Thursday, February 2, 2012

សម្តេច​​តេ​ជោ​​ណែនាំ​ ​ដល់​​នគរ​បាល​ជាតិឲ្យ​​ពង្រឹង​​សមត្ថភាព​​​ទប់ស្កាត់​ និង​បង្ក្រាប​​បទ​ល្មើស​​​​រក្សា​​​សន្តិសុខ​ជាតិ​ក្នុង​សម័យ​​សកល​ភាវូប​នីយកម្ម​


​          សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន ​បាន​ផ្តល់​ការ​ណែនាំ​​ជាច្រើន​នា​ព្រឹក​ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ​២០១២​ ដល់​មន្រ្តី​​នគរបាល​ជាតិ​ឲ្យ​បង្កើន​សមត្ថភាព​ ដើម្បី​​ទប់ស្កាត់ ​និងបង្ក្រាប​បទ​ល្មើស​សំដៅ​រក្សា​ឲ្យ​​​គត់​មត់​នូវ​សន្តិសុខ​ជាតិ​​នៅ​ក្នុង​យុគសម័យ​ ដែល​ប្រទេស​ជាតិ​កំពុ​ង​ស្ថិត​ក្នុង​ចរន្ត​​នៃ​សកលភាវូប​នីយកម្ម។
​          នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​និស្សិត​នៃ​បណ្ឌិត្យសភា នគរបាល​កម្ពុជា នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល សម្តេច​តេជោ​នាយ​​​រដ្ឋមន្ត្រី​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​យើង​កំពុងស្ថិត​នៅក្នុង​ចរន្ត នៃ​សកលភាវូបនីយកម្ម ដែលមាន​ការវិវត្តន៍​ឥត ឈប់ឈរ ហើយ​ចរន្ត​នេះ​បាន​ជះឥទ្ធិពល​ក្នុង​លក្ខណៈ​ជា​វិជ្ជមាន​ផង និង អវិជ្ជមាន​ផង មកលើ​ការ​អភិ វឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ក្នុងប្រទេស​របស់​យើង។ 
សម្តេច​តេ​ជោ​ថ្លែងបញ្ជាក់​ថា    ជា​ការពិត​ភាពជឿនលឿន នៃ​បច្ចេកវិទ្យា​ព័ត៌មាន​បាន​បង្កលក្ខណៈ ងាយស្រួល​ដល់​សង្គម​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង ការផ្សព្វផ្សាយ និង ការទទួលបាន​ព័ត៌មាន ប៉ុន្តែ​ភាព ជឿនលឿន​នេះ ក៏បាន​បង្ក​ភាពងាយស្រួល​ដល់​ពួកឧក្រិដ្ឋជន​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ក្នុង​លក្ខណៈ​អវិជ្ជមាន ដើម្បី​អនុវត្ត​បទល្មើស​នានា ដូចជា​បញ្ហា​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ហា​គ្រឿង ញៀន ការរត់ពន្ធ​ជួញដូរ​មនុស្ស​ជាដើម ដែល​ក្នុង​ស្មារតី​នេះ​ក្រសួងមហាផ្ទៃ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ តស៊ូ​ប្រយុទ្ធប្រឆាំង​ចំពោះ​បញ្ហា​ទាំងអស់នេះ​ឲ្យ​បាន​ខ្លាំងក្លា ដោយ​មិន​ទុក​ឲ្យ​កម្ពុជា​ក្លាយទៅជា​ទី​សុខ សាន្ត​របស់​ឧក្រិដ្ឋជន និង ត្រូវ​បង្ក្រាប​បណ្តា​ករណី​ដែល​កើតមានឡើង​ឲ្យដល់​​ឬ​សគល់​ចប់​ចុង​ចប់​ដើម ប្រកប​ដោយ​​ជំហរ​ម៉ឹងម៉ាត់​ដាច់ខាត ហើយក៏​មិនត្រូវ​បណ្តោយ​ទុក​ឲ្យ​មាន​អំពើ​អសកម្ម​ណាមួយ​កើត ឡើង​នៅក្នុង​ជួរ​កងកម្លាំង​នោះទេ។
ក្នុង​គោល​ដៅ​​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​សំដៅ រក្សា​ឲ្យ​គត់មត់​នូវ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ សង្គម​ក្នុង​ចរន្ត​នៃ​សកលភាវូបនីយកម្ម និង ការអភិវឌ្ឍន៍ សង្គម​សេដ្ឋកិច្ច ដែលមាន​ការវិវត្តន៍​ទៅ​មុខជា​រៀងរាល់ថ្ងៃ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា ​ ​ក្នុង​ទិស ដៅ​កសាង​សមត្ថភាព​ធនធានមនុស្ស​ក្នុង​ជួរ​នគរបាលជាតិ និង ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ របស់​នគរបាលជាតិ​ដែល​រួមមាន​ជាអាទិ៍ ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ជំហរ​សមត្ថភាព​នគរ​បាល​ជាតិ​គ្រប់​ថ្នាក់​គ្រប់ផ្នែក ដែលជា​កម្លាំង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ ជាមួយនិង​ការគោរព​ឲ្យ​បាន​ត្រឹម ត្រូវ​នូវ​ច្បាប់​របស់​រដ្ឋ។លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស ការការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ដោយ​ត្រូវគោរព​ម៉ឹងម៉ាត់​ក្រមសីលធម៌​វិ​ជ្ជាជីវៈ ត្រូវមាន​ភាព​ស្មោះ​ត្រង់​ក្នុង​វិ​ជ្ជា​ជីវៈ​របស់ខ្លួន ត្រូវ​ប្រកាន់ ខ្ជាប់​នូវ​វិន័យ​សេចក្តីថ្លៃថ្នូរ និង ភាព​ស្អាតស្អំ​ក្នុង​ការបំរើ​ប្រជាពល​រដ្ឋ​ដោយ​ស្មើភាព។ជាមួយគ្នានេះ ត្រូវខិតខំ​ពុះពារ​រួមគ្នា​ក្នុងការ​លុប​បំបាត់​បាតុភាព​អសកម្ម​ផ្សេងៗ​ក្នុង​ជួរ​នគរបាល ដើម្បី​ថែរក្សា និង លើកកម្ពស់​ជាប្រចាំ​នូវ​ជំនឿ​របស់​ប្រជាពលរដ្ឋ​មក​​លើ​កងកម្លាំង​នគរបាលជាតិ សំដៅ​ធានា​ឲ្យ​មាន ការចូលរួម របស់​ប្រជាពលរដ្ឋ​ក្នុងការ​ការពារ​សន្តិសុខ និង សណ្តាប់​ធ្នាប់​​សង្គម។
ក្នុង​គោល​ដៅ​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធ​ភាព​ការងារ​ សម្តេច​តេជោ​ផ្តល់​ការ​ណែនាំ​ថា ត្រូ​វ​បន្ត​លើកកម្ពស់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ ក្នុង​ជួរ​នគរបាលជាតិ ទាំងមូល ដោយ​ធ្វើ​ឲ្យ​ប្រាកដថា កំលាំង​នគរបាល​ទាំងអស់​ត្រូវតែ​ទទួលបាន​ការបណ្តុះបណ្តាល កសាង​សមត្ថភាព​ទាំង​ក្នុង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​​​នានា​ដល់​នគរបាល ទាំង​ក្នុងការ​អនុវត្ត​ការងារ ជាក់ស្តែង និង ការសិក្សា​ដក​ពិសោធន៍​អំពី​ករណី​នានា ជា​បទល្មើស​ឬ​ហេតុការណ៍​នានា ដែល​បាន និង កំពុង​កើតឡើង​ក្នុងសង្គម​ក្នុង​តំបន់ និង ក្នុង​ពិភពលោក​នោះ។ជារួម​យើង​បង្កើតបាន​នូវ​ប្រព័ន្ធ បណ្តុះបណ្តាល កសាង​សមត្ថភាព ធនធានមនុស្ស​សម្រាប់​នគរបាលជាតិ តាមរយៈ​ការបង្កើតឡើង​នូវ បណ្ឌិត្យ​សភា​នគរបាល សាលា​នគរបាល​តាម​ភូមិភាគ និង សាលា​ជំនាញ​វិជ្ជា​ជីៈ​មួយចំនួនទៀតៀ​ត ដូច្នេះ​បញ្ហា​ដែល​ត្រូវ​យកចិត្ត​ទូក​ដាក់​ជា​បន្តទៀត​គឺ​ការពង្រឹង​គុណភាព​នៃ​ការបណ្តុះបណ្តាល​ទាំង​ក្នុង បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា និង សាលា​នគរបាលផ្សេងៗទៀត និង ការផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ឲ្យ បាន​គ្រប់គ្រាន់ និង សមស្រប។
សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា ការជ្រើសរើស​សិក្ខាកាម​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នានា នោះ នគរបាល​ទាំងអស់​ក្នុង​មុខតំណែង​ត្រូវ​ទទួលបាន​ការបណ្តុះបណ្តាល​មួយ​ច្បាស់លាស់ សំដៅ លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ ដែល​ខ្លួន​កំពុង​អនុវត្ត ដែល​ក្នុងន័យនេះ អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ សហការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​នានា​របស់​នគរបាលជាតិ សំដៅ​ពិនិត្យ​វាយតម្លៃ​ឡើងវិញ​នូវ មន្ត្រីនគរបាល​តាម​អង្គភាព​និមួយៗ ដែល​មិនទាន់​ទទួលបាន​ការបណ្តុះបណ្តាល ដើម្បី​រៀបចំ​ផែនការ ចាត់តាំង​បញ្ជូន​មន្ត្រី​ទាំងនោះ​ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​តាម​វិធីសាស្ត្រ​រៀនសូត្រ​ផង ធ្វើការ​ផង ឬ​ការបណ្តុះបណ្តាល​ពេញ​ម៉ោង​ឬ​វគ្គ​តម្រង់ទិសខ្លី។
សម្តេច​តេ​ជោ​ថ្លែងបញ្ជាក់​ថា ការបណ្តុះបណ្តាល​កសាង សមត្ថភាព​នគរបាល​គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ តែ​បញ្ហា​ដែល​​មាន​សារៈសំខាន់​ជាង​ទៀត​គឺ ការប្រើប្រាស់​សមត្ថភាព​ជំនាញ ដែល​បានទទួល​ការបណ្តុះបណ្តាល ប្រកបដោយ​ភាពស្មោះត្រង់ និង មាន​មនសិការ​វិជ្ជាជីវៈ​ខ្ពស់បំផុត ដើម្បី​ការពារ និង បំរើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដោយ​ស្មើភាព និង បំរើ​ផលប្រយោជន៍​សង្គម​ទាំងមូល​ប្រកបដោយ​យុត្តិធម៌។
សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​មានប្រសាសន៍លើក​ឡើង​ថា ចំពោះមុខ​នេះ​បញ្ហា​ប្រឈម ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​អំពី សន្តិសុខ និង សណ្តាប់ធ្នាប់​សង្គម​គឺ​បញ្ហា​គ្រោះថ្នាក់​ចរាចរ គ្រោះថ្នាក់​នានា​ក្នុងសង្គម និង បញ្ហា​គ្រឿង ញៀន ដែល​បញ្ហា​ទាំងនេះ​បានធ្វើ​ឲ្យ​បាត់បង់​ជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ព្រមទាំង​សមត្ថភាព និង ធនធាន​សង្គម​យ៉ាងច្រើន។ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ កង កម្លាំង​នគរបាលជាតិ និង កម្លាំង​អនុវត្ត​ច្បាប់​នានា ត្រូវ​សហការគ្នា​បង្កើន​វិធានការ​អប់រំ ណែនាំ​អំពី វិធានការ បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ក្នុងសង្គម គ្រោះថ្នាក់​ចរាចរ ផល​វិបាក​នៃ​គ្រឿងញៀន និង ត្រូវ ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឹងម៉ាត់​ជាប់​ជាប្រចាំ គ្រប់​ទីកន្លែង។
សម្តេចតេជោ​មានប្រសាសន៍​បញ្ជាក់​ប​ន្ថែ​ម​ថា ដើម្បី​លើកកម្ពស់​ការផ្តល់សេវា​នគរបាលជាតិ​ឲ្យ​បាន ២៤ ម៉ោង​លើ ២៤ ម៉ោង និង​ការចូលរួម​ពី​ប្រជា ពលរដ្ឋ​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅ​មូលដ្ឋាន គ្រប់​គ្រសួង ស្ថាប័ន អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ទាំងអស់ ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ជាប់​ជា​ប្រ ចាំ នៅ​គ្រប់​ភូមិ ឃុំ សង្កាត់​ទូទាំងប្រទេស ស្រម​តាម​ស្មារតី និង ភារកិច្ច​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ​ជូន​ជាតិ និង ប្រជាពលរដ្ឋ​នោះ។​
ជាមួយនឹង​ប្រសាសន៍​ណែ​នាំ​​ខាងលើនេះ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ចេញលុយផ្ទាល់ខ្លួនសម្តេច ដើម្បី​កសាង​អគារ​សាលប្រជុំ នៅ​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ដែល​មាន​តម្លៃ​រហូត​ដល់ ៤៧ ម៉ឺន​ដុល្លារ។ អគារសាលប្រជុំនោះ ​ដាក់​ឈ្មោះ​​ថា "​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម​" ដើម្បី​ឧទ្ទិស​ដល់​អ្នក​បង្កើត​ន​គរ​បាល​លើកដំបូង​ នោះ​គឺ​សម្តេច​ ជា ស៊ីម អតីត​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​សម័យ​សាធារណៈ​រដ្ឋប្រជាមានិត​​កម្ពុជា​ ជា​អ្នកបង្កើត​នគរបាលជាតិ​។
នៅ​ក្នុង​ពិធី​ ប្រគល់​សញ្ញាបត្រ​និស្សិត​នៃ​បណ្ឌិត្យសភា នគរបាល​កម្ពុជា នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជានោះ​ដែរ​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ​ក៏​បាន​មាន​ប្រសាសន៍​រំលឹក​ឡើង​វិញ​អំពី​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​អាវុធ​នា ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ​ ១៩៩៧ ដោយ​សម្តេច​តេជោ​ បាន​បដិសេធ​ថា ព្រឹត្តិ​ការណ៍​ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ មិន​មែន​ជាការ​​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ក្រុម​ព្រះ​ នរោត្តម​ រណឫទ្ធិ​ ពី​នាយក​រដ្ឋ​មន្រ្តី​ទី​១ នោះ​ឡើយ​។​
នៅ​ចំពោះ​មុខ​វត្ត​មានក្នុង​ពិធី​របស់​​ឯកឧត្តម សេរី កុសល ទេស​រដ្ឋ​មន្រ្តី អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែល​ជា​អតី​ត​​មេ​ទ័ព​មួយ​រូប​ នៃ​ភាគី​​ប្រដាប់​អាវុធ​គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច​ ​ក្នុង​អំឡុង​ ថ្ងៃ​៥-៦ កក្កដា ឆ្នាំ ១៩៩៧ ក្រៅ​ពី​ឯកឧត្តម ញឹក ប៊ុនឆៃ​ ឧបនាយករដ្ឋ​មន្រ្តី ឯកឧត្តម លី ធុច ដែល​ជា​សាក្សីរស់​  សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​មាន​ប្រសាសន៍ថា «កុំមកចោទខ្ញុំថាធ្វើរដ្ឋ​ប្រហារឲ្យសោះ អារឿងហ្នឹងមួយ ឥឡូ​វ​មើលរូប​ភាព រូបភាពនៅ​បានទាំងអស់ ព្រោះ​ពួកហ្នឹងថត​ មិនដឹងជា​យ៉ាងម៉េចរូបធ្លាក់ ដល់​អញ្ចឹង​ទៅយើងមើល​រូបភាពដែល​គេអង្គុយ​ដូចជា បង គៀង វ៉ាង  ហើយហៅ​បងគៀង​វ៉ាង មកសួរមើល បញ្ចាំង​ឲ្យ​មើល​ហើយប្រាប់ទៅទៀត»។
សម្តេចតេជោ​បញ្ជាក់ទៀតថា  «ថ្ងៃហ្នឹង បងគៀង​វ៉ាង ពាក់ខៀវអាវ​ទៅអង្គុយ​លើឡាន ទំនងនោះ​មិនមែន​គេ​ដេញ​វាយទេ  គឺ​បញ្ជាឲ្យ​វាយគេ ហើយ ហ៊ូ សុខ គេបញ្ជា​អាយកូមម្ខាង​ទូរស័ព្ទម្ខាង សម្បើមណាស់ ហើយ​ប្រសិន​បើថ្ងៃហ្នឹង ខ្ញុំបញ្ជា​ឲ្យ​វាយគឺគ្រប់ ខ្ញុំ​ត្រូវការ​១៥នាទីទេ អត់​វាយយូរ​ទេ ព្រោះ​ប្រមូល​ផ្តុំទីតាំង​បែប​ត្រង់​ហ្នុង​អត់មានអីយូរទេ»។ 
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ថា ការសម្រេចចិត្ត​របស់​សម្តេច វ៉ៃ​បក​លើ​កងកម្លាំង​ប្រដាប់​​អាវុធ​​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែលមាន​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន ដោយសារ​តែ​ហ្វ៊ុនស៊ិនប៉ិច បាន​នាំ​កងទ័ព​ខ្មែរក្រហម​ពី​សំឡូត និង​តា​សាញ់ ចូល​ភ្នំពេញ​។ សម្តេច​តេជោ បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ពីរ​កន្លែង នៅ​ដំណាក់​សម្តេចក្រុមព្រះ ផ្លូវ​សម្តេច​ប៉ាន និង​នៅ​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នៅ​គល់​ស្ពាន​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ មាន​កងទ័ព​ខ្មែរក្រហម​ប្រមាណ ២៧០ នាក់។ ក្រៅពីនោះ ​នៅ​មាន​កងទ័ព​ខ្មែរក្រហម នៅ​ជាមួយ​លោក​ ញឹក​ ប៊ុនឆៃ និង​នៅ​កន្លែង​ដទៃ​ជាច្រើន​ទៀត​។
សម្តេច​តេជោ​ ​បាន​បញ្ជាក់ថា "​អីចឹង​គ្រាន់តែ​ពីរ​កន្លែង​ហ្នឹង កងទ័ព​ខ្មែរក្រហម​ឡើងដល់ ២៧០ នាក់ ទៅហើយ​។ អីចឹង​នៅ​ជាមួយ​ឆៃ (ញឹក ប៊ុនឆៃ) ប៉ុន្មាន​ទៀត​? នៅ​វត្តផ្នៀ​ត​ប៉ុន្មាន​ទៀត​? នៅ​ស្អី​ប៉ុន្មាន​ទៀត​? មិនមែន​រឿង​លេង​ទេ​ លេង​ម្ខាង​ធ្វើ​រដ្ឋាភិបាល ម្ខាង​ទៅ​ធ្វើ​អ៊‌ីចឹង​?​។ ឥឡូវ​រឿង​វា​ហួស​ទៅហើយ ក៏​ប៉ុន្តែ​សុំ​ឲ្យ​អ្នក​ខ្លះ ត្រូវ​ប្រយ័ត្នប្រយែង​ដែរ​ កុំ​ចេះតែ​និយាយ​។ តែ​និយាយ​...គេ (សម្តេច​តេជោ​) មាន​ឯកសារ​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ត្រឡប់​ទៅ​វិញ ហើយ​រឿង​ទាំងអស់​ហ្នឹង វា​ទាក់ទង​នឹង​អតីតកាល​នៃ​សន្តិសុខ​ជាតិ បានជា​ខ្ញុំ​ត្រូវ​និយាយ​បន្តិច​ទៅ​ចុះ​"​៕​