Friday, February 3, 2012

បទអត្ថាធិប្បាយ​ ​តើអ្នកដែល​​មិន​គាំទ្រគណបក្ស​សម រង្ស៊ី​ ជាស្លឹកឈើងាប់មែន​ឬ?



          ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី បាន​ថ្លែង​ប្រមាថយ៉ាង​ខ្លាំងទៅ​លើអ្នក​តំ​ណាង​រាស្ត្រ និង​ សមាជិក​​ក្រុម​ប្រឹក្សាឃុំ សង្កាត់​១៧៩រូប ក្រោយពី​ពួកគេ​បោះឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​​ពេល​ថ្មីៗនេះ​ ដោយ​គណបក្សសម រង្ស៊ី​ បាន​ហៅអ្នក​ទាំង​អស់​នោះ​ថា ​ជា​ស្លឹកឈើងាប់ ដែល​ពី​មុ​ន​​គណបក្ស​ សម រង្ស៊ី​ ធ្លាប់បាន​ចាត់​ទុក​ថា ជាដុំ​មាសដ៏​មាន​តម្លៃបំ​ផុត ខណៈពេល​ដែលគេ​ទទួល​បាន​​ចំ​ណេញ​ផលប្រយោជន៍ខាង នយោបាយ​។
ប៉ុន្តែ បន្ទាប់​ពី​លទ្ធផល​បណ្តោះអាសន្ន នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ បាន​បង្ហា​ញ ឱ្យ​ដឹង​អំពី​ការ​បាត់​សំ​ឡេង​របស់​សមាជិកគណបក្ស​ សម រង្ស៊ី រហូត​ដល់​ចំ​នួន​១៧៩​នាក់​ ដែល​ជាអង្គ​បោះ ឆ្នោត​ និង​ជា​ជន​បង្គោល​ដ៏​មានឥទ្ធិ​ពលនោះ​មក​ ត្រូវ​បាន​លោក យឹម សុវណ្ណ អ្នកតំ​ណាង​រាស្ត្រ​ និង​ជាអ្នក​នាំ ពាក្យ​គណបក្ស​ប្រឆាំង ថ្លែង​ប្រមាថ​ថា ​អ្នក​ទាំង​អស់​នោះ​ គឺជាស្លឹកឈើងាប់​ទៅ​វិញ​។
ប្រតិកម្មរបស់​លោក យឹម សុវណ្ណ បែប​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​តាម​រយៈសារព័ត៌មាន​ ខេម​បូឌា ដេលី កាលពី​ថ្ងៃ​ទី​១ ខែ កុម្ភៈ ឆ្នាំ ២០១២​​ ដោយ លោក យឹម សុវណ្ណ បានហៅអ្នកមិន​គាំទ្រខ្លួន​ប្រដូច​ទៅ​នឹង​ជន​ក្បត់ ក្នុង​ន័យ​ប្រមាថថា « លោកមិន​ខ្លាចរអានឹង​ភាព​មិន​ស្មោះត្រង់របស់​សមាជិក​មួយ​ចំ​នួន​នោះ​ឡើយ និង​បាន​និយាយ​សំ​ដៅ​ដល់​អ្នក​ដែល​​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ថា ជា​ស្លឹក​​ឈើងាប់​ ហើយថែម​ទាំង​បាន​​និយាយចំ​អកមកលើសម្តេច​តេជោ ហ៊ុន សែន ថា​ អរគុណលោកហ៊ុន សែន ចំ​ពោះ​ការប្រមូល​យកស្លឹកឈើងាប់ទាំងនោះ»
          ចំ​ណែក​លោកសម រង្ស៊ី​ ដែល​កំ​ពុង​នីរទេសខ្លួន​នៅ​ឯក្រៅ​ប្រទេស តាមរយៈវី​ដេអូ​ ខន់​ហ្វើរិន មកកាន់​ទី​ស្នាក់​ការគណបក្ស​សម រង្ស៊ី​ កាលពី​ល្ងាចថ្ងៃ​ទី​១ ខែ កុម្ភៈ ឆ្នាំ ២០១២នេះ​ ​ ក៏បានធ្វើ​ការ​​ចោទ​ប្រកាន់​​យ៉ាង​អយុត្តិធម៌ផងដែរមកលើសមាជិក​មួយចំ​នួន​ដែល​លាលែង​ចេញ​ពី​បក្ស​ និង​មន្ត្រី​​ដែលបាន​បោះឆ្នោត​ជូន​គណ បក្ស​ប្រជាជន​កម្ពុជា​ ថា ​ជាអ្នក​លក់​ខ្លួន ដោយ​សារ​តែ​គាត់​អត់​លុយ និង​ត្រូវ​បាន​គេគាប​សង្កត់​។
          នេះ​ គឺជា​សារប្រមាថ​ផ្ទួន​ៗ ម្តងហើយ​ម្តងទៀត​ បន្ទាប់​ពី​លោកសម រង្ស៊ី បាន​បង្ខំ​ឱ្យ​សមាជិក​ សមាជិកាក្រុម​ប្រឹក្សាឃុំ សង្កាត់​ទូ​ទាំងប្រទេសនៅមួយថ្ងៃ​មុន​បោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា​ត្រូវ​តែ បោះ​ឆ្នោត​ឱ្យ​គណបក្ស​សម រង្ស៊ី និង​ការ​គាប​សង្កត់​ បំ​បិទសិទ្ធិ​មនុស្សជាសកល​ តាម​រយៈការ​​តម្រូវ​ឱ្យ​សមាជិក ទាំង​នោះ​​ ​ត្រូវ​តែ​ដក​ហូត​ទូរស័ព្ទ​ដៃ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ចំពោះ​បក្ស​។ ទង្វើ​នោះ​ គឺត្រូវ​បានទទួល​​រងនូវ​ការ​ស្តី​បន្ទោសយ៉ាងខ្លាំង​ពី​​​​សាធារ​ណ​​​ជន ដោយ​គេបាន​ចាត់​ទុក​ថា​ វា​ជា​បទ​បញ្ជា​ផ្តាច់​ការ​ ដែល​ធ្លាប់​ត្រូវ​បានប្រើ​នៅក្នុង​​របបប៉ុល ពត​ ។
អ្នកតាម​ដានស្ថានការណ៍​នយោបាយនៅកម្ពុជា​​ គេបាន​យល់​ឃើញ​ថា​ ការ​បង្ហាញនូវ​​ឥរិយាបថ​ពី​ការសរសើរ និង​លើកតម្កើង មកជា​បន្ទាបបន្ថោក​តម្លៃ​មនុស្សបែប​នេះ​ បាន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​​មន្ត្រី​​ទាំង​១៧៩នាក់​នោះយ៉ាង​ខ្លាំង​ បន្ទាប់​ពីបក្ស​សម រង្ស៊ី អស់​ឱកាសកេង​ចំ​ណេញ​​ពី​ពួក​គេ បានតទៅ​ទៀត។ ការពិត ​សមាជិកសភា​​ ក៏ដូច​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ទាំង​១៧៩ រូប​ គឺជា​មន្ត្រី​ដែល​គ្មាន​កំ​ហុសក្នុង​ការសំ​រេចចិត្តនោះ​ឡើយ​ពួក​គាត់​ទាំងនោះ​ គឺពោរពេញ​ទៅ​ដោយ​ឥស្សរ​ភា​ព មាន​នូវ​មនសិការ​ជាតិ​ខ្ពស់ ស្គាល់អំពី​សច្ចភាព​នៃ​ការ​អភិវឌ្ឍរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ដូច​ជា​ស្គាល់​ច្បាស់​អំពី​តំ​លៃ​នៃសន្តិភាព​។ ប៉ុន្តែ ពួក​គាត់​ធ្លាប់​បាន​រងគ្រោះ​ដោយ​បក្ស​ប្រឆាំង​គាប​សង្កត់ ហើយ​​​ចុង​​ក្រោយ​នេះមិន​អាច​ទ្រាំទ្រ និង​សហការជាមួយ​បក្ស​ប្រឆាំង​តទៅ​ទៀត​បា​ន​ ទើបនាំគ្នា​​ធ្វើការ​សំ​រេច​​ចិត្ត​ផ្លាស់​ប្តូរជំ​ហរនយោបាយ​ដោយភាព​អង់​អាចដាច់​ខាត​ថា ត្រូ​​វ​តែ​បោះឆ្នោត​ជូន​គណបក្ស​​ប្រជាជន​កម្ពុជា ​ទើប​គេច​ផុ​ត​​​​ពីនឹម​ត្រួត​ត្រា និង​ការ​បង្ខិត​បង្ខំទាំងនោះ​។
ការ​ចេញ​មកបដិសេធអំពី​​គុណ​បំ​ណាច់​របស់​មន្ត្រី​បក្ស​ដែល​ធ្លាប់​គាំទ្រខ្លួន នឹង​ទាត់​ចោល​នូវ​តម្លៃរបស់​មនុស្ស​ គឺជាការ​បើក​យុទ្ធនាការ​ឃោសនាអំពើអាក្រក់​របស់​​ខ្លួន​ឯងដោយ​ថ្នាក់​ដឹក​នាំគណបក្សសម រង្ស៊ី​​ និង​អាច​និយាយបាន​ថា​ ជាការ​ត្រៀម​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​យកនូវ​ទណ្ឌកម្មត្រឡប់​វិញ។ ឧបាយកលរបស់​ថ្នាក់​ដឹកនាំគណបក្ស​ប្រឆាំងមួយ​ចំ​នួន​​ ​គឺគេអាចសន្និដ្ឋានបាន​ថា​ គ្រប់​ឥរិយាបថ ដេក ដើរ ឈរអង្គុយ ​គិតតែពី​ការ​គាប​ ចំ​រាញ់​យក​ផលប្រយោជន៍​ចំ​ពោះ​មុខ ហើយ​នៅ​ពេល​គេដើរ​ចេញ​ ក៏ចាត់​ទុកអ្នក​គ្រប់​គ្នា​នោះដូច​ជា​កាក​អំពៅ​ដែល​អស់ទឹក​ និង​​គ្មាន​រស់ជាតិ​ផ្អែម​។
 ​របៀប​ដឹក​នាំរបស់​មេបក្ស និង​តំ​ណាង​រាស្ត្រមួយ​ចំ​នួន​ ក្នុង​គណបក្ស​ប្រឆាំង​ ដែល​មិនមាននូវ​ការ​​ប្រមូល​ផ្តុំ មិន​មានការកែទម្រង់ និង​មានលក្ខណៈសម្បត្តិជាមេដឹកនាំ ត្រូវ​បាន​គេសង័្សយថា ​ផ្ទៃក្នុង​គណបក្ស​ប្រឆាំង​មួយនេះ​កំ​ពុង​បែក​បាក់ដ៏ធ្ងន់​ធ្ងរ និង​ការ​មិន​ជឿទុកចិត្តគ្នា។ ដោយ​ឡែក​ការ​ជួប​នូវ​វិបត្តិដ៏ធំ​ ហើយថ្នាក់​ដឹក​នាំ​ក្នុង​បក្ស​អសមត្ថភាពក្នុង​ការ​​ដោះ​ស្រាយ​ គឺប្រៀប​បាន​ដូច​ជា​អ្នក​កាន់​ចង្កូត​​នយោបាយ​មិនស្គាល់​​ទិសដៅ​ វង្វេង​ផ្លូវ ហើយ​​អាច​នឹងដឹក​​នាំ​អ្នក​ជិះក្នុង​នាវា​ទាំងអស់ជួប​នឹង​មហាព្យុះ​កំ​ណាច​ បោក​​បក់​ លិចលុង​កណ្តាល​មហាសមុទ្រដោយជៀសមិន​ផុត និង​គ្មាន​មធ្យោបាយ​សង្គ្រោះ​ទាន់​ឡើយ។
ដូច្នេះ​ ជន​ដែល​បាន​គេចចេញ​ទាន់​ពេល​វេលា​ពី​នាវា ដែល​បញ្ជា​ចង្កូត​ដោយ​មេបក្ស​រមឹលគុណ​ នោះ​ នឹង​ជួបនូវ​សំ​ណាង​ និង​ជោគ​វាសនាល្អ​ ផុត​ពី​គ្រោះ​ភ័យ​អន្តរាយ។ ក្នុង​ន័យ​នេះ​ គឺចង់​បង្ហាញ​ថា​ សមាជិក​ទាំង​១៧៩រូប​នោះ មាន​ឱកាសគ្រប់​គ្រាន់​ក្នុង​ការចូល​​រួម​ចំ​ណែក​ជាមួយ​រាជ​រដ្ឋាភិបាល​ និយា​យ​​​​ដោយ​ឡែក និង​និយាយជារួមគឺបាន​ចូល​រួមជាមួយគណបក្សប្រជាជន​កម្ពុជា ក្នុង​ការ​​លើក​កម្ពស់ តម្លៃ​ ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូ​របស់​មនុស្ស និង​ការ​អភិវឌ្ឍន៍ដោយ​ផ្ទាល់​ជាមួយ​ប្រជាពល​រដ្ឋដើម្បី​ការ​រីក​ចំ​រើនរុង​រឿង​សំ​រាប់​ជី​វភាព​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​។
មន្ត្រី​គណបក្សសម រង្ស៊ី ទាំង​១៧៩រូប​ មិន​មែន​ជាជន​ដែល​មាន​កំ​ហុស ឬជាស្លឹកឈើ​ងាប់​ ដូច​ការ​ប្រមាថ​ មាក់​ងាយ​ពី​មេដឹក​នាំគណបក្សប្រឆាំង​បាន​លើក​ឡើង​នោះ​ទេ  ផ្ទុយ​ទៅ​វិញ​ពួក​គាត់​ គឺជា​គ្រាប់​ពេជ្រដ៏​មានតម្លៃកាត់​ថ្លៃមិន​បាន​ ដែល​បាន​ឆ្លង​កាត់​ការពិចារណា​ល្អិត​ល្អន់​បំ​ផុត​ និង​ជឿជាក់​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​ ទើប​បាន​ជា​សំ​រេចចិត្តថា​ ត្រូវ​តែ​បោះ​ឆ្នោត​គាំទ្រដោយ​ខាន​មិន​បាន​​ ។
សំ​ឡេង​ឆ្នោត​គាំទ្រ​ជិត​២០០សំ​ឡេង​ ដែល​បាន​មកពី​គណបក្ស សម រង្ស៊ី   និង​ការកើន​សំ​ឡេង​បន្ថែម​ចំ​នួន​៧៩៧សំ​ឡេង​របស់​គណបក្សប្រជាជន​កម្ពុជា​ បន្ថែម​ពី​លើការរក្សាបាននូវ​សំ​ឡេង​ឆ្នោត​១០០​ភាគ​រយ​ពី​សមាជិក​របស់​ខ្លួនដែល​បាន​បោះឆ្នោតគាំទ្រ​ គឺ​ជាការ​ឈ្នះ​ដាច់ជាង​៨១ភាគរយ​ ។ សំ​រាប់​ការ​បោះ​ឆ្នោត ព្រឹទ្ធ សភា​នីតិកាលទី​៣នេះ ​គណ​បក្ស​​ប្រជាជន​កម្ពុជា​កើន​អាសនៈ ដោយ​ទទួល​បាន​ចំ​នួន​៤៦ អាសនៈ ចំណែក​គណបក្សសម​ រង្ស៊ី​ បាន​ទទួល​១១អាសនៈ នេះ​បើ​តាម​ការ​គណនាតាម​រូប​មន្ត​គណិត​វិទ្យា​។
សមាជិកគណបក្ស សម រង្ស៊ី ដែល​ចាកចេញ​ពីបក្សដ៏ច្រើន​ភ្លូកទឹក​ភ្លូកដី​​ គឺជាសញ្ញា​វិជ្ជមាន​ឈានទៅ​រកការ​សំ​រេច​បាន​នូវ​ជោគជ័យ​បន្ថែមទៀត​ សំ​រាប់​ការរំ​ពឹង​ទុករបស់​គណបក្ស​ប្រជាជន​កម្ពុជានា​ឱកាស​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់​ នាខែមិថុនា ឆ្នាំ ២០១២ខាងមុខ​។
មិនដូច​ការ​បោក​ប្រាស់​សាធារណមតិដោយ​ លោក សម រង្ស៊ី​ និង​អ្នក​នាំពាក្យរបស់ខ្លួន​នោះ​ទេ។ ការពិត​ សមាជិកគណបក្សសម រង្ស៊ី ដែល​បាន​លាលែង​ពីបក្ស​ និង​បាន​បោះ​ឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា​ គឺពួកគាត់​មិន​ត្រូវ​បាន​សម្លុត បង្ខិត​បង្ខំ​ ឬ​ក៏ត្រូវបាន​ទិញ​ទឹក​ចិត្តដោយ​លុយកាក់នោះឡើយ ពី​ព្រោះ​ថ្នាក់​ដឹក​នាំ របស់គណបក្ស​ប្រជាជន​កម្ពុជាជាច្រើន​រូប​ ធ្លាប់​បាន​ចេញ​មកបដិសេធ​នូវ​ព័ត៌មានបំ​ភ្លើ​ស​ទាំង​នោះ​ ជាច្រើន​ដងមក ហើយ ជាមួយ​នឹង​ការបញ្ជាក់​ថា មន្ត្រីរបស់គណបក្សសម រង្ស៊ី ​ ដែល​មាន​ភក្តី​ភាព​​ជាមួយ​គណបក្សប្រជាជន​​ គឺជា មនុស្ស មិន​មែន​ជាទំ​និញ​ ឬសត្វធាតុ​សំ​រាប់​ការ​ទិញ​ដូរ​ដូច​អ្វី​ដែល​គេបាន​ចោទ​ប្រកាន់​ទេ។
ជារួម​ មេបក្ស សម រង្ស៊ី ក៏ដូច​ជាមន្ត្រី​អ្នក​នាំពាក្យ​គណបក្សប្រឆាំង​មួយ​នេះ​ ហាក់​ដូច​ជាបាន​ និង​កំ​ពុង​​ប្រកាសខ្លួន​ធ្វើ​ជាសត្រូវ​ជាមួយ​នឹង​ប្រជាពល​រដ្ឋរាប់​សែន រាប់លាននាក់ ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​​ប្រជាជន​កម្ពុជា​។ សិទ្ធិសេរីភាព​របស់​មន្ត្រី​គណបក្សសម រង្ស៊ី ដែលត្រូវ​បាន​គេប្រដូច​ជាស្លឹក​ឈើងាប់​ គឺត្រូវ​បាន​ការពារ​ដោយច្បាប់​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា​ ​ពល​រដ្ឋខ្មែរគ្រប់​រូប​មាន​សិទ្ធិ​គាំទ្រនយោបាយ​ទៅ​តាម​ឆន្ទៈរបស់​ខ្លួន​ជាម្ចាស់​អំ​ណាច​ ហើយ​ពួក​គេមិន​អាច​ត្រូវ​បាន​ជន​ណាមួយ​ប្រមាថ​ ឬដកហូត​សិទ្ធិនោះ​បានឡើយ​។ ម៉្យាង​ទៀត មន្ត្រី​ទាំង​នោះ​មិន​អាច​រងនូវ​ការដាក់​គំនាប​ណាមួយ​ ថា​ ពួក​គាត់​ត្រូវ​តែស្មោះត្រង់​​អស់មួយជីវិតជាមួយ​ជន​ផ្តាច់ការ​មួយ​ចំ​នួន​ក្នុង​គណបក្សសម រង្ស៊ី ជារៀង​រហូតនោះឡើយ។
ដូច្នេះ​ ការប្រដូច​មន្ត្រី​ទាំង​១៧៩រូប  « ជាស្លឹក​ឈើងាប់ »     គឺជាការ​មើលងាយ​មនុស្ស ពី​សំ​ណាក់​អ្នកតំ​ណាង​រាស្ត្រ​បក្សប្រឆាំង​ ដែល​ទង្វើនេះ​ គឺជាសារសំ​រាប់​ជូន​ពល​រដ្ឋខ្មែរម្ចាស់​ឆ្នោត​ពិចារណា​សំ​រាប់​ការ​បោះ​ឆ្នោត​នាពេល​ខាងមុខបន្តទៀត៕​

ពូន សំ​រេច