Thursday, March 8, 2012

សុន្ទរកថា ឯកឧត្តម​បណ្ឌិត សុខ អាន ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​នៅ​អង្គរ​ ៖ សកម្មភាព​សំដៅ​រៀបចំ​ផែនការ​គ្រប់​គ្រងទេសចរណ៍​


សុន្ទរកថា
ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីទេសចរណ៍ប្រកបដោយចីរភាពនៅអង្គរ ៖
សកម្មភាពសំដៅរៀបចំផែនការគ្រប់គ្រងទេសចរណ៍
សៀមរាប ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២


  • ឯកឧត្តថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
  • ឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប
  • ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា
  • លោកជំទាវ Penny RICHARDS ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
  • លោកជំទាវ Anne LEMAISTRE តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា
  • ឯកឧត្តមសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor)
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
  • តំណាងវិស័យឯកជន ទាំងអស់ជាទីរាប់អាន!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោម​នស្សរីករាយ​ចូលរួម​ជាមួយ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយសជាតិ និងអន្តរជាតិ និងតំណាង​វិស័យឯកជន​ទាំងអស់ ក្នុង​ពិធីបិទ​អង្គ​សិក្ខាសាលា​ស្តីពី “​ទេសចរណ៍ប្រកបដោយចីរភាពនៅអង្គរ សកម្មភាព​ សំដៅ រៀបចំផែនការ​គ្រប់គ្រង​ទេស​ចរណ៍” នាពេលនេះ។

ឆ្លៀតក្នុង ​ឱកាសនេះ ខ្ញុំសូមកោត​សរសើរ និងវាយ​តម្លៃខ្ពស់​ ចំពោះអាជ្ញាធ​រអប្សរា ដោយ​មានកិច្ច សហការ​ពីក្រសួង​ទេសចរណ៍ សាលា​ខេត្តសៀមរាប អង្គការ​យូណេស្កូ និង​ស្ថានទូត​អូស្ត្រាលី ក្នុងការរៀប​ចំ​​សិក្ខាសាលា​ដ៏មានសារៈ​សំខាន់នេះ។ ខ្ញុំសូម​ចាត់ទុកថា សិក្ខា​សាលានេះ​បានបង្កើត​ឱ្យមានទំនាក់​ទំនង និងជំនឿទុក​ចិត្តរវាង​ភាគីពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យ​ឯកជន ក្នុងការ​ចូលរួម​ចំណែកធ្វើ​ឱ្យវិស័យ​ទេសចរណ៍​នៅសៀម​រាបអង្គរ​មានការ​អភិវឌ្ឍ ​ប្រកប​ដោយ​ចីរភាព។
តាមរយៈរបាយការណ៍​ របស់​ឯកឧត្តម​សាស្ត្រាចារ្យ Azedine BESCHAOUCH អ្នក​សម្រប​សម្រួល​អង្គ​សិក្ខា​សាលា បាន​​ឱ្យដឹងថា ក្រោម​អធិបតីភាព​ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ អង្គ​សិក្ខា​សាលាបាន​ស្តាប់​បទបង្ហាញ និង​ពិភាក្សាយ៉ាង​ផុសផុល លើប្រធាន​បទសំខាន់ៗ​ជាច្រើន ជាអាទិ៍ ៖ ហេដ្ឋារចនា​សម្ព័ន្ធ​ទេសចរណ៍ ភាព​ជាដៃ​គូរវាងភាគី​ពាក់ព័ន្ធ បញ្ហា​នៅតាម​ទីតាំង​ប្រាសាទ សេវាកម្ម​របស់អាជ្ញាធរ​អប្សរា ការដឹក​ជញ្ជូននៅ​ឧទ្យានអង្គរ ពិពិធកម្ម​នៃផលិតផល​ទេសចរណ៍ ទិដ្ឋភាព​សេដ្ឋកិច្ច​និងសង្គម​និង​បេតិកភណ្ឌ​អរូបី និងការ​យល់ដឹង​របស់ភ្ញៀវ​ទេសចរណ៍​អំពីតម្លៃ​បេតិកភណ្ឌ​ពិភព​លោកអង្គរ។ គោលដៅ​ចំបងនៃ​ប្រធាន​បទទាំង​អស់នេះ គឺដើម្បី​រួមចំណែក​ក្នុងការរៀបចំ​ផែនការ​គ្រប់គ្រង​ទេស​ចរណ៍ ប្រកប​ដោយចីរភាព​នៅតំបន់អង្គរ។

ខ្ញុំសូមស្វាគមន៍ និងកោតសរសើរ​ចំពោះ​ខ្លឹមសារ​ប្រកប​ដោយ​អត្ថន័យនៃ​បទបង្ហាញ កិច្ចពិភាក្សា និង​សំណូមពរ​នានាដែល​អង្គសិក្ខាសាលា​បានលើក​ឡើង ហើយ​ខ្ញុំជឿជាក់​ថា ក្រសួង​ទេសចរណ៍ អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្តសៀមរាប ព្រមទាំងភាគី​ពាក់ព័ន្ធ​ទាំងអស់ នឹង​ខិតខំប្រឹង​ប្រែង​ឱ្យអស់​ពីលទ្ធភាព​ទាញ​យក​អត្ថប្រយោជន៍​ពីខ្លឹមសារ និង​លទ្ធផល​ដែល​ទទួល​បានពី​អង្គសិក្ខាសាលា​នេះ ក្នុងការ ឈាន​ទៅសម្រេច​បាននូវ​គោលដៅ​ខាងលើ។ ក្នុងន័យនេះ អាជ្ញាធរ​អប្សរា​នឹងយក​ខ្លឹមសារ​នៃផែនការ​គ្រប់​គ្រងទេសចរណ៍ (Tourism Management Plan) ដែល​លោក​សាស្ត្រាចារ្យ Richard MACKAY ប្រធាន​ក្រុមហ៊ុន Golden Mackay Logan (GML) បាន​ធ្វើបទ​បង្ហាញ ធ្វើ​ជាមូលដ្ឋាន​សម្រាប់​ពិចារណាការអនុវត្ត​ផែន​ការសកម្មភាព​គម្រោង នា​ពេលអនាគត​ខាងមុខ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
ជាការពិតណាស់ ប្រធានបទស្តី​ពី​ផែនការ​គ្រប់គ្រង​ទេស​ចរណ៍នៅ​តំបន់អង្គរ​មិន​មែន​ ត្រូវបានលើក​យកមក​ពិភាក្សាជាលើក​ទីមួយនៅ​ក្នុងអង្គសិក្ខាសាលា​នាពេល​នេះទេ។ តាមពិត ខ្ញុំបានលើកយក​ផែនការនេះ​មកពិភាក្សា តាំងពីឆ្នាំ២០០៤ម្លេះ គឺនៅក្នុង​សិក្ខាសាលា​ស្តីពី​ការសិក្សា​អំពីតំបន់​អង្គរ និង​សៀមរាប លើប្រធានបទ “​ទេសចរណ៍ និងការ​អភិវឌ្ឍប្រកប​ដោយចីរភាព” ដែល​បានប្រព្រឹត្ត​ទៅនៅ​រាជធានី​ភ្នំពេញ។ ការ​ពិភាក្សា និងការផ្លាស់ប្តូរ​យោបល់​នៅពេល​នោះ មិនត្រឹមតែ​​ផ្តោតលើ​លក្ខខណ្ឌ និង​ទស្សនៈ​វិស័យ​នៃការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៃ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្តោត​លើមូល​ដ្ឋាន ក្រមសីលធម៌ និង​ការប្រតិ​បត្តិសម្រាប់ជំរុញ​កំណើន​ទេសចរណ៍ផង ដែរ។ នៅពេល​នោះ​ដែរ នៅក្នុង​បទអន្តរាគម​បិទអង្គ​សិក្ខាសាលា ខ្ញុំបាន​ទាញចំណាប់​អារម្មណ៍​ចំពោះគោលនយោបាយ​របស់រាជ​រដ្ឋាភិបាល​ សម្រាប់គ្រប់​គ្រង​តំបន់​សៀមរាប​អង្គរ ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

នៅថ្ងៃនេះ ខ្ញុំសូម​បញ្ជាក់ថា ការកត់​សម្គាល់ និង​ការសន្និដ្ឋាន​ដែលខ្ញុំ​បានលើក​ឡើង​កាលពីឆ្នាំ២០០៤ នៅ​តែឆ្លើយតប​ទៅនឹង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ដដែល។

ទី១ ៖ យើងត្រូវ​ធានាឱ្យ​មានអនាគត​មួយដែល​ច្បាស់លាស់ និង​ស្ថិតស្ថេរ សម្រាប់​សកម្មភាពទេសចរណ៍​ក្នុងតំបន់​សៀមរាប​អង្គរ សំដៅ​ធានាឱ្យ​បាន​នូវ​បូរណភាព និងសភាព​ដើម​នៃ​រមណីយដ្ឋានអង្គរ ដែល​ជាបេតិកភណ្ឌ​ពិភពលោក។

ទី២ ៖ ដើម្បី​ធានាបាន​នូវនិរន្តរ​ភាព កម្ម​វិធីទេសចរណ៍​ទាំងអស់​ត្រូវ​មានការ​ចូល​រួម​ពីបណ្តា​ភាគី ពាក់​ព័ន្ធ​នានា ដូចជា ៖ អង្គការ​មិនមែន​រដ្ឋាភិបាល ទីភ្នាក់​ងារ​ទេសចរណ៍ សណ្ឋាគារ​និង​ផ្ទះសំ​ណាក់ ក្រុមហ៊ុន​ដឹកជញ្ជូន មគ្គុទេសក៍​ទេសចរណ៍ និង​មជ្ឈដ្ឋាន​ធុរជន និង​សហគ្រិន​នានា ទាំង​នៅ​ក្នុងគោលគំនិត និង​ការអនុវត្ត​ជាក់​ស្តែង ។

ទី៣ ៖ ដូចដែល​អង្គការទេសចរណ៍​ពិភពលោក​បាន​ផ្តល់​អនុសាសន៍ វិស័យ​ទេសចរណ៍​គឺជា វិស័យ​មួយដែល​អាចចូលរួម​ចំណែក​យ៉ាង​ធំធេង ក្នុងកិច្ច​ការពារ និង​លើកតម្លៃ​រមណីយដ្ឋាន​បេតិ​កភណ្ឌ ពិ​ភព​លោក។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
ការសិក្សាស្រាវ ​ជ្រាវបស់អ្នក​ជំនាញការបាន​ឱ្យដឹងថា ពិពិធកម្ម​ផលិតផល​ទេសចរណ៍​នៅតំបន់សៀមរាប​អង្គរ ដូច​ជា ៖ ការបង្កើត​និង​ដាក់ឱ្យ​មានវង់​ទស្សនា​ចរ​ថ្មីៗ ការរៀបចំ​ឱ្យមាន​ទីតាំង​ទេសចរណ៍ថ្មីៗ ការ​បង្កើត​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច ការ​លើក​កម្ពស់​វប្បធម៌​នៅក្នុង​ដំណើរ​ទស្សនា​រមណីយដ្ឋានអង្គរ ការទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​បរិស្ថាន មិនត្រឹម​តែឆ្លុះ​បញ្ចាំង​ពីភាព​សម្បូរ​បែប​នៃវិស័យទេសច​រណ៍​កម្ពុជា​ ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរឱ្យ​ស្នាក់​នៅ​រយៈពេល​វែងផងដែរ ដែល​ជាកត្តា​ធានា​បាននូវ​និរន្តរ​ភាព​ទេសចរណ៍​នៅ​សៀមរាប​អង្គរ។

នេះជាភារកិច្ចដ៏ធំធេង ​សម្រាប់​យើង​ទាំង​អស់គ្នា។ តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​យល់ថា យើង​ទាំងអស់​គ្នាដែល​ជាកូនចៅ​ជំនាន់ក្រោយ​នៃ​បុព្វបុរស​ខ្មែរដែល​បាន​ កសាងអង្គរ​ដ៏​អស្ចារ្យ ពិត​ជានឹង ជំនះ​បាននូវ​គ្រប់​ឧបសគ្គ។

ក្នុងន័យនេះ និរន្តរភាព​ការងាររបស់​អាជ្ញាធ​រអប្សរា និងការ​ចូលរួម​របស់​ដៃ​គូពាក់ព័ន្ធ​ទាំងអស់ក្នុង​វិស័យ​ទេសចរណ៍ រួមទាំង​ផ្នែកឯកជន​ក្នុងស្រុក និង​អន្តរជាតិ​ផង​ដែរ ពិតជា​មាន​សារៈ​ប្រយោជន៍ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តុល្យភាព​នៃ​ រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​តំបន់​សៀមរាប​អង្គរ។ ខ្ញុំសូមឆ្លៀត​ឱកាសនេះ អំពាវ​នាវដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ចូលរួម​ឱ្យបាន​កាន់តែ​សស្រាក់​សស្រាំថែម​ទៀត ជាមួយ​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត ក្នុង​ការជំរុញ​និរន្តរភាព​ទេសចរណ៍តំបន់​អង្គរ និងធានាថា ភ្ញៀវទេសច​រនឹងមាន​អារម្មណ៍​ដក់ជាប់​ក្នុងចិត្ត មិនត្រឹម​តែចំពោះ​ប្រាសាទ​បុរាណ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​តំបន់​សៀមរាប​អង្គរ​ក៏ដូច​ជា​ប្រទេស​កម្ពុជា​ទាំង​មូលតែម្តង។

ទន្ទឹម ​នឹងនេះ ការគិត​គូរអំពី​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត សេវា​ដឹកជញ្ជូន សេវា​ថែទាំ​សុខភាព ការកាត់​បន្ថយការ​បំពុល​បរិយាកាស ការអប់រំ​សហគមន៍​ឱ្យយល់​ដឹងឱ្យបាន​កាន់​តែទូលំ​ទូលាយ​អំពីសារៈ​សំខាន់​ នៃវិស័យ​ទេសចរណ៍ ពិពិធកម្ម​ផលិតផល​ទេសចរណ៍ និង​ការបណ្តុះ​បណ្តាល​ភាគីពាក់​ព័ន្ធ​ទាំងអស់​ឱ្យមាន​ជំនាញ​វិជ្ជាជីវៈ​ ច្បាស់លាស់ នឹង​ធានា​បាននូវ​គុណភាព​នៃ​ការផ្តល់​សេវា (quality of service) ដែល​ជាកត្តា​ជោគជ័យ​នៃ​វិស័យ​ទេស​ចរណ៍។

ជាថ្មីម្តងទៀត ខ្ញុំសូម​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្រ្តីអាជ្ញា​ធរអប្សរា​ទាំងអស់ និង​សូមថ្លែងអំណរ​គុណ​ចំពោះ​ក្រសួង​ទេសចរណ៍ សាលា​ខេត្តសៀមរាប អង្គការ​យូណេស្កូ និង​ស្ថានទូត​អូស្រ្តាលីប្រចាំ​កម្ពុជា ចំពោះ​កិច្ចគាំទ្រ និង​សហប្រតិបត្តិការ​នា​ពេល​កន្លង​មក និង​ចំពោះកិច្ច​សហការ​រៀបចំ​សិក្ខាសាលា​នាពេល​នេះ ដែល​សម្រេច​បាន​លទ្ធផល​ប្រកប​ដោយ​ជោគជ័យ ដើម្បី​ឈាន​ទៅ​សម្រេច​បាននូវផែន​ការ​គ្រប់គ្រង​ទេសចរណ៍​ប្រកបដោយ​ចីរភាព​នៅ​ តំបន់​អង្គរ។

មុននឹងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ និង​តំណាងវិស័យ​ឯកជន​ទាំងអស់ សូម​មាន​សុខភាព​ល្អ ជោគជ័យ​គ្រប់ភារ​កិច្ច និង​មានសុភមង្គល​នៅក្នុង​ក្រុមគ្រួសារ។

ខ្ញុំសូមប្រកាស ​បិទអង្គ​សិក្ខាសាលា​ស្តីពី “​ទេសចរណ៍​ប្រកប​ដោយចីរភាព​នៅអង្គរ ៖ សកម្មភាព​សំដៅ​រៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍” នៅ​ពេលនេះ។
សូមអរគុណ