Friday, January 20, 2012

សម្តេច​តេ​ជោ​យល់​ព្រម​​ធ្វើ​វាគ្មិន​នៅ​ក្នុង​វេទិកា​ថ្នាក់​ដឹកនាំ​អាស៊ាន​


​ ​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន​ បាន​យល់ព្រមនា​​ថ្ងៃ​ទី​១៩ ​ខែ​មករា​ ឆ្នាំ​២០១២ តាម​ការ​អញ្ជើញ​របស់​លោក ​DATO​ MTCHAEL ​YACH ​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​ និង ​ភាពជា​អ្នកដឹកនាំ​ប្រទេស​ម៉ាឡេស៊ីថា សម្តេច​នឹង​​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​វេទិកា​ថ្នាក់​ដឹកនាំ​អាស៊ាននា​ពេល​ខាង​មុខ​​ ​ ​។
ឯកឧត្តម​​ អ៊ាង សុផល្លែត​ ជំនួយការ​សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី​ឲ្យ​ដឹងថា ក្នុង​ឱកាស​​​ចូល​ជួប​សំដែង​ការគួរ​សម​នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ​ លោក DATO MTCHAEL YACH  បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ទៅ​ដល់​ការរៀបចំ​នូវ​វេទិកា​ថ្នាក់ដឹកនាំ​អាស៊ាន ហើយ​​លោក DATO MTCHAEL YACH   បាន​គោរព​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​នោះ​។ លោក DATO MTCHAEL YACH   បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា វេទិកា​​នេះ​​បាន​រៀបចំឡើង​ដោយមាន​ប្រធានបទ​ចំនួន ៣ ទី១ គឺ​ពង្រឹង សមាហរណកម្ម ទី២ គឺ​តួនាទី​របស់​វិស័យ​​ឯកជន​ពាក់ព័ន្ធ​នឹង​ការតភ្ជាប់​អាស៊ាន និង ទី៣ គឺ​ថ្នាក់ដឹកនាំ​អា​ស៊ាន​វ័យក្មេង។ 
សម្តេចនាយក​រដ្ឋមន្ត្រី​បាន​យល់ព្រម​ចូលរួម​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​នេះ និង បាន​យល់ស្រប​ជាមួយ​សារៈសំខាន់​ប្រធានបទ​ទាំង ៣ ដោយ​​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​ឲ្យ​លោក DATO MTCHAEL YACH ធ្វើ​ការ​ស្រាវជ្រាវ​ពិចារណា​ទៅលើ​ប្រធានបទ និង តួនាទី​របស់​អាស៊ាន​ជាមួយ​ដៃគូ​ក្រៅពី​តំបន់​អាស៊ាន ពិចារណា​ទៅលើ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ផ្នែក​ទន់ និង ផ្នែក​រឹង ព្រោះថា ប្រព័ន្ធ​ច្បាប់ ក៏​ដូច​ជា​ប្រព័ន្ធតុលាការ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​​និមួយៗនៅក្នុង​អាស៊ាន​មិន​ដូចគ្នា​​នោះ​ទេ។ សម្តេច​តេជោ​ក៏បាន​ស្នើ​ឲ្យ មានការ​សិក្សា​អនាគត​អាស៊ាន​នៅ​ឆ្នាំ ២០១៥ ដែលជា​ឆ្នាំ​លំហូរ​ធនធានមនុស្ស និង ទំនិញ​រវាង អាស៊ាន​ដោយ​គ្មាន​របាំង និង បានស្នើ​ឲ្យលោក​ DATO MTCHAEL YACH សិក្សា​អំពី​ការបញ្ចប់​របាំង​ពី​ការទទួល សញ្ញាបត្រ​ពី​ប្រទេសមួយ ហើយ​មិន​ទទួលស្គាល់​សញ្ញាបត្រ​ពី​ប្រទេសមួយទៀត​ក្នុង​ប្លុក​អាស៊ាន​ដូច​គ្នា​៕