Saturday, February 4, 2012

ប្រសាសន៍​របស់ ឯកឧត្តម សុខ អាន ស្តីពីការ​ប្រកាស​សាល​ដីកាស្ថាពរ​របស់​អង្គ​ជំនុំ​ជម្រះ​​តុលាការ​​កំពូល​ នៃអ.វ.ត.ក. ក្នុង​សំណុំ​រឿង កាំង ហ្កេកអ៊ាវ ហៅឌុច


ប្រសាសន៍របស់ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងារ​នៃរាជ​រដ្ឋាភិបាលទទួលបន្ទុក​កិច្ចការសាលាក្តី​ ខ្មែរក្រហម ស្តីពីការប្រកាស​សាលដីកាស្ថាពររបស់​អង្គជំនុំជម្រះ​តុលាការ​កំពូល​ នៃអ.វ.ត.ក. ក្នុងសំណុំរឿង កាំង ហ្កេកអ៊ាវ ហៅឌុច
ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១២

ថ្ងៃនេះ គឺជា​ថ្ងៃប្រវត្តិសាស្ត្រ​សម្រាប់ប្រទេស​ជាតិរបស់យើង​ និង​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។​ ចាប់​តាំង​ ពីរបប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​នៅថ្ងៃទី៧​ ខែមករា​ ឆ្នាំ ​១៩៧៩ ​រួចមក គឺអស់រយៈពេល ៣៣ ឆ្នាំមកហើយ ​គឺ​យើង​បានខិត​ខំ​កសាង​ប្រទេស​ជាតិយើងឡើងវិញ ពោលគឺ ដៃម្ខាង​ទប់ស្កាត់​ការវិលត្រឡប់​មកវិញ​នៃរប​បប្រល័យ​ពូជសាសន៍​ ប៉ុល​​ ពត ហើយ​ដៃម្ខាង​ទៀត គឺ​​កសាងប្រទេសជាតិយើងឡើងវិញ។ ទន្ទឹម​​នឹងនេះ យើង​ក៏មិនបានភ្លេច​នូវតម្រូវ​ការចាំបាច់​ នៅក្នុង​ការស្វែង​រកយុត្តិធម៌​ចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងអំឡុងសម័យកាល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ សម្រាប់​ជនរង​គ្រោះ​ផង មិន​ភ្លេចការ​ចងចាំ​ដល់ជន​រងគ្រោះ ​និងមិនភ្លេច​ការធ្វើ​ឲ្យប្រាកដ​ថា សោកនា​ដកម្ម​បែបនេះ​ នឹង​មិនអាច​វិល​ត្រឡប់​មក​វិញ​ឡើយ។  

ជនរងគ្រោះ និងជន​ដៃដល់​ជាច្រើន​នៃឧក្រិដ្ឋកម្ម​ទាំង​នេះ មិនបាន​រស់ទាន់​ការប្រកាស​សាលដីកា​នេះទេ។ យើង​ទាំងអស់​គ្នា ជនរង​គ្រោះ និង​សាច់ញាតិ​រ​បស់ជន​រងគ្រោះ​ដែល​បាន​រស់រាន​មាន​ជីវិត និង​ប្រជា​ជន៧០%ដែល បានចាប់​កំណើត​ចាប់តាំង​ពីឆ្នាំ ១៩៧៩ បាន និង​កំពុង​ទន្ទឹង​រង់ចាំ​សាលដីកា​ថ្ងៃនេះ​យ៉ាង​អន្ទះសា។  ទម្រាំ​ម​កដល់ ពេល​ចេញ​សាលដីកា​ស្ថាព​រលើសំណុំ​រឿង ០០១ ប្រឆាំង កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធាន​មន្ទីរស-២១ ដោយ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូលនៅ​ថ្ងៃនេះ គឺត្រូវ​ធ្វើដំណើរ​ឆ្លងកាត់នៅ​លើផ្លូវដ៏​វែងឆ្ងាយ និងយ៉ាង​លំបាក​លំបិន។  នេះគឺជា​ភាពជោគ​ជ័យមួយ។

នៅ ​ប្រទេស​កម្ពុជា​យើង​នេះ សាលាក្តី​ប្រភេទថ្មី​មួយត្រូវ​បានបង្កើត​ឡើងដែល​មិនធ្លាប់​មានក្នុង​ ប្រវត្តិយុត្តិធម៌ អន្តរជាតិ ពោលគឺ​តុលាការ​ជាតិដែល​មានកិច្ច​សហប្រតិបត្តិការ ការចូល​រួម និងជួយ​ឧបត្ថម្ភពី​អង្គការ​សហប្រជាជាតិ ពីសហគមន៍​អន្តរជាតិ។ អ.វ.ត.កបាន​ប្រព្រឹត្តទៅ​បានយ៉ាង​ត្រឹមត្រូវ​តាមនីតិវិធី​ច្បាប់ជាធរ​ មានទាំង​អស់ និងបាន​ជំនុំ ជម្រះ​សេចក្តី​ដោយ​យុត្តិធម៌​ក្នុង​សំណុំ​រឿង​០០១ ទៅលើ​ប្រធាន​គុក ស-២១ ដែល​គេដឹង​ឮគ្រប់ៗ​គ្នាពី​បទ​ឧក្រិដ្ឋកម្ម ប្រឆាំង​នឹង​មនុស្សជាតិ និងឧក្រិដ្ឋកម្ម​សង្គ្រាម។ ប្រជាជន​ជាង១០​ម៉ឺននាក់​បានមក​ទស្សនា​សាលា​ក្តីនេះ​ដោយ​ផ្ទាល់ ខណៈ​ដែល​មាន​ប្រជាជន​រាប់​លាន​នាក់ផ្សេង​ទៀត​ តាមដាន​ដំណើរ​ការសវនាការ តាមរយៈ​ការផ្សាយ​បន្តផ្ទាល់​តាមវិទ្យុ និង​ទូរទស្សន៍។ អ.វ.ត.ក អនុញ្ញាតឲ្យ​ជនរងគ្រោះ​ចូលរួម​ក្នុងឋានៈ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ដែលមិន​ ធ្លាប់មាន ពីមុន​មក។

ថ្ងៃនេះ ចៅក្រម​ទាំង ៧ រូបនៃ​អង្គជំនុំ​ជម្រះតុលាការ​កំពូល​បានឈាន​ដល់​សេចក្តីស​ម្រេច​ជាស្ថាពរ និងបិទ ផ្លូវ​តវ៉ា​ចំពោះ​សំណុំរឿង​ដ៏សំខាន់​នេះ។ ខ្ញុំសូម​ឆ្លៀត​ឱកាស​នេះ សម្តែង​នូវការ​កោតសរ​សើរដ៏ជ្រៀល​ជ្រៅជូន​ចំពោះ លោក លោកស្រី នាងកញ្ញា​ទាំងអស់ ដែលបាន​ចូលរួ​ម​ចំណែក​បំពេញ​កិច្ចការទាំង​នេះ ពោលគឺ​លោក និង​លោកស្រី ចៅក្រម សហ​ព្រះរាជ​អាជ្ញា មេធាវី​តំណាងដើម​បណ្តឹង​រដ្ឋប្បវេណី ក៏ដូច​មេធាវីការ​ពារក្តី មន្ត្រី​តុលាការ និង​បុគ្គលិក ទាំងអស់ គឺទាំង​ជាតិ និង​អន្តរ​ជាតិ ព្រមទាំង​ប្រជាជន និង​រដ្ឋាភិបាល​នានា ជាអាទិ៍ គឺមិត្ត​របស់ អ.វ.ត.ក ដែល​បាន ផ្តល់ថវិកា​សម្រាប់​ដំណើរការ​សាលាក្តីនេះ។
           
ហើយ ​ជាទីបញ្ចប់​នេះ ខ្ញុំសូម​និយាយទៅ​កាន់អ្នក​រស់រាន​មានជីវិត​ពីគុក ស-២១ និង​បងប្អូន​ ព្រមទាំង​មិត្ត ភក្តិនៃ​អ្នកដែល​ត្រូវបាន​ឃុំខ្លួន មិនមាន​ភ័ព្វ​សំណាង​រស់រាន​មានជីវិត​រហូត​មកដល់​សព្វថ្ងៃ ដើម្បី​ឃើញពី​ការកាត់​ទោស​នេះឲ្យបាន​ជ្រាបថា ថ្ងៃនេះប្រជាជន​កម្ពុជា​និង​ពិភពលោក​ទាំងមូល សូម​រំលឹក​ដល់អ្នក​ដែលបាន​បាត់បង់​ជីវិត​ហើយ​សង្ឃឹមថា ការសម្រេច​សេចក្តី​ចុងក្រោយ​របស់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​នៃ អ.វ.ត.ក របស់​យើង​នេះពិត​ជា បាន​រំលែក​នូវការ​ឈឺចាប់ និងការ​សោក​សង្រេង និង​ទុក្ខលំបាក​វេទនាដែល​ជនរង​គ្រោះបាន​ឆ្លងកាត់​ជាក់​ជា​មិនខាន។