Tuesday, January 17, 2012

ឯកឧត្តម​​បណ្ឌិត សុខ អាន ជម្រុញ​​ឲ្យ​​បង្កើន​​ការ​​ប្រកួត​ ដើម្បី​​លើក​​កម្ពស់​​កីឡា​ប៉េតង់​​​កម្ពុជា​


          ជាមួយ​នឹង​​មោទនភាព​ ចំពោះ​ការ​រីក​ចម្រើន​កីឡា​ប៊ូល-ប៉េតង់​ នៅ​កម្ពុជា​ ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១២​បាន​ជម្រុញ​ឲ្យ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​រៀប​ចំ​ការ​ប្រកួត​​ ឲ្យ​បាន​ញឹកញាប់​ យ៉ាង​ហោច​ ៣ ខែ​ម្តង​ ដើម្បី​លើក​កម្ពស់​គុណភាព សមត្ថភាព​ និង​ការ​ចូលរួម​ក្នុង​កីឡា​ប៉េតង់​ពី​មហាជន​ឲ្យ​បាន​ច្រើន​។ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​កំណត់​យក​ខេត្ត​តាកែវ​ ដើម្បី​រៀប​ចំ​ការ​ប្រកួត​ជា​គំរូ​មុន​គេ​ ដោយ​អញ្ជើញ​យក​អ្នក​ដែល​ឈ្នះ​ក្នុង​កម្រិត​ជាតិ​ទៅ​ចូលរួម​ និង​បង្ហាត់​បង្ហាញ​ផង​ ។ ​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់​នេះ​ត្រូវ​ចាត់​​ទុក​ថាជា​ជើង​ឯក​ប្រចាំ​ត្រីមាស​ ដោយ​ត្រូវ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ដឹង​ទូទាំង​ប្រទេស​។​
នៅ​ក្នុង​ឱ​កាស​ចូល​រួម​ជា​​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ប៉េតង់ថ្នាក់​ជាតិ​ ​ដណ្តើម​ពាន​រង្វាន់​សុខ​អាន​លើក​ទី ៤ នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា  ដោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​គាំទ្រពី​សម្តេច​អគ្គ​​មហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ ដែល​ឯកឧត្តម​បាន​បង្កើត​សហព័ន្ធ​កីឡា​ប៉េតង់​ ព្រះ​រាជាណាចក្រ​កម្ពុជា​​មាន​មោទនភាព​ ដោយ​សារ​ក្រុម​កីឡា​ប៉េតង់​កម្ពុជា​ ដណ្តើម​បានមេដាយ​​ជាង​១៣០​ក្នុង​កម្រិត​ការ​ប្រកួត​ថា្នក់​តំបន់​ និង​​កម្រិត​ពិភពលោក​ ដែល​ក្នុង​នោះ​មាន​មេដាយមាស​ចំនួន ២៧ និង​ពាន​រង្វាន់​មាស​ចំនួន​៥ ​​​។​
ឯកឧត្តម​​ មាស សារិន អគ្គលេខាធិការ​​សហព័ន្ធ​កីឡាប៉េតង់​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​កម្ម​វិធី​ប្រកួត​រយៈពេល​ ៣ ថ្ងៃ (១៤-១៧ ខែ​មករា ឆ្នាំ ២០១២) ដើម្បី​ដណ្តើម​ពាន​រង្វាន់​សុខអាន​ លើក​ទី​៤ នេះ​ មាន​កីឡាករ​ចូលរួម​ចំនួន​ ១៨២ នាក់​ ក្នុង​នោះ​កីឡាការិនី ១៧ នាក់ មក​ពី​ក្លឹប​ចំនួន ២៤ ​នៅ​ទូទាំង​ប្រទេស​។​ ជា​លទ្ធផល​ក្នុងការ​​ប្រកួត​ផ្តាច់​ព្រ័ត្រ​ ៣ ទល់នឹង​ ៣ ដណ្តើម​ពាន​រង្វាន់​ធំ​ គឺ ម៉ូតូ ហុងដា វ៉េវ​ ចំនួន ៣ គ្រឿង ​ពាន​រង្វាន់​ និង​ខោអាវ​កីឡា​ ក្រុម​កីឡាករ​ប៉េតង់​មក​ពីក្លឹប​រដ្ឋាករ​ទឹក​ស្វយ័ត​​រាជធានីភ្នំ​ពេញ​​ទទួល​បាន​ជោគជ័យ​។​ ឯចំណាត់​ថ្នាក់​លេខ​ ២ បាន​ទៅ​ក្រុម​មក​ពី​ក្លឹប​យោធា​យោធភូមិ​ភាព​ពិសេស​ ទទួល​បាន​ថវិកា​ ៩០០ ដុល្លារ​អាមេរិក​ និង​ខោអាវ​កីឡា​ ។ ​ចំណាត់​ថ្នាក់​លេខ​ ៣ បាន​ទៅ​ក្រុម​​​កីឡា​ករ​មក​ពី​ក្លឹប​ ក្រសួង​​ការពារ​ជាតិ​ បាន​ទទួល​ថវិកា​ចំនួន ៦០០ ដុល្លារ​អាមេរិក​ និង​ខោអាវ​កីឡា​។​ ចំណែក​ការ​ប្រកួត​ផ្នែក​នារី​ម្នាក់​ៗ​ ដែល​មាន​កីឡាការិនីចូលរួម​ ១៧ នាក់​ ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ អ្នក​ស្រី កែ លេង ទទួល​បាន​ម៉ូតូមួយ​គ្រឿង​ លេខ ២ បាន​ទៅ​កីឡាការិនី អ៊ុក ស្រីមុំ ទទួល​បាន​ថវិកា​ ៤០០ ដុល្លារ​អាមេរិក​ និង​លេខ ៣ បាន​ទៅ​កីឡាការិនី ឌុច សោភ័ណ ទទួល​បាន​ថវិការ ៣០០ ដុល្លារ​អាមេរិក​។​ អ្នក​ទាំង​៣ មក​ពីក្លឹប​ក្រសួង​ការពារជាតិ​។​ ក្រៅពីនេះ​ក៏​មាន​ការ​ជូន​រង្វាន់​​ដល់​ការ​ប្រកួត​ជា​ក្រុម​​ផង​ដែរ​។​