Friday, February 3, 2012

ទស្សនៈ តើការបោះឆ្នោតព្រឹទ្ធសភាខែមករាឆ្នាំ២០១២ប្រាប់យើងយ៉ាងដូច​ម្តេចខ្លះ?



ដោយមិនបានរាប់បញ្ចូលសមាជិកព្រឹទ្ធសភាពីររូបដែលនឹងត្រូវបានតែងតាំងដោយរដ្ឋសភាជាតិ និង​ពីរ​រូបទៀតដែលនឹងត្រូវបានតែងតាំងដោយព្រះមហាក្សត្រ​ យោងទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណាចក្រ​កម្ពុជា​ តាមចំ​នួនសន្លឹកឆ្នោត អាសនៈព្រឹទ្ធសភា៤៦អាសនៈត្រូវ​បាន​គ្រោង​ថា​ នឹងបានទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ហើយ​ចំនួន អាសនៈ​ព្រឹទ្ធសភា១១អាសនៈទៀត ក៏ត្រូវ​បានគ្រោង​ថានឹងបាន​ទៅ​គណបក្ស​​ សម រង្ស៊ី ​(SRP) ដែលជាការបង្ហាញឲ្យឃើញថា គណបក្ស​ប្រជាជនកម្ពុជា នឹងមានឥទ្ធិពល​គ្របដណ្តប់​ដ៏ច្រើនលើស​លប់នៅ​ក្នុង​ព្រឹទ្ធសភាជាតិនីតិកាល​ទី៣នេះ។​
រដ្ឋសភាជាតិទំនងជាតែងតាំងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនពីររូប ធ្វើឱ្យ​គណបក្ស​ប្រជា​ជន​ទទួលបានអាសនៈ៤៨។ ដោយមិន​អាច​ដឹង​ច្បាស់ជា​មុន សមាជិក​ព្រឹទ្ធសភាពីររូប ដែលនឹងត្រូវបានតែង​តាំង​ដោយព្រះមហាក្សត្រត្រូវ​បានសន្មត់​ថា ​ជាសមាជិក​ឯករាជ្យ។​ ទោះ​បី​ជនណាក៏ដោយ ជាពិសេសអ្នក​ដែល​នៅ​ក្នុង​គណបក្ស សម រង្ស៊ី គេប្រាកដជាបាន​មើលឃើញ​យ៉ាងច្បាស់ពិតប្រាកដថា ក្នុងការបោះ​ឆ្នោតនេះ ជាក់ច្បាស់ គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះដាច់ដ៏លើសលប់ ដោយ​បាន​ទទួល​នូវ​អាសនៈ​ជាង៨១ភាគរយ ហើយគណបក្ស សម​ រង្ស៊ីបានតិចជាង១៩ភាគរយប៉ុណ្ណោះ។
          ការរាប់ចំនួនសន្លឹកឆ្នោតវិញ បានបង្ហាញឲ្យឃើញថា ១០០ភាគរយនៃសមាជិកក្រុមប្រឹក្សាឃុំ សង្កា​ត់ ហើយ​និងសមាជិកសភាតំ​ណាងរាស្ត្រ​របស់គណបក្សប្រជាជនកម្ពុជា(CPP) បានបោះឆ្នោត​ឲ្យ​គណបក្ស​​ប្រជា​ជន​កម្ពុជា បូកបន្ថែមជាមួយនឹងសន្លឹកឆ្នោត ៧៩៧សន្លឹកបន្ថែមទៀត ដែលមិនមែនជាសមាជិក​គណបក្ស​​​ប្រជាជនកម្ពុជា ហើយក្នុងចំណោម៧៩៧នោះសន្លឹកឆ្នោត ១៧៩សន្លឹក បានមកពីគណបក្ស សម រង្ស៊ី។
 បើទោះបីជាសន្លឹកឆ្នោត ១៧៩នោះ គឺជា«ស្លឹកឈើងាប់ជ្រុះមកពីដើមឈើ ដែលកំពុងលូត​លាស់»​ក៏ដោយ ដូចដែលបានអះអាងដោយគ្មានការអៀនខ្មាស់របស់គណបក្ស សម រង្ស៊ី ការពិតនៅតែ​ជាកា​រ​ពិត​ដដែល គឺថា គណបក្ស សម រង្ស៊ី បានបាត់បង់ថ្នាក់ដឹកនាំ និងសមាជិកស្នូលសំខាន់ៗរបស់ខ្លួនចំនួន ១៧៩រូប។ នេះ គឺជារឿងដែលមិនអាចប្រកែកបាន។ នេះឆ្លុះបញ្ចាំង ឲ្យឃើញ​នូវការបែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស សម រង្ស៊ី។
 អ្នកវិភាគនយោបាយអន្តរជាតិដែលមានគំនិតយុត្តិធម៌ ហើយនិងអ្នកសង្កេតការណ៍​គណបក្ស​នយោ បាយ​កម្ពុជា​ បានសន្និដ្ឋានរឿងនេះថា ជាការបែកបាក់ដ៏ធ្ងន់ធ្ងររបស់គណបក្ស សម រង្ស៊ី ដូចរលក​យក្ស​ស៊ូណាមិ ​(tsunami) ដោយសារមានបញ្ហា​ជាមូលដ្ឋានមួយចំនួនទាំងផ្ទៃក្នុង និងពី​ខាងក្រៅ ជះ​ឥទ្ធិពលលើគណបក្ស សម រង្ស៊ី ដែលអាចត្រូវបានគេធ្វើសេចក្តីសង្ខេបដូចខាងក្រោមនេះ :

ផ្ទៃក្នុងគណបក្ស សម រង្ស៊ីៈ

·      បញ្ហាចំបង គឺបណ្តាលមកពីលោក សម រង្ស៊ី ខ្លួនឯងផ្ទាល់។ ឥរិយាបថឥតទៀង​ទាត់​ពាសវាល​ពាស​កាល ការលើកកំ​ពស់​ខ្លួន​ឯងហួសហេតុ​ ទស្សនៈនយោបាយជ្រុលនិយមរបស់គាត់ ការសងសឹក​ដក់ក្នុងបេះ​ដូង​គាត់ មិនដែលស្រាកស្រាន្ត ហើយនិងផ្នត់គំនិត​ដដែលរបស់គាត់តាំង​ពីចុង​ឆ្នាំ​១៩៩​០​​មក ត្រូវ​បាន​បញ្ចេញ​តាមគ្រប់សកម្មភាពរបស់គាត់ទាំងអស់ ដែលនាំឲ្យ​កើតមាននូវស្ថានការណ៍ ​ដូច​​​សព្វ​ថ្ងៃ គឺគាត់ទទួលការកាត់ទោសដោយច្បាប់នៃតុលាការកម្ពុជា។
·      បញ្ហាទី២ គឺគ្មានការស្មើភាព និងការគោរពគ្នាទៅវិញទៅមករវាក្រុម​អ្នក​ដឹក​នាំគណបក្ស សម រង្ស៊ី​ “ថ្នាក់ជាតិ” និងថ្នាក់មូលដ្ឋាន
·      បញ្ហាទី៣ គឺស្ទើរតែចប់អាណត្តិទី ៤ នៃសភាជាតិទៅហើយ កាលានុវត្តភាពមួយចំនួនដ៏​កម្រ​របស់​គណបក្ស សម រង្ស៊ី ត្រូវបានបែងចែក ជាពិសេសក្នុងចំណោម”ថ្នាក់ដឹកនាំជាតិ ប៉ុណ្ណោះ»
·      បញ្ហាទី៤ គឺមានការខ្វះខាតក្នុងទិសដៅដឹកនាំដោយសារអវត្តមាននៃគោលដៅច្បាស់លាស់និង​គម្រោ​ង​​សកម្មភាព និងការព្រមព្រៀងរួមក្នុងការសម្រេចចិត្ត។ គណបក្សធ្វើការប្រែប្រួល​និង​ផ្លាស់ប្តូរ​គោលនយោបាយតាមតែបញ្ជារបស់​លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ​ ។ វាធ្វើឱ្យ​មាន​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ​​ចំពោះផ្លូវ​ចិត្តសមាជិកស្មោះត្រង់ និងប្រជាជនដែលធ្លាប់​គាំទ្រ​គណបក្ស សម រង្ស៊ី​ឱ្យ​ដើរ​ចេញ​ពី​គណបក្សនេះ​។
·      បញ្ហាទី ៥ គឺគ្មានការយល់ដឹងអំពីប្រធានបទហៅថា “ ការដោះស្រាយបញ្ហា” ដោយគិតថា​នៅ​​ក្នុង​គណបក្ស សម រង្ស៊ី គឺគ្មានបញ្ហាឡើយ។ ពីព្រោះ វាគឺជាភាពដឹកនាំផ្តាច់ការដែល​សមាជិក​បក្ស​ត្រូវ​តែរត់តាម​អ្នកកាន់ទង់ជ័យ​ដើរមុខ

ពីខាងក្រៅគណបក្ស សម រង្ស៊ីៈ

· គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានការរួបរួមផ្ទៃក្នុងយ៉ាងរឹង​មាំ​ ហើយដែល​ជាការ​ប្រឈមជា​ចម្បងរបស់គណបក្ស សម រង្ស៊ី ។
· រាជរដ្ឋាភិបាលបួនអាណត្តិរបស់គណបក្សប្រជាជន ក្រោម​អាណត្តិសភាជាតិទាំងពីរ​ ដែល​គណបក្ស​ប្រជាជន​មានសំ​ឡេង​ច្រើន​លើសលប់បាន​នាំមក និង​បន្តនាំមកនូវ សន្តិសុខ និងស្ថិរភាព អភិវឌ្ឍ​ផ្នែកសង្គម សេដ្ឋកិច្ច ភាព​ជឿនលឿន ការរីកចំ​រើន ហើយនិងភាពកាន់តែប្រសើរឡើងក្នុងជីវ​ភាព​​របស់ប្រជាជន តាំងពីថ្នាក់​លើ​ដល់​ក្រោម រមណីយភាពក្នុង​សកម្មភាព​របស់ រាជ​រដ្ឋា​ភិ​បាល និង​ប្រជាជន ហើយនិងកិត្យា​នុភាព​របស់ជាតិក្នុង​វេទិកា​អន្តរ​ជាតិ ។
· ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជន ជាពិសេសក្នុងអំឡុងពេល ២ អាណត្តិ​ចុងក្រោយ​នេះ​គ្មានប្រជាជនកម្ពុជាមួយរូបណាស្លាប់ដោយការអត់ឃ្លាន ពីព្រោះដោយ​គ្មាន​អាហារ។
· គ្រោះធម្មជាតិទាំងឡាយត្រូវបានដោះស្រាយដោយការពេញចិត្តនិង ជាទីកោតសរសើរ។
· យុវជន និងឪពុកម្តាយរបស់ពួកគេ យល់ដឹងថា ពួកគេនឹងមានអនាគតល្អ​ប្រសើរក្រោម​ការ​​​ដឹក​នាំ​របស់គណបក្សប្រជាជនកម្ពុជា។
[
        

            ការប្រឈមមុខភ្លាមៗនេះ​របស់​គណបក្ស សម រង្ស៊ី គឺជាទ្វេគ្រោះដែលមិនអាចបដិសេធបានរបស់​គណបក្ស សម រង្ស៊ី ដែលត្រូវ​ដកចេញនូវសមាជិក ស្នូលដ៏សំខាន់ៗរបស់ខ្លួនចំនួន ១៧៩នាក់ដែលបាន​ចាកចោល​គណបក្សសម រង្ស៊ី​ថ្មី​ៗនេះ​ ហើយត្រូវស្វែងរកនូវសមាជិកគណបក្ស សម រង្ស៊ី ថ្មី”​សំខាន់​ៗ”​ដើម្បីជួរមុខនៅក្នុងការបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ខែមិថុនាឆ្នាំ ២០១២ខាងមុខ។ ជាផល​វិបាក រឿងនេះនឹង​ធ្វើឲ្យមានបញ្ហា​កាន់តែធ្ងន់ធ្ងរបន្ថែមទៀត និងការបែកបាក់កាន់តែធំ​ឡើងក្នុងគណបក្ស សម រង្ស៊ី។
          ដោយ​មិនចាំ​បាច់​ធ្វើ​អត្ថាធិប្បាយ​​ប្រើពាក្យ​ពីរោះពី​សា ដោយ​មិន​បានប្រឹង​ការពារ​មូល​ហេតុ​ ដែល​​មិនអាច​ការពារ​បាន​ គេឃើញ​មាន​ការយល់​ស្រប​ជាមួយ​គ្នាក្នុងចំ​ណោម​អ្នក​វិភាគ​ថា​​ នឹង​មាន​ការ​រត់​ចោលជួរ​កាន់តែ​​​ច្រើន​ឡើង​ៗចេញពី​គណបក្សសម រង្ស៊ី​  ហើយ​ក៏​នឹង​មាន​កំ​ណើនក្នុង​ចំ​នួន​កាន់​តែ​ច្រើន​ឡើង​នៃ​អតី​ត​សមាជិកស្នូល​​និង​សមាជិក​សកម្ម​សម រង្ស៊ី​ទៅ​ចូលក្នុងជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។

ថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០១២
សាស្ត្រាចារ្យ ប៉ែន ងឿន
សមាជិកអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈដ្ឋមន្រ្តី
និងជា​ទីប្រឹក្សាសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ភ្នំពេញ