Sunday, March 4, 2012

បទ​សម្ភាសន៍ ឯកឧត្តម​​បណ្ឌិត ហេង វ៉ាន់ដា​ នាយក​​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ​ ជាមួយ លោក ជុំកុសល ទូរទស្សន៍ ស៊ីធីអ៊ីន ស្តីពី​ស្ថានភាព​​នៃ​សេដ្ឋកិច្ច​ពិភពលោក និងក្នុង​តំបន់​


ថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០១២​
លោក ជុំកុសល
សំណួរ៖ ​ មកដល់​ពេលនេះ ខ្ញុំចង់ដឹងថាតើ​សេដ្ឋកិច្ច​ពិភពលោក​មានបំរែ​បំរួល​ដូចម្តេច​ហើយ ជាពិសេស​ចំពោះ​បណ្តា​ប្រទេស​G8 G20 ក្នុងតំបន់​អាស៊ាន ក៏ដូចជា​ប្រទេស​យើង​?

ឯក​ឧត្តមបណ្ឌិត ហេង វ៉ាន់ដា​
ចម្លើយ ​៖ នៅពេលដែលយើង​ចាប់ផ្តើម​ពិភាក្សា​អំពីបញ្ហា​សេដ្ឋកិច្ចក្នុង​ពិភព​លោក ក្នុងតំបន់​អឺរុបក្តី តំបន់អាស៊ានក្តី​ ខ្ញុំមានការចាប់អារម្មណ៍មួយ គឺបងប្អូនប្រជាពលរដ្ឋយើង​សព្វថ្ងៃ​ខុសពី​សម័យ​មុន​ ពីព្រោះសព្វថ្ងៃនេះបងប្អូន​យើងក៏ចាប់អារម្មណ៍អំពីបញ្ហា​ សេដ្ឋកិច្ចក្នុងតំបន់ខ្លាំងដែរ​ ពិសេស​ក្រោយ​ពីមានវិបត្តិ​សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០០៨​-២០០៩ មក គឺគ្រប់អ្នកដែលធ្វើអាជីវកម្ម​ធំៗក្តី កណ្តាលក្តី តូចក្តី គឺមានការចាប់អារម្មណ៍​ ពីព្រោះវា​ធ្វើឲ្យឥទ្ធិពល​នៃចំណេះវិជ្ជា​ខាងផ្នែក​សេដ្ឋកិច្ច​​ហាក់បី​ដូចជា ​មានការវិវត្តន៍​​។

អញ្ចឹងខ្ញុំសុំជម្រាបជូនអំពីសេដ្ឋកិច្ចពិភពលោក ​ ពិសេសនៅក្នុងតំបន់G8 តើមានការវិវត្តន៍​យ៉ាងដូចម្តេច​ នៅត្រីមាសទី៤ ឆ្នាំ២០១១ នេះ? ។ នៅត្រីមាសទី៤ ឆ្នាំ២០១១ បើគិតនៅ​ក្នុង​ប្រទេស​G8 គឺដូចគ្នានឹងត្រីមាសទី១ ទី២ ទី៣ ឆ្នាំ២០១១ អញ្ចឹងដែរ​ គឺមានការឡើងបន្តិចបន្តួចត្រឹម ១,២ ទៅ១,៣ ឬក៏សូន្យក្បៀសជាដើម​។ នៅក្នុងចំណោមប្រទេស​G8 នេះ​យើងចាប់​អារម្មណ៍​ទៅលើ​ប្រទេស​ជប៉ុន​។ ប្រទេស​ជប៉ុន កាលពី ត្រីមាសទី១ គឺ -១ ត្រីមាសទី២ គឺ -១ ដដែល ត្រីមាស​ទី៣ គឺ -០,៧ និងត្រីមាសទី៤ គឺ -១ បានន័យថាកាន់តែធ្លាក់ទៅវិញ​។​ ប្រទេសគេដ៏ទៃ គឺ​អតិផរណា ចំណែកឯប្រទេសជប៉ុន គឺបរិផរណា បានន័យថាតម្លៃកាន់តែធ្លាក់ចុះ​ ថយចុះ ហើយមុខ​ទំនិញ​ក៏កាន់​តែថយ​ចុះ​ តម្លៃធ្លាក់​ចុះ​​។​

ចំណែកឯ ​ ប្រទេស១២ ទៀត យើងឃើញថា​សន្ទុះនៅតែខ្លាំង។​ ខ្លាំងជាងគេគឺប្រទេសចិន​។ នៅត្រីមាសទី៤ នេះ ចិនឡើងដល់ទៅ​៨,៩ ហើយនៅត្រីមាសទី១ ឆ្នាំ២០១២ ក៏ចិន​នៅមាន​សន្ទុះ​នៅ​តែ​ខ្លាំង​ដដែល គឺ​៨,៩​ ទៅ១០,០ ដដែល។​ ប្រទេស​ទួគី ប្រទេសឥណ្ឌូនេស៊ី ប្រទេសឥណ្ឌា​ គឺនៅ​តែ​ខ្លាំង​ដដែល គឺមាន​៨; ៦; ៧ មានន័យថា​G8 ដែលជាប្រទេសកំពុងអភិវឌ្ឍន៍​ ដែល​កំពុង​ជួប​បញ្ហា​​គឺ GDP មិនទាន់ងើប​នោះ​គឺនៅទ្រឹង​ដដែល​។ ចំណែក​ឯប្រទេស១២ ទៀត​កាន់​តែ​ខ្លាំង​ឡើង​ៗ​។ រីឯនៅក្នុងតំបន់អាស៊ានរបស់យើង​គឺ​មានចំនួន១០ប្រទេស ហើយដែល​យើងចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នៅត្រីមាសទី៤នេះ គឺ​ប្រទេសឥណ្ឌូនេស៊ី ៦,៥។ ប្រទេសឥណ្ឌូនេស៊ី​មាន​GDP ៦,៥ ក៏ពិត​មែន​ ក៏ប៉ុន្តែតម្លៃរបស់​GDP នេះគឺធំជាងគេនៅក្នុងអាស៊ាន​ ពីព្រោះតម្លៃនេះថេរក្នុង១ឆ្នាំ​។ ប្រទេស​ម៉ាឡេស៊ី​​ នៅត្រីមាស​ទី​៤ នេះ គឺ៥,២ ។ ប្រទេសវៀតណាម​៦,១​។ រីឯប្រទេសដ៏ទៃទៀតតិចតួច​ទេ​ ប៉ុន្តែ​ដែលយើង​ចាប់អារម្មណ៍​ជាងគេ គឺឡាវ និងកម្ពុជា​។ ប្រទេសឡាវ​មិនមាន​ទិន្នន័យ​ប្រចាំ​ត្រីមាស​ដែល​អាចតាមដាន​ជាប់នោះទេ​ ប៉ុន្តែឡាវ​ដែលគេបានទោះទាយមើល​ គឺGDP សរុបក្នុងឆ្នាំ២០១១ ឡើង​ដល់​៨,១ ឬ៨,២​។ ចំណែកប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលជាប់ចំណាត់ថ្នាក់ទី២ក្នុង​​​ អាស៊ាន​គឺខ្ទង់​៧,0​។ ដោយសារប្រទេសយើងមានទឹកជំនន់ កុំអីយើង​អាចឡើងដល់ជិត៨​។ រីឯប្រទេសថៃ នៅត្រី​មាស​ទី៤នេះ​ គឺចេញសញ្ញាដក គឺខ្ទង់ -៧ ទៅ​ -៨ ឬ -៩ មានន័យថា​ភាពវឹកវរ​ខាង​នយោបាយ​ផង​ និងភាពវឹកវរ​ទាក់ទង​នឹងទឹកជំនន់​ផង​ ធ្វើឲ្យប្រទេស​ថៃធ្លាក់ចុះខ្លាំង នេះបើផ្អែក​តាម​គេហទំព័រ​ខ្លះ គឺអះអាង​ថាធ្លាក់​ដល់ -៩​ នៅត្រីមាស​ទី៤​ឆ្នាំ២០១១។

ចំណែកប្រទេស ​នៅក្នុង​តំបន់​អឺរុប ដែលជាប់ក្នុង​ការ​អង្កេត​ទី១ គឺប្រទេសក្រិច​ ដែលមាន​រហូត​ដល់​ -៧​ក្នុងត្រីមាសទី៤​ ហើយតាំងពីវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០០៨-២០០៩មក​ គឺប្រទេសក្រិច​គឺមាន​​សញ្ញា​អវិជ្ជមាន​រហូត​។​នៅត្រីមាសទី៣ គឺក្រិច​ -៥​​​។ នៅត្រីមាសទី១ ឆ្នាំ២០១២នេះ ប្រទេស​ក្រិច​ក៏នៅតែ -៧ ឬ-៨ ដដែល មានន័យថា​សេដ្ឋកិច្ចមិនងើបទេ​។​

ប្រទេសព័រទុយហ្គាល់ ​ គឺ -២,៧ ។ ប្រទេសអេស្បាញគឺ ០,៣ គឺអត់មានសញ្ញាអវិជ្ជមានទេ​។​ប្រទេស​អៀរឡង់គឺ -២,៧ ។ ប្រទេស​អ៊ីតាលី -០,៧ ។ អញ្ចឹងប្រទេសនៅតំបន់អឺរុប ដែល​មាន​ប្រទេស​​​សំខាន់ៗ ៣ ឬ៤ ដែលយើងធ្វើការអង្កេត​នេះ​ គឺសុទ្ធតែមាន​GDP ធ្លាក់ចុះដដែល​។​

សរុបមក ​សេដ្ឋកិច្ចក្នុងពិភពលោក ប្រទេសG8មានការឡើងបន្តិចបន្តួច​ មានតែអ៊ីតាលី​ និង​ជប៉ុន​ទេដែលចេញ​សញ្ញាអវិជ្ជមាន​ក្នុងត្រីមាសទី៤​។ ចំណែកប្រទេសបារាំង និងអង់គ្លេស​ ទោះបី​ជា​គ្មាន​សញ្ញាអវិជ្ជមាន​ ប៉ុន្តែក៏ជាប់ក្នុងការអង្កេតដែលប្រុងមានសញ្ញាអវិជ្ជមាន​ដែរនៅ​ពេល​ខាងមុខ​ នេះ​ ប្រសិន​បើ​​គ្មានការការប្រែប្រួលទេ​។ ប្រទេសG12 ដែលបូកបន្ថែមឲ្យ​G8 អត្រា​GDP មាន​ការ​ងើប​ហើយ​ថេរ​។ ឯប្រទេសអាស៊ានទាំង១០​ ​គឺកំពុងតែរីក​ស្គុះស្គាយ​។​ ដោយឡែកប្រទេសដែល​យើង​សប្បាយ​ចិត្តរីករាយនឹងទទួល​យក​នូវGDP ផ្លែផ្កា​គឺ​ឡាវ និងកម្ពុជា​។ ប្រទេស៤ នៅតំបន់អឺរុប​ ដែល​ពិភពលោក​ព្រួយបារម្មណ៍​​ជាងគេគឺ​​នៅតែចេញ​សញ្ញាអវិជ្ជមាន​ដដែល​​។​ ជាទិដ្ឋភាពរួម​ សេដ្ឋកិច្ច​ពិភពលោក​​នៅមិនទាន់​មាន​ភាព​ល្អប្រសើរនៅឡើយ​ទេ​ លើកលែង​​​តែតំបន់​អាស៊ី​​។​

លោក ជុំ កុសល​
 សំណួរ ​៖ ខ្ញុំចាប់អារម្មណ៍ពីរឿងបំណុល។​ តើ​បំណុលនៅសហរដ្ឋអាមេរិក​ នៅអឺរុប របស់​បណ្តា​​ប្រទេសG8 និង​G20 និងបណ្តាប្រទេស​នៅអាស៊ានយើងនេះ​មកដល់ពេល​នេះ​តើ​មាន​ការ​ប្រែប្រួល​​ យ៉ាងម៉េច​ដែរ?​

ឯក​ឧត្តមបណ្ឌិត ហេង វ៉ាន់ដា​
ចម្លើយ ​៖ តាមការតាមដានរបស់ខ្ញុំ សម្រាប់ប្រទេសG8 G12 អាស៊ាន​ តំបន់អឺរុប និង​ពិសេស​តំបន់ប៉ុន្មានប្រទេសមានបញ្ហានោះ​ ខ្ញុំឃើញបំណុលនៅតែ​ដដែល ហាក់បីដូចជា​គ្មាន​ស្រក​ស្រុត​​ទេ​។ នៅសហរដ្ឋអាមេរិក​ ដែលជាប្រទេសក្នុងចំណោមG8 នោះបំណុល​ គឺនៅតែដដែល​ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក អ្វីដែលយើងមើលឃើញ​គឺអត្រា នៃភាពអត់ការងារធ្វើគឺមានការធ្លាក់ចុះ។​​ បច្ចុប្បន្ន​គឺធ្លាក់​មកនៅត្រឹម​៨,៣ ប៉ុន្តែមិនមែនមានន័យថា​ អត្រាគ្មានការងារ​ធ្វើនេះធ្លាក់ចុះ​បែរ​ទៅ​ជា​ល្អ​ទេ​ ពីព្រោះ​GDP អត់ងើបគឺនៅតែដដែល ហើយថែមទាំងថយចុះបន្តិចថែមទៀត​។ រីឯរឿង​បំណុល​គឺនៅ​តែដដែល​ គឺជិត១០០%ដដែល​។ ចំពោះបំណុលក្នុងចំណោមប្រទេសG8 អ្នក​ដែល​មាន​បំណុល​ច្រើនជាង​គេ គឺប្រទេសជប៉ុន​២២០% ឯណោះ​។ ឯប្រទេសបារាំង អង់គ្លេស អ៊ីតាលី​ អាមេរិក​គឺនៅតែថេរដដែល​។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺមានភាពធូរស្រាលតែក្នុងរឿង​អត្រា​អត់មាន​ការងារធ្វើគឺ​ធ្លាក់ចុះ ចំណែកបំ​ណុលគឺនៅថេរដដែល និងធ្ងន់កដដែល​ ពិសេសគឺGDP មិនងើប​។ ភាពអត់ការងារធ្វើធ្លាក់ចុះមានន័យថា​ កម្មករ បុគ្គលិកដែលទាត់ខ្យល់​យូរឆ្នាំហើយនោះ​ ពីមុនតម្លៃ​ឈ្នួលពលកម្ម​ថ្លៃ​គឺគាត់អត់ការងារធ្វើ​ ប៉ុន្តែសម្រាប់ពេលនេះ​តម្លៃប៉ុន្មានក៏គាត់ព្រមធ្វើដែរ​។ ចំណុចនេះហើយដែលយើងអាចសន្និដ្ឋានថា​ បើGDP មិនងើប បំណុលនៅតែថេរ​ កម្មករ បុគ្គលិក​ទទួល​​យក​នូវការកាត់បន្ថយប្រាក់ខែ​​ដោយស្វ័យប្រវត្តិបែបនេះ​ ដែលពីមុនជីវភាពធ្លាប់រស់នៅហូប​ហ៊ាំប៊ឺហ្គ័រ បី សព្វថ្ងៃនៅសល់តែពីរទេ​ក៏គាត់ព្រមដែរ។ ​​ចំណែកប្រទេស​G12  នៅតែខ្លាំង​ ដូចជា​ប្រទេស​ចិន​ ប្រទេសឥណ្ឌូនេស៊ី ជាដើម។ បំណុលប្រទេសទាំងនេះនៅតែ​ធុនល្មម តិចតួច​ មិនងើប ហើយ​ក៏មិនថយ​ ប៉ុន្តែ​ប្រទេស​ទាំងអស់​នោះ​នៅតែមាន​GDP ខ្លាំងដដែល​។ ទាក់ទងដល់តំបន់អឺរុប ជាពិសេស​បរទេស៤​ នោះ​ដូចជាក្រិច ព័រទុយហ្គាល់​ អៀរឡង់ អេស្បាញ​ បំណុលនៅតែខ្លាំង និងគ្មានអ្វី​មួយ​ទៅ​ជួយ​​ឲ្យ​ធ្លាក់ចុះទេ​។ បើនិយាយ​អំពីក្រិចវិញ​ បំណុលគឺកាន់តែធ្ងន់ធ្ងរឡើងៗ​ រហូត​ដល់​​​​កាត់ប្រាក់​ខែ​​​ដល់២២%​។ អ្នក​ម្ចាស់​បំណុល​​ទាំងប៉ុន្មាន​ហៅ​​មកជុំ​គ្នា​​ដើម្បីកាត់​ចោល​​ពាក់​ កណ្តាល​​​ ពីព្រោះវិបត្តិបំណុលរបស់គាត់គឺដល់កំពូលហើយ រហូតដល់កាត់បន្ថយមន្ត្រីរាជការ​នៅក្នុង​រដ្ឋ​រហូត​ដល់​ទៅ១២០០០នាក់​ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនគឺក្រុមហ៊ុននោះ​ត្រូវបិទទ្វារហើយ​។​
ខ្ញុំបាននិយាយតាំងពីដើមមកថា បំណុលគ្មានអ្វីដោះស្រាយបានទេ​ គឺមានតែ​ការកាត់​បន្ថយ​ចំណាយ​​ គឺកាត់បន្ថយជីវភាពរស់នៅសព្វថ្ងៃ​ ដែលមានឋានៈជាប្រទេស​ឋានសួគ៌​ឲ្យធ្លាក់​ចុះមក​ស្មើ​គេ​ឯង​​ ហើយ​បើ​ឲ្យក្រិចចុះតែឯង​ គឺក្រិចមិនព្រមទេ អញ្ចឹង​ប្រទេស​អឹរុបទាំងមូល​ត្រូវអង្គាស​លុយគ្នា​ជួយ​ គឺសុខចិត្តធ្លាក់​ព្រមគ្នាទៅម្តងបន្តិចៗ​។​

ចំពោះបណ្តាប្រទេសអាស៊ានទាំង១០ ស្ថានភាពបំណុល​គឺប្រទេសឥណ្ឌូនេស៊ីមាន២៥%​ ថៃឡង់ ៤៣%​ ម៉ាឡេស៊ី ៥២%​ សឹង្ហបុរី ១០៥% វៀតណាម​៥៧% ហ្វីលីពីន​ ៥៥%​ ឡាវ៦២% ចំណែកឯកម្ពុជាគឺមានតែ២៩,៨% ទេ​។ ប្រទេសមីយ៉ា់ម៉ា ឡើងដល់​៤២%​។ បើនិយាយ​ឲ្យចំ​នៅ​ក្នុង​បណ្តា​​ប្រទេសអាស៊ាន​យើងនេះមានតែ​ប្រទេស​ ប្រុយណេទេដែលមិនព្រមខ្ចីគេ ឬក៏ខ្ចីគេតិចតួច​ ក្រៅពី​​នេះគឺមានតែ​កម្ពុជាទេ​ដែលមានបំណុលតិចជាងគេ។​​ បើគិតអំពី​GDP ឡាវឡើងដល់​៤៤,៧%​ ទៅហើយ​ អញ្ចឹងសុំកុំឲ្យ​ខាង​ ធនាគារពិភពលោកក្តី មូលនិធិរូបិយវត្ថុអន្តរជាតិក្តី ភ័យព្រួយ​​ទៅលើ​បញ្ហា​បំណុល​នៅកម្ពុជា​​ធ្វើអី​​។

លោក ជុំ កុសល​
សំណួរ៖ ​ ខាងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ គាត់មានការព្រួយបារម្ភ​អំពី​​បំណុល​​របស់​កម្ពុជា ជាពិសេសបំណុលជាមួយចិន​។ ខ្ញុំគិតថាបំណុលវាមានពីរប្រភេទ​ក្នុងការខ្ចី​មក​នេះ​​។ ប្រសិន​បើយើងខ្ចី​មកនេះដើម្បីបំពេញកិច្ចការ​ងាររដ្ឋបាល នោះយើងមានការព្រួយបារម្ភ​ ក៏ប៉ុន្តែ​​បំណុលសម្រាប់យកមកផលិត​GDP  បំណុលយកមកអភិវឌ្ឍជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាប្រការដែលមិនគួរឲ្យព្រួយបារម្ភនោះទេ​។ ទាក់ទងនឹងរឿងនេះ​តើ​ ឯកឧត្តមបណ្ឌិត​យល់ឃើញ​យ៉ាងម៉េច​ចំពោះបញ្ហាហ្នឹង​?​​

ឯក​ឧត្តមបណ្ឌិត ហេង វ៉ាន់ដា​
ចម្លើយ ​៖ បើពិនិត្យទៅ​ប្រ​ទេសអឺរុបថែមទៀតអំពីបញ្ហាបំណុលនេះ​​ ដែលយើងឃើញ​ថាវា​ធ្ងន់​ទៅៗ​នោះ យើងឃើញថាប្រទេសបារាំង​នៅក្នុងខែមករា ឆ្នាំ២០១២​ ខាងក្រុមហ៊ុន​វាយតម្លៃ​បំណុល​ បាន​វាយ​តម្លៃប្រទេស​បារាំងពី AAA មក​​ AB+ ទេ។​ មានន័យថា​បើប្រទេស​បារាំង​គាត់ចង់​បោះ​មូលបត័្រ​ ប្រាក់កម្ចី​ទៅខ្ចីពីសាធារណជន​​ទៀត​ តម្លៃរបស់គាត់នោះមិនមានតម្លៃថ្លៃប៉ុន្មាន​តទៅ​ទៀត​ទេ​​ ហើយការប្រាក់របស់គាត់គឺត្រូវតែឲ្យគេខ្លាំងជាងមុនថែមទៀត​ បើអញ្ចឹង​គេអត់ព្រម​ទិញ​គាត់​ទេ​។​ រឿងនេះមិនមែនតែប្រទេសបារាំងទេ សូម្បីតែ អ៊ីតាលី អេស្បាញ​ក៏ត្រូវទម្លាក់​ចុះពីរកាំ​ឯណោះ​។​​ និយាយឲ្យចំ​ នៅតំបន់អឺរុប​គឺមាន៩ប្រទេសដែលខាងក្រុមហ៊ុនវាយតម្លៃបំណុល​ ចាត់ទុក​ថា​ធ្លាក់ចុះ​​ហើយ​ពេល​ថ្មីៗនេះទៀតខាងក្រុមហ៊ុនវាយតម្លៃបំណុលនេះ បានកំញើញ​ទៅប្រទេស​បារាំង​ និងអង់គ្លេសទៀត​ ថាគេនឹងទម្លាក់​ចំណាត់​ថ្នាក់​​ប្រទេស​ទាំងពីរ​​នេះទៀត​។ មានន័យថា​ពីឆ្នាំ​២០០៨​ ដល់ឆ្នាំ​២០១១ និងឆ្នាំ២០១២ ថ្មីៗនេះទៀត ក្នុងខែកុម្ភះ នេះ​​ក្រុមហ៊ុនវាយតម្លៃបំណុល ក៏​នៅតែ​កំញើញ​​ទៀត អញ្ចឹង​បំណុល និង​​សំពាធនៃ​សេដ្ឋកិច្ច គឺចេះតែកើនឡើង​​ មិនព្រមថយចុះទេ​។​

លោក ជុំ កុសល​
សំណួរ ​៖ ខ្ញូំចង់ដឹងថា បំរែបំរួលសេដ្ឋកិច្ច និងវិបត្តិបំណុល​នៅក្នុងបណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំៗ​​ទាំងនោះ​​ និងនៅក្នុងតំបន់យើង តើវានឹង​អាចជាកំសួល​ ឬជារលករំជួយ​មកដល់​កម្ពុជា​យើង​យ៉ាងណា​​​ដែរទៅ​បាទ?​​

ឯក​ឧត្តមបណ្ឌិត ហេង វ៉ាន់ដា​
ចម្លើយ ​៖ ចំពោះបញ្ហានេះ យើងដែលសុទ្ធតែជាមនុស្សជំនាន់ក្រោយ យើងមិនដែល​ជួប​ពី​វិបត្តិ​សេដ្ឋកិច្ច​ កើតឡើងក្នុងឆ្នាំ១៩២៩-១៩៣០​ នោះ ទើបតែពេលនេះ​យើងឃើញ​ក្នុង​ជំនាន់រ​បស់​យើង​ ហើយ​វិបត្តិសេដ្ឋកិច្ច និងវិបត្តិ​បំណុល​ពិភព​លោក គឺវា​ជាការសាកល្បង​ ដូចដែល​សម្តេចអគ្គមហាសេនាបតីតេជោ លោកមានប្រសាសន៍ថា « វិបត្តិសេដ្ឋកិច្ច គឺ​ជាការសាកល្បង​នៃលំហូរ និងភាពឈររបស់ប្រទេសនីមួយៗ​ ថាតើរឹង ឬក៏ទន់​ »។ យើងធ្វើសេដ្ឋកិច្ចក្នុងប្រទេស ភ្នែកយើង​ក៏សម្លឹង​មើលសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចសហរដ្ឋអាមេរិក​ បណ្តាប្រទេស​G8 G20 ហើយនិង​​ប្រទេស​ក្នុងតំបន់ដែរ។​ បើនិយាយពីបំណុល​ យើងក៏សម្លឹង​មើលទៅ​បំណុល​ក្នុង​សហរដ្ឋ​អាមេរិក​​ មើលទៅបំណុលនៅតំបន់អឺរុប​ ដែលកំពុងមានបញ្ហាដែរ​។​ តើវិបត្តិបំណុល​នេះ​វាកើត​ឡើង​មក​ពីអ្វី​?​ ទី១​ បើតាមអ្នកប្រាជ្ញធំៗទាំងអស់ក្នុងលោក​ និងប្រទេសធំៗទាំងអស់ក្នុងលោក​និយាយ​គឺវា​បណ្តាល​មក​​ពី​ កំសួលធនាគារ ហើយនិងហិរញ្ញវត្ថុ​ មានភាពធូររលុង ទន់ខ្សោយ​នៅ​សហរដ្ឋ​អាមេរិក​​។ ការទន់​ខ្សោយនេះ​បានធ្វើឲ្យរចនាសម្ព័ន្ធនៅសហរដ្ឋអាមេរិក​ ធ្លាក់ចុះបង្កើតបានជាវិបត្តិ​ហិរញ្ញវត្ថុ​រាលដាល​ពាសពេញពិភពលោក​ ហើយវិបត្តិនេះបានក្លាយទៅជាវិបត្តិសេដ្ឋកិច្ច​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នានា​ធ្លាក់ដុនដាប​ទៅតាម​។ អញ្ចឹង តើប្រទេសយើងបានទទួលបទពិសោធន៍អ្វីខ្លះ​?​។ ទី១ ផ្នែក​ហិរញ្ញវត្ថុ និងធនាគារ​ គឺប្រទេសកម្ពុជានៅរឹងមាំណាស់​។​ទី២ ខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ គឺ​ក្រសួង​សេដ្ឋកិច្ច​យើង​ក៏បានក្តាប់ណែននៅក្នុងដៃផងដែរ​​។ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក៏បាន​ក្តាប់​ណែន​ផង​ដែរ​​។ អញ្ចឹងទោះបីជាសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ វាប្រែប្រួលយ៉ាងណា​ក៏ដោយ​គឺយើង​បាន​ក្តាប់ជាប់​ក្នុងដៃ​​អស់ហើយ​។​

ទាក់ទងទៅនឹងកំសួលនៃបំ ​ណុល​ យើងក៏មានដែរ ។ សព្វថ្ងៃរដ្ឋាភិបាល​បានកំណត់អាទិភាព បី ឬបួនចំណុច​រួចជាស្រេច​។ បំណុលដែលយើងខ្ចីមក គឺសម្រាប់តែការកសាង​ហេដ្ឋារចនាសម្ព័ន្ធ។​​ បំណុលដែលយើងខ្ចី គឺយើង​ខ្ចីតែ​បំណុល​ណាដែលមានអត្រាការប្រាក់ទាប​ និងបំ​ណុលសម្បទាន​ បំណុលដែលខ្ចីគឺជាបំណុលក្នុងន័យតម្លាភាព ហើយយើងខ្ចី​តែបំណុលណា​ដែលរដ្ឋាភិបាល​មាន​លទ្ធភាព​អាច​​សង​គេវិញ​បានតាមកាល​ កំណត់​ និងមិនមែនខ្ចី​គេមកសម្រាប់​ចែកគ្នា​ចាយ​​នោះទេ​​​​។ ដូច្នេះ​នេះគឺជា​គោលដៅ​ដែលរដ្ឋាភិបាល​បាន​កំណត់​រួចជាស្រេច​ អញ្ចឹងបំណុលទាំងនោះគឺ​មិនងាយ​នឹង​ធ្វើឲ្យ​​រដ្ឋាភិបាលបាក់ស្រុត​បានទេ​។​

ចំណុចមួយទៀត ​ ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចបានបង្កើតនាយកដ្ឋាន​គ្រប់គ្រងបំណុលជាតិ​មួយ​ ដើម្បី​ក្តាប់ឲ្យបានជាប់​ថាតើបំណុល​មានប៉ុន្មានភាគរយ​ និងដើម្បីធ្វើការប្រៀបធៀបជាមួយGDP ផង​ដែរ​។​​ បញ្ហាមួយ​ទៀតដែល​យើងទទួល​បានបទពិសោធន៍ ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ច​ដែរ​នោះគឺ វិបត្តិ​សេដ្ឋកិច្ចមានពីរ​ដែលគួរឲ្យចាប់អារម្មណ៍​ ទី១ គឺ​រដ្ឋនានាក្នុងតំបន់សហរដ្ឋអាមេរិក​ គឺបំណុល​នៅ​អឺរុប​តែងតែតម្លើងថវិកា ( Budget ) ចំណាយ ដើម្បីជម្រុញ​សេដ្ឋកិច្ច។ ចំណែក​យើង យើង​តម្លើង​ថវិកាដែរ​ ប៉ុន្តែថវិការបស់យើងគឺដើម្បីជម្រុញសេដ្ឋកិច្ច​ ជម្រុញ​GDP ឲ្យងើប​ និងធ្វើ​ឲ្យ​អត្រា​អត់ការងារ​ធ្វើធ្លាក់ចុះ​ ពីព្រោះយើងកំពុងតែផ្សារភ្ជាប់នៅក្នុងតំបន់អាស៊ានដែលមានសេដ្ឋកិច្ចងើប​ ខុសប្លែក​ពីខាងអឺរុប និងអាមេរិក​​ដែលមាន​GDP កាន់តែធ្លាក់ចុះ​។​ ចំពោះប្រាក់ខែបុគ្គលិក មន្ត្រីរាជការ​ គឺយើងនៅមាន​កម្រិតទាបល្មម​ដែលយើងអាចគាំទ្របាន ប៉ុន្តែបើសិន​ជាថវិកា​នេះ​ឡើង​ដោយសារ​ប្រាក់ខែ​មន្ត្រីរាជការនោះ​ វាជារឿងមួយដែលគួរឲ្យព្រួយបារម្មណ៍​ ប៉ុន្តែបើ​សិន​ជា​ថវិកា​ជាតិ​នេះ វា​ឡើង​ដោយសារការអភិវឌ្ឍ​ន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​ នៅក្នុងផែនការយុទ្ធសាស្ត្រ​របស់​រាជរដ្ឋា​ភិបាល​​​ នោះគឺយើងអត់មានការភ័យព្រួយទេ​ តែបើយើងតម្លើង​ទៅលើការ​ចំណាយ​ប្រាក់ខែ​ទើប​យើង​​មាន​​ការ​ភ័យព្រួយ​ ដូចនៅ​តំបន់អឺរុប និង​សហរដ្ឋ​អាមេរិក​​ជាដើម​ ដែលផ្តល់ប្រាក់ខែខ្ពស់​ណាស់​។ ទាក់ទង​​នឹង​បទ​ពិសោធន៍​របស់​យើង​មួយ​ទៀត​គឺ​​​​ កាលណាយើងនិយាយអំពីសេដ្ឋកិច្ច គឺយើង​ត្រូវ​និយាយ​អំពី​នយោបាយ​ ហើយកាលណាយើងនិយាយអំ​ពីនយោបាយ គឺយើងត្រូវ​និយាយ​អំពី​អ្នក​ដឹកនាំ​នយោបាយដែរ​​ គឺធ្វើយ៉ាងណាឲ្យមានស្ថេរភាព​។ កាលណានយោបាយមានស្ថេរភាព សេដ្ឋកិច្ច​មានស្ថេរភាព​​ នោះសុខដុម រមនា របស់ប្រជាពលរដ្ឋកាន់តែមាន​ភាពល្អត្រកាល​ឡើងជា​មិនខាន​​។

អញ្ចឹងបួនចំណុចដែលខ្ញុំបានលើកឡើងនេះគឺជា ​វិធានកាណ៍ទប់ស្កាត់ បើសិនជាមានវិបត្តិ​បំណុល​ផ្ទុះឡើងនៅក្នុងអឺរុប​ ឬមួយក៏កើតមានវិបត្តិសេដ្ឋកិច្ចម្តងទៀត​ នោះយើងជឿជាក់​ថា​កម្ពុជា​យើង​ប៉ះដែរ​ តែប៉ះធុន​ល្មម​ ដែលយើង​អាច​ទ្រាំទ្រ​បាន ដោយសារតែ​យើងយល់ដឹងអំពីវិបត្តិ​ហិរញ្ញវត្ថុ​អន្តរជាតិ យល់ដឹង​អំពីវិបត្តិ​បំណុល​​ពិភពលោក និងវិបត្តិសេដ្ឋកិច្ច​ពិភពលោក​នេះឯង​។​ ម្យ៉ាងទៀត​យើង​មានស្ថេរភាព​នយោបាយ​ គឺយើងមានស្តេចគ្រប់គ្រង​ មានរដ្ឋាភិបាល​ដែលកើតចេញ​ពីការ​បោះឆ្នោត​ មានគណបក្សប្រឆាំង នយោបាយការបរទេសនឹងន​ នយោបាយផ្សារភ្ជាប់ជាមួយអាស៊ាន​ និង​នៅ​ឆ្នាំ២០១៥​ យើងនឹងឈានទៅធ្វើសមាហរណកម្ម​ ដែលធ្វើ​ឲ្យប្រទេសយើង​កាន់តែ​មាន​ស្ថេរភាព​​ និងសន្តិសុខ​។​​​

លោក ជុំ កុសល​
សំណួរ ​៖ ដោយសារប្រទេសយើងជួបនូវ​គ្រោះទឹកជំនន់នៅឆ្នាំ២០១១ កន្លងទៅនេះ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បានអំពាវនាវទៅដល់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ​នានា ​ សុំ​ឲ្យ​ពន្យារពេល​ទាមទារ​ពីកូន​បំណុល​ ហើយថ្មីៗនេះ​ប្រធានសមាគមមីក្រូ​ហិរញ្ញវត្ថុ​ លោកបានស្វាគមន៍ និងទទួលយក​សំណូមពរ​របស់​សម្តេច​ប្រមុខរាជរដ្ឋាភិបាល​។​ ទាក់ទងទៅនឹងបញ្ហានេះ​ ចំពោះឯកឧត្តមផ្ទាល់​ តើ​ឯកឧត្តម​​​យល់ឃើញ​​យ៉ាងម៉េចនូវ​​រាល់សំណូមពរ​ និងការព្រមព្រៀង​ពីខាង​គ្រឹៈស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​?
​​
ឯក​ឧត្តមបណ្ឌិត ហេង វ៉ាន់ដា​
ចម្លើយ ​៖ ចំពោះការអំពាវនាវរបស់សម្តេច សុំឲ្យបងប្អូនខាងផ្នែកធ្វើអាជីវកម្ម​មីក្រូ​ហិរញ្ញវត្ថុ​ពន្យារ​​​​​ពេល​ មានន័យថា​ក្នុងចន្លោះពេល​ដែលលោកមានវិបត្តិ​ដោយសារទឹកជំនន់​គឺសុំឲ្យពន្យា​រ​ ។ ប៉ុន្តែ​​មិនមែន​មានន័យថា មិនឲ្យយកនោះទេ​ ដូច្នេះសូមឲ្យបងប្អូនខាងមីក្រូហិរញ្ញវត្ថុ​កុំយក​ការ​អំពាវ​នាវ​​​នេះ​​ ទៅធ្វើ​ជាឡេះថា កាលណាគេមិនសងយើង​អញ្ចឹង យើងក៏អត់សងគេ​ដែរ​ចំពោះ​អ្នក​ដែល​​គេ​យក​ប្រាក់​ទៅដាក់​នៅ​ មីក្រូហិរញ្ញវត្ថុនោះ​ គឺអត់សងការប្រាក់គេដែរ នោះគឺ​មិនមែន​អញ្ចឹងទេ​។ ដូច្នេះ​អ្វី​ដែល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុអាចជួយដល់រដ្ឋាភិបាល​ គឺយើង​គួរ​តែ​ជួយ​ទៅ ពីព្រោះ​ពេល​នោះ​​គឺជាពេល​ទឹកជំនន់​ តែមិនមែន​​ឲ្យអត់សង​នោះទេ​​​។​

តាមទស្សនៈខ្ញុំផ្ទាល់ នោះវាមិនមាន​ជាបញ្ហាអ្វីទេ​ យើងគ្រាន់តែពន្យារ​ពេល​មួយរយះប៉ុណ្ណោះ​។ ដូចជាខ្ញុំជាដើម ដែលទៅខ្ចីលុយពីធ​នាគារ​ធំៗក្តី​ បើសិនជាពេលណាមួយខ្ញុំអាក់ខានសង​ ១ខែ ឬ២ខែ​ ក៏ធនាគារគេមើលទៅតាមនោះដែរ​។ អញ្ចឹងអ្វីដែលយើងមានលទ្ធភាព ហើយអាច​ជួយ​រដ្ឋាភិបាល​បាន​ ជាពិសេសជួយចំពេលប្រសាសន៍ដ៏មានតម្លៃរបស់សម្តេចដែលបានអំពាវនាវបាន​ យើងគួរ​តែ​ជួយ​​។ អញ្ចឹងនៅពេលដែលបានលឺថា ខាងសមាគមទទួលស្វាគមន៍អញ្ចឹង​ យើងមានការ​សប្បាយ​ចិត្ត​ណាស់ ចំពោះរូបខ្ញុំក្តីក៏អញ្ចឹងដែរ​។​​

លោក ជុំ កុសល​
សំណួរ ​៖ ពាក់ព័ន្ធទៅនឹងប្រទេសកំពុងអភិវឌ្ឍ តើមានជួបនឹងបញ្ហាអតិផរណាឬទេ​? ហើយ​រឿង​អតិផរណា​នេះតើមាន​គុណសម្បត្តិ និងគុណវិបត្តិ​យ៉ាងណាដែរ​?​

ឯក​ឧត្តមបណ្ឌិត ហេង វ៉ាន់ដា​
ចម្លើយ ​៖ រឿងនេះកាលណាអ្នកសេដ្ឋកិច្ចលើកយកមកនិយាយ គឺទាក់ទង​ទៅនឹង​កត្តា​ប៉ុន្មាន​ចំណុច​​ ដូចជា​GDP អត្រាការប្រាក់​ អតិផរណា។ល។​ អតិផរណា គឺជាការ​ឡើងថ្លៃ​ទំនិញ​ក្នុង​ពេល​ណា​មួយ​ ព្រមៗគ្នា​។ ការឡើងថ្លៃទំនិញនេះ​ មិន​មែន​មាន​ន័យថា១០០មុខ ឡើងទាំង​១០០​មុខ​នោះ​ទេ​​។ មុខខ្លះវាឡើង ហើយមុខខ្លះវាថយចុះ​ៗ សរុបសេចក្តីទៅ គឺគេរកតម្លៃមធ្យមមួយ​។ តើ​អតិផរណា​ដែលទាក់ទង​ដល់ទំនិញ​ឡើងថ្លៃហ្នឹង​ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះទៅ?​។

 មូលហេតុទី១ ដែលនាំឲ្យមានអតិផរណាគឺដោយសារតម្រូវការវាកើនឡើង​ ដោយសារ​តែចំនួន​​ប្រជាពលរដ្ឋ​កើនឡើង ដោយសារតែចំណង់ចំណូលចិត្តរបស់មនុស្សមិនស្កប់​។​ម្យ៉ាងទៀត​គឺវា​កើត​ឡើងដោយ​ សារ​តម្រូវ​ការកើន​ឡើងទៅ​តាម​រដូវ ដូចជាបុណ្យភ្ជុំ​ ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ។ល។​

ទី២ ​ អតិផរណាកើនឡើងដោយសារតែនយោបាយរូបីយវត្ថុ​របស់ជាតិ គឺធនាគារ​បញ្ចេញ​លុយ​ច្រើន​ពេក​។ គឺប្រាក់ដើមទុនរបស់ធនាគារឯកជនដែលតំកល់ទុកទាំងអំម្បាលមាណ​ដែល​ដាក់​ចូល​ក្នុង ​ធនាគារ​មានកម្រិតតិចពេក​ ឬមួយក៏​អតិផរណា​ដោយសារតែធនាគាររដ្ឋ​ ដកយក​ប្រាក់​បម្រុង​កាតព្វកិច្ច​​របស់​ធនាគារ​ឯកជនតិចពេក​។ អញ្ចឹងធ្វើឲ្យ​ធនាគារ​ឯកជនបញ្ចេញ​លុយច្រើន​ពេក ក៏ធ្វើ​ឲ្យ​មាន​អតិផរណា​។

ទី៣ ដោយសារតែនយោបាយសេដ្ឋកិច្ចរបស់រដ្ឋ​ ទាក់ទងនឹងរឿងពន្ធដារនេះ គឺយក​ចំនួន​តិចពេក​​​។​ ពេលប្រមូលពីប្រជាពលរដ្ឋមកបើប្រៀបធៀបជាមួយ​GDP គឺវាតិចពេក​ អញ្ចឹង​​ក៏ធ្វើ​ឲ្យ​មាន​​​អតិផរណា​ដែរ​។​ទាក់ទងនឹង​នយោបាយ​សេដ្ឋកិច្ច​របស់​ រដ្ឋដែរ គឺការតម្លើង​ថវិកា​ជាតិ​​ខ្លាំងពេក​ ក៏​បណ្តាល​​ឲ្យមាន​អតិផរណាដែរ​។​​

ទី៤ ការផ្គត់ផ្គង់​យឺត ហើយតម្រូវការមានការកើនឡើង​។ ប៉ុន្តែពេលខ្លះអតិផរណា​កើនឡើង​ដោយសារ​​តែការផ្គត់ផ្គង់​ថយចុះ គឺមិនគ្រប់គ្រាន់​ ជួនកាលការផ្គត់ផ្គង់អាក់ខានមួយរយះ ជួនកាល​ការ​ផ្គត់ផ្គង់​អត់មាន​។ ឧទាហរណ៍ ប្រេងឡើងថ្លៃ ហើយអ្វីទៀតក៏ឡើង​ អញ្ចឹង​កង្វះខាត​ប្រេង​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ពិភពលោក​នេះ​ គឺធ្វើឲ្យទំនិញឡើងថ្លៃហើយ​។​ យើងចង់និយាយពេលនេះ គឺដើម្បី​ជម្រាប​ជូន​បងប្អូន​​ប្រជាពលរដ្ឋ​​ត្រៀមបម្រុងទុក នៅពេលណាដែលសង្គ្រាមនៅ​ អ៊ីរ៉ង់ សេរ៊ី និង​អាមេរិក​​ជាមួយ អ៊ីស្រាអែល ផ្ទុះឡើង​​ គឺប្រេងខ្វះហើយ​ ។ នៅពេលប្រេងខ្វះ ប្រេងឡើងថ្លៃ​ ពេលនោះ​អតិផរណា​ប្រាកដជាឡើងជាមិនខាន​មិនបាច់​ឆ្ងល់ទេ​។​

ទី៥ ទៀត​អតិផរណាឡើងទៀត​ គឺដោយសារប្រាក់ខែបុគ្គលិក​ មន្ត្រីរាជការរបស់រដ្ឋ​ បុគ្គលិក​ឯកជន​ចេះតែ​ឡើងថ្លៃ​ ការឡើងថ្លៃរហូត​បែបនេះ​ក៏ធ្វើឲ្យមានអតិផរណាដែរ​។

ទី៦ ឡើងថ្លៃ​ គឺដោយសារតែតម្លៃថ្លៃលក់នោះ​ គាត់តម្លើងស្រេចតែចិត្ត​។ ជួនកាល​ដើម្បី​តម្លើងថ្លៃ​បានគាត់​ចូលជាសមាគម​គ្នា​ ហើយនៅពេល​ដែលអស់​មាននរណា​ដែល​ប្រជែង​ជាមួយគាត់​បាន​ហើយ​ គាត់ចាប់ផ្តើម​​តម្លើងថ្លៃ​។ នេះក៏ជា​ការ​ធ្វើ​ឲ្យ​មាន​អតិផរណាដែរ​។​

ទី៧ ​ គឺអត្រាប្តូរប្រាក់ប្រែប្រួល​ ។ ប្រទេសយើងឧស្សាហ៍ជួបប្រទះ​បញ្ហានេះ ដោយសារ​ការ​ប្រែប្រួល​​។ ទាំងនេះគឺជាមូលហេតុ នៃអតិផរណា ចុះគុណវិបត្តិរបស់វាយ៉ាង​ម៉េចដែរ?​

គុណវិបត្តិ ជួនកាលវាធ្វើឲ្យអ្នកក្រទៅជាមាន និងអាចអ្នកមានទៅជាក្រ​ ដោយសារ​តែរឿង​អតិផរណា​នេះឯង​។ គុណវិបត្តិវាមួយទៀត គឺធ្វើឲ្យបាត់បង់អំណាចនៃការទិញ​ ដូចជា​ពីមុន​យើងមាន​ត្រឹមតែ​១០ដុល្លារ​ យើងអាច​ទៅទិញ​អ្វីមួយ​បាន​១០ ប៉ុន្តែបច្ចុប្បន្នគឺ១០ដុល្លារដែរ ប៉ុន្តែ​យើង​អាចទិញ​បានត្រឹម​តែ៤ ឬក៏៥តែប៉ុណ្ណោះ ។ គុណវិបត្តិមួយទៀត គឺធ្វើឲ្យ​តម្លៃ​ឈ្នួល​កាន់​តែ​កើន​ឡើង​ៗ​​។ សរុបមក អតិផរណា​មិនមែនជារឿងល្អនោះទេ។​នេះគឺជាទ្រឹស្តីមួយដែលស្រប​។

ចំណែក ​គុណសម្បត្តិវិញ​ បើតាមលោក​ ចន មេណាកេន​ អតិផរណា​ក្នុង​កម្រិត​ទាប​មិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​​អាក្រក់​ទេ ប៉ុន្តែផ្ទុយទៅវិញ វាធ្វើឲ្យសេដ្ឋកិច្ចល្អទៅវិញ​ ពីព្រោះវាធ្វើឲ្យ​GDP ងើប​ ធ្វើឲ្យ​អត្រា​អត់ការងារ​ធ្វើធ្លាក់ចុះ​​សង្គមក៏ល្អ។ និយាយឲ្យចំ នៅពេលដែលមានអតិផរណា​តិច ឬទាប​ល្មមៗ​​ គឺជាការបញ្ជាក់អំពីសេដ្ឋកិច្ចល្អទៅវិញទេ​។ វាធ្វើឲ្យបាត់បង់នូវអំណាចនៃការទិញបន្តិចមែន ប៉ុន្តែ​​វាធ្វើ​ឲ្យមនុស្ស​មានលុយ​ចាយរហូត​។

សរុបមកអតិផរណា មិនមែនសុទ្ធតែអាក្រក់នោះទេ​ គឺឲ្យតែថិតនៅក្នុងកម្រិតទាប​ល្មម​ ។ ម្យ៉ាងទៀត​អតិផរណាមិនអាច​ចង់បង្កើត​គឺបង្កើតបាននោះទេ គឺវាកើតឡើងដោយឯកឯង​នៅក្នុង​សភាវគតិ​​​គ្រប់​ផ្នែក​​ជាប្រព័ន្ធរបស់វា​។​ ម្យ៉ាងទៀត​នៅពេល​ដែលសេដ្ឋកិច្ចងើប មិនមែនមាន​ន័យ​​ថា​ GDP ងើប តម្លៃទំនិញធ្លាក់ចុះទេ​។ តែGDP ងើប តម្លៃទំនិញក៏ងើបដែរ​ ។ អញ្ចឹងបើGDP ងើប អតិផរណា​ងើប​ ពេលនោះអត្រាអត់ការងារធ្វើធ្លាក់ចុះ​​។ អញ្ចឹង​បើគេ​ចង់ជម្រុញឲ្យ​អត្រា​អត់ការ​ងារ​​ធ្វើ​ធ្លាក់ចុះ​ថែមទៀត​​ គឺត្រូវទម្លាក់អត្រាការប្រាក់ឲ្យកាន់តែទាបថែមទៀតទៅ​។ ប៉ុន្តែរឿង​នេះគឺវា​ទៅជា​មួយ​គ្នា​ អញ្ចឹងអ្នក​សេដ្ឋកិច្ចគេ​កំណត់​ហើយ ថាតើគួរយក​ត្រឹមណា​។​

អញ្ចឹងថ្នាំព្យាបាលអតិផរណា ​ដែលសក្តិសិទ្ធិមែនទែន គឺនៅលើធនាគារ​។ ថ្នាំព្យាបាលទី២​ គឺ​ទាក់ទង​​ទៅនឹងប្រាក់ខែរបស់បុគ្គលិក​ ពីព្រោះប្រាក់ខែ​ក៏ធ្វើឲ្យមាន​អតិផរណាដែរ នៅពេល​ដែល​ទាមទារ​​ខ្លាំង​​អតិផរណាក៏ខ្លាំង​ដែរ​ ដូច្នេះមិនមែន​ជាការងាយស្រួលនោះទេ​។​អញ្ចឹងទាំងនេះគឺជាអ្វី ដែលខ្ញុំ​បានជម្រាប​ជូន​អំ​ពី​អតិផរណា​ និងអំណាច​របស់​អតិផរណា​​៕​
សម្រង់ព័ត៌មាន​៖ លោក នូ សាវុធឌី