Saturday, March 31, 2012

លោកស្រី​ អង់ សាន​ស៊ូជី មាន​​សុទិដ្ឋិ​និយម​​ថា​ ការ​បោះ​ឆ្នោត​នៅ​​ថ្ងៃ​ទី១ ខែ មេសា ឆ្នាំ ២០១២ គឺជា​ជំ​ហាន​​ដំ​បូង​​នៃ​ដំ​ណើរឆ្ពោះ​​​ទៅ​​រក​​​​លទ្ធិ​​ប្រជា​ធិបតេយ្យ


          លោកស្រី​ អង់​ សាន​ស៊ូជី​ មេដឹក​នាំគណបក្ស​បក្ស​ប្រឆាំង (National League for Democracy Party) គណបក្ស​សម្ព័ន្ធជាតិ​សំ​រាប់​លទ្ធិប្រជាធិបតេយ្យ​ ​បាន​ឆ្លើយ​តប​ទៅ​នឹងសំ​នួរ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​ថា ការ​បោះ​ឆ្នោត​បំ​ពេញ​បន្ថែមលើកទី​២ ដើម្បី​ដណ្តើមអាសនៈ​នៅ​ទំ​នេរចំ​នួន៤៥ ​ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១ ខែ មេសា ឆ្នាំ២០១២  គឺជា​ជំ​ហាន​​ដំ​បូងនៃ​ដំ​ណើរឆ្ពោះ​​ទៅ​រក​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជា​ឱកាស​សម្រាប់​ប្រទេសភូមាក្នុ​ង​ការបោះ​ជំ​ហាន​ចូល​ក្នុង​សមាគម​ អាស៊ាន  ដើម្បី​អភិវឌ្ឍ​ខ្លួន​លើ​វិស័យ​ជាច្រើន​នាពេល​អនាគត ដែល​ជាក្តី​ប្រាថ្នារបស់​សហគមន៍​អាស៊ាន​នោះ​ផង​ដែរ​។

          សំ​រាប់​លោកស្រី​​ អង់ ​សានស៊ូជី​ ការ​បោះ​ឆ្នោត​នេះ ​គឺជាជោគ​ជ័យ​មួយ​សំ​រាប់​ប្រជាពល​រដ្ឋភូមាទាំង​មូល​។ ជាក់​ស្តែង ក្នុង​សន្និសីទ​កាសែតដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​គេហដ្ឋាន​របស់់​លោក​ស្រី​​​ កាលពី​ថ្ងៃទី​៣០ ខែ មីនា ឆ្នាំ ២០១២ ក្នុង​ទីក្រុង​រ៉ងហ្គូន មាន​ទឹក​មុខរីក​រាយប្រកប​ដោយ ​​ភាព​ជឿជាក់ តាម​រយៈការផ្តល់​ឱកាសចោទ​សួរ​ពីសំ​ណាក់​អ្នក​សារព័ត៌​មាន​​រាប់​រយ​នាក់ មក​ពី​គ្រប់​ទិសទី​ទៅ​កាន់​លោក​ស្រីដោយ​សេរី​​។ នេះគឺជាការបើ​ក​ចំ​ហរនូវ​សារនយោបាយ​ដ៏​ទូលាយ​បំ​ផុត និង​ជាលើ​ក​ទី១ក្នុង​ប្រវត្តិសាស្ត្រទៅ​កាន់​ពិភព​លោក បន្ទាប់​ពី​មេដឹកនាំ​ប្រទេស​ភូមា ចង់​បង្ហាញ​នូវ​សុឆន្ទៈ​របស់ខ្លួនប្រាប់​ពិភពលោកថា ភូមា បាន​ចាប់​ផ្តើម​កែទម្រង់លើផ្លូវត្រូវ​ឆ្ពោះទៅ​រក​លទ្ធិប្រជាធិបតេយ្យ​​ដ៏ពិត ​ប្រាកដក្នុង​ពេល​អនាគត។
 ការ​បើក​ឱកាសដល់​អ្នក​ សារព័ត៌មានចោទសួរមេដឹកនាំគណបក្សប្រឆាំង​ដោយសេរី​បែប​នេះ​ គឺជាការ​បើ​ក​របាំង​ទ្វារ​នៃ​លទ្ធិ​ប្រជាធិ​ប​តេយ្យ​​​ដ៏​ពិត​ប្រាកដ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈកែវ​ភ្នែក​អព្យាក្រិត​របស់​អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍​​ជាតិ​ និង​អន្តរជាតិ​ ។

0លើស ​ពី​នេះទៅ​​ទៀត ក្នុង​ដំ​ណើរការ​បោះ​ឆ្នោត​នេះ​ ប្រទេសភូមា បាន​អញ្ជើញអ្នក​សង្កេត​ការណ៍​អន្តរជាតិ​មក​ពី​សមា​គម​​​ប្រជាជាតិ​អាស៊ី​ អាគ្នេយ៍  ដែល​ហៅ​កាត់​ថា​ អាស៊ាន មក​ពី​លេខា​ធិការ​​ដ្ឋាន អាស៊ាន និង​តំណាង​មកពី​សភាអាស៊ាន   ព្រម​ទាំង​មក​ពី​សហគមន៍អ៊ឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ជាដើម     សរុបទាំង​អស់​ចំ​នួន​១៨៩នាក់ ​។

ក្នុង​ចំ​ណោម​អ្នក​សង្កេតការណ៍​ អន្តរជាតិទាំងនោះ​​ ក៏មានវត្តមាន​អ្នក​សង្កេត​ការណ៍របស់​​កម្ពុជា​ដែល​ជាប្រធាន​អាស៊ាន​សំ​រាប់​ ឆ្នាំ ២០១២ ដែល​ដឹក​នាំគណៈប្រតិភូដោយ ឯកឧត្តម​ ឈាង វុន ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាការ​កិច្ចការ​បរទេស សហប្រតិ​បត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃរដ្ឋសភា ចូល​រួម​ផង​ដែរ។

          ការ​ប្តេជ្ញាចិត្ត​របស់​សាធារណៈ​រដ្ឋសហភាព​មីយ៉ាន់​មា ដែល​ធានាអះ​អាង​ថា ការ​បោះ​ឆ្នោត​នេះ​ នឹង​ត្រូវ​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ និង​មាន​តម្លាភាព​ គឺជាសញ្ញាវិជ្ជមាន​មួយ​នៃ​ ការ​ដក​ខ្លួន​ចេញ​ឱ្យ​ផុតពី​ការ​ហ៊ុំព័ទ្ធសេដ្ឋកិច្ច​ និង​ក៏​ជា​ឱកាសដ៏ល្អ​បំ​ផុតដើម្បី​វិវត្តន៍ខ្លួន​ទៅ​ជា​សមា​ជិក​​ដ៏​ពេញ​លេញ ​ក្នុង​នាម​ជា​សមាជិករបស់​អាស៊ាន គឺមាន​ន័យ​ថា ភូមា អាច​នឹង​ដើរតួនាទី​ជាប្រធាន​អាស៊ាន​ប្តូរ​វេននាឆ្នាំ២០១៤។

          វត្ថុបំ​ណង​នេះ​ ក៏​ត្រូវបាន​គាំទ្រយ៉ាង​ពេញ​ទំ​ហឹងដោយ​​សម្តេច​​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ នាឱកាសជំនួបទ្វេភាគី​នា​ទី​ក្រុង​ភ្នំ​ពេញ​ រវាង​សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​ប្រធានាធិបតី​ ថេន សេន កាលពី​ថ្ងៃទី​២១ ខែ មីនា ឆ្នាំ ២០១២ កន្លងមកនេះ​ផងដែរ។

          សម្តេច​តេជោ ហ៊ុន សែន​  ក្នុង​នាម​ជាប្រធាន​អាស៊ាន មាន​ចក្ខុវិស័យ​ច្បាស់​លាស់​ គឺជម្រុ​ញ​​ប្រទេស​ដែល​ជាសមាជិក​របស់​អាស៊ាន​ ជាពិសេសប្រទេស​ភូមាឱ្យ​ដើរក្នុង​គន្លង​លទ្ធិ​ប្រជាធិប​តេយ្យ​ដ៏ពិត​ ប្រាកដមួយ​សំ​រាប់​មុខមាត់​របស់​សមាជិក​នីមួយ​ៗចៀសផុតពី​ការ​ទិតៀន​​ទាំង​ ឡាយ​ ដើម្បី​សហគមន៍​អាស៊ាន​ អភិវឌ្ឍខ្លួនកាន់​តែ​ប្រសើរ ព្រម​ទាំង​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​។

អត្ថបទៈ (ភ្នាក់​ងារ​ព័ត៌មាននៃក្រុម​អ្នក​សង្កេត​ការណ៍កម្ពុជាសំរាប់ការបោះឆ្នោតនៅភូមា)