Wednesday, February 1, 2012

បទ​សម្ភាសន៍ លោក​បណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​​ជាមួយ​ទូរទស្សន៍​បាយ័ន ស្តី​ពី​ សកម្ម​ភាព​​សាលាក្តី​​ខ្មែរ​​ក្រហម​​ និងសកម្មភាព​ របស់​​​គណ​បក្ស​​ប្រឆាំង​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សម្រាប់​សង្គម​ជាតិ​ ​


បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា​ជាមួយទូរទស្សន៍បាយ័ន ស្តី​ពី​ សកម្ម​ភាព​សាលាក្តី​ខ្មែរ​ក្រហម​​ និងសកម្មភាព​
របស់​​គណបក្ស​ប្រឆាំង​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សម្រាប់​សង្គម​ជាតិ​ ​
 ថ្ងៃទី ៣០ ខែ មករា​​ ​ ឆ្នាំ២០១២

លោក សត្យា រក្ស
          សំណួរ៖ ដូច​លោក​បណ្ឌិត​ និង​ជន​រួម​ជាតិ​ជ្រាប​ហើយ​ថា ទម្រាំ​បាន​កើត​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ​ គឺ​កម្ពុជា​យើង​បាន​តស៊ូ​​ជំនះ​គ្រប់​ឧបសគ្គ​ទាំង​អស់​ បើ​និយាយ​ទៅ​គឺ​វា​ផ្សា​រ​ភ្ជាប់​ពី​អតីតកាល​ផង​ដែរ។​​ កាល​ពី​ខ្មែរ​ក្រហម​មាន​អំណាច​ពេញ​លេញ​រហូត​ដល់​ខ្មែរ​ក្រហម​ធ្លាក់​អំណាច​ ហើយ​រត់​ទៅ​ជ្រក​កោន​ក្នុង​ព្រៃ​ រហូត​ដល់​មាន​នយោបាយ​ផ្សះ​ផ្សា​រ​ជាតិ​ បង្រួប​បង្រួម​ជាតិ​ ហើយ​យើង​បាន​អូស​ទាញ​ខ្មែរ​ក្រហម​ឲ្យ​ចូល​ស្រុក​ រួម​ទាំង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ដែល​យើង​បង្កើត​បាន​ជា​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ​។​​ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ​ផង​ដែរ​អ្វី​ដែល​ខ្ញុំ​លើក​យក​ប្រធាន​បទ​នេះ​ដាក់​ជូន​លោក​បណ្ឌិត​ ដោយ​ហេតុ​ថា យើង​សិក្សា​ពី​បរិយាកាស​ខាង​ក្រៅ​ មាន​អង្គការ​សង្គម​ស៊ីវិល​ រួម​ជា​មួយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​មួយ​ចំនួន​ដែរ​ ដែល​យើង​ហៅ​ថា មាន​ទស្សនៈ​មួយ​​ក្នុង​ន័យ​កេង​ចំណេញ​ផ្នែក​នយោបាយ​ ។​​​កម្ម​វិធី​របស់​យើង​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែរ ជុំវិញ​រឿង​សាលាក្តី​ខ្មែរ​ក្រហម​នេះ​ យើង​ពិត​ជា​មិន​ចង់​ឲ្យ​គណបក្ស​ណា​មួយ​មាន​បំណង​កេង​ចំណេញ​នោះ​ទេ​ ពីព្រោះ​ជា​រឿង​ស្វែង​រក​យុត្តិ​ធម៌​​​ដល់​ជន​រង​គ្រោះ​ទាំង​អ្នក​ស្លាប់​ពី​អតីតកាល​ និង​អ្នក​ដែល​កំពុង​រស់​នៅ​ដែល​ជា​អតីត​ជន​រង​គ្រោះ​។
ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​បំភ្លឺ​ត្រង់​ថា អង្គការ​សង្គម​ស៊ីវិល​ ឬ​ក៏​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ គឺ​គេ​បាន​ចោទ​ប្រកាន់​ថា សាលាក្តី​ខ្មែរ​ក្រហម​នេះ​គឺ​ស្ថិត​នៅ​ក្រោម​សម្ពាធ​របស់​រដ្ឋា​ភិបាល​ មាន​ន័យ​ថា រដ្ឋាភិបាល​បញ្ជា​តាម​អំពើចិត្ត​ទៅ​លើ​សាលាក្តី​ខ្មែរ​ក្រហម​      ហើយ​ថ្មី​ៗ​នេះ​បែរ​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​បន​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ បែរ​ជា​ងាក​មក​បង្ខំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​ទៅ​លើ​រឿង​តែង​តាំង​សហចៅក្រម​ស៊ើប​អង្កេត​បរទេស​ទៅ​វិញ​ ។​ អញ្ចឹង​សូម​លោក​បណ្ឌិត​បញ្ជាក់​ជូន​ជន​រួម​ជាតិ​មើល​ ថា​តើ​ការ​ដែល​មាន​ជំហរ​មិន​ច្បាស់​លាស់​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​នៅ​កម្ពុជា​ ក៏​ដូច​ជា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ គេ​មាន​បំណង​និង​ចេតនា​ទុច្ចរិត​យ៉ាង​ណា​ដែរ​​លោក​បណ្ឌិត​?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  ចំណុច​នេះ​ ​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តាម​ដាន​ពី​សាវតា​ ដំណើរ​ការ​ ហើយ​ឥរិយាបទ​របស់​គណបក្ស​ប្រឆាំង​ និង​អង្គការ​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ ក៏​ដូច​ជា​អង្គការ​បរទេស​ដែល​មាន​និន្នាការ​ប្រឆាំ​ង​នឹង​​រដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​បុគ្គល​មួយ​ចំនួន​ដែល​យក​បរិបទ​ខ្មែរ​​ក្រហម​យក​មក​កេង​ចំណេញ​។​ យើង​អត់​ទាន់​និយាយ​ពី​សាវតា​ ថា យ៉ាង​ម៉េចបាន​ជា​​គុណ​សម្បត្តិ​របស់​យើង​ក្នុង​ការ​បង្កើត​​សាលា​ក្តីទេ​​ គ្រាន់​តែ​យើង​គិត​ថា នៅ​ពេល​ដែល​សាលាក្តី​បាន​បង្កើត​​ចេញ​ ហើយ​បាន​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​ជួប​ជាមួយ​ការ​លំបាក​ក្នុង​ការ​រក​ថវិកា​សម្រាប់​ទ្រទ្រ​ង់​សាលា​ក្តី​ផង​ គឺ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ក៏​ដូច​ជា​អង្គការ​បរទេស​មួយ​ចំនួន​បាន​កេង​ចំណេញ​ពី​ការ​ងារ​ហ្នឹង​ច្រើន​ ប៉ុន្តែ​គេ​កេង​ចំណេញ​ដោយ​ប្រើ​វោហារ​ស័ព្ទចោទ​ប្រកាន់​ថា ដំណើរ​ការ​សាលាក្តី​ខ្មែរ​ក្រហម​មិន​រលូន​ទេ អត់​ឯករាជ្យ​ គឺ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​រដ្ឋាភិបាល​ គេ​ចោទ​ប្រកាន់​អញ្ចឹង ។ ពួក​គាត់​នេះ​ពុំ​បាន​អគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ខ្នះខ្នែង​បង្កើត​ឲ្យ​បាន​សាលាក្តី​បែរ​ទៅ​ជា​ចោទ​ប្រកាន់​ថា​ សាលាក្តី​នេះ​រង​​សម្ពាធ​នយោបាយ​ពី​រដ្ឋាភិបាល​ រហូត​ដល់​រុញ​បរិយាកាស​ហ្នឹង​ឲ្យ​ច្របូក​ច្របល់​ រហូត​ដល់​កើត​មាន​ការ​លាលែង​តំណែង​ ហើយ​អ្នក​លាលែង​ពី​តំណែង​ដែល​ជា​ក្រុម​តំណាង​ឲ្យ​ខាង​អង្គការ​សហ​ប្រជាជាតិ​សុទ្ធ​តែ​ចោទ​ប្រកាន់​ថា ហេតុ​ផល​ដែល​គេ​លាលែង​ហ្នឹង​គឺ មក​ពី​រដ្ឋាភិបាល​ដាក់​សម្ពាធ​នយោបាយ​មក​លើ​ដំណើរ​ការ​កាត់​ក្តី។​​ ចុង​ក្រោយ​ឆ្នាំ​ទៅ​នេះ​គឺ​ សហ​ចៅ​ក្រម​ស៊ើម​​អង្កេត​បរទេស​ជន​ជាតិ​អាល្លឺម៉ង់​បាន​លាលែង​ ក៏​ចោទ​ប្រកាន់​ដាក់​បន្ទុក​ទៅ​រដ្ឋាភិបាល​ថា ដាក់​សម្ពាធ​មក​លើ​ការ​ងារ​របស់​ខ្លួន​ ដល់​ឥឡូវ​ចូល​ដល់​ការ​តែ​ង​តាំង​សហចៅ​ក្រម​ស៊ើប​អង្កេត​បរទេស​ជំនួស​អ្នក​មុន​ដែល​លាលែង​ហ្នឹង បែ​រ​ទៅ​ជា​បញ្ច្រាស់​ទិស​ទៅ​វិញ​ ទៅ​ជា​អង្គការ​សិទ្ធិមនុស្ស​និន្នាការ​ប្រឆាំង​ គណបក្ស​ប្រឆាំង​ ពួក​បរទេស​ប្រឆាំង​ និង​បុគ្គល​ប្រឆាំង​មួយ​ចំនួន​ទៅ​ជា​បង្ខំ​ឲ្យ​រដ្ឋាភិបាល​តែង​តាំង​ចៅក្រម​ហ្នឹង​ទៅ​វិញ​ ខុស​ពី​នីតិ​វិធី​ច្បាប់​ ខុស​ពី​រដ្ឋធម្មនុញ្ញ​ខ្មែរ​ ហើយ​គិត​មើល​ម្តង​គេ​ចោទ​ថា​ដាក់​សម្ពាធ​ ម្តង​គេ​ទៅ​ជា​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ដាក់​សម្ពាធ​ទៅ​វិញ​។​
លោក សត្យា រក្ស
          សំណួរ៖ កាល​ពី​ដំបូង​គណបក្ស​​ប្រឆាំង​រួម​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង ​គេ​មានការ​ស្រមើ​ស្រមៃ​​មួយ​ គឺ​គេ​ចោទ​ថា​​រដ្ឋាភិបាល​​មាន​ឥទ្ធិពល​មាន​អំណាច​ ដាក់​សម្ពាធ​ទៅ​លើ​សាលាក្តី​ខ្មែរ​ក្រហម​ ចំណុច​ហ្នឹង​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​ថា តើ​គេ​ចង់​បាន​ចំណេញ​អ្វី​ពី​ចំណុច​ហ្នឹង​?
លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  ចំណុច​ហ្នឹង​ដែល​គេ​ចង់​កេង​​ទៅ​លើ​ គឺ​ចង់​ឲ្យ​សាលាក្តី​មាន​រយៈ​ពេល​យូ​រ​ អត់​ចេះ​ចប់​ចេះ​ហើយ​ ដែល​មក​ដល់​ពេល​នេះ​​ ទាំង​កម្ពុជា​ ទាំង​អន្តរជាតិ​ គេ​ផ្តោត​អារម្មណ៍​ទៅ​លើ​សំណុំ​រឿង​ ០០១ និង ០០២ ពី​ព្រោះ​គ្រាន់​តែ​រឿង​ ០០១ យើង​ប្រើ​រយៈ​ពេល​ប៉ុណ្ណា យើង​ត្រូវ​ការ​ថវិការ​ប៉ុណ្ណា​ ហើយ​ ០០២ ដែល​ជា​សំណុំ​រឿង​ធំ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​​មេ​ដឹក​នាំ​កំពូល​របស់​អតីត​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ ប៉ុល​ពត គឺ​មាន​ចំនួន​ ៤ នាក់ មាន​ទាំង​លោក ខៀវ​ សំផន​ លោក នួន​ ជា លោក អៀង​ សារី និង​លោកស្រី​ អៀង​ ធារិទ្ធិ​ ដែល​ជា​សំណុំ​រឿង​ធំ​ដែល​ត្រូវបំបែក​ ហើយ​ត្រូវ​ការ​ពេល​វេលា​ដ៏​ច្រើន​ ហើយ​ត្រូវ​ការ​ថវិការ​ ហើយ​បញ្ហា​ថវិការ​នេះ​ ជា​បញ្ហា​មួយ​បាត់​ទៅ​ហើយ ហើយ​ស្រាប់​តែ​ពួក​គាត់​នេះ​ទៅ​បុក​រុក​ពង្រីក​រឿង​ឲ្យ​ធំ​ មិន​ព្រម​ផ្តោត​ទៅ​លើ​បញ្ហា​ចំពោះ​មុខ​។​ អញ្ចឹង​បាន​ន័យ​ថា គេ​ចង់​ប្រើ​សាលាក្តី​ខ្មែរ​ក្រហម​សម្រាប់​ផល​ប្រយោជន៍​នៃ​​ការ​រក​ការងារ​ ដើម្បី​គេ​រក​ចំណូល​លុយ​កាក់​ផង​ ​​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​គេ​ផង​។​ ដល់​អញ្ចឹង​ទៅ​គេ​ចេះ​តែ​ចោទ ​ហើយ​ការ​ចោទ​របស់​គេ​ គេ​អត់​ព្រម​គិត​ទៅ​លើ​នីតិវិធី​របស់​ច្បាប់​ទេ​។ សាលាក្តី​ខ្មែរ​ក្រហម​នេះ​ដំណើរ​ការ​ទៅ​បាន​មិន​មែន​ជា​សាលាក្តី​អន្តរជាតិ​ទេ​ គឺ​ជា​សាលាក្តី​របស់​កម្ពុជា និយាយ​ឲ្យ​ចំ​គឺ​ជា​សាលាក្តី​វិសាមញ្ញ ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ មួយរយ​ភាគ​រយ​ អនុលោម​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​អនុលោម​តាម​ច្បាប់​កម្ពុជា ។ ពាក្យ​ថា ​សាលា​ក្តី​វិសាមញ្ញ​ខុស​ត្រង់​ថា សាលាកី្ត​ធម្មតា​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​ គឺ​ចៅ​ក្រម​ ព្រះរាជ​អា​ជ្ញា ចៅ​ក្រម​ស៊ើប​អង្កេត​ គឺ​ជា​ពលរដ្ឋ​ខ្មែរ​​​ ដែល​ទទួល​​បាន​ការ​តែ​ង​តាំង​ពី​ ព្រះ​មហាក្សត្រ​ បំពេញ​មុខ​ងារ​ជា​មន្រ្តី​តុលាការ​ហ្នឹង​។​ ប៉ុន្តែ​ដែល​យើង​ហៅ​ថា សាលាក្តី​វិសាមញ្ញ​ ក៏​នៅ​តែ​ជា​សាលាក្តី​របស់​កម្ពុជា​ដដែល​ ពិសេស​ត្រង់​ថា មន្រ្តី​តុលាការ​រាប់​តាំង​​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម តាំង​​ពីចៅក្រម ចៅ​ក្រមស៊ើប​អង្កេត​ ព្រះរាជ​អាជ្ញា រហូត​ដល់​មន្រ្តី​បំពេញ​ការ​ការ​ងារ​ក្នុង​សាលាក្តី ដែល​ជា​មន្រ្តី​រដ្ឋ​ គឺ​មាន​ជន​ជាតិ​បរទេស​ដែរ​ ។ បាន​ន័យ​ថា ជន​ជាតិ​បរទេស​បំពេញ​ការងារ​ក្នុង​សាលាក្តី​ហ្នឹង​ អញ្ចឹង​​ហើយ​បាន​យើង​ហៅ​ថា វិសាមញ្ញ​ វា​ខុស​ពី​ធម្មតា ហើយ​នីតិ​វិធី​នៃ​ការ​ជ្រើស​រើស​ជន​បរទេស​ឲ្យ​បំពេញ​មុខ​ងារ​ជា​ចៅ​ក្រម​ក្តី​ សហព្រះរាជអា​ជ្ញា​ ចៅ​ក្រម​ស៊ើបអង្កេត​ក្តី ទាំង​អស់​ហ្នឹង​ភាគី​បរទេស​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​ដែល​បញ្ជី​ឈ្មោះ​បេក្ខជន​ទាំង​អស់​ហ្នឹង ស្នើ​ដោយ​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជា​ជាតិ​ ប៉ុន្តែ​មិន​មែន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ​ជា​អ្នក​តែ​ង​តាំ​ង​អស់​លោក​ហ្នឹង​ទេ​​គ្រាន់​តែ​ជា​អ្នក​ស្នើ​សុំ​ឲ្យ​កម្ពុជា​  តែ​ង​តាំង​ តាម​នីតិ​វិធី​ច្បាប់​របស់​កម្ពុជា ដែល​ចែង​នៅ​ក្នុង​ច្បាប់​សាលាក្តី​ខ្មែរ​ក្រហម​ហ្នឹង ហើយ​នីតិវិធី​តែង​តាំង​នេះ​ គឺ​បញ្ជី​បេក្ខជន​ហ្នឹង​ត្រូវ​ដាក់​មក​ បាន​ទាក់​ទង​ផ្ទាល់​ ពីព្រោះ​ការងារ​ហ្នឹង​ត្រូវ​ទំនាក់​ទំនង​រវាង​អង្គការ​សហប្រជាជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​ ហើយ​រដ្ឋាភិបាល​កម្ពុជា ទទួល​ទំនាក់​ទំនង​ផ្ទាល់​នូវ​​ឯកសារ​បញ្ជី​បេក្ខជន​ ទើប​បាន​ដាក់​ជូន​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ ពី​ព្រោះ​នេះ​ជា​អំណាច​តុលាការ​ រដ្ឋាភិបាល​អត់​មាន​សិទ្ធិ​តែង​តាំង​ ឬ​ដក​ហូត​ទេ គឺ​ជា​អំណាច​តុលាការ​ ដែល​ឧត្តម​ក្រុម​ប្រឹក្សា​នៃអង្គចៅ​ក្រម​យោង​តាម​រដ្ឋធម្មនុញ្ញ​ យោង​តាម​ច្បាប់​ស្តី​ពីការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​ចៅ​ក្រម​ គឺ​អង្គការ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​នេះ ជា​តួអង្គ​​ធានា​ឯករាជ្យ​ភាព​នៃ​អំណាច​តុលាការ​​នៅ​កម្ពុជា។​​ អញ្ចឹង​ហើយ​បញ្ជី​បេក្ខភាព​ដែល​ស្នើ​ដោយ​អង្គការ​សហប្រជាជាតិ​ ត្រូវ​ពិនិត្យ​ដោយ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ហើយ​ករណី​ការ​តែង​តាំង​សហចៅក្រម​បរទេស​ជំនួស​​នេះ គឺ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅ​ក្រម​បាន​ច្រាន​ចោល​​មិន​គាំទ្រ​បេក្ខជន​ហ្នឹង​ទេ តែ​ឥឡូវ​នេះ​បែរ​ទៅ​ជា​អង្គការ​ NGO គណបក្ស​ប្រឆាំង​ អង្គការ​ប្រឆាំ​ង​ផ្សេង​ៗ​ទៀតរបស់​​បរទេស​ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ង​តាំង​ បាន​ន័យ​ថា គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ទៅ​រំលោភ​ដែន​អំណាច​របស់​តុលាការ​ខ្មែរ​។​ តាម​ពិត​យោង​តាម​រដ្ឋធម្មនុញ្ញ​ រដ្ឋាភិបាល​គឺ​ជា​​តំណាង​ឲ្យ​នីតិប្រតិបត្តិ​ ឯឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅ​ក្រម​គឺ​ជា​ផ្នែក​នៃ​អំណាច​តុលាការ​ ជា​អ្នក​ធានា​ឯករាជ្យ​​ភាព​នៃ​អំណាច​តុលាការ​ អញ្ចឹង​សេច​ក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ មិន​អាច​ឲ្យ​រដ្ឋាភិបាល​ប្រឆាំង​បាន​ទេ​។​ ប៉ុន្តែ​អស់​លោក​ទាំង​អស់​កាល​ពី​មុន​គេ​ចោទ​ថា រដ្ឋាភិបាល​ដាក់​សម្ពាធ​​នយោបាយ​ទៅ​លើ​សាលា​ក្តី​ ដល់​តែ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅ​ក្រម​មិន​យល់​ព្រម​តែ​ង​តាំង​បេក្ខជន​ចៅ​ក្រម​​ស៊ើប​អង្កេត​បរទេស​ តាម​សំណើរបស់​​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ទៅ​ជា​គេ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​តែង​តាំង។​​ វា​អត់​ត្រូវ​យោង​តាម​នីតិវិធី​ គឺ​អ្នក​ដែល​តែ​ង​តាំង​ផ្លូវ​ការ​គឺ​ព្រះ​មហាក្សត្រ​ គឺ​ជា​អង្គ​ដ៏​សំខាន់​ក្នុង​ការ​ធានា​ឯក​រាជ្យ​ភាព​​របស់​តុលាការ​រួម​ជា​មួយ​នឹង​តួនាទី​របស់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​ ឯរដ្ឋាភិបាល​គ្រាន់​តែ​ជា​តួអង្គ​ទំនាក់​ទំនង​ រវាង​កម្ពុជា​ ជា​មួយ​អង្គការ​សហប្រជាជាតិ​ អញ្ចឹង​ហើយ​សារលិខិត​របស់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅ​ក្រម​ ដែល​សម្រេច​ជំទាស់​​តែង​តាំង​ហ្នឹង​ ឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅ​ក្រម​មិន​អាច​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ទេ ត្រូវ​រុញ​មក​រដ្ឋាភិបាល​កម្ពុជា​ ទើប​បាន​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ជម្រាប​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​។​ តែ​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ទាំង​អស់​ហ្នឹង​ គេ​ចង់​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​​ រំលោ​ភ​លើ​ច្បាប់​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ចង់​រុញ​ឲ្យ​រដ្ឋាភិបាល​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​ទៀត​។
លោក សត្យា រក្ស
          សំណួរ៖ យើង​ឃើញ​ហើយ​ថា សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា​គណបក្ស​មួយ​ដែល​ប្រជា​ពលរដ្ឋ​មើល​មើល​ឃើញ​ថា ជា​សរសរ​​ស្តំ​នៃ​ប្រទេស​ជាតិ​ ចំណុច​នេះ​គឺ​បង​ប្អូន​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​​ និង​ក្រៅ​ប្រទេស​គឺ​ប្រាកដ​ជា​ទទួល​យក​បាន​ហើយ ពី​ព្រោះ​ថា ការ​ដែល​យើង​ទទួល​បាន​នូវ​លំនឹង​ ក៏​ដូច​ជា​សុខ​សន្តិភាព​មក​ទល់​បច្ចុប្បន្ន​នេះ​ ក៏​ដោយ​សារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដែល​យើង​បាន​ជំនះ​គ្រប់​ឧបសគ្គ​​ទាំង​អស់​ និយាយ​ឲ្យ​ចំ​​ គឺ​កសាង​ប្រទេស​តាំង​​ពី​បាទ​ដៃ​ទទេ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ យើង​ឃើញ​ថា មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​ជា​ពិសេស​បើ​យើង​សំឡឹង​ទៅ​ អតីត​កាល​មុន​នេះ​ យើង​ឃើញ​ថា ខ្មែរ​យើង​​គឺ​ប្រឈម​នឹង​ការ​លំបាក​ សូម្បី​​តែ​សេរីភាព​គ្រប់​បែប​យ៉ាង​ ក៏ត្រូវ​បញ្ចប់​ដោយ​​ ប៉ុលពត​ គឺ​ថា ដក​ហូត​ទាំង​អស់​កុំ​ថាឡើយ​ដល់​សេរីភាព​​ក្នុង​ការ​ដើរ​ហើរ​ ឬក៏​និយាយ​ស្តី​ សូម្បី​ការ​ទទួល​ទាន​​ក៏​ត្រូវ​បាន​គេ​កំណត់​ផង​ដែរ​ អញ្ចឹង​នេះ​គឺ​ជា​សោក​នាដកម្ម ដែល​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​ ហើយ​ឥឡូវ​នេះ​យើង​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន​វិញ​គឺ​យើង​ឃើញ​ថា ក៏​ដោយ​សារ​គណបក្ស​ប្រជាជន​ដែរ។​​ អញ្ចឹង​នៅ​ត្រង់​ចំណុច​នេះ​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​ និង​ពន្យល់​អំពី​​ចំណុច​ខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខ្ញុំ​ចង់​សំដៅ​ថា ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រឈម​នឹង​ការ​មួល​បង្កាច់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ផង អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​អន្តរជាតិ​ផង​ គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ផង​ ប៉ុន្តែ​គណបក្ស​ប្រជាជន​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ និង​ទទួល​បាន​ប្រជា​ប្រិយភាព​ពី​ប្រជាពលរដ្ឋ​ តើ​លោក​បណ្ឌិត​មាន​ទស្សនៈ​​អ្វី​ក្នុង​ការ​ជម្រាប​ជូន​ជន​រួម​ជាតិ​?
លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  ចំណុចខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ផ្តើម​ចេញ​សំខាន់​ទី​១ ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​មិន​ភ្លេច​ទេ​ ទោះ​បី​គណបក្ស​ប្រឆាំង​កំពុង​វង្វេង​នៅ​ក្នុង​ព្រៃ​ប្រជាធិបតេយ្យ​ ហើយខំលុប​បំបាត់​ ឬ​បិទ​វាំងនន​កុំ​ឲ្យ​ឃើញ​សមិទ្ធផល​ និង​ស្នាដៃ​ដ៏​ខ្ពង់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​តាម​ការ​សិក្សា​របស់​ខ្ញុំ​មើ​ល​ឃើញ​ទី១ គឺ ការ​ផ្តួល​រំលំ​​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ ហើយ​ការ​ផ្តួ​ល​រំលំនេះ​ទៀតសោត​ ដើរ​តួ​ជា​អ្នក​ផ្តួល​រំលំ​ហើយ ថែម​ទាំង​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​ប៉ុលពត នៅ​ក្នុង​ទសវត្សរ៍​ទី​៨០ ហើយ​ អន្តរជាតិ​មួយ​ផ្នែក​ដោយ​សារ​មនោគម​នយោបាយ​គេ​មិន​ព្រម​ទទួល​ស្គាល់​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​នៅ​ពេល​ដែល​មាន​តួនាទី​ដឹក​នាំ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ឲ្យ​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​រួម​ចំណែក​បង្កើត​តុលាការ​កាត់​ក្តី​វិសាមញ្ញ​ ដែល​ខ្ញុំ​បាន​លើក​។​ អញ្ចឹង​បាន​ន័យ​ថា ដើរ​តួ​ជា​អ្នក​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​ ផ្តួល​រំលំ​របប​​ប៉ុល​ពត​ផង ថែម​ទាំង​ខំ​សហ​ប្រតិបត្តិ​ការ​ផ្តល់​ឲ្យ​បង្កើត​មាន​នូវ​តុលាការ​វិសាមញ្ញ​កាត់​​ទោស​ខ្មែរ​ក្រហម​ ហើយ​កាល​ជំនាន់​ទសវត្សរ៍​ទី ៨០ មិន​ត្រឹម​តែ​ប៉ុណ្នឹង​ទេ​ មិន​ត្រឹម​តែ​រំដោះ​ប្រជាជាតិ​ទេ ថែម​ទាំង​ខំទប់​ស្កាត់​មិន​ឲ្យ​របប​ខ្មែរ​ក្រហម​វិល​មក​វិញ​ ហើយ​នៅ​ពេល​ដែល​កម្ពុជា​បាន​សន្តិភាព​ពិត​ប្រាកដ​គឺ​នៅ​ចុង​ឆ្នាំ ១៩៩៨​ គណបក្ស​ប្រជាជន​ដែល​បាន​ធុរៈកិច្ច​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដឹក​នាំ​ប្រទេស​ បាន​បង្កើត​ឲ្យ​មាន​សាលា​ក្តី​ខ្មែរ​ក្រហម​ ហើយ​មិន​ត្រឹម​តែ​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម​​សម្រាប់​តែ​ខ្លួន​ឯង​ទេ បើក​ទ្វា​ឲ្យ​អន្តរជាតិ​ចូល​រួម​ទៀត មិន​មែន​ចូលរួម​តែ​ថវិកា​ជំនួយ​ទេ ចូលរួ​ម​ទាំង​បញ្ជូន​មនុស្ស​មក​ចូល​ទៀត​ ដើម្បី​មក​កាត់​ក្តី​មេដឹក​នាំ​ខ្មែរ​ក្រហម។​​ ដូច្នេះ​នេះ​ជា​កត្តា​​ដ៏​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពី​មុន​ឈ្មោះ​ថា គណបក្ស​ប្រជា​ជន​បដិវត្ត​​កម្ពុជា។​ ក្រោយ​ថ្ងៃ​រំដោះ​​ ៧ មករា ដើរ​តួ​ជា​អ្នក​រំដោះ​ផង​ ដើរ​តួ​ជា​អ្នក​រក​​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​រង​គ្រោះ​ក្នុង​របប​ប៉ុល​ពតផង​ ឥឡូវ​បែរ​ទៅ​ជា​អស់​លោកទាំង​នោះ​​បែ​រ​ទៅ​ជា​ចោទ​ប្រកាន់​បញ្ច្រាស់​ទិស​ទៅ​វិញ ហើយ​ម្តង​ចោទ​ប្រកាន់ថា ដាក់​សម្ពាធ​មក​លើ​សាលា​ក្តី​ បើ​ដាក់​សម្ពាធ​មក​លើ​សាលាក្តី​ខ្មែរ​ក្រហម​ដដែល​ ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជា​ជន​កម្ពុជា​ដឹក​នាំ​រដ្ឋាភិបាល​ខំរៀប​ចំ​បើក​ចំហរ​ឲ្យ​អន្តរជាតិ​ចូលរួម​ ហើយ​ឥឡូវ​ចេញ​ក្រយៅ​ច្បាស់​ពី​អស់​លោក​អ្នក​ប្រឆាំង​ អង្គការ​សិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​​     បរទេស​ប្រឆាំង នៅ​ពេល​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ការ​គោរព​អធិបតេយ្យ​ភាព​អំណាច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ ក្នុង​ដំណើរ​ការ​នីតិវិធី​ច្បាប់​ក្នុង​ការ​តែ​តាំង​សហចៅ​ក្រម​ស៊ើប​អង្កេត​បរទេស​ បែរ​ទៅ​ជា​អស់​លោក​ហ្នឹង​ ទី១ បង្ខំ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ក្នុង​ការ​តែង​តាំង​បេក្ខជន​ហ្នឹង ។ ទី២​បង្ខំ​ឲ្យ​​រដ្ឋាភិបាល​ទៅ​រំលោភ​លើ​ដែន​សមត្ថកិច្ច​ ឬ​អធិបតេយ្យ​ភាព​​អំណាច​របស់​តុលាការ​ទៀត។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ការ​មិន​ទទួល​ស្គាល់​នូវ​សមិទ្ធផល​ដ៏​ធំ​ធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​គណបក្ស​ប្រឆាំង​ និង​អង្គការ​ NGO និន្នាការ​ប្រឆាំង​បាន​មក​វិញ​តែ​ភាព​បរាជ័យ​ និង​ការ​មិន​ទទួល​ស្គាល់​ពី​ប្រជាពល​រដ្ឋ​​។​ នេះ​ជា​សមិទ្ធផល​ទី​១ ដែល​យើង​មើល​ឃើញ​ ជា​សមិទ្ធផល​ប្រវត្តិ​សាស្រ្ត ​ហើយមាន​តម្លៃ​មក​ដល់​បច្ចុប្បន្ន​នេះ។​ ​ពាក់​ព័ន្ធ​រឿង​សាលា​ក្តី​ខ្មែរ​ក្រហម​ បាន​ន័យ​ថា រឿង​សាលា​ក្តី​ខ្មែរ​ក្រហម​ ទោះ​បី​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ តែ​រឿង​សាលា​ក្តី​នៅ​តែ​បន្ត​ដើ​ម្បី​បញ្ចប់​អតីត​កាលហ្នឹង តាម​រយៈ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ដល់​សមិទ្ធផល​ធំ​ទី​២ មួយ​ទៀត​ ផ្សះផ្សា​រ​ជាតិ​ និង​សន្តិភាព​ ខ្ញុំ​អាច​ញែក​ពីរ​ហ្នឹង​ដាច់​រវាង​ផ្សះ​ផ្សារ​​ជាតិ​ និង​សន្តិភាព​ ពី​ព្រោះ​សន្តិភាព​អត់​អាច​ទៅ​រួច​បាន​មុន​ទេ​នៅ​ពេល​ដែល​ផ្សះ​ផ្សា​រ​ជាតិ​អត់​ទាន់​កើត​មាន។​​ មូលហេតុ​អ្វី​បាន​យើង​ចាត់​ទុក​ថា សម្រាប់​លក្ខខ័ណ្ឌ​ពិសេស​នៅ​កម្ពុជា​គឺ​ទី​១ ផ្សះផ្សារ​​ជាតិ ទើប​យើង​មាន​សន្តិភាព​បាន​នោះ​ ពី​ព្រោះ​កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា កម្ពុជា​បាន​ធ្លាក់​នៅ​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម​ ដែល​មាន​លក្ខណៈ​ជា​សង្រ្គាម​តំណាង​ឲ្យ​មនោគម​វិជ្ជា​មហា​អំណាច​ យើង​ស្ថិ​ត​នៅ​ក្នុង​ប្លុក​នៃ​សម្ព័ន្ធ​ភាព​ខាង​កើត​ ​ឯភាគី​ផ្សេង​ៗ​ទៀត រួម​ទាំង​ខ្មែរ​ក្រហម​ត្រូវ​បាន​ប្លុក​មហា​អំណាច​លោក​ខាង​លិច​ការពារ​។​ ប៉ុន្តែ​យើង​មិន​មែន​ត្រឹម​តែ​ទប់​ស្កាត់​មិន​ឲ្យ​របប​ខ្មែរ​ក្រហម​​មក​វិញ​ទេ ប៉ុន្តែ​យើង​ខំ បាន​ន័យ​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ជំនាន់​នោះ​នៅ​ក្នុង​រជ្ជកាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ស្វះស្វែង​រក​នូវ​ច្រក​ចេញ​មួយ​ ដើម្បី​ឲ្យ​កម្ពុជា អាច​ផ្សះ​ផ្សា​រ​ជាតិ​បាន ហើយ​ចំណុច​នេះ​មិន​មែន​យើង​អ្នក​ថា ទេ​គឺ​ជា​​សំណៅ​ពិត​ប្រាកដ​នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​​គណបក្ស​ប្រជាជន​បដិវត្ត​​កម្ពុជា ដល់​ឥឡូវ​យើង​ដូរ​​មក​​គណបក្ស​ប្រជាជនកម្ពុជា​។​​ ឥឡូវ​យើង​មើល​នៅ​ក្នុង​សំណៅ​ឯកសារ​​នយោបាយ​ការបរទេស​ ហើយ​បើ​អស់​លោក​គណបក្ស​ប្រឆាំង​​រួម​ទាំង​លោក កឹម សុខា និង​បន​នយោបាយ​របស់​គាត់​មិន​ទទួល​ស្គាល់​ឯកសារ​ខ្មែរ​ ទៅ​បើក​មើល​ឯក​សារ​អន្តរជាតិ​ទៅ​ ឲ្យ​រៀន​មើល​សៀវ​ភៅ​ហើយ​ឯកសារ​ខ្លះ​​ បង្ហាត់​បន្តិច​បន្តួច​ទៅ​ សរ​សេរ​ជា​ខ្មែរ ជា​អង់​គ្លេស​ រៀន​​មើល​បន្តិចទៅ​។ ​​
នៅពេលដែលកម្ពុជាមានការផ្លាស់ប្តូរអ្នកដឹកនាំ​​ លោក កឹម សុខា បានចោទប្រកាន់ថា សាធារណៈរដ្ឋប្រជាមានិតកម្ពុជា​ គណបក្សប្រជាជនកម្ពុជាទៅផ្សះផ្សារជាមួយនឹង​រដ្ឋាភិបាល​ត្រីភាគី​ដោយសារ​តែ​អស់ផ្លូវដើរ ឬទាល់ច្រក​ នេះជាគំនិតខូចរបស់គាត់​។ តាមពិតនៅឆ្នាំ១៩៧៩ ដល់ឆ្នាំ​១៩៨៥ ពេលនោះសមាសភាពនៃ​ការដឹកនាំប្រទេស នៅក្នុងប្រទេសយើង​មានការផ្លាស់ប្តូរ​។ ទី១ នៅ​ពេល​ដែលយើងបានរំដោះពីរបបខ្មែរក្រហម​ រដ្ឋាភិបាលបណ្តោះអាសន្នមានឈ្មោះថា​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តកម្ពុជា​ ដែលសម្តេច ហេង សំរិន ជាប្រធាន​ដឹកនាំ​​ មិនមែនអ្នកផ្សេងទេ។​ បើ​និយាយ​ឲ្យ​ខ្លី​​ គឺក្រុមដែលផ្តាច់ខ្លួនពីខ្មែរក្រហមទេ​ ដែលបានមកដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន​នៅក្នុងរយះពេល​ដែល​យើងបានរំដោះ​។ បន្ទាប់មកនៅឆ្នាំ១៩៨១ មានការបោះឆ្នោតជ្រើសតាំងរដ្ឋសភា ​ទើប​បាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយផ្តល់សេចក្តីទុកចិត្ត​តែងតាំងលោក ប៉ែន សុវណ្ណ ធ្វើជាអគ្គលេខាបក្ស​ ហើយ​និងឲ្យតួនាទីដឹកនាំមួយនៅក្នុង​រដ្ឋ មានឈ្មោះថា​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី​ ស្មើនឹងនាយករដ្ឋមន្ត្រី ហើយសម្តេច ហេង សំរិន មានតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋ ស្មើនឹង​ប្រមុខរដ្ឋ​។ ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​នៅ​ពេល​នោះ គឺយោងទៅលើ​ឯកសារ​ផ្លូវការរបស់គណបក្សប្រជាជន​បដិវត្តកម្ពុជា គឺយោង​ទៅលើ​ឥរិយាបទ​ និងរបៀបរបបដឹកនាំរបស់​លោក ប៉ែន សុវណ្ណ គឺផ្ទុយ​ទៅនឹងស្មារតី​ និងគោល​នយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជា​​។​ ដូច្នេះក៏ត្រូវបានដកហូត​តំណែង​ ទើប​នៅពេលនោះ​មានការ​ផ្លាស់ប្តូរ​តំណែង​ជួរដឹកនាំ​​ ។ រហូតមកដល់ដើមឆ្នាំ​១៩៨៥​​​​ ក្នុងខែមករា ទើបសម្តេច​នាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ គឺ​សម្តេច​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគណបក្សផ្តល់តួនាទី​ និងតែងតាំងជាឯកឆ្ឆន្ទ ជាប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រី​តាំងពីឆ្នាំ១៩៨៥​។ ពេលនោះមានការផ្លាស់ប្តូរ​ដ៏ល្អមួយ​ នៅក្នុង​សវនាការ​ ការបរទេសដំបូង​ ដោយសម្តេចនាយករដ្ឋមន្ត្រីបានផ្សារភ្ជាប់ទំនាក់ទំនង​ការបរទេស ក្នុង​ឱកាស​ជួបសវនាការ​ជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅឯ​ទីក្រុងហូជីមិញ ប្រទេសវៀតណាម​។ នេះ​ជា​ការ​ចាប់ផ្តើម​ផ្សារភា្ជប់​ទំនាក់ទំនង​ជាមួយភាគីខ្មែរម្ខាងទៀត ដើម្បីនិយាយអំពីការផ្សះផ្សារជាតិ​ ឬក៏​លទ្ធភាពនៃការផ្សះផ្សារជាតិ​។ គឺនៅពេលនោះហើយដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជាអ្នកដើរតួ​ ជាអ្នក​សម្របសម្រួល​ ដោយសាររដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានទំនាក់ទំនងជាមួយនឹង​ សម្តេច​ព្រះ​នរោត្តម សីហនុ ភាគី​នៃរដ្ឋាភិបាលត្រីភាគី​។ នេះជាចំណុចភ្លើងបៃតង​ ដែលជា​ម្ចាស់គំនិត​ផ្តួចផ្តើម​ឲ្យ​មាន​​ការផ្សះផ្សារ​ជាតិ​ គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ។ គឺមិនមែនកើតមាននៅឆ្នាំ១៩៩៣ ទេ ហើយ​ក៏មិនមែន​នៅពេលដែលពិភពលោកលែងមានសង្គ្រាមត្រជាក់​នោះទេ​។ គឺនៅឆ្នាំ១៩៨៥​ សង្គ្រាម​ត្រជាក់ក៏នៅតែមានដែរ​ ហើយធ្ងន់ធ្ងរទៀតផង​ លោក កឹម សុខា អាចទៅមើលឯកសារ​នោះ​។​ គឺនៅ​មានការគំរាមកំហែងអាវុធបរមាណូ​ និងមានការជជែកគ្នាប៉ុន្មានដងទៀត ទើប​មានការកាត់បន្ថយ​ សព្វាវុធ​​រវាងមហាអំណាច​។ ប៉ុន្តែនៅពេលនោះ គឺជាការសម្រេចចិត្ត​យ៉ាងម៉ឹងម៉ាត់បំផុតរបស់​នាយករដ្ឋ​មន្ត្រី​កម្ពុជាកាលជំនាន់នោះ​ក្នុងការស្វែងរកពន្លឺសន្តិភាព និងការផ្សះផ្សារជាតិ​។ នៅពេលនោះ​ភាគី​របស់​សាធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា​ មិនអាចសម្រេចលឿនបានទេ​ ដោយសារ​ជំនាន់នោះ​ពិភពលោក​បែង​ចែក​ជាពីរ​។ អញ្ចឹងចំណុចចាប់ផ្តើមគឺនៅខែ​ ឧសភា ឆ្នាំ១៩៨៥​។ ជាបន្តមកទៀត ស្ថានការណ៍​នយោបាយ​អន្តរជាតិមានការផ្លាស់ប្តូរ​ តាមរយះនយោបាយកំ​ណែ​ទម្រង់​របស់​លោក ហ្គូបាឆូវ​ គឺជា​ឱកាស​របស់កម្ពុជាក្នុងការ​សម្រេចផល​​បានចេញ​នូវកិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​បារីស​​ ​​ឆ្នាំ១៩៩១​។​ ដូច្នេះ​ខ្ញុំចង់បញ្ជាក់ថា​ គណបក្សប្រជាជនកម្ពុជា ជាអ្នក​ស្វះស្វែងរកសន្តិភាព រកការជជែកគ្នា​ដើម្បី​ផ្សះផ្សារ​ជាតិនេះឯង។​
          លោក សត្យា រក្ស
          សំណួរ៖ អ្វីដែលលោកបណ្ឌិតបាន​មានប្រសាសន៍អំម្បាញ់មិញនេះ គឺទាក់ទងទៅនឹង​ចំណុច​ខ្លាំង​របស់គណបក្សប្រជាជនកម្ពុជា​ ដែលលោកបណ្ឌិតបានមានប្រសាសន៍នោះគឺមាន៤ចំណុច​សំខាន់ ដូច​ជាការរំដោះជាតិ​ ការផ្សះផ្សារជាតិ សុខសន្តិភាព​ និងការអភិវឌ្ឍជាដើម។ល។​ ដែលធ្វើឲ្យព្រះរាជា​ណាចក្រកម្ពុជា​យើងកំពុងបោះជំហ៊ាន​​ទៅមុខ ប្រហាក់ប្រហែល​ជាមួយនឹង​បណ្តា​ប្រទេស​នានា​មួយ​ចំនួន​​ផងដែរ​ ចំពោះការអភិវឌ្ឍ និងការរីកចម្រើន​នេះ​។​ ប៉ុន្តែ​ចំពោះ​គណបក្ស​ប្រឆាំងនៅកម្ពុជា​ កំពុង​តែ​អះអាង​លាបពណ៌តែសំបក​ អំពីរឿង​គុណសម្បត្តិ​របស់គេ​​ ថាគេបម្រើ ឬការពារ ជាដើម​ ។ល។​ ជាពិសេស​គឺគណបក្ស​សិទ្ធិមនុស្សរបស់ កឹម សុខា​ តែម្តង​។ អញ្ចឹង តើលោក​បណ្ឌិត​អាច​បញ្ជាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បានទេ​ អំពីរឿងដែល កឹម សុខា តែងតែ​និយាយថា គណបក្សគាត់ហ្នឹងបម្រើ​ និង​ការពារ តែមិនដឹងជាការពារអ្វីនោះទេ​។​ ជុំវិញ​ទស្សនៈ​របស់ កឹម សុខា ដែលកំពុងតែចង់ទាញផល​ និង​កំពុង​បំភ័ន្តប្រជាពលរដ្ឋ​ឲ្យ​យល់ច្រឡំ​ថា​គេ​នោះ​មាន​គុណសម្បត្តិ​ ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​ដែរនោះ​ សូមលោកបណ្ឌិត​​ជួយ​ពន្យល់ ដើម្បី​កុំឲ្យ​គំនិត​ទុច្ចរិត​នេះ​បំ​ភ័ន្ត​​ចំពោះប្រជាពលរដ្ឋ​?​
          លោកបណ្ឌិត ឈឹម ផលវរុណ​
          ចម្លើយ៖ និយាយឲ្យខ្លីទៅ ​លោក កឹម សុខា គឺជាអ្នកនយោបាយទុច្ចរិត​ ។ ចំណុចខ្លាំង​របស់​គាត់ គឺ​គាត់មិនចេះខ្មាស់ខ្លួនឯង​ អញ្ចឹងហើយទើបខ្ញុំឧស្សាហ៍ហៅគាត់ថា​ជាអ្នកកំពុង​តែ​លេង​កំប្លែង​នយោបាយ​​​។ តាមពិតប្រជាពលរដ្ឋ​មិនមែន​ជឿគាត់ទេ គឺគេកំពុងតែសើច​ចំពោះគាត់​។ ប្រជាពលរដ្ឋ​ធ្លាប់​​ប្រាប់ខ្ញុំថា នៅពេលដែលគេស្តាប់លោក កឹម សុខា យូរទៅពួកគេ​កំពុង​តែ​អស់​សំណើច​​។ ទី១ គាត់​អួត​ថា​ជាបិតា២ធ្នូ​ ហើយខ្លួនឯងតាំងខ្លួនជាបិតាប្រជាធិបតេយ្យ​។​ ហើយ​មកទាញផលថា​រឿងរំដោះ​ប្រជាពលរដ្ឋ​ពីរបប ប៉ុល ពត​ ជាស្នាដៃរបស់គណបក្ស សិទ្ធិមនុស្សទៅវិញ​។ តាមពិតខ្លួនឯងជាអ្នក​ប្រឆាំង​នឹង ៧មករា​ ប៉ុន្តែបែរជាទៅលើកសរសើរគ្នារបស់ខ្លួន​ ក្រោមពាក្យថាបិតា ៧មករា បិតា២ធ្នូ​ ទៅវិញ​។ អញ្ចឹង ប្រជាពលរដ្ឋស្តាប់ទៅគឺដូចជារឿងកំប្លែងទៅវិញ​។
          បើសិនជាលោក កឹម សុខា គាត់ចង់ឲ្យតម្លៃថា​ខ្លួន​ថិតនៅក្នុង​ការរំដោះប្រជាពលរដ្ឋដែរនោះ ទី១ គឺគាត់ត្រូវទទួលស្គាល់ថ្ងៃ៧មករា សិន​ ពីព្រោះការរំដោះប្រជាពលរដ្ឋពីរបបខ្មែរក្រហម​ មិនមែន​បុគ្គល​ដែលនៅក្រៅរបបខ្មែរក្រហមទេ​។ លោក ប៉ែន សុវណ្ណ អត់បានភ្លក់រស់ជាតិខ្មែរក្រហមទេ​។ អ្នក​ដែល​រំដោះប្រជាពលរដ្ឋពីរបប ប៉ុល ពត គឺផ្តើមចេញពីក្រុមផ្តាច់ខ្លួនពី​ទាហ៊ានខ្មែរក្រហម ដែលក្នុង​នោះ​មាន​ចលនាច្រើន​ ហើយចលនាធំមួយគឺចលនា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី​ ហើយការ​ផ្តាច់ខ្លួន​នេះគឺជាការប្រថុយជីវិតមួយ​។ រីឯបុគ្គលដែលនៅក្នុងគណបក្ស លោក កឹម សុខា​ អត់បាន​នៅ​ក្នុង​របបខ្មែរក្រហមទេ​ ដូច្នេះមិនអាចទៅរៀបចំជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា​បាន​ទេ​​។ ម្យ៉ាង​ទៀត​ អ្នកដែលលោក កឹម សុខា លើកនោះមិនបាននៅក្នុងប្រទេស និងរងទុក្ខ​លំបាក​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុកទេ​​។​ លោក កឹម សុខា គាត់នៅក្នុងស្រុក តែការ​អសមត្ថភាព​របស់​គាត់​នោះ​គឺ​នៅ​ត្រង់ថា​​ពេលដែល​​គេយកឪពុកគាត់ទៅសម្លាប់​ គឺគាត់គ្មានសមត្ថភាព​ទៅរំដោះ​ឪពុក​ខ្លួនឯង​ឲ្យរួច​ផុត​ពី​​ការសម្លាប់​បានផង​។ អញ្ចឹងគឺគាត់មិនអាចទៅរំដោះអ្នកណាទៀតកើត​ទេ​ គឺគាត់​មិនហ៊ាន​ទៅ​ប្តូរជីវិត​នោះទេ​។
ផ្ទុយទៅវិញឥស្សរៈជន​ដែលដឹកនាំចលនាផ្តាច់ខ្លួនពីខ្មែរក្រហម​ គឺបានគិតរួចជាស្រេចថា​ខ្លួន​យក​ជីវិតទៅ​ប្តូរ​ដើម្បី​រំដោះប្រទេស និងប្រជាជនរួចជាស្រេចទៅហើយ​។ ដូច្នេះតម្លៃនៃការចូលរួម គឺផ្តើម​ចេញពីការផ្តាច់ខ្លួននេះឯង​ ទើបបង្កើតបានជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា​ ប៉ុន្តែ​កម្លាំង​របស់​រណសិរ្ស​មិនអាច​មានសមត្ថភាព​គ្រប់គ្រាន់​ដើម្បីផ្តួលរំលំ​​របបខ្មែរក្រហមទេ ដូច្នេះហើយ​បានជា​យើង​ត្រូវការ​ស្នើសុំឲ្យមានការចូលរួមយ៉ាងធំធេងពីកងទ័ពស្មគ្រ័ចិត្តវៀតណាម​។​
ចំណុចមួយទៀតនៅក្នុងរបបខ្មែរក្រហម​ ការធ្វើដំណើរ​ពីភូមិមួយ​ទៅភូមិមួយ​ក៏ត្រូវ​មាន​ការ​អនុញ្ញាត្តិ​ដែរ​។ នៅប្រទេសវៀតណាមក៏ជាប្រទេសកុំម្មុយនីសតឹងរឹងដែរ​ អញ្ចឹងខ្ញុំមិនជឿថាបុគ្គល​ម្នាក់​នៅ​ហាណូយអាចធ្វើដំណើរ​មកទីក្រុង ហូជីមិញ​ មករួមជាមួយខ្មែរយើងដែលផ្តាច់ខ្លួនចេញ​ពី ប៉ុល ពត ទៅ​វៀតណាម​បង្កើតរណសិរ្សបានទេ​។ អញ្ចឹង ក្រុមបនរបស់លោក កឹម សុខា គ្មាន​ស្នាដៃ​ក្នុង​ការ​រំដោះ​ទេ​។ អញ្ចឹងគាត់ត្រូវទទួលស្គាល់​ថ្ងៃ៧មករា ជារបស់ជាតិ​ជាមុនសិន​។ លោក កឹម សុខា គួរតែ​ទទួល​ស្គាល់ ពីព្រោះយ៉ាងហោចណាស់​គាត់បានរស់រានមានជីវិតមក​ដល់ពេលនេះដែរ​។
សមិទ្ធផលធំ​ទី២ ដែល​លោក កឹម សុខា គាត់ចង់កេងប្រវ័ញ្ជ គឺសន្តិភាព​​​។ គាត់ថាសន្តិភាព គឺដោយសារ​ អ៊ុនតាក់ អ ស ប ឬដោយសារអ្នកតស៊ូនៅខាងក្រៅ​។ តាមពិតតស៊ូ គឺនៅពេល​ដែល​ខ្មែរក្រហម​ដួល​រលំបាត់ទៅហើយ​ ហើយថែមទាំងចាប់ដៃជាមួយខ្មែរក្រហមទៅទៀត​។​បើអត់មានកម្លាំង​ខ្មែរក្រហម ដែលរត់ទៅជាយដែន​ អស់លោកទាំងនោះតស៊ូមួយជីវិតក៏ទៅមិនរួចដែរ​ ពីព្រោះ​ពួកគេ​នោះ​គ្មាន​កម្លាំងអាវុធទេ។​ ប៉ុន្តែលោក កឹម សុខា ចោទប្រកាន់​ថា សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ឈរជើង​បាន​ដោយសារ​ជំនួយបរទេស គឺពិតជាត្រូវ​។ ចុះ​ចំណែក​ឯ​អ្នក​តស៊ូ​នៅឯព្រៃ បើគ្មាន​​សព្វាវុធ​ពីមហា​អំណាច​ដ៏ទៃទៀត ក៏ប៉ើងបាត់ដែរ​។ ពេលនោះ​គឺមាន​ទាំងរូបថត​ជាភស្តុតាង​ទៀតផង​ ។ យើង​មិនចង់​ចោទ​ប្រកាន់​ចំពោះចលនាណាមួយនោះទេ ប៉ុន្តែយើងចង់បង្ហាញអំពីតថភាព​ប្រវត្តិសាស្ត្រ​នយោបាយ​​ឲ្យលោក កឹម សុខា បានដឹង​។ ត្រង់ចំណុចនេះ តើជាការស្វែងរកសន្តិភាព ឬជាការស្នើសុំអាវុធ​ដើម្បី​វិល​ត្រឡប់​មកភ្នំពេញវិញ​?​ មានន័យថាពេលនោះកម្ពុជាកំពុងជួបសង្គ្រាម​។​
សន្តិភាពអាចទៅរួច លុះត្រាតែផ្តើមចេញ​ពីការផ្សះផ្សារជាតិ​ ហើយការ​ផ្សះផ្សារជាតិ​ដែល​អាច​ទៅរួច ក៏ត្រូវការស្ថានភាព​ បរិយាកាសនយោបាយអន្តរជាតិ​។ បែរជាលោក កឹម សុខា ចោទប្រកាន់​ថា​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា​​ ឬគណបក្សប្រជាជនកម្ពុជាទាល់ច្រកទៅវិញ​។ មកទល់ពេលនេះ សួរថា​​ពួកខ្មែរក្រហម ទាំង ប៉ុល ពត បើសិនជានៅរស់​ ហើយនឹងចលនារណសិរ្ស២ទៀត​ក៏វាយ​ភ្នំពេញ​អត់បែក​ដែរ​​។ ដូច្នេះលោក កឹម សុខា គាត់ធ្វើឲ្យខូចនូវតម្លៃរបស់រណសិរ្សទាំងអស់នោះ​។ គឺមាន​តែ​ការ​ផ្សះផ្សារ​ជាតិនោះទេ ដែលជា​ទំពក់​ឲ្យមានការជួបជុំគ្នាឡើងវិញ​ ទើបបាន​កើតចេញ​ជាលទ្ធផល​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងបារីស​។ ប៉ុន្តែសន្តិភាពនៅពេលនោះមិនទាន់បាននៅឡើយទេ គឺបាន​ត្រឹម​តែ​ការផ្សះផ្សារ​ជាតិទេ​។ មានសន្តិភាពឯណា បើ​ប្រធានអ៊ុនតាក់ គ្រាន់តែទៅដកឬស្សី​តូចមួយ​របស់​កូនឈ្លប​​របស់ខ្មែរក្រហម​ដែលឃាំងនៅតំបន់ប៉ៃលិន​ ក៏មិនហ៊ានទាំងប៉ះផងនោះ​។​ មានសន្តិភាព​ឯណា​បើភាគីខ្មែរ​ក្រហមអត់ចូល​រួមបោះឆ្នោត​​​ផងនោះ​។​ បានន័យថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​នោះ​អត់ទទួលបានជោគជ័យទេ​។ អញ្ចឹង​បរាជ័យរបស់អ៊ុនតាក់កាលនោះ តើចង់ឲ្យ​បរាជ័យ​ម្តង​ទៀត​នៅក្នុង​សាលាក្តីខ្មែរក្រហមឬអត់​?​ តាមពិតមុខមាត់របស់អ៊ុនតាក់ មានមួយចំនួន តែ​មិន​ច្រើន​ដូចការ​រៀបរាប់របស់លោក កឹម សុខា នោះទេ​។ សន្តិភាពចុងក្រោយពិតប្រាកដ​ ជាមួយ​នឹង​ការ​ផ្សះផ្សារ​ជាតិ​ គឺនៅចុងឆ្នាំ១៩៩៨ និងដើមឆ្នាំ​១៩៩៩ ដែលយើងទទួលបានសន្តិភាពពិតប្រាកដ​។ យើង​ក៏មិន​បដិសេធនូវ​ស្នាដៃមួយចំណែករបស់ អ ស ប ដែរ​។ ប៉ុន្តែដោយសារ​ការលើក​តម្លៃហួស​ហេតុ​របស់​លោក កឹម សុខា ធ្វើឲ្យក្លាយទៅជាការជាន់ឈ្លី​នូវតម្លៃជាតិខ្លួនឯងទៅវិញ​​។​
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ គេថាទើបតែចាប់ផ្តើម​​​​នៅឆ្នាំ១៩៩៣ អញ្ចឹងមនុស្សអី​​ក៏​អាឡិអាឡក់​អាងីអាងើ​ អត់​ព្រម​មើល​​។​ មុន​មាន​ស្ពាន​ មិន​មែន​ខ្មោច​ធ្វើ​ស្ពាន​ទេ មនុស្ស​ទាល់​តែ​មាន​ជីវិត​សិន​ ហើយ​មុន​ធ្វើ​ស្ពាន​បើ​មនុស្ស​មាន​ជីវិត​ក៏ត្រូវ​ការ​មនុស្ស​មាន​ចំណេះ​ទៀត ធនធាន​មនុស្ស​ សួរ​ថា ជីវិត​មនុស្ស​ ជីវិតរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ ធនធាន​មនុស្ស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ចាប់​ផ្តើម​នៅ​ឆ្នាំ ១៩៩១ និង​ ១៩៩៣ ឬតាំង​ពី ១៩៧៩ ? លោក​ កឹម សុខា ខ្លួន​ឯង​ក៏​បាន​ទៅ​រៀន​ដែរ​ យ៉ាង​ហោច​ណាស់​ក៏​បាន​ចេះ​ធ្វើ​ប៊ីយ៉ែរ​ បន្តិច​ដែរ​ បើ​អាឡិអាឡក់​​​រឿង​អី​ផ្សេង​ខ្ញុំ​មិនដឹង​​ទេ ​បើ​ឆ្កួត​វង្វេង​នឹង​ប្រជា​ធិបតេយ្យ​ អាហ្នឹង​វង្វេង​​ដោយ​ខ្លួន​ឯង​។​ យ៉ាង​ហោច​ណាស់​ក៏​ដឹង​ថា ប៊ីយ៉ែរ​ គេ​ធ្វើ​អញ្ចេះ​ ឯ​ខ្ញុំ​ក៏​​អាឡិអាឡក់​បាន​ចេះ​រៀន​ខាង​ច្បាប់​​ដែរ និយាយ​ឲ្យ​ដូច​គ្នា​អញ្ចឹង​ទៅ​ចុះ ហើយ​សួរ​ថា ខ្ញុំ​មាន​ជំនាញ​ហ្នឹង​ដោយ​សារ​ ១៩៩១ និង ១៩៩៣ ឬ​? អញ្ចឹង​បាន​ន័យ​ថា ការ​អភិវឌ្ឍន៍​ជីវិត​មនុស្ស​ និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ គឺ​ផ្តើម​តាំង​ពី​ ១៩៧៩ ម្លេះ​ ។ ខ្ញុំ​អត់​ទាន់​មាន​ បាក់ឌុប ទេ ១៩៧៩  ខ្ញុំ​បាន​ចូលរៀន​​នៅ​សាលាបាក់​ទូក​បាន​បាក់​ឌុប​ បាន​ខ្ញុំ​បន្ត​ទៅ​ទៀត​ ហើយ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ជំនាន់​ហ្នឹង​ ដូច​លោក​ សត្យា រក្ស ដូច​គ្នា អញ្ចឹង​ការ​អភិវឌ្ឍ​ន៍​ប្រទេស​វាផ្តើម​តាំ​ង​ពី ឆ្នាំ ១៩៧៩ មក​ បាន​បន្ត​មក​យើង​អត់​បដិសេធទេ​។​ ១៩៩៣ នៅ​ពេល​យើង​បាន​ព្រម​ព្រៀង​គ្នា​យើង​ក៏​មាន​ឱ​កាស​ទូលាយ​ជាង​មុន​ កាល​ពី​មុន​ចន្លោះ​ ១៩៧៩ ដល់​ ១៩៩៣ លទ្ធភាព​នៃ​ការ​កសាង​ប្រទេស​របស់​យើង​វា​ចង្អៀត​ អាហ្នឹង​យើង​ឯកភាព បើ​និយាយ​អញ្ចឹង​វាសុច្ចរិត​ ហើយ​អាឡិអាឡក់​អញ្ចឹង​និយាយ​ម៉េច​កើត​។ យើង​ចង្អៀត​ចន្លោះ​ ១៩៧៩ ដល់ ១៩៩១,១៩៩៣ ចាប់​ពី​ ១៩៩១,១៩៩៣ មក​ដល់​ឥឡូវ​យើង​​បើក​មុំ​ទូលាយ​ អាហ្នឹង​ឯកភាព។​ ដូច្នេះ​ការ​អភិវឌ្ឍន៍​ប្រទេស​វាផ្តើម​តាំង​​ពី​ ១៩៧៩ ហើយ​អភិវឌ្ឍន៍​ប្រទេស​ផង ​មួយ​ទៀត​ធ្វើ​សង្គ្រាម​​ទប់​ស្កាត់​ការ​វិល​ត្រលប់​​នូវ​របប​ប្រល័យ​ពូជ​សាសន៍​ផង​ ឥឡូវ​នេះ​ទូលាយ​យើង​បាន​សន្តិភាព ឥឡូវ​ទៅ​ណា​ក៏​បាន​​​សប្បាយ​ ហើយ​អភិវឌ្ឍន៍​ អញ្ចឹង​បាន​យើង​មាន​ស្ពាន​មាន​អី ។​ ស្ពាន​ជា​ភស្តុតាង​បញ្ជាក់​​ មិន​មែន​ថា មោទនភាព​តែ​ប៉ុណ្ណឹង​សុទ្ធ​នោះ​ទេ​ ប៉ុន្តែ​លោក កឹម សុខា ដៀម​ដាម ល្ងង់​​ខ្លៅ ទៅ​យក​បញ្ហា​ ស្ពាន​អាកាស​ គេ​ទិទៀន​ថា អាហ្នឹ​ង​ស្ពាន​លើ​គោក​ ​ហើយ​គិត​មើល​ អាកាស​ចាប់​រាប់​ពី​ប៉ុន្មាន​ម៉ែត្រ​ទៅពី​​ដីទៅ​?​ ។​ ការ​លើក​ឡើង​របស់​លោក​ កឹម សុខា​ បែប​នេះ​ គឺ​ហាក់​បី​ដូច​ជា​រឿង​កំប្លែង​ មាន​ន័យ​ថា គាត់​គឺ​ជា​អ្នក​កំប្លែង​នយោបាយ​យ៉ាង​ពិត​ប្រាកដ​៕​
សម្រង់ព័ត៌មាន ៖ លោក នូ សាវុធឌី