Saturday, March 31, 2012

កម្ពុជា​ដែល​​ជា​​ប្រធាន​​អាស៊ាន​ ចាប់​ផ្តើម​​ការងារ ជាអ្នក​​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​ភូមា



          គណៈប្រតិភូ១ក្រុម​របស់​ប្រធាន​អាស៊ាន (សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​) ដឹក​នាំ ដោយ​ឯកឧត្តម​ ឈាង វុន  សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាការ​កិច្ចការ​បរទេស សហប្រ​តិ​បត្តិការ​​អន្តរជាតិ និង​ព័ត៌មាន​នៃរដ្ឋសភា បាន​ចាប់​ផ្តើម​ការងារ​ជា អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ជាលើក​ដំ​បូង​នៅ​លើ​ទឹ​ដី​ភូមា តប​តាម​ការ​ស្នើសុំពិសេសរបស់​ប្រធានា​ធិបតី​ ថេន សេន។
នៅក្នុង​ទីក្រុង​ រ៉ង់ហ្គោន កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ ប្រធាន​ក្រុមសង្កេតការណ៍ បោះឆ្នោតរបស់ប្រធានអាស៊ាន ឯកឧត្តម​ ឈាង វុន បាន​ជួប​ពិភាក្សាជាមួយអ្នក​តំ​ណាងក្រុម​ការ​ងារ​​សង្កេត​ការណ៍​ ​នៃប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​នោះ​ក៏មាន គណៈប្រតិភូសង្កេត​ការណ៍​របស់​អគ្គលេខាធិការ​ដ្ឋានអាស៊ាន​ ​អញ្ជើញមក​ពី​ទីក្រុង​ហ្សាការ​តាចូល​រួម​ផង​ដែរ​។

កិច្ចប្រជុំ​បាន​ធ្វើ​ការ​វាយតម្លៃជាបឋម​ដោយ​សុទិដ្ឋិនិយម​​អំ​ពី​ស្ថានការណ៍ទូទៅ​នៅ​ក្នុងប្រទេស ​ភូមា​ថា  បើ​តាម​ការពិនិត្យ​ជាក់​ស្តែង ក៏ដូច​ជា​ការ​ស្ទាបស្ទ​ង់មតិយោបល់​ពី​សំ​ណាក់​​សមា​ជិក​គណៈប្រតិភូ​ សង្កេតការណ៍​​របស់​អាស៊ាន ក៏ដូច​ជា​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​របស់​ភូមា​ និង​គណៈប្រតិភូមក​ពី​ប្រទេស​ផ្សេង​ៗ ជាពិសេសមក​ពី​ប្រទេសសហគមន៍​អ៊ឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី​ កូរ៉េខាង​ត្បូង​ ជប៉ុន ចិន និង​កាណាដា។ល។ ឯកឧត្តម​  ឈាង វុន យល់​ឃើញ​ថា  យោង​តាម​សភាព​ការណ៍​នៃ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ និង​តាមការ​ធានា ​សន្យារបស់​រដ្ឋា ភិបាល​ភូមា ការ​​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ២០១២ ខាង​មុខនឹង​ប្រព្រឹត្តទៅមាន​លក្ខណៈ​ ល្អ​ប្រសើរ ហើយ​ថាប្រទេស​​ភូមា​ បាន​និង​កំ​ពុង​​ដើរលើផ្លូវឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពិត​ប្រាក​ ដ។

 ឯកឧត្តម ​ ឈាង វុន  បាន​បន្ថែម​ថា វត្តមាន​នៃការចូល​រួមជាសាក្សីរបស់​អ្នក​សង្កេត​ការណ៍​​​អាស៊ាន ២ថ្ងៃ មុន​នឹង​បញ្ចប់​យុទ្ធនាការ​ឃោសនា និង​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​នាពេល ​ខាង​មុខនេះ​​ គឺ​ជាការ​បង្ហាញនូវស្មារតី​ទទួល​ខុសត្រូវក្នុង​នាម​ជាអ្នក​សង្កេត​ការ​ណ៍​​​ អាស៊ាន ក្នុង​ចំ​ណោ​ម​អ្នកសង្កេត​​ការណ៍​អន្តរជាតិនានាជាច្រើន​ទៀត។
 ឯកឧត្តម​ ឈាង វុន បាន​កត់​សម្គាល់​ឃើញ​ថា​ ដំ​ណើរ​ការ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ហូត​មកដល់​ថ្ងៃ​ចុងក្រោយ​​នេះ មានភាព​រលូន​ ជាវិជ្ជមានគួរឱ្យ​កត់​សម្គាល់​​ ។

គណៈប្រតិភូសង្កេតការណ៍​​អាស៊ាន ​បាន​បង្ហាញ​នូវ​ការ​ចង់​ឃើញ​ប្រទេសភូមា រួច​ផុត​ពី​ការ​ហ៊ុំ​ព័ទ្ធ​ទណ្ឌកម្មសេដ្ឋកិច្ច​​ ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរធ្វើ​ឱ្យ​ប្រជាពល​រដ្ឋភូមារងទុក្ខវេទនា​​ ខ្វះខាត ​គ្រប់​យ៉ាង​ ដែល​ប្រជាពល​រដ្ឋកម្ពុជា​ក៏ធ្លាប់​បាន​ឆ្លង​កាត់ និង​រងគ្រោះ​ដូចគ្នានេះដែរ។
 ក្នុង ​ថ្ងៃដដែល​នោះ​ដែរ ឯកឧត្តម ឈាង វុន ក៏បាន​ជួប​រដ្ឋមន្ត្រី​ការបរទេសសហភាព​មីយ៉ាន់​មា  ឯកឧត្តម អ៊ូ វណ្ណា មោង​ល្វីន ( H.E. U Wanna Maung Lwin) ដើម្បី​​ពិភាក្សាការងារ​ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី​​បាន​ថ្លែង​បញ្ជាក់​ថា​ ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិមក​ពី​គ្រប់​តំ​បន់​​ដែល​បាន​មក​ សង្កេតការណ៍​បោះ​ឆ្នោត​នៅទី​នេះ​ គឺជាការ​បំ​ពេញ​គោលបំ​ណងរបស់​សហភាព​មីយ៉ាន់​មា ដែល​ទទូចចង់​បាន​ការ​ធ្វើ​កំ​ណែទម្រង់​មួយ​ឆ្ពោះ​ទៅ​រក​ការ​ប្រកាន់​យក​ លទ្ធិប្រជាធិប តេយ្យ​ដ៏ពេញ​លេញ​នាពេល​អនាគត។​​

នេះ​ក៏ជាលើក​ទី​មួយផងដែរនៃ​ការ​បើកសិទ្ធិ​សេរី​ភាពយ៉ាង​ទូលាយ​របស់​ប្រទេសភូមា
ដែល​​​ប្រធានាធិបតី ថេន សេន ប្តេជ្ញាចិត្ត​ក្នុង​ការធានាដល់​ការរៀប​ចំ​​បោះឆ្នោត​នេះឱ្យប្រព្រឹត្ត ទៅ​ដោយ​សេរី ត្រឹម​ត្រូវ  យុត្តិធម៌​ និង​ប្រកប​ដោយ​តម្លាភាព​​​។ ជាមួយ​គ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស  សហភាព​មីយ៉ានមា ក៏​បាន​បង្ហាញ​ពីរបៀប​របបរបស់​អ្នក​សង្កេត​ការណ៍​ ដោយ​បញ្ជាក់​ថា អ្នក​សង្កេត​ការណ៍ទាំង​អស់​​ត្រូវ​បាន​អនុញ្ញាតឱ្យ​ទៅ​អង្កេត ពិនិត្យ​ផ្ទាល់ក្នុង​ការិយាល័យ ​បោះ​ឆ្នោត​ អាច​ជួប​​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​ការ​ងារ​បោះ​ឆ្នោត ​នៅ​តាម​ការិយា​ល័យ​បោះ​ឆ្នោតនីមួយៗ ​ ក៏ដូច​ជា​អាច​ជួប​ជាមួយបេក្ខជន និង​​ភ្នាក់​ងារ​របស់​គណបក្ស​នយោបាយ​នានា​​ដែល​​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ ទាំង​១៧​គណបក្ស​ និង​ថែម​​ទាំង​បាន​ចែក​ចាយ​ សៀវ​ភៅណែ​​នាំ​ស្តី​ពី​ការ​បោះ​ឆ្នោត​ដល់​សមាជិក​គណៈប្រតិភូទាំងអស់ក្នុង​ ឱកាសនោះ​ផង​ដែរ។​

នេះគឺជាលើក​ដំ​បូងនៃការ​បើក​ទំព័រ​ ប្រវត្តិសាស្ត្រនៅក្នុង​ដំ​ណើរការ​បោះឆ្នោតបំ​ពេញ​បន្ថែម​​លើក​ទី​២​នៅក្នុង ​ប្រទេសភូមា ដោយមាន​ការ​ចូល​រួម​​ពី​តំ​ណាង​សហគមន៍អ៊ឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី និង​បណ្តាប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភព​លោក ជាពិសេស វត្តមាន​ របស់​អាស៊ាន ជាអ្នក​សង្កេតការណ៍ ក្រោម​ការប្តេជ្ញាចិត្តដ៏មោះមុតរបស់​មេដឹក​នាំភូមា ដែល​ចង់​បង្ហាញ​ពិភព​លោក​ថា ភូមានឹង​ធ្វើ​ការ​កែទម្រង់​របបនយោបាយ​ពិត​ប្រាកដ។

ការបោះ ​ឆ្នោតបំ​ពេញ​បន្ថែម​លើក​ទី​២នេះ​ គឺជាដំ​ណើរឆ្ពោះ​ទៅមុខ  ដើម្បីសំ​រេចផែន​ទី​បង្ហាញ​ផ្លូវ​ត្រង់​ចំ​នុច​ទី​​ ៧ រ​បស់​ខ្លួន​ គឺការ​កសាង​រដ្ឋលើគន្លង​​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី ពហុបក្ស  ពិតប្រាកដ។
​ ការ​ដណ្តើម​អាសនៈចំ​នួន​៤៥ ដែល​នៅ​ទំ​នេរ នៃចំ​នួន​អាសនៈសរុប​ទាំង​អស់​ជិត​​៦០០ គឺជាការ​ចាប់​ផ្តើម​ប្រកួត​ប្រជែង​មួយ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​​ប្រឆាំង​ដ៏មាន​ឥទ្ធិពល​ដឹក​នាំដោយ​លោកស្រី  អង់ សាន​ស៊ូជី ។

 ចំនួន​អាសនៈទំ​នេរទាំង​នេះ គឺដោយ​សារ​សមាជិក​សភាដែល​ រួម​មាន   សភាថ្នាក់​តំ​បន់​ តំ​ណាង​រាស្ត្រ និង​ព្រឹទ្ធសភា ទាំង​៤៥រូប​នោះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​បំ​ពេញ​ភារកិច្ច​ផ្សេងៗ​​ ។ ដូច្នេះ ការ​បោះ​ឆ្នោត​នាថ្ងៃ​ទី១ ខែ មេសា ឆ្នាំ ២០១២ នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុងរដ្ឋចំ​នួន​៩ នៃ​រដ្ឋសរុប​ចំ​នួន​១៤ នៅ​ទូទាំង​ប្រទេស​ភូមា ។

អត្ថបទៈ (ភ្នាក់​ងារ​ព័ត៌មាននៃក្រុម​អ្នក​សង្កេត​ការណ៍កម្ពុជាសំរាប់ការបោះឆ្នោតនៅភូមា)