Thursday, February 2, 2012

ប្រធាន​​ធនាគារ​​នីហរ័ណ​ អាហរ័ណ ​នៃ​​សាធារណ​រដ្ឋ​​​ប្រជា​មា​និត​​ចិន ​ទទួល​​យក​​សំណើ​​​របស់​​កម្ពុជា​


សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​បាន​ស្នើ​នា​រសៀល​​​ថ្ងៃទី​១ ​ខែ កុ​ម្ភៈ ឆ្នាំ ២០១២ ឲ្យ​លោក​ LI RUOGU ​ពិនិត្យមើល​គម្រោង​ចំនួន​ ៧ ​ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​និង​គម្រោង​​ធារាសាស្ត្រ ​ដែល​ភាគី​កម្ពុជា​បាន​លើក​ជូន​ភាគី​​ចិន​រួច​​មក​ហើយ​នោះ​។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា មាន​គម្រោង ១ នៅក្នុង​គម្រោង​ទាំង ៧ នោះ ជា​គម្រោង​អាទិភាព​ជាងគេ​ ​នោះ​គឺ​គម្រោង​ផ្លូវជាតិ​លេខ ៦ ពី​ថ្នល់​កែវ​ដល់​ខេត្តសៀមរាប ដែលមាន​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច ទេសចរណ៍ និង ជា​គម្រោង​ផ្លូវ​មុខមាត់​របស់​កម្ពុជា ដែល​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក LI RUOGU ពិនិត្យ​ផ្តល់​អាទិភាព​ទៅលើ​គម្រោង​នេះ។ 
​ឆ្លើយតប​នឹង​សំណើ​នេះ  លោក LI RUOGU ប្រធាន​ធនាគារ​នីហរ័ណ ​អាហរ័ណ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​ បាន​ថ្លែងថា លោក​នឹង​ចាត់ទុក​គម្រោង​ផ្លូវជាតិ​លេខ ៦ នេះ​ជា​គម្រោង​អាទិភាព ហើយនឹង​ពិនិត្យមើល​គម្រោង​នេះ នៅពេល​វិលត្រឡប់​ទៅវិញ ដោយ​លោក​​បាន​ធានា​អះអាងថា នៅក្នុង​ឆ្នាំ ២០១២ នេះ​នៅក្នុង​គម្រោង​ទាំង ៧ ដែល​បានលើកឡើង​នោះ​នឹង​មិនមាន​បញ្ហា​ទេ​សម្រាប់​ការផ្តល់ជូន​ដល់​កម្ពុជា​នោះ។ លោក LI RUOGU បាន​ជំរាបជូន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​នេះ គឺ​ដើម្បី​ចុះហត្ថលេខា​លើ​គម្រោង​ចំនួន ៣ ​រួម​មាន​គឺ​គម្រោង​ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ៧៦ ខាងជើង និង គម្រោង​ប្រព័ន្ធធារាសាស្ត្រ។
លោក LI RUOGU បាន​ជម្រាប​​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា មូលនិធិ​ចិន-អាស៊ាន ដែលមាន​ទឹកប្រាក់​ចំនួន ៤ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ ដើមឡើយ​មានការ​កំណត់​សម្រាប់​ប្រទេស​​​និមួយៗសម្រាប់​លើក​គម្រោង​ស្នើសុំ ប៉ុន្តែ​នៅពេលនេះ​គឺ​ពុំមាន​ការ​កំណត់​ទៀត​ទេ ដែល​ប្រទេស​និមួយៗ អាច​លើក​គម្រោង​ស្នើសុំ​បាន។ លោក LI RUOGU បាន​ជម្រាប​​ជូន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​អាច​លើក​គម្រោង​បន្ថែម​ដើម្បី​ស្នើ​ទា​ក់​​ទាញយក​ឥណទាន​សម្បទាន​នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ថ្លែងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​​បាន​ថ្លែងអំណរគុណ​ចំពោះ​ព័​ត៌​មាន​ពាក់ព័ន្ធ​នឹង​ការដក​កំណ​ត់នៃ​ឥណទាន​សម្បទាន​ផ្តល់​ដល់​ប្រទេស​អាស៊ាន​នេះ​ និង​មានប្រសាសន៍​ថា កន្លង​​មក​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុ​ជា មួយ​ចំណែក​ធំ​គឺ​ដោយសារ​មាន​ជំនួយ​របស់​ចិន ហើយ​បច្ចុប្បន្ននេះ​កម្ពុជា ជា​ប្រទេសមួយ​ដែលនៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ​ជាងគេ​បំផុត​នៅ​ក្នុង​អាស៊ាន ដូច្នេះ​សម្តេច​បាន​លោក  LI RUOGU  ឲ្យ​ជួយ​ពិនិត្យ​គម្រោង​ទាំង ៧ នេះ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​អនុ​ញ្ញាត​ឲ្យ​លោក LI RUOGU ប្រធាន​ធនាគារ​នីហរ័ណ ​អាហរ័ណ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សំដែង​ការគួរ​សម​នៅ​វិមាន​សន្តិភាព​​​នា​រសៀល​ថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ២០១២។​