពី​ថ្ងៃទី​២០ ខែ ធ្នូ ឆ្នាំ ២០១១ កន្លង​ទៅ​នេះ​មាន​ព័ត៌មាន​ធ្លាយ​ចេញ​មក​ថា​ ​ប្រពន្ធ​ចុង​របស់​លោក កឹម សុខា ​ទើប​នឹង​សម្រាល​បាន​កូន​ប្រុស​មួយ​ថែម​ទៀ​ត​ ដែល​ជាបន្ទុក​នៃការ​ទទួល​ខុសត្រូវ​របស់​លោកកឹម សុខា​ ជាឳពុក​ក្មេង​នោះ​។
អំពើ​ផិត​ក្បត់ គឺជា​ទោសព្រហ្មទណ្ឌ ជនដែល​​ប្រព្រឹត្តបទ​ល្មើសអាចនឹង​​ត្រូវ​បានតុលាការផ្តន្ទាទោសឱ្យ​ជាប់​ពន្ធ​នា​គា​រ​​​​ ដូច​មាន​​ចែង​ក្នុង​​ច្បាប់​ឯកព័ន្ធភាព​។ ដូច្នេះ​ លោក កឹម សុខា អាច​ប្រឈម​​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ បើ​នោះ​ជា​រឿង​​ពិត​មែន។
​ព័ត៌មាន​ជុំ​វិញ​រឿង​ប្រពន្ធ​​​ចុង​របស់​លោក កឹម សុខា ​ដែល​ទើប​នឹង​​សម្រាល​បុត្រនៅ​សម្ភព​មួយ​ក្នុង​ទីក្រុ​ង​​ភ្នំពេញ​នេះ​ បាន​កើត​មាន​ឡើង​ស្រប​ពេល​ និង​ដំ​ណាល​គ្នា​នៃ​សកម្ម​​ភាព​​ឃោសនាខុសរដូវ​កាល​របស់​លោក កឹម សុខា ដែល​បាន​ និង​កំ​ពុង​ប្រព្រឹត្តធ្វើ ដើម្បី​ស្វែង​រក​ការ​គាំទ្រសំ​ឡេង​ឆ្នោតពី​ប្រជាពល​រដ្ឋ។ សួរ​ថា​ តើជី​វិត​នយោបាយ​របស់​លោក កឹម សុខា អាច​មាន​ប្រៀប​ជាង​រឿង​អាស្រូវ​ស្នេហា​ដែល​កំ​ពុង​តែជះ​ក្លិន​ស្អុយ អាសោច​បញ្ចាស់​ខ្យល់នេះ​បាន​​ដែរឬទេ?
មហាជន​ភាគ​ច្រើន​ បាន​សម្តែង​ការ​ហួសចិត្តជាពន់​ពេក​ ពេល​ឮដំ​ណឹង​ថា​ លោកកឹម សុខា មាន​ប្រពន្ធ​ចុងច្រើន​នាក់​ ហើយ​មាន​ពេល​ខ្លះ​ថា​ លួចដឹក​ស្រី​ក្មេង​ចូល​ផ្ទះ​សំ​ណាក់​ និង​សណ្ឋាគារទៀត​ផង​។ ស្ត្រី​ខ្មែរមួយ​ចំ​នួន​ដែល​រស់​នៅ​ជាមួយ​ស្វាម៉ីរបស់​ខ្លួន​កំ​ពុង​តែ​មាន​ការ​ស្រឡាញ់​គ្នាស្មោះ​ស្ម័គ្រ ​​ពួក​គេបាន​គក់​ទ្រូង​ អាណិត​អាសូរដល់​ជី​វិត​ដ៏​កំ​សត់​របស់​ប្រពន្ធ​ស្រប​ច្បាប់​លោកកឹម សុខា តើ​គាត់ឈឺ​គ្រាំចិត្តប៉ុណ្ណា?។
ក្នុង​ខណៈ​ពេល​នេះ​ អ្នក​និពន្ធយើង​ខ្ញុំ​​សូមលើក​មក​​បង្ហាញ​ឈ្មោះ​ប្រពន្ធ​ចុង​របស់​លោក កឹម សុខា ត្រឹម​តែ​​ចំ​នួន​ពីរ​នាក់​​ប៉ុណ្ណោះ​ ទីមួយ​មាន​ឈ្មោះ​ នាង​មុំ និង​ប្រពន្ធ​ចុង​ទី​២ ឈ្មោះ​នាង​ម៉ៅ​។ តាម​ព័ត៌មាន​ពី​អ្នក​ជិត​ខាង​ដែល​រស់​នៅ​ជាប់​ផ្ទះ​នាង​ម៉ៅ​ បាន​ឱ្យ​ដឹង​ថា​ នាង​ម៉ៅនេះ​ជា(អនីតិជន) ហើយ​គេបាន​ដឹង​ថា​ ប្រពន្ធ​​មួយក្នុង​ចំ​ណោម​នោះ​​នៅ​ឯខេត្តកំ​ពង់​ចាម​ គេតែង​តែ​ហៅ​ថា​ ម៉ាក់​អានីតា។ ក្រៅ​ពី​នេះ​ មាន​ព័ត៌មាន​ជា​ច្រើន​​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរថា​ លោក កឹម សុខា បាន​យក​លុយ​ទៅ​ចិញ្ចឹម​ស្រី​ក្មេង​ជាច្រើន​នាក់​ទៀត​ ដើម្បីទុក​​បំ​រើ​ការ​សប្បាយ​របស់​ខ្លួន​ ហើយ​ដែល​លុយទាំង​នោះ​បាន​មក​ពី​ជំ​នួយ​របស់​សបុរសជន​នៅ​ឯក្រៅ​ប្រទេស​។
ពាក្យចចាម​អារ៉ាម​ទាំង​នេះ​ បើ​លោកកឹម សុខា ដែលត្រូវ​បាន​គេចោទ​ប្រកាន់​ជុំ​វិញ​បញ្ហា​នេះ​ មិន​មាន​នូវ​​សេចក្តី​ក្លាហាន​ក្នុង​ការ​ចេញ​មុខមក​បក​ស្រាយ​ជាផ្លូវការ ​​និង​ផ្សព្វ​ផ្សាយ​ជាសាធារណៈ​ទេនោះ​ ព័ត៌មាន​នេះ​នឹង​អាច​យក​ជាការ​ពិត​ មួយ​រយ​ភាគ​រយ​ និង​សម្រាប់​ពល​រដ្ឋខ្មែរធ្វើ​ការ​ពិចារណាអំ​ពី​អត្តចរិត​របស់​អ្នក​នយោបាយ​​រូប​នេះ​។
ថ្មី​ៗនេះ​ លោកកឹម សុខា ទើប​នឹង​ចេញ​មុខបកស្រាយ​ទាំង​កំ​ហឹង​ក្រេវ​ក្រោត​ប្រឆាំង​ជាមួយ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំ​នួន​ ​ពាក់​ព័ន្ធ​ទៅនឹងបទ​​អត្ថាធិប្បាយ​នយោបាយ​​មួយ​ជុំ​វិញ​ពាក្យ​សម្តី​របស់​លោក ដែល​ថា​ « ដូរ ឬ​មិន​ដូរ » ប៉ុន្តែ​ ត្រូវ​បាន​លោក​កឹម សុខា ថ្លែង​ថា​ គណបក្ស​សិទ្ធិ​មនុស្សរបស់​លោក ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​​អ្នក​ដឹកនាំ​ មិន​មែន​ផ្លាស់ប្តូររបបទេ​។ បើ​ទោះ​ជាយ៉ាង​នេះ​ក្តី​ លោកកឹម សុខា ភ្លេចគិត​ថា​ ហេតុអ្វី​បាន​ជា​លោកប្រកូក​ប្រកាស ញុះញង់​ បំ​ផុសប្រជាពល​រដ្ឋឱ្យ​ប្តូរអ្នក​ដឹក​នាំក្នុង​អាណត្តិ​នៃ​ការដឹក​នាំ​របស់​សម្តេច​តេជោ និង​មិន​ទាន់​ដល់​រដូវ​ឃោសនា​បោះ​ឆ្នោត​ផង​នោះ​ទៅ​វិញ​។ សួរថា​ តើ​សេចក្តី​ថ្លែង​ការ​ណ៍​ផ្លូវ​ការ​របស់​គណបក្ស​សិទ្ធិ​មនុ​ស្ស​​​​​នេះ​ អាច​ចាត់​ទុក​ថា​ បាន​ដក​ហូត​សិទ្ធិស្រប​ច្បាប់​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ ដែល​កំ​ពុង​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ​បាន​ដែរឬ​ទេ? ហើយ​បើពិត​ជាបាន​​រំ​លោភលើ​​សិទ្ធិ​របស់​សម្តេច​តេជោ​មែន​នោះ​ លោកកឹម​ សុខា មាន​​បាន​​គិត​ខ្លះ​ទេ ថា​ តើប្រជាពល​រដ្ឋដែល​បាន​​គាំទ្រនូវ​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ​​ចំ​នួនដ៏​​ច្រើនលើសលប់ ​ពួក​គាត់​​គិត​​​យ៉ាង​ណា​ដែ​រ នៅ​ពេល​បាន​ឮលោកកឹម សុខា ប្រកាស ដូរថ្នាក់​ដឹកនាំដែល​ជាទី​ស្រឡាញ់​របស់​ប្រជាពល​រដ្ឋ​នោះ?។
យើង​ខ្ញុំ​ សុំ​មិន​បកស្រាយ​អំពី​រឿង​នេះ​ទេ ទុកឱ្យប្រជាពល​រដ្ឋខ្មែរ​ម្ចាស់​ឆ្នោតគ្រប់​គ្នា​ជាអ្នក​វិនិច្ឆ័យ។ អ្នក​និពន្ធ​​ក៏សូម​បញ្ចប់​ការ​រៀប​រាប់​អំពី​រឿង​អាស្រូវ​ស្នេហាផិត​ក្បត់​របស់​លោក កឹម សុខា ត្រឹម​ប៉ុណ្ណេះ​សិនចុះ​ ប៉ុន្តែ​ នឹង​សូម​​រក្សាសិទ្ធិ​​ដើម្បី​ធ្វើ​ការ​បកស្រាយឱ្យ​បាន​ពិស្តារ​​​ជាង​នេះ​បន្ថែម​​នៅក្នុង​អត្ថបទ​ជាទស្សនៈវិភាគ​ជាច្រើន​ទៀត​​ ពាក់​ព័ន្ធ​​ទៅ​​នឹង​សកម្ម​ភាព​ឃោសនា​ភូត​កុហក​ បំ​ភ័ន្ត​សាធារណមតិ ធ្វើ​ប្រជាភិថុត​ បោក​ប្រាស់​ប្រជាពល​រដ្ឋពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​លោក កឹម សុខា នៅ​លើគេហទំព័រ និង​សារព័ត៌មាននានាក្នុង​អត្ថ​បទ​លើក​ក្រោយ​។
ដោយៈ គង់ សម្បត្តិ​