Thursday, January 5, 2012

ប្រជា​ពល​រដ្ឋ​​ខេត្ត​​កំពង់​​ចាម​ ប្រារព្ធ​​មិទ្ទិញ​ អបអរ​​ខួប​អនុ​ស្សាវ​រីយ៍​ លើក​ទី ៣៣ នៃ​​ទិវា​ជ័យ​ជំនះ ៧ មករា​​និង​​ខួប​​​អាពាហ៍​​ពិពាហ៍​ ៣៦ ឆ្នាំ ​ សម្តេច​​តេជោ​ និង​លោក​​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​


នៅចំពោះ​មុខ​មហាជនខេត្ត​កំពង់ចាម​​ប្រមាណ​ជាង ១ ម៉ឺន​នាក់​ដែល​បានមក​ជួបជុំគ្នានាព្រឹក​​​ថ្ងៃ​ទី ៥ មករា ឆ្នាំ ២០១២ ​នៅ​ទី​រួម​ខេត្ត​កំពង់ ចាម ដើម្បី​ប្រារព្ធ​​មិ​ទ្ទិញ អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣៣ នៃ​ទិវា​ជ័យជំនះ ៧ មករា​​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​រិះគន់​អ្នកជ្រុល​និយម​ខ្លះដែល​​មិនបាន​និយាយ​អំពី​សិទ្ធិ​នៃ​ការ​រស់​រាន​មាន​ជីវិត​ នៅ​ពេល​ដែល​ពួកគេ​បាន​និយាយ​តែ​អំពី​សិទ្ធិ​នៃ​ការ​បញ្ចេញ​​មតិ​។​
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សព្វថ្ងៃនេះ​មនុស្ស​មួយចំនួន​បាន​និយាយ​ អំពីសិទ្ធិ​បញ្ចេញ​មតិ ប៉ុន្តែបែរ​ជា​ទាត់ចោល​សិទ្ធិ​នៃការ​រស់រាន​មានជីវិត ដែល​ពួក​គេ​ទទួល​បាន​ដោយ​សារ​ថ្ងៃ​៧មករា​ទៅវិញ​  សម្ដេច​តេជោ​​បញ្ជាក់​​​ថា មុន​នឹង​និយាយ​ពីសិទ្ធិ​បញ្ចេញ​មតិ ឬសិទ្ធិ​ដទៃទៀត ដំបូង​បំផុត​ត្រូវ​និយាយ​ពីសិទ្ធិ នៃ​ការ​រស់រានមាន​ជីវិត​ជា​មុន​សិន ពីព្រោះ​បើមនុស្ស​ស្លាប់​ទៅ​ហើយ តើ​នឹង​អាច​មក​និយាយ​បញ្ចេញ​មតិ​យ៉ាង​ម៉េច​​នឹង​​បាន ។ គណៈបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រជាជន​កម្ពុជា​ខ្លួនឯង បាន​អនុវត្ត​យ៉ាង​​ពេញលេញ នូវកាតព្វ​កិច្ច នៃការ​គោរពសិទ្ធិ​មនុស្ស គឺសិទ្ធិ​រស់រាន​មានជីវិត តាមរយៈ​ការវាយ​រំលំរបបប្រល័យ​ពូជសាសន៍​នេះឯង។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថែម​ទៀត​​ថា ការបញ្ចេញមតិ​ដោយ​ការប្រឆាំង​វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ការប្រឆាំង​អាយុជីវិត​រាប់ទាំង​ជីវិត​ខ្លួនឯង​ដែល​ត្រូវបាន​រំដោះ​តាំងពី​ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ផង​នោះ វា​មិនមែនជា​រឿង​ធម្មតា​ទេ ប្រសិនបើ​យើង​ជា​មនុស្ស​យើង​គង់តែ​ដឹងថា បើសិន​ជា​ទុក​ឲ្យ ប៉ុល ពត កាន់អំណាច​បាន ១០ ឆ្នាំ​ទៀត​ឬ​កាន់អំណាច​រហូតដល់​ពេល​នេះ តើ​ពួកគេ​អាច​នៅមាន​ជីវិត ឬទេ?។ 
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍​​ថា នេះ​មិន​ត្រឹមតែ​ជាការ ប្រមាថ​មិន​ត្រឹមតែ​វិញ្ញាណ​ក្ខ័​ន្ធ​ប្រជាជន​កម្ពុជា​ដែល​បាន​ស្លាប់​ទៅហើយ​ទេ ប៉ុន្តែ​ជាការ​ប្រមាថ​ដល់ ជីវិត​ខ្លួន​ពួកគេ​តែម្តង។ប៉ុន្តែ​យ៉ាងណា ក៏ដោយ​ខ្ញុំ​ក៏​នៅតែ​អរគុណ​ពួកគេ អរគុណ​ណាស់​អ្នក​ទាំងឡាយ ដែល​បានចាត់ទុក​ថ្ងៃ ៧ មករា​ជាស​ត្រូវ ដោយសារតែ​បញ្ហានយោបាយ​តម្រូវ​ឲ្យ​ពួកគេ​និយាយ​យ៉ាង ដូច្នេះ ព្រោះ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ពួកគេ​ក៏បាន​រួមចំណែក​បំផ្លាញ​ចោល​បែបផែន​ផលិតកម្ម​របស់ ប៉ុល ពត ផង​ដែរ។ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថ្លែងថា ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ដែលជា​បញ្ហា​ធំ បំផុត​នៅក្នុង​ចំណោម​សិទ្ធិ​រស់រាន​ជីវិត​របស់​ពលរដ្ឋ​នោះ យើង​ក៏បាន​ប្រឹងប្រែង​ដើម្បី​ចរចា​ស្វែងរក ដំណោះស្រាយ​នយោបាយ​មួយ​សំរាប់​បញ្ហា​កម្ពុជា ហើយ​ដោយសារ​ការខិតខំ​របស់យើងៗបានបញ្ចប់ សង្គ្រាម​ក្រោម​ន​យោ​បា​យា​ឈ្នះ ឈ្នះ ។ ​ដោយសារ​នយោបាយ ឈ្នះ ឈ្នះ នេះហើយ ដែល​មក ដល់​ចុងឆ្នាំ ១៩៩៨ ប្រជាជន​កម្ពុជា បាន​ស្គាល់​ជា​លើកដំបូង​នូវ​សន្តិភាព​ពេញលេញ​ក្នុង​ប្រវត្តិសាស្ត្រ ជាច្រើន​ទសវត្ស ឬ​ជាច្រើន​សតវត្សរ៍ ដែល​ប្រទេស​កម្ពុ​ជាមួយ​មាន​តំបន់​ត្រួតត្រា ១ រដ្ឋធម្មនុញ្ញ ១ ព្រះ​មហាក្សត្រ ១ រដ្ឋសភា ១ រាជរដ្ឋាភិបាល ១ និង កងទ័ព​ជាតិ​តែមួយ​នោះ។
ពាក់​ព័​ន្ធ​ជាមួយ​អត្ថន័យ នៃ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩​ ​វិញ សម្តេចនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា អ្វី ដែល​ខ្ញុំ​ចង់​និយាយ​ពី​គុណបំណាច់​នៃ​ថ្ងៃ ៧ មករា នោះ​គឺ ៧ មករា គឺជា​របស់​រួម ជា​របស់​ជាតិ​ទាំងមូល ហើយ ៧ មករា មិនបាន​ចាត់ទុក​អ្ម​កណា​ជាស​ត្រូវ​ក្រៅ​ពី​​របប​ប្រល័យពូជសាសន៍ ប៉ុល ពតនោះ​​ឡើយ។ សម្តេច​តេ​ជោ​ថ្លែងថា អ្វីដែល​ខ្ញុំ​ចង់​និយាយ​គឺ ការដួលរលំ​យ៉ាង​ឆាប់រហ័ស នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត មិនមែន​គ្រាន់តែ​ចាប់ផ្តើម​ដោយ សារ​ការវាយលុក​ដោយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា ​ឬក៏​ការជួយឧបត្ថម្ភ​របស់​កងទ័ព​ស្ម​គ្រ​ចិត្ត​វៀតណាម​នោះទេ ប៉ុន្តែ​អ្វីដែល​ធំ​ជាង​នេះ​ទៅ ទៀត​នោះ​គឺ​ការចូលរួម​របស់​ប្រជា​ពលរ​ដ្ហ​កម្ពុជា តែម្តង ព្រោះ​បើសិនជា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត មិនបាន​កាប់សម្លាប់​ប្រជាជន ហើយ​មិន​បានធ្វើ​ទុក​បុក​ម្នេញ និង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​វិ​នា​ស​ អន្តរាយ​ទេនោះ ប្រហែលជា​របប​នេះ​អាច​រស់រានមានជីវិត​មកដល់​សព្វថ្ងៃនេះ ក៏​អាច​ថា​បាន។
សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់​ថា ថ្ងៃ ៧ មករា មិនមែន​គ្រាន់តែ​ជា​បញ្ហា​ដាច់ដោយឡែក របស់​គណ​បណ​បក្ស​ប្រជាជន​កម្ពុជា របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង របស់​កងទ័ព​កម្ពុជា និង ស្មគ្រ​​ចិត្ត​វៀតណាម​នោះទេ ប៉ុន្តែ​គឺជា​ការចូលរួម​ធំ​បំផុត​របស់​ប្រជាជន​កម្ពុជា ដែល​បានធ្វើ ឲ្យ​របប​នេះ​រលំរលាយ​រហូតដល់​មនោគមន៍វិជ្ជា​របស់​វា ក៏​មិន​សល់​ដែរនោះ។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បានមាន​ប្រសាសន៍​​​រំលឹក​ផងដែរ​អំពី ការប្រឹងប្រែង​របស់រ​ដ្ឋា​ភិ​បាល ក្នុងសម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង បន្ទាប់​អតីត​រដ្ឋ​កម្ពុជា ដែល​នៅក្នុង​គ្រានោះ​បានធ្វើ ភារកិច្ច​ចំនួន ២ ដំណាលគ្នា គឺ​ការទប់ស្កាត់​ការប៉ុនប៉ង​វិលត្រឡប់​មកកាន់​អំណាច​វិញ​របស់​ពួក ប៉ុល ពត ជាមួយនឹង​ការខិតខំ​ដោះស្រាយ​ភាពអត់ឃ្លាន ​និង​ការលំបាក​ដែល​បន្សល់ទុក​ដោយ​រប​ប​ប្រល័យពូជ​សាសន៍​​​​នោះ។
សម្តេច​តេ​ជោ​បាន​កត់សម្គាល់ថា នៅក្នុង​រយៈពេល​ជាង ១៤ ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩៤ រដ្ឋាភិបាល​ដែល​កាន់អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាត់បន្ថយ អត្រា​នៃ​ភាពក្រីក្រ​បាន​ជាង ៥០% គឺ​ក្នុង​អត្រា ១០០% នៅ​ឆ្នាំ ១៩៧៩ មក​នៅ​អត្រា​ត្រឹម ៤៧% នៅក្នុង ឆ្នាំ ១៩៩៤។​សម្តេច​មានប្រសាសន៍​ដែរ​ថា វា​ប្រាក​ដ​ណាស់​ថា នៅក្នុង​ឆ្នាំ ២០១១ អត្រា​នៃ​ភាពក្រីក្រ បាន​ធ្លាក់​នៅក្រោម ២៦% ហើយ​អត្រាកំណើន​សេដ្ឋកិច្ច​គឺ​ស្ថិតនៅក្នុង​រង្វង់ ៧%នោះ  ។
សម្តេចតេជោ​មាន​ប្រសាសន៍​​ឲ្យ​ដឹង​ថា ឆ្នាំ២០១២នេះ កម្ពុជា​មានកិច្ចការ​ជាច្រើន​ខ្លាំង​ណាស់​ក្នុង​ការរួម​គ្នាធ្វើ​​ក្នុងនោះ​មានការបោះ​ឆ្នោតព្រឹទ្ធសភា​នៅថ្ងៃទី​២៩មករា ឆ្នាំ ២០១២ បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅថ្ងៃ​ទី៣​មិថុនា រួមទាំងការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ដឹក​នាំកិច្ច​ប្រជុំកំ​ពូលអាស៊ាន។​ សម្តេច​តេ​ជោនាយក​រដ្ឋមន្រ្តី ក៏​បាន​ធ្វើការ​អំពាវនាវ​​ដល់គ្រប់​​គណបក្ស​​នយោ​បាយ កងកំលាំង​ប្រដាប់​អាវុត និងប្រ​ជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​​ថែរក្សា​បរិ​យា​កាស​នយោបាយ​អព្យាក្រិត ដើម្បី​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សុវត្តិភាព តម្លាភាព ប្រជាធិប​តេយ្យ យុត្តិ​ធម៌ ដែលអាច​ទទួលយក​បានទាំង​អស់គ្នា។  
ឯកឧត្តម ហ៊ុន ណេង អភិបាល​នៃគណៈអភិបាល​ខេត្តកំពង់​ចាម​មានប្រ​សាសន៍​​ថា ការប្រារព្វ​មិទ្ទិញ​​​ខួប​លើកទី៣៣ នៃទិវា​មហាជ័យ​ជំនះ ៧មករា​១៩៧៩ នៅ​ពេលនេះ នឹង កាន់​តែធ្វើ​ឲ្យប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល​យល់ដឹង​កាន់តែ​ច្បាស់លាស់​ថែមទៀត អំពីអត្ថន័យ និងសច្ចៈធម៌​​ប្រវត្តិសាស្រ្ត នៃ​ថ្ងៃ​៧​មករា​១៩៧៩ និងមើលឃើញ​ពីគុណបំណាច់​មិនអាច​កាត់ថ្លៃ​បានរបស់​ឥស្សរជន​​ឆ្នើមៗ ពិសេស​សម្តច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ក៏ដូច​ជាទៅ​អនាគត ប្រជាពលរដ្ឋ​នៅ​តែត្រូវ​ការវត្តមាន​របស់ស​ម្តេចតេជោ​ក្នុងការដឹក​នាំប្រទេស​ជាតិជាបន្តទៅទៀត។

បន្ទាប់មកឯកឧត្តម ហ៊ុន ណេង អភិបាល​នៃគណៈអភិបាល​ខេត្តកំពង់​ចាម និងលោកជំទាវ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឥស្សរជន​ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោក​ជំទាវឥស្ស​រជន​ជាន់​ខ្ពស់​តំណាង ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំ មន្រ្តី​រាជការ កងកំលាំង​ប្រដាប់អាវុធ​ក្រប់​លំដាប់​ក្នុង​ខេត្តកំពង់ ចាម បានជូនបាច់ផ្កា កន្រ្តក់ផ្កា ប្រសិទ្ធពរជ័យ​បវរបមហា​ប្រសើរ​ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជាស្ថាបនិក​នៃមហាចលនា​តស៊ូ​រំដោះ​ប្រទេស និង​អាយុជីវិត​ប្រជាពល​រដ្ឋកម្ពុជា​ចេញពី​របបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅថ្ងៃ​ទី​៧មករា​ឆ្នាំ១៩៧៩។ ជាមួយ​និងការ​ប្រសិទ្ធពរជ័យ​ដ៏មហា​ប្រសើរ​នេះ​ដែរ ថ្នាក់​ដឹកនាំទាំង​អស់ ក៏បានប្រសិទ្ធពរ​ជ័យបវរមហា​ប្រសើរ និង​វិបុល​សុខ​គ្រប់ប្រការ ជូនដល់សម្តេចតេជោ​នាយករដ្ឋមន្រ្តី និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​ខួបកំណើត​គំរប់ខួប៣៦ឆ្នាំ នៃ​ខួបអាពាហ៍ ពិពាហ៍​របស់​សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។

នៅ​ក្នុងជីវប្រវត្ដិ​សង្ខេបដែលរៀប​ចំឡើង​ដោយខុទ្ទកាល័យ​របស់​សម្ដេចតេជោ​នាយក​រដ្ឋមន្ដ្រី បាន​ ឱ្យ​ដឹងថា សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រសូត្រ​នៅថ្ងៃ​ទី៥​ខែសីហា​ឆ្នាំ១៩៥២ “ចុះបញ្ជី​ផ្លូវការថ្ងៃ​ទី៤​ខែមេសា​ឆ្នាំ១៩៥១” នៅឃុំ​ពាម​កោះស្នា​ស្រុក​ស្ទឹងត្រង់ ខេត្ដ​កំពង់​ចាម។ មានលោក​ឪពុកឈ្មោះ ហ៊ុន នាង និងអ្នកម្ដាយ ឈ្មោះ ឌី ប៉ុក មាន​បង​ប្អូន៦នាក់ សម្ដេចតេជោ​ជាកូនទី៣ ក្នុងគ្រួសារ។ នៅ​ក្នុងភាព​ជាកុមារ សម្ដេចតេជោ​បានសិក្សានៅភូមិ-ឃុំកំណើត​រហូតមកដល់​ឆ្នាំ១៩៦៤ សម្ដេច​ធ្វើដំណើរ​ចាកចេញ​ពីស្រុក​កំណើត មករស់​នៅបំរើព្រះ​សង្ឃវត្ដ​នាគវ័ន្ដ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បីបន្ដ​ការសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រៈទេវី។ នៅឆ្នាំ១៩៧០ ពេល​ដែល​កម្ពុជា ត្រូវ​បានរុញ​ច្រានឱ្យ​ធ្លាក់ចូល​ក្នុងភ្លើង​សង្គ្រាម និងដោយ​ឆ្លើយ​តបចំពោះ​ការអំពាវនាវ​របស់ សម្ដេច​ព្រះនរោត្ដមសីហនុ នៅ​ពេលនោះ ឱ្យ​ប្រជាជន​កម្ពុជា​ចូលរួមក្នុង​សង្គ្រាមប្រឆាំង​និង​ចក្រពត្ដិនិយម សម្ដេច នៅ​ក្នុងវ័យ១៨ឆ្នាំ បានចូល​រួមជាមួយ​ចលនា​តស៊ូ ដែល​ក្រោយមក​បាន​រំដោះ​ប្រទេស នៅថ្ងៃ​ទី១៧​ខែ​មេសា​ឆ្នាំ​១៩៧៥។ មួយថ្ងៃមុខ​ថ្ងៃជ័យជំនះ គឺនៅថ្ងៃ​ទី១៦ខែ​មេសា​១៩៧៥ សម្ដេច​ត្រូវ​របួស​ភ្នែកឆ្វេង ក្នុង​សមរភូមិ​ទន្លេបិទ​ខេត្ដកំពង់​ចាម។ ឆ្លងកាត់ការ​សំរាក​ព្យាបាល​អស់រយៈ​ពេលជាច្រើន​ខែ​រួចមក​ សម្ដេច​តេជោ​​នាយករដ្ឋមន្ដ្រី បានរៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ដោយ​ភ្ជាប់​នូវ​មរតក​អាពាហ៍​ពិពាហ៍ នូវ​បុត្រ​ចំនួន ៥នាក់​ក្នុងបន្ទុក ក្នុងនោះ​កូនប្រុស​៣នាក់ កូនស្រី​២នាក់។ “១ឯកឯត្ដម​ឧត្ដម​សេនីយ៍​ទោ ហ៊ុន ម៉ាណែត ២លោកជំទាវ ហ៊ុន ម៉ាណា ៣លោកហ៊ុន ម៉ានិត ៤លោកហ៊ុន ម៉ានី និង៥លោកស្រី ហ៊ុន ម៉ាលី”និងមានចៅចំនួន១២នាក់។
ដោយ​ឡែកទាក់ទិន​ទៅនិង​ជីវប្រវត្ដិ​សង្ខេប​របស់ លោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី បានឱ្យ​ដឹង​ដែរថា លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រសូត្រ​នៅថ្ងៃទី​១៥ខែធ្នូ​ឆ្នាំ១៩៥៤ នៅ​ភូមិ​រកាខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ដកំពង់ចាម ក្នុង​ត្រកូល​កសិករ ដែល​មានឪពុក​ឈ្មោះ លីន គ្រី និង​ម្ដាយ​ឈ្មោះ ប៊ុន ស៊ាងលី។ ដោយ​សារ​តែសាលា​មាន​ទីតាំង​នៅ​ឆ្ងាយ និង​ត្រូវឆ្លង​ទឹកទន្លេ​ផង លោកជំទាវ​បានឆ្លង​កាត់ការ​លំបាកជា​ច្រើន ដើម្បី​បានទទួល​នូវការ​សិក្សា។ នៅឆ្នាំ១៩៧០ ឆ្លើយ​តបទៅនិង​ការអំពាវនាវ​ពី សម្ដេច​ព្រះនរោត្ដម​សីហនុ លោក​ជំទាវបាន​ស្ម្រ័គចិត្ដ​ចូលបំរើ ក្នុង​ចលនា​រំដោះជាតិ ក្នុងភារៈ​ជាគិ​លានុប្បដ្ឋាក​យិកា និងរួច​មកជាឆ្មប​នៅមន្ទីរ​ពេទ្យ​បង្អែក ចុងជាច ស្រុកដំបែរ ខេត្ដកំពង់ចាម។ លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នៅថ្ងៃទី៥ខែមករាឆ្នាំ១៩៧៦។​ ចាប់ពីឆ្នាំ១៩៧៧មក លោកជំទាវលែងបំរើក្នុងជួរកងទ័ព ពោល​គឺដូចនិង​ប្រជាពលរដ្ឋ​កម្ពុជានៅ​ទូទាំង​ប្រទេសដែរ ពិសេសយោង​ទៅលើមូល​ហេតុថា ស្វាមី​របស់លោក​ជំទាវ“សម្ដេចតេជោ​ហ៊ុន-សែន” ជាអ្នក​ប្រឆាំងនិង​របបខ្មែរ​ក្រហម លោកជំទាវ​ត្រូវជាប់​ក្នុងការ​ឃុំឃាំង របស់​របបខ្មែរ​ក្រហម ក្នុងស្រុក​ដំបែរ​ខេត្ដកំពង់​ចាម។ បន្ទាប់​ពីការជួប​ជុំគ្នាឡើង​វិញ ជាមួយ​សម្ដេចតេជោ ហ៊ុន សែន ក្រោយ​ថ្ងៃរំដោះ​៧មករា​ឆ្នាំ១៩៧៩ លោកជំទាវបាន​​ប្រមែប្រមូល​កុមារកំព្រា​ដោយ​របប ប៉ុល ពត និងពីមូល​ហេតុផ្សេងៗ ឱ្យទៅ​រស់នៅ​ក្នុងមជ្ឈ​មណ្ឌលកុមារ​កំព្រា ដើម្បី​ទទួលបាន​ការថែទាំ​និង​រៀនសូត្រ រហូតមួយចំនួន​ធំមានមុខ​របរ​ប្រកបរបរ​អាជីវកម្ម ចិញ្ចឹម​ជីវិតបានដោយ​ខ្លួនឯង។ ក្នុងសណ្ដាន​ចិត្ដមេត្ដា​ករុណា និងយល់​ដល់ការ​លំបាក​របស់ស្ដ្រី និង​ប្រជាពល​រដ្ឋក្រីក្រ លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុនសែន បាន​​បង្កើត​មជ្ឈមណ្ឌល អភិវឌ្ឍន៍​ស្ដ្រីចំនួន​៥កន្លែង ដើម្បី​រួមចំណែ​ក​បណ្ដុះ​បណ្ដាល ផ្ដល់​វិជ្ជាជីវៈ​សមស្រប​ដល់ស្ដ្រី​និងជនក្រីក្រ អាចរក​ការងារធ្វើ និង​ចិញ្ចឹមជីវិត​បានសមរម្យ។