Thursday, January 19, 2012

សម្តេច​​តេជោ​​ជួប​​សវនា​ការ​​ជា​​មួយ​​រដ្ឋ​មន្រ្តី​ក្​រសួង​​សន្តិសុខ​​សាធារ​ណៈ​ឡាវ​


​នៅ​ក្នុង​ឱ​កាស​ទទួល​ជួប​សវនាការ​ជា​មួយ​​ឯកឧត្តម​​បណ្ឌិត ថងបាញ់ សែងអាផន រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៨ មករា ឆ្នាំ ២០១២​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​ពីរ​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​​លើ​គ្រប់​វិស័យជាមួយ​គ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ​។

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​​មាន​ប្រសាសន៍​កោត​សរសើរ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង និង ក្រសួង ខេត្ត និង ខេត្ត ប្រជាជន និង ប្រជាជន​កម្ពុជា-ឡាវ ដោយ​ចាត់​ទុក​​ កិច្ច​សហ​ប្រតិ​បត្តិការ​​នេះ​គឺ​ជា​ការ​ចាំ​បាច់​ណាស់ ដើម្បី​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន​ ដើម្បី​ទាញ​យក​បាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាជន​នៅ​តាម​ព្រំដែន​។

ការ​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅថែម​ទៀត​នេះ​ សម្តេច​តេជោ​ បានផ្តោត​​ទៅ លើ​ការ​ទប់​ស្កាត់​អំពើ​ភេរវ​កម្ម អំពើ​រត់​ពន្ធ​ឆ្លង​ដែន ក៏​ដូច​ជា​អំពើ​ខុស​ច្បាប់​នៅ​តាម​ព្រំដែនរវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ បាន​ស្នើ​ឲ្យ​ខេត្ត​ចំប៉ាសាក់ និង ខេត្ត​ប៉ាក់សេ​របស់​ឡាវ​បន្ត​សហការ​គ្នា​ឲ្យ​បាន​ល្អ​ជាមួយ​នឹង​ខេត្ត​ ស្ទឹងត្រែង ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មានជា​មួយ​​គ្នា​ពាក់​ព័ន្ធ​ជាមួយ​បញ្ហា​ប្រែប្រួល ​អាកាស​ធាតុ ដូច​ជា​បញ្ហា​ភ្លៀង​ជា​ដើម ដើម្បី​ធ្វើ​យ៉ាង​ណា​ត្រៀម​ខ្លួន​ជម្លៀស​ប្រជាជន​ឲ្យ​បាន​ទាន់​ពេល​វេលា​ពេល ​មាន​ទឹក​ជំនន់​។

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា ឯកឧត្តម​​បណ្ឌិត ថងបាញ់ សែងអាផន បាន​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ អំពី​លទ្ធផល​នៃ​ជំនួប​រវាង​រូប​លោក​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​ កម្ពុជា ដែល​ក្នុង​ជំនួប​នោះ​មាន​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ ការ ដែល​បាន​ធ្វើ​ក្នុង​ឆ្នាំ ២០១១ កន្លងមក និង បាន​រាយ​ការណ៍​ជូន​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ផង​ដែរ​អំពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​ផែន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជា​ប្រចាំ​រវាង​ខេត្ត និង ខេត្ត ហើយ​នៅ​ពេល​នេះ​ ក្រសួង និង ក្រសួង ខេត្ត និង ខេត្ត ប្រជាជន និង ប្រជាជន​កម្ពុជា-ឡាវ ​គឺ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​ខ្លាំង និង មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ណាស់៕