Tuesday, January 31, 2012

អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​ និង​ក្រុម​ហ៊ុន​ JOGMEC ក្រុមហ៊ុន MOECO បើក​ការដ្ឋាន​សិក្សា​អង្កេត​ស៊ី​ស្មិក​នៅ​ប្លុក ១៧​


          ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខា​ធិការ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី និង​ជា​អ្នក​នាំ​ពាក្យ​​ បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ត្បែង​មាន​ជ័យ​ ខេត្ត​ព្រះ​វិហារ នា​ព្រឹក​ថ្ងៃទី ៣១ ខែ​មករា ឆ្នាំ ២០១២ នេះ​ ​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា​ និង​​ ក្រុម​ហ៊ុន​ JOGMEC ក្រុមហ៊ុន MOECO បាន​ប្រារព្ធ​ពិធី​ក្រុងពាលី​តាម​ប្រពៃ​ណី​សាសនា ដើម្បី​ចាប់​ផ្តើម​​សិក្សា​​អង្កេត​​ស៊ីស្មិក​(Seismic) នៅ​ប្លុក​ ១៧ ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​ចំនួន​ ៣ គឺ​ កំពុង​ធំ​ ព្រះវិហារ និង​ សៀមរាប​ ។ ពិធី​បើក​ការដ្ឋាន​សិក្សា​ស្រាវ​ជ្រាវ​រុក​រក​ប្រេង​កាត​ក្នុង​ដំណាក់​កាល​ដំបូង​នេះ គឺ​មាន​ការ​ចូលរួម​ដោ​យ​ ឯក​ឧត្តម ហូ វិចិត្រ​ អនុប្រធាន​អាជ្ញា​ធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ ឯកឧត្តម អ៊ុំ​ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះ​វិហារ លោក អាគីរ៉ា ស៊ុយហ្សុយ​គី (AKIRA SUZUKI) នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ JOGMEC ព្រម​ទាំង​មន្រ្តី​អ្នក​មុខ​អ្នក​ការ​មួយ​ចំនួន​ទៀត​។

          ឯកឧត្តម ផៃ ស៊ីផាន បាន​ពន្យល់​ថា​ ការ​សិក្សា​អង្កេត​​ស៊ីស្មិក​ជា​វិធី​សាស្រ្ត​មួយ​នៃ​ការ​សិក្សា​​ស្រាវ​ជា្រវ​រុក​រក​ប្រេង​កាត​ក្នុង​ដំណាក់​កាល​ដំបូង​។ ការ​សិក្សា​នេះ​​រួម​មាន ការ​​ថត​រលក​រំញ័រ​ ការខួង​រន្ធតូច​ៗ​ ដើម្បី​ទទួល​បាន​នូវ​ទិន្នន័យ​មួយ​សម្រាប់​យក​ទៅ​ធ្វើ​ការ​វិភាគ​​បក​ស្រាយ​​ស្វែង​យល់​ ពី​លក្ខណៈ​ស្រទាប់​ដី​នៅ​ខាង​ក្រោម​។ ឯកឧត្តម ផៃ ស៊ីផាន ក៏ដូច​ជា​ឯកឧត្តម ហូ វិចិត្រ បាន​អះអាង​ថា ការ​ប្រតិបត្តិ​ការ​ធ្វើ​ស៊ីស្មិក​ពុំ​បង្ក​ឲ្យ​មានការ​ព្រួយ​បារម្ភ​ដល់​ការ​ប៉ះ​ពាល់​បរិស្ថាន​ទេ​។ ឯកឧត្តម ហូ វិចិត្រ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ និង​ជា​ប្រធាន​អាជ្ញាធរ​​ប្រេង​កាត​ជាតិ​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ក្រុង​ពាលីថា ការ​បើក​ការដ្ឋាន​សិក្សា​​អង្កេត​ស៊ីស្មិក​នៅ​ពេល​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​នូវ​ជោគជ័យ​នៃ​ការ​អនុវត្ត​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​​ប្រកប​ដោយ​គតិបណ្ឌិត​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ឲ្យ​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ឲ្យ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ បង្កើត​ការ​ងារ​ជូន​ប្រជា​ពល​រដ្ឋ​ និង​ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

សេច​ក្តី​ប្រកាសព័ត៌មាន​របស់​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ ១៩៩៦ ក្រុម​ហ៊ុន​ JOGMEC ដែល​ពី​មុន​មាន​ឈ្មោះ​ថា សាជីវកម្ម​ប្រេង​កាត​ជាតិ​​ជប៉ុន​ Japan National Oil Corporation (JNOC) ធ្លាប់​បាន​ធ្វើ​ការ​សិក្សា​វាស់​ស្ទង់​​ម៉ាញ៉េ​ទិក​ និង​ក្រាវីតេ​តាម​អាកាស​ (Airborne Magnetic Survey) ។ នៅ​ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១០ ក្រុម​ហ៊ុន JOGMEC បាន​ចុះ​ហត្ថលេខា​ជា​មួយ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា លើ​អនុស្សរណៈ​ និង​កិច្ច​ព្រម​ព្រៀង​គោល​លើ​ប្លុក​ ១៧ ដែន​គោក​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះ​វិហារ​ ដើម្បី​សិក្សា​អង្កេត​​ទិន្នន័យ​ប្រេង​កាត​។​

បន្ទាប់​មក​ក្រុមហ៊ុន JOGMEC បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ MOECO ក្នុង​ការ​អនុវត្ត​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ប្រេង​កាត​ក្នុង​ប្លុក​ ១៧ ។ ទន្ទឹម​គ្នា​នេះ​ក្រុម​ហ៊ុន​ MOECO  ក៏​បាន​សិក្សា​ស្រាវ​ជាវ​ជា​បន្ត​បន្ទាប់​រហូត​សម្រេច​​​ធ្វើ​ការ​សិក្សាអង្កេត​​ស៊ីស្មិ​នៅ​ក្នុង​ប្លុក​នេះ​៕​