Monday, March 5, 2012

ឯកឧត្តម បណ្ឌិត សុខ អាន បញ្ចុះ​សីមា​ព្រះ​វិហារ​វត្ត​ព្រៃ​មេលង ​និង​សម្ពោធ​អគារ​សិក្សា ​វិទ្យាល័យ ​សុខ អាន ព្រៃ​មេលង​ ស្ថិតក្នុង​ឃុំព្រៃ​ខ្លា ស្រុក​កោះអណ្តែត​ ខេត្តតាកែវ


ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១២ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី តំណាង​ខ្ពង់ខ្ពស់​បំផុត សម្តេច​អគ្គមហា​សេនា​​​បតី​តេជោ​ ហ៊ុន សែន នាយក ​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ បាន​​​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​អគា​​រ​​​សិក្សា វិទ្យាល័យ​សុខ អាន ព្រៃ​មេលង ស្ថិត​ក្នុងឃុំព្រៃខ្លា ស្រុក​កោះអណ្តែត ខេត្តតា​កែវ។

លោក នាង ​​​ស៊ន អភិបាល​ស្រុកកោះ​អណ្តែត​បានបញ្ជាក់​ថា ក្រោយ​ថ្ងៃរំដោះ​ថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ វត្តព្រៃ​មេលង​ក៏ដូច​ជា​វត្តផ្សេង​ទៀតដែល​ត្រូវបាន​ពួករបប​ប្រល័យ​ពូជ​សាសន៍ ​​បំផ្លាញ​ស្ទើរ​គ្មាន​សេស​សល់ អាស្រ័យ​ដោយ​មានជំនឿ ទំនៀម​ទំលាប់ក្នុង​នាម​ព្រះ​ពុទ្ធ សាសនិកខ្មែរ ដែល​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា បានមូលមតិ​គ្នាដើម្បី​រៀប​ចំកសាង​វត្ត​ស្ទើរ ១០០ ភាគរយ លើការសាង​សង់​ព្រះវិហារ​ធ្វើឲ្យ​វត្តនៅ​ខ្វះខាត កុដិ សាលា​ឆាន់ និងរបង​ជាដើម។ លោកអភិបាល​ក៏បាន​លើកឡើង​ដែរថា ស្រុក​មានវត្ត ១៧ ព្រះសង្ឃ​សរុប ១៦៩​អង្គ ក្នុង​នោះ​ភិក្ខុ ៥៦អង្គ មន្រ្តីសង្ឃស្រុក ០៥ អង្គ ថេរសភា នៃព្រះពុទ្ទ​សាសនាស្រុក ០៩ អង្គព្រះវិហារ ក្នុងនោះ​ព្រះវិហារ​ឥស្លាម០១ (ស្ថិត​ក្នុង​ភូមិ​សំរោង ឃុំរមេញ​) ព្រះវិហារ​កំពុងសាងសង់​បួន​គឺ វត្តពោធិ៍​នាគរាជ វត្តអង្គពន្លៃ សំរោងរ័ត្ន និងវត្ត​បន្ទាយ​កោះជុំ ចំណែក​វិហារសាងសង់​រួចមាន​ចំនួន​១៣ គឺព្រះវិហារ​វត្តព្រែ​មេលង​នេះឯង គឺ​ព្រះវិហារ​ទី១៣ ទូទាំង​ស្រុកដែល​បានសាងសង់​រួច។ ចំពោះ​ការងារ​អប់រំ​ស្រុកកោះ​អណ្តែត​​​មាន​វិទ្យា​ល័យ ០២ កន្លែង អនុវិទ្យាល័យ ០៤ កន្លែង សាលា​បឋមសិក្សា ១៩កន្លែង មត្តេយ្យ​​សាលា មាន ១០​កន្លែង ក្នុងនោះ​មត្តេយ្យសហគមន៍​មាន០៤ កន្លែង បន្ទប់​ថ្នាក់រៀន​សរុប​២២៩ថ្នាក់ គ្រូសរុប ៤៥៧ ស្រី ១៤៥នាក់ មានសិស្ស សរុប១១.៦០៤ នាក់ ហើយ​ចំពោះ​អគារសិក្សា ថ្មីនៅ​ក្នុ្ងងវិទ្យាល័យ​សុខ អាន ព្រៃមេលង ដែលត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នាពេលនេះ​ដែរ​គឺ​ជាសមិទ្ធិផល​ ថ្មីមួយទៀត សំរាប់បំរើ​ឲ្យវិស័យអប់រំ​នៅក្នុងស្រុក កោះអណ្តែតផង​ដែរ។

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​វាយតម្លៃ​ចំពោះ​កាខិតខំ​ប្រឹងប្រែង​របស់​ប្រជា​​ពុទ្ធបរិស័ទ បណ្តា​សប្បុ​រសជន ពិសេស​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ ស្រុកកោះ​អណ្តែត​ដែល​បាន​ចូលរួម​ចំណែក​កសាង​សមិទ្ធិផល នានា​នៅក្នុងទី​អារាម​វត្ត​ព្រៃ​​មេលង និង​វិទ្យាល័យ​ព្រៃមេលង ឲ្យ​មាន​ការរីក​ចំរើន ជាបន្ត​បន្ទាប់រហូត​មកដល់ពេល​នេះ។ ឯកឧត្តម​បានមាន​ប្រសាសន៍​បញ្ជាក់ថា ក្រោម​ការ​ដឹកនាំ ដ៏ត្រឹមត្រូវ​របស់សម្តេច​អគ្គមហា​សេនា​បតីតេជោហ៊ុន សែន បាន​ធ្វើឲ្យព្រះរាជា​ណាចក្រ​កម្ពុជា​មាន​សុខ សន្តិភាព និងស្ថេរ​ភាព​នយោបាយ​ទើប ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ បានធ្វើឲ្យមាន​ការអភិវឌ្ឍន៍​ប្រទេសជាតិ លើ​គ្រប់​​វិស័យទាំង​នៅទីក្រុង និង​ទាំងនៅជនបទ រួមចំណែក​មួយដ៏សំខាន់​ក្នុង​ការ​កាត់បន្ថយ​ភាព​​ក្រីក្រជូន​ប្រជាពលរដ្ឋ ស្របតាមយុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី២ របស់​រាជរដ្ឋា​ភិបាលប្រកបដោយ​សមធម៌។ នៅ​ទីបញ្ចប់ជាមួយ​និងការ​ប្រកាសឲ្យ​ដឹងពីគោល​បំណង​ជម្រុញ​​ការ​កសាង មណ្ឌល​សម្ភព ឲ្យបាន​គ្រប់ស្រុក​ទាំងមូល​ស្របតាម​គោល​នយោបាយ​របស់​លោកជំទាវ​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ស្តីពី​ការ​​កាត់​បន្ថយ​អត្រាម​រណៈភាព​មាតា​ និងទារក ​ឯកឧត្តម​បណ្ឌិត សុខ អាន ក៍បាន​អញ្ជើញ ចែក​អំ​ណោយ​ជា​និមិត្ត​រូប ដល់​ក្មួយៗ សិស្សានុសិស្ស ក្រុម​យុវជន​កាកបាទ​ក្រហម ក្រុម​យុវ​ជន​កាយរឹទ្ធិ យាយ​ជីតាជី និង​កាត់​ខ្សែបូរ សម្ពោធ​អគារ​សិក្សាវិទ្យាល័យ​សុខ អាន​ព្រៃ​មេលង ព្រមទាំង​បានអញ្ជើញ ប្រគេន​​បច្ច័យ​ដល់​រោង​​ទិសទាំង៩ និង​បញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក ព្រះ​វិហារវត្តព្រៃ​មេលង​ព្រម​ទាំង​រាប់បាត្រ​ព្រះសង្ឃ​១០៩អង្គ ជាកិច្ច​បង្ហើយ​បុណ្យ​ និង​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​ចាប់ពី​ពេល​នេះតទៅ។