Thursday, March 8, 2012

បទសម្ភាសន៍រវាង លោក​បណ្ឌិត ឈឹម ផលវរុណ ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា ​ជាមួយ លោកសត្យា រក្ស​ ​ទូរទស្សន៍​បាយ័ន​ ស្តីពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ខាង​មុខ


ថ្ងៃទី០៥ ខែមីនា​​​ ឆ្នាំ២០១២
លោកសត្យា រក្ស​
សំណួរ៖ ជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​នេះ គណបក្សប្រឆាំង មាន​ដូចជាគណបក្ស សម រង្ស៊ី ក្តី​ គណបក្ស​តូចតាចរបស់កឹម សុខា ក្តី បានបង្ហាញនូវការចុះចាញ់មុនប្រកួត​ ដោយគាត់បាន និងកំពុងតែចោទ គ ជ ប ថា​គ្មានតម្លាភាព គ្មានយុត្តិធម៌ លំអៀងមកលើ​គណបក្សប្រជាជនកម្ពុជា​ ជាដើម​។​ ជុំវិញបញ្ហា​នេះ​ សូមលោកបណ្ឌិត​ជួយពន្យល់ និងបំភ្លឺដល់គណបក្សប្រឆាំង ជាពិសេស​ជូន​ទៅ​ដល់​ជនរួម​ជាតិ ​អំពីនីតិវិធី​របស់ គ ជ ប​ ក្នុងការរៀបចំបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេល​ខាងមុខ​នេះ​បន្តិច​​បាទ?​​

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ មុន ​នឹង​យើង​ធ្វើ​ការ​​វិនិច្ឆ័យ​ទៅ​លើ​តួ​អង្គ​នីមួយ​​ៗ​ ដែល​ពាក់ពន្ធ័​​ទៅ​នឹង​រឿង​បោះ​ឆ្នោត​ ជា​ពិសេស​យើង​ទាញ​ទៅ​លើ​ទស្សនៈ​​របស់​គណបក្ស​ប្រឆាំង​ ដែល​ច្រើន​តែ​ចោទ​ប្រកាន់​ គ.ជ.ប ថា​មិន​ឯករាជ្យ មិន​សុក្រឹត្យ​​ រហូត​អង្គការ​ NGO មួយ​ចំនួន​ ដែល​មាន​និន្នាការ​ប្រឆាំង​ ហើយ​ធ្វើ​កិច្ច​ការ​បោះ​ឆ្នោត​ក៏​ចោទ​ប្រកាន់​ថា មិន​ឯក​រាជ្យ​។​ ត្រង់​ចំណុច​នេះ​ពួក​គាត់​បាន​ត្រឹម​តែ​អះ​អាង​ទេ បើ​សិន​ជា​យើង​ចង់​រក​ឲ្យ​ឃើញ​ថា តើ​ការ​បោះ​ឆ្នោត​​មួយ​អាច​ទទួល​យក​បាន​ដោយ​ សេរី យុត្តិធម៌​ លុះត្រា​​តែ​យើង​មើល​ទៅ​លើ​​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​មួយ​ ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​​រឿង​បោះ​ឆ្នោត​។​ ការ​បោះ​ឆ្នោត​មួយ​សេរី ត្រឹម​ត្រូវ យុត្តិ​ធម៌​ មិន​អាស្រ័យ​ទៅ​លើ​តែ​អង្គការ​មួយ​តែ​មួយ​មុខ​ទេ យើង​ត្រូវ​​មើល​ច្បាប់​។​គណៈកម្មាធិការ​ជាតិ​ រៀប​ចំ​ការបោះ​ឆ្នោត​ (គ.ជ.ប)  តើ​មាន​តួនាទី​អ្វី​ខ្លះ​?​។​ គ.ជ.ប ជា​អង្គការ​បោះ​ឆ្នោត​ដែល​ទទួល​បន្ទុក​ត្រឹម​តែ​រៀប​ចំនូវ​​បច្ចេក​ទេស​នៃ​ ដំណើរ​ការ​បោះ​ឆ្នោត​ទេ​ មិន​មែន​ជា​អ្នក​កំណត់​ទៅ​នឹង​នយោបាយ​បោះ​ឆ្នោត​ ឬ​ក៏​គោល​ការណ៍​​បោះ​ឆ្នោត​​ទេ។​ អញ្ចឹង​​ដំណើរ​ការ​បច្ចេកទេស​ រាប់​តាំង​​ពី​ការ​ចុះ​ឈ្មោះ​ ការ​ស្រង់​បញ្ជី ការ​ទទួល​ឈ្មោះ​បេក្ខជន​ រាប់​សន្លឹក​ឆ្នោត គណនា​សន្លឹក​ឆ្នោត​ ​បែង​ចែក​អសនៈ ។ល។ សុទ្ធ​តែ​ជា​ការ​ងារ​បច្ចេក​ទេស​បោះ​ឆ្នោត​ ដែល​ច្បាប់​ប្រគល់​ជូន​ គ.ជ.ប។​ សូម្បី​តែ​របៀប​រាប់​សន្លឹក​​ឆ្នោត​ ក៏​មិន​មែន​ជា​ការ​សម្រេច​របស់​ គ.ជ.ប ដែរ ថាសន្លឹក​ឆ្នោត​ណា​យក​មក​រាប់ ហើយ​សន្លឹក​ឆ្នោត​ណា​មិន​ត្រូវ​យក​រាប់​។​ តាំង​ពី​សន្លឹក​ឆ្នោត​ដែល​ត្រូវ​យក​មក​ប្រើ​ សុទ្ធ​តែ​ច្បាប់​កំណត់​ទាំង​អស់​ អញ្ចឹង​ គ.ជ.ប មាន​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ខុស​ត្រូវ​​ ចំពោះ​ការងារ​​ធុរៈកិច្ច​​របស់​ខ្លួន​ក្នុង​បច្ចេក​ទេស​រៀប​ចំ​ការបោះ​ឆ្នោត ​ អនុលោម​ទៅ​តាម​ច្បាប់​ដែល​កំណត់​ ហើយ​ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធិ​ភាព​​ យើង​ឃើញ​ថា គ.ជ.ប បាន កំណត់​នូវ​នីតិ​វិធី​ របស់​ខ្លួន​ដើម្បី​ឲ្យ​ សម្រេច​នូវ​គោល​ដៅ នៃ​ការ​ធានា​ការបោះ​ឆ្នោត​ខាង​ភា​រកិច្ច​បច្ចេក​ទេស​របស់​ខ្លួន​បាន​ត្រឹម​ ត្រូវ​ រាប់​​ទាំង​ការ​ជូន​ដំណឹង តាំង​ពី​ការ​កំណត់​ប្រតិទិន​នៃ​ជំហាន​នីមួយ​ៗ​​។ មួយ​ទៀត​យើង​កុំអាល​​និយាយ​ស៊ី​ជម្រៅ​ ឥឡូវ​ គ.ជ.ប​ មាន​ភារកិច្ច​ហ្នឹង សួរ​ថា គ្រប់​គ្រាន់​ទេ​ការ​បោះ​ឆ្នោត​​មួយ?​​ អញ្ចឹង​ហើយអង្គការ​ណា​ទៀត​ដែល​ត្រូវ​​មាន​តួនាទី​?​ ​​ខ្ញុំ​បាន​បង្ហើប​ថា គ.ជ.ប អនុវត្ត​តាម​ច្បាប់​ អញ្ចឹង​រដ្ឋ​សភា​ ក៏​មាន​តួនាទី​ក្នុង​កិច្ច​ការ​បោះ​ឆ្នោត​ដែរ​ គឺ​ជា​អ្នក​ធ្វើ​ច្បាប់​បោះ​ឆ្នោត​ ហើយ​មិន​ត្រឹម​តែ​ធ្វើ​ច្បាប់​បោះ​​ឆ្នោត​​ជា​មូល​ដ្ឋាន​ទេ​ រហូត​មាន​វិសោធនកម្ម​នូវ​នីតិវិធី​ និង​បែប​បទ​មួយ​ចំនួន​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ភាព​ពិត​ជាក់​ស្តែង​ នៃ​ការ​វិវត្តន៍​របស់​កម្ពុជា​ទៀត​​។​ អញ្ចឹង​ហើយ​បាន​ច្បាប់​បោះ​ឆ្នោត​ជ្រើស​​តាំង​អ្នក​តំណាង​​រាស្ត្រ​​​ ច្បាប់​បោះ​ឆ្នោត​ជ្រើ​ស​តាំង​សមជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្តី​ សុទ្ធ​តែ​មាន​វិសោធន​កម្ម​។​ អញ្ចឹង​ច្បាប់​ហ្នឹង​វា​មាន​ជា​ធរមាន​ជាទូទៅ​ ដែល​តម្រូវ​ឲ្យ​ទាំង គ.ជ.ប អនុវត្ត​។ ហើយ​មួយ​ទៀត​ សួរ​ថា មាន​តែ​ គ.ជ.ប ហើយ​ រដ្ឋ​សភា អាច​ឲ្យ​ការ​បោះ​ឆ្នោត​ទៅ​រលូន​ដែរឬ​​អត់?​​ អត់​ទាន់​គ្រប់​ទៀត​ អញ្ចឹងបាន​គណបក្ស​ប្រឆាំង​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ពិសេស​ NGO និន្នាការ​ប្រឆាំង​ ត្រូវ​រៀន​សូត្រ​តទៅ​ទៀត​ បើ​មាន​តែ​រដ្ឋ​សភា ហើយ​មាន​ គ.ជ.ប ដ៏​ពេជ្រ​ពណ្ណរាយ​ក៏​អត់​ទាន់​គ្រប់​ដែរ​ យើង​ត្រូវ​ការ​ដំណើរ​ការ​បោះ​ឆ្នោត រាប់​តាំង​​ពី​ការ​​ចុះ​បញ្ជី​ ។ល។ ឲ្យ​មាន​សុវត្ថិភាព​ សន្តិសុខ ធានា​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចុះ​បញ្ជី​ រហូត​ដល់​ក្នុង​បោះ​ឆ្នោត រហូត​ទៅ​ដល់​ គ.ជ.ប រាប់​សន្លឹក​ឆ្នោត​ប្រកាស​នោះ សន្តិសុខ​ សុវត្ថិភាព​គឺ​ជា​ភារៈកិច្ច​​​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ បាន​ន័យ​ថា អាជ្ញាធរ​របស់​អំណាច​នីតិ​ប្រតិបត្តិ​។​ ឃើញ​ទេ​បី ហ្នឹង​អត់​ទាន់​គ្រប់​ទៀត​ តើ​អ្នក​ណា​ទៀត​ដែល​ត្រូវទទួល​ខុស​ត្រូវ​ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះ​​ឆ្នោត​ សេរី​ យុត្តិធម៌​ ត្រឹម​ត្រូវ​ គឺ​គេ​ត្រូវ​ការ​នូវ​តម្លា​ភាព​នៃ​នយោបាយ​របស់​របស់​គណបក្ស​ទៀត បើ​គណបក្ស​នីមួយ​ៗ ពុំ​សុច្ច​រិត​ចំពោះ​នយោបាយ​របស់​ខ្លួន ចូលរួម​គ្រាន់​តែ​ស្រែក​ដើម្បី​បង្ខូច​កេរ្តិ៍​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ គណបក្ស​ហ្នឹង​ទុច្ច​រិត​បាត់​ទៅ​ហើយ ។ ខ្ញុំ​គ្រាន់​តែ​លើក​តួ​អង្គ​​គណបក្ស សំខាន់​ណាស់​នូវ​កាតព្វកិច្ច​ ដើម្បី​ជួយ​ទ្រទ្រង់​ការ​បោះ​ឆ្នោត ខ្លួន​ដាក់​ឈ្មោះ​ចូល​ប្រកួត​ប្រជែង ដែល​មាន​បេក្ខ​ជន​នៅ​ក្នុង​បញ្ជី​គណបក្ស​ ប៉ុន្តែ​​ខ្លួន​គ្មាន​នយោបាយ​បរិសុទ្ធ​ សុទ្ធចិត្ត​ បាន​ត្រឹម​តែ​មួល​បង្កាច់​ ញុះញង់ អុជអាល ​បាន​ន័យ​ថា ខ្លួន​អត់​ស្មោះត្រង់​ក្នុង​នយោបាយ​របស់​ខ្លួន​ បែ​រ​ទៅ​ជា​ភ្លើត​ភ្លើន​ក្នុង​ការ​ធ្វើ​នយោបាយ​អាឡិអាឡក់​ ដូច្នេះ​ខ្លួន​អត់​បាន​ចូលរួម​លើក​ស្ទួយ​ ដំណើរ​ការ​បោះ​ឆ្នោ​ទេ។​ តើ​គេ​ត្រូវ​លើក​ស្ទួយ​យ៉ាង​ម៉េច?​ គេ​ត្រូវ​មាន​គោល​នយោបាយ​ មាន​កម្ម​វិ​ធី​នយោបាយ​ ហើយ​កម្ម​វិធី​ និង​គោល​នយោបាយ​ មិន​មែន​​របៀប​ប្រជា​ភិថុត​ទេ គោល​នយោបាយ​ និង​កម្ម​វិធី​នយោបាយ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ក្រុម​គណបក្ស​​របស់​ខ្លួន​ ចំពោះ​សមាជិក​គណបក្ស​របស់​ខ្លួន​ ហើយ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​ប្រជាពលរដ្ឋ​​ នៅ​លើ​កម្ម​វិធី​​នយោបាយ​ ដែល​ខ្លួន​គិត​ឃើញ​ថា ចង់​ធ្វើ​របៀប​ហ្នឹង តែ​មិន​មែន​ឃោសនា​របៀប​ឲ្យ ៤ ម៉ឺន មនុស្ស​ចាស់ អាហ្នឹង​មិន​មែន​កម្ម​វិធី​ទេ អាហ្នឹង​បោក​ហើយ ឬ​ក៏​​​ព្យាបាល​អត់​យក​លុយ​អីជាដើម​។

លោក សត្យា រក្ស
 ថ្មី​ៗ​នេះ​លោក​ កឹម​ សុខា គាត់​ប្រកាស​ថា មេឃុំ​គាត់​បើ​សិន​ជាប់​ឆ្នោត​ គាត់​ដឹក​យក​ទៅ​រៀន​នៅ​អាមេរិក​ ប៉ុន្មាន​ខែ​ឯណោះ​ គាត់​ចេញ​ទាំង​លុយ​ធ្វើ​ដំណើរ ចេញ​តាំង​ពី​សណ្ឋាគារ​។

លោក​បណ្ឌិត ឈឹម ផលវរុណ
 របៀប​អញ្ចឹង​ ​​តើ​ខ្លួន​ស្មោះ​ត្រង់​នឹង​​នយោបាយ​របស់​ខ្លួន​​ឬ​អត់?​​ ខ្លួន​ស្មោះ​ត្រង់​​នឹង​នយោបាយ​អភិ​វឌ្ឍ​​ប្រទេស​​​ក្នុង​ការ​ចង់​បាន​ សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ឬ​អត់?​ វា​អត់​មាន​ វា​មិន​ដែល​សន្លឹក​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ណា​ទៅ​គិត​រឿង​ ៤ ម៉ឺនទេ​​ គេ​គិត​តែ​រឿង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ជីវភាព​រស់​នៅ​ទាំង​បុគ្គល​ ទាំង​គ្រួសារ ទាំង​សហគមន៍​ ។

លោក សត្យា រក្ស
សំណួរ​៖ ខ្ញុំ​ចង់​​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​​បន្តិច ឥឡូវ​យើង​ថា គោល​នយោបាយ​ល្អ​ហើយ គ្រប់​យ៉ាង​ល្អ​ហើយ ប៉ុន្តែ​តួអង្អ​តំណាង​ អ្នក​ឈ​រ​ឈ្មោះ​នោះ​ ដូច​ជាលោក​មេឃុំ​ អ្នក​ឈរមេ​ឃុំ​ បើ​សិន​ជា​គាត់​ជា​មនុស្ស​អវិជ្ជា មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ដើរ​ផឹក​ ហើយ​ក្នុង​ផ្ទះ​គាត់​ឈ្លោះ​គ្នា ប្រពន្ធ​កូន​ វ៉ៃដំ ច្រំ​ធាក់ ប្រើ​អំពើ​ហិង្សា​រាល់​ថ្ងៃ។​ អញ្ចឹង​បេក្ខជន​បែប​ហ្នឹង​អាច​នឹង​​ទទួល​យក​​ជ័យ​ជំនះ​​បានឬ​​ទេ?​ ពី​ព្រោះ​ខ្ញុំ​ឃើញ​ថា​ មេ​ឃុំ​ដែល​គណបក្ស​ សម រង្ស៊ី គណបក្ស កឹម សុខា ក្តី ដែល​គាត់​ជ្រើស​​រើស​ជា​អ្នក​ឈរ​ឈ្មោះ​ជា​មេឃុំ​ នៅ​តាម​ឃុំ​នៅ​តាម​ស្រុក​ ខ្ញុំ​ឃើញ​ថា ច្រើ​ន​តែ​ជាមនុស្ស​អត់​ចេះ​អក្សរ​​ និយាយ​ឲ្យ​ចំ​ គឺ​អសមត្ថភាព អញ្ចឹង​ត្រង់​ហ្នឹង​ជា​ចំណុច​ដែល​យើង​គួរ​គិត​ដែរឬទេ​?

លោក​​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ចំណុច​ហ្នឹង​ហើយ​ដែល​ខ្ញុំ​ថា អត់​ស្មោះ​ត្រង់​នឹ​ង​​ម្ចាស់​​ឆ្នោត​។​ ពាក្យ​ថា គណបក្ស​នយោបាយ​ដែល​ដាក់​ខ្លួន​ទៅ​ប្រកួត​ប្រជែង​​ វាមិន​ខុស​ពី​កីឡាករ​ដែល​ចុះ​ឈ្មោះ​ទៅ​ប្រដាល់​ទេ ឬ​ទៅ​លេង​បាល់​ទាត់​​ទេ។​ មាន​អាប៊ីត​ល្អ មាន​តារាង​ល្អ មាន​​កាំ​មេរ៉ា​​ ថត​យ៉ាង​ល្អ ប៉ុន្តែ​បើ​អ្នក​លេង​ហ្នឹង​វា​ខូច​ អាប៊ីត អង្គុយ​តែ​​ផ្លុំកញ្ចែ ផ្លុំ​ដល់​ទៅ​​ហត់ ដល់ទៅ​ដួលក៏ ​នៅ​តែ​អត់​ល្អ​ដែរ​ ពី​ព្រោះលោក​ឃើញ​​ដើរតែ​​ទាត់​គេរហូត ​​មិនត្រូវ​​ផ្លុំ​រហូត។​​ ដូច្នេះ​ទីលាន​ប្រកួត​គឺ​អត់​ស្អាត​ទេ មិន​មែន​អត់​ល្អ​ដោយ​សារ​តែ​អាប៊ីត​ទេ មិន​មែន​អត់​ល្អ​ដោយ​សារ​តារាង​ទេ គឺ​អត់​ល្អ​ដោយ​សារ​កីឡាករ។​​​ បាន​ន័យ​ថា អត់​ស្មោះ​ត្រង់​នឹង​​កីឡា​ នឹង​នយោបាយ​ហ្នឹង អញ្ចឹង​បាន​ចង់​​និយាយ​ថា គណបក្ស​នយោបាយ​ត្រូវ​ស្មោះ​ត្រង់​​ជា​មួយ​នឹង​នយោបាយ​របស់​ខ្លួន​​ ចំពោះ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ បាន​ន័យ​ថា មិន​ត្រឹម​តែ​ស្មោះ​ត្រង់​​ និង​ទៀង​ត្រង់​​​​ទៅ​លើ​គោល​គំនិត និង​កម្ម​វិធី​នយោបាយ​ទេ តែ​ត្រូវ​ស្មោះ​ត្រង់​ និង​ទៀង​ត្រង់​ជា​មួយ​នឹង​​ម្ចាស់​ឆ្នោតដែរ។​ គឺ​​នៅ​ត្រង់​ថា ខ្លួន​រើស​បេក្ខ​ជន​ឲ្យ​ឆ្លើយ​តប​​ទៅ​នឹង​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​ផង។​ ឧទាហរណ៍​ថា កម្ម​វិធី​នយោបាយ​សុទ្ធ​តែ​មហា​អស្ចារ្យ​ ដល់​យក​បេក្ខជន​​ គឺ​អត់​ទាំង​ដឹង​ពី​កម្ម​វិធី​នយោបាយ​របស់​បក្ស​ខ្លួន​ផង ដឹង​តែ​ប្រមឹក​ អញ្ចឹង​ធ្វើ​ម៉េច​យល់​ថា កម្ម​វិធី​នយោបាយ​អភិវឌ្ឍ​​ភូមិ​ឃុំ​ ដែល​គណបក្ស​ខ្លួន​ឯង​បាន​តាក់​តែង​នោះ ​ថា​តាក់​តែង​​បាន​ល្អ​ទៀត​ទៅ​ចុះ​ តែ​ខ្លួន​រើស​បេក្ខ​ជន​អត់​ស្មោះ​ត្រង់​​ចំពោះ​នយោបាយ​​ហ្នឹង​។​ ខ្ញុំ​លើក​ឧទាហរណ៍​ រើស​បេក្ខ​ជន​ដែល​​យក​លុយ​ យក​អំណាច​លុយ​មក​ជះ​ឥទ្ធិពល​ ដើម្បី​ឈរ​ជា​មេឃុំ​ សួរថា​​រើស​បុគ្គល​ដែល​មាន​អំណាច​លុយ​​នេះ​ វា​ស្មោះ​ត្រង់​នឹង​កម្ម​វិធី​នយោបាយ​របស់​បក្ស​ដែរ​ឬ​អត់?​​ វា​ស្មោះ​ត្រង់​ចំពោះ​ការ​ពេញចិត្ត​របស់​ប្រជាពល​រដ្ឋ​លើក​កម្ម​វិធី​នយោបាយ ​របស់​គណបក្ស​ដែរ​ឬ​អត់?​​​ វា​នឹង​ឃ្លាត​គ្នា​រវាង​បុគ្គល​ និង​កម្ម​វិធី​នយោបាយ​​ហើយ។​​ចំណុច​ហ្នឹង​គឺ​ភាព​ស្មោះ​ត្រង់​ និង​ទៀង​​ត្រង់​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​នយោបាយ​​ឲ្យ ​បាន​ត្រឹម​ត្រូវ​ ឲ្យ​​ជា​ក់​លាក់​ ដែល​មនុស្ស​អាច​ធ្វើ​បាន​ មិន​មែន​ទេវបុត្រ​ណា​មក​ធ្វើ​ទេ​​ មិនមែន​​ឥស្សី ជប់​មក​បាន​ទេ។​ ដូច​រឿង​យក​មេ​ឃុំ​ណា​ទៅ​អាមេរិក​អី អាហ្នឹង​ចូល​ដល់​បោក​ រើស​ម៉េច​ឲ្យ​មនុស្ស​ធ្វើ​បាន​ ហើយ​ធ្វើ​បាន​ក្នុង​ក្រប​ខ័ណ្ឌ​ ពិសេស​ជាក់​ស្តែង​របស់​កម្ពុជា​ទៀត​។ មួយ​ទៀត​ស្មោះ​ត្រង់​ចំពោះ​នយោបាយ​របស់​ខ្លួន​ ចំពោះ​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​ រើស​បេក្ខ​ជន​ឲ្យ​បាន​ត្រឹម​ត្រូវ​ បរិសុទ្ធ ទៀង​ត្រង់​ បើ​យក​មនុស្ស​ខិល​ខូច​ ក្រឡិច​ក្រឡុច​ មិន​ស្មោះ​ត្រង់​គឺ​អ្នក​ហ្នឹង​​ហើយ​ រួម​ទាំង​មេ​បក្ស​ទៀត​ កំពុង​តែ​ធ្វើ​នយោបាយ​មិន​ស្មោះ​ត្រង់​ហើយ​។​

លោក​ សត្យា រក្ស
សំណួរ​៖ ឥឡូវ​យើង​ងាក​មក​ដំណើរ​ការ​បោះ​ឆ្នោត​វិញ​ម្តង ដែល​ខ្ញុំ​សុំ​ឲ្យ​លោក​បណ្ឌិត​ជួយ​ពន្យល់​ ជូន​ដល់​ជន​រួម​ជាតិ​។ ជា​ធម្មតា​យើង​ឃើញ​ថា ដំណើរ​ការ​នៃ​ការ​បោះ​​ឆ្នោត​នេះ​គឺ​គណបក្ស​នយោបាយ​នីមួយ​ៗ​ គឺ​ថា មាន​អ្នក​សង្កេតកាណ៍​របស់​ខ្លួន​ នេះ​ជា​ចំណុច​មួយ​ដែល​រាប់​បាន​ថា​ជា តម្លាភាព​មួយ​ហើយ​ ពីព្រោះ​ថា អ្នក​សង្កេត​ការណ៍​ហ្នឹង​ដើរ​តួ​ជា​ភ្នែក​ ជា​ច្រមុះ​ របស់​គណបក្ស​នីមួយ​ៗ​ហ្នឹង​ឯង ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រតី​ ឬ​ក៏​មាន​ការ​បន្លំ​យ៉ាង​ណា​ៗ​នោះ​គឺ តំណាង​គណបក្ស​ហ្នឹង​គឺ​មើល​ឃើញ​ នេះ​ជា​ចំណុច​មួយ​ដែល​យើង​ឃើញ​ថា ជា​ការ​ល្អ​ ដែល​ គ.ជ.ប ​បាន​កំណត់​បែប​នេះ។​​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គណបក្ស​ប្រឆាំង​នៅ​តែ​ចោទ​ថា ការ​បោះ​ឆ្នោត​ហ្នឹង​គឺ​ថា មិន​មាន​តម្លា​ភាព​ មិន​មែន​យុត្តិ​ធម៌​ ឥឡូវ​យើង​ថាអញ្ចឹង​ចុះ​ ខ្ញុំ​ងាក​ទៅ​ស្ថាប័ន​ធំ​ គឺ​ថា​ស្ថាប័ន​ គ.ជ.ប វិញ​ម្តង​​ តើ​ គ.ជ.ប មាន​សមាសភាព​មក​ពី​គណបក្ស​ប្រឆាំង​ដែរឬ​​ទេ ​ក្នុង​​ការ​ចូល​រួម​បង្កើត​ជា​ស្ថាប័ន​ គ.ជ.ប ហ្នឹង ?

លោកបណ្ឌិត​ ឈឹម ផល​វរុណ
ចម្លើយ​៖ រឿង ​គណបក្ស​ប្រឆាំង​ដែល​គេ​ធ្វើ​នយោបាយ​ គឺ​ខ្ញុំ​និយាយ​ឲ្យ​អស់​ទៅ​ មិន​ត្រឹម​តែ​អត់​សមត្ថភាព​ គឺ​អត់​ស្មោះ​ត្រង់​ទៅ​នឹង​នយោបាយ​របស់​ខ្លួនថែមទៀត​។​​ ឧទាហរណ៍​រឿង​ពាក់ព័ន្ធ​រឿង​សង្កេត​ការណ៍​ ខ្លួន​អត់​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ការងារ​សង្កេតកាណ៍​ បើ​យើង​ស្មោះ​ត្រង់​ក្នុង​ការងារ​សង្កេតការ​ណ៍​ត្រូវ​រើស​អ្នក​សង្កេត​ការណ៍ ​ ដែល​ស្មោះ​ស្ម័គ្រ​ចំពោះ​ការងារ​ហ្នឹង មិន​មែន​រើស​មនុស្ស​ដែល​សម្រាប់​ឲ្យ​បង្គ្រប់​កិច្ច​ ចាំ​ដល់​មាន​បញ្ហា​ឲ្យ​មនុស្ស​ហ្នឹង​ស្រែក​ បាន​ន័យថា​​អត់​ស្មោះ​ត្រង់​ អត់​ទៀង​ត្រង់​ហើយ។​ យើង​ពិនិត្យ​មើល​ ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​អ្នក​សង្កេត​ការណ៍​ ក្នុង​ក្រប​ខ័ណ្ឌ​អន្តរជាតិ​ ​ក្នុង​​ក្រប​ខ័ណ្ឌ​ជាតិ​ក៏​ធ្លាប់​ ក្រប​ខ័ណ្ឌ​ឯកជន​ក៏​ធ្លាប់​ដែរ។​ ​​បើ​យើង​ទៅ​សង្កេត​ការណ៍​ឯកជន​ តើ​យ៉ាង​ម៉េច​ ខ្ញុំ​ឃើញ​នៅ​ពេល​ដែល​ដំណើរ​ការ​បោះ​ឆ្នោត​ ប្រជាពល​រដ្ឋ​ទម្លាក់​​សន្លឹក​ឆ្នោត​ ឃើញ​អ្នក​សង្កេត​ការណ៍​ពេញ គ្រប់​គណបក្ស យ៉ាង​ហោច​ណាស់​ក៏​មាន​​៣ ទៅ ៤ គណបក្ស​ដែរ​ ហើយ​អត់​មាន​ឃើញ​ប្រតិកម្ម​អវិជ្ជមាន​ណា​មួយ​កើត​មាន​ទេ រហូត​ទៅ​ដល់​រាប់​សន្លឹក​​ឆ្នោត​ ខ្ញុំ​មើល​ ​ហើយ​ឃើញ​គេ​លើក​​សន្លឹក​ឆ្នោត​ទាំង​អស់​ ហើយ​ម្នាក់ៗ​​គូស​ដូច​ៗ​គ្នា។​​ ខាង​តំណាង​មន្រ្តី​ គ.ជ.ប គូស​នៅ​ក្តា​រខៀន​​ អ្នក​សង្កេត​ការណ៍​គណបក្ស​គូស​នៅ​លើ​ក្រដាស់​របស់​ខ្លួន​ គឺ​ផ្ទៀង​ផ្ទាត់​អត់​ខុស​គ្នា ពេល​ដែល​គេ​រាប់​បញ្ចប់​ហើយ គេ​សរសេរ​លើ​ក្រដាស​ជា​ផ្លូវ​ការ​ មាន​ហត្ថលេខា អ្នក​សង្កេត​ការណ៍​ ឯកភាព​ទាំ​ង​អស់​គ្នា តែ​ហេតុ​អ្វី​នៅ​ពេល​ក្រោយ​មក​កន្លែង​ដ​ដែល​ ទៅ​ចោទ​ប្រកាន់​ថា អត់​មាន​តម្លាភាព​ បើ​អត់​មាន​តម្លាភាព​ហេតុ​អី​ ដំណើរ​ការ​បោះ​ឆ្នោត​     ​រហូត​ដល់​ចប់​ចុង​ចប់​ដើម​?​ ហើយ​ខ្លួន​មាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ បាន​ន័យ​ថា​ទាំង​មេបក្ស​បញ្ជូន​មនុស្ស​អត់​ស្មោះ​ត្រង់​ក្នុងការ​ងារ​ ហើយ​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​ ដែល​ជា​អ្នក​សង្កេត​ការណ៍​អត់​ស្មោះ​ត្រង់​ចំពោះ​ការ​បំពេញ​ការ​ងារ​របស់​ ខ្លួន​ឯង​ ខ្លួន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ ហើយ​ចេញ​ក្រៅ​ស្រែក។​ ត្រង់​ហ្នឹង​ដែល​ធ្វើ​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ ពី​ព្រោះ​ គ.ជ.ប មិនមែន​​ជា​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ទេ គ.ជ.ប ជា​អង្គការ​បច្ចេក​ទេស​រៀប​ចំការ​បោះ​ឆ្នោត​ គឺ​រៀប​ចំដំណើរ​ការ​បច្ចេកទេស​​ ឲ្យ​វា​ប្រព្រឹត្ត​​ទៅ​ដោយ​រលូន​​ ប៉ុន្តែ​សុវត្ថិភាព សន្តិសុខ មិន​មែន​ គ.ជ.ប សង្កេត​ការណ៍​ថា ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ថា ល្អ​ មិន​ល្អ ក៏​មិន​មែន​ គ.ជ.ប ដែរ​ គឺ​អស់​លោក​​អស់​ហ្នឹង ទាំង​គណបក្ស​នយោបាយ​រហូត​ដល់​មាន​អ្នក​សង្កេត​ការណ៍​ក្រៅ​ក្រប​ខ័ណ្ឌ​គណបក្ស ​ទៀត មាន​ទាំង​ NGO , IO ដូច្នេះ​មាន​ NGO ខ្លះ​​ក៏​អត់​ស្មោះ​ត្រង់​​​​នឹ​ង​​ការ​ងារ​​ទៀត ស្រាប់​ដល់​ពេល​លទ្ធផល​ខុស​ចិត្ត​ តាម​ពិត​លទ្ធ​ផល​មិន​ខុស​ទេ​​ តែ​វា​ខុស​ចិត្ត​របស់​គេ​ គេ​ក៏​បង្កើត​​បរិស្ថាន​វល់​វក់​មួយ​គឺ​ ប្រកែក​​ឡាំប៉ា  និង​ការ​បោះ​ឆ្នោត។​​ នេះគឺ​ជា​​ចរិត​មិន​សុច្ច​រិត​ ការ​ពិត​ការបោះ​ឆ្នោត​ ដំណើរ​ការ​សុច្ច​រិត​ត្រឹម​ត្រូវ​ណាស់​ ប៉ុន្តែ​គ្រាន់​តែ​និន្នាការ​នយោបាយ​ គ្រាន់​តែ​មហិច្ឆតា​ គ្រាន់​តែ​ការ​​ប៉ង​ប្រាថ្នា​ ខុស​ចិត្ត​ បែ​រទៅ​ជា​ក្រឡាច់​រឿង​ទៅ​ជាចោទ​ប្រកាន់​។

លោក សត្យា រក្ស
សំណួរ​​៖​ ទិដ្ឋ ​ភាព​បែប​ហ្នឹង​គឺ​ខ្ញុំ​បាន​ឃើញ​កាល​ពី​ យើង​បោះ​ឆ្នោត​អាណត្តិ​ទី​​៤ នេះ​តែ​ម្តង។​​​ និយាយ​ឲ្យ​ចំ​គឺ​លោក សម រង្ស៊ី តែ​ម្តង​ គឺថា​មុន​ការ​បោះ​​ឆ្នោត​​ ១ ថ្ងៃ ២ថ្ងៃ​ គាត់ចេញ​សារ​មួយ​ប្រាប់​ទៅ​សកម្មជន​របស់​គាត់​ គាត់ថា ការ​បោះ​ឆ្នោត​នេះ​គឺ​សុំ​ឲ្យ​សកម្ម​ជន​ សម រង្ស៊ី ទាំង​អស់​​កុំ​ភ័យ ​កុំ​បារម្ភ​ ព្រោះ​គាត់​ថា​គាត់​ជា សម រង្ស៊ី គឺ​បាន​រៀប​ចំ​ជើង​ព្រួល​អស់​ហើយ​ អ្នក​សង្កេត​ការណ៍​របស់​យើង​ក្នុង​១​កន្លែង​បោះ​ឆ្នោត​​ មាន​ពី ៥​ទៅ​ ៦ នាក់ ឲ្យ​ឆ្លាស់​​គ្នាទៀត​ មាន​អ្នក​ជញ្ជូន​បាយ​ ជញ្ជូន​ទឹក គឺ​ថា មិន​អាច​មាន​គណបក្ស​ណា បន្លំ​បាន​ទេ  ហើយ​ក្រៅ​ពី​នោះ​មាន​អ្នក​សង្កេត​ការណ៍​អង្គការ​ផ្សេង​ៗ​ រួម​ជាមួយ​អង្គការ​អន្តរជាតិ​ ​ទៀត នេះ​គឺ​ជា​ការ​អះ​អាង​របស់​លោក សម រង្ស៊ី​។​ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​ចាញ់ ក្រោយ​ពេល​ដែល​ គ.ជ.ប ប្រកាស​លទ្ធផល​ សម រង្ស៊ី គាត់​ស្រែក​ថា លទ្ធផល​នេះ​​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយរៀប​រាប់​ដោយ​សារ​តែ​ មេឃុំ ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត ស៊ុំ​គ្រលំ ទៅ​លួច​សន្លឹក​ឆ្នោត​ជា​ដើម​ ហើយ​គាត់​បាន​អះអាង​ថា ពី​ថ្ងៃ​នេះ​ទៅ​បន្តិច​ទៀត​នេះ​ មេ​ឃុំ​ ចៅហ្វាយ​ស្រុក ចៅ​ហ្វាយ​ខេត្ត​ ទាំង​អស់​ទូទាំង​ប្រទេស​​កម្ពុជា​ត្រូវ​តែ​ជាប់​គុក​។​ សម រង្ស៊ី គាត់​ថា អញ្ចឹង​ អញ្ចឹងនេះ​គឺ​មិន​ខុស​អី​ពី​លោក​បណ្ឌិត​បាន​ធ្វើ​ការ​ពន្យល់​ជូន​ជន​រួម​ ជាតិ​ទេ គឺ​ដោយ​សារ​តែ​លទ្ធផល​មិន​ត្រូវ​ចិត្ត​គាត់​។ អញ្ចឹង​ទាក់​ទង​ទៅ​នឹង​អំណះ​អំណាង​ ឬ​គេ​ហៅ​ថា លទ្ធផល​មិន​ត្រូវ​ចិត្ត​របស់​គណបក្ស​ប្រឆាំង​ហ្នឹង មាយាទ​​បែប​ហ្នឹង​យើង​រាប់​បាន​ថា ជា​អ្នក​ដែល​ប្រកាន់​យក​នូវ​ប្រជាធិបតេយ្យ​បាន​ទេ​លោក​បណ្ឌិត ?

លោក បណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ៖ រឿង​ដែល​អះ​អាង​ថា ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ​វា​ជារឿង​ ឆាក​កំប្លែង​នយោបាយ​មួយ​បាត់​ទៅ​ហើយ បើ​រឿង​ពិត​វា​អត់​មាន​ទេ​ វា​មិន​​ឃើញ​ប្រទេស​ណា​មួយ​គេ​អះអាង​ថា​ខ្លួន​គេ​ជា​អ្នក​ប្រជាធិប​តេយ្យ​​ ទេ យ៉ាង​ច្រើន​គេ​ថា ខ្លួន​គេ​ស្រឡាញ់​ប្រជាធិបតេយ្យ​ គេ​គាំទ្រ​ប្រជាធិប​តេយ្យ​ បែប​នេះ​ប្រជាធិបតេយ្យ​​បែប​នោះ​​ តែ​បើ​ទៅ​តាំង​ខ្លួន​ថា ប្រជាធិបតេយ្យ​គឺ​អត់​មាន​ទេ មាន​តែ​នៅ​ក្នុង​រឿង​កំប្លែង​ អញ្ចឹង​ចាត់​ទុក​ថា ជា​កំប្លែង​នយោបាយ​របស់​គណបក្ស​ប្រឆាំង​​ដ៏​អភ័ព្ទ​នៅ​ស្រុក​ខ្មែរ​យើង​ទៅ​ ចុះ​ ប៉ុន្តែ​រឿង​វា​នៅ​តែ​ប៉ុណ្ណេះ​ទេ លោក​ សម រង្ស៊ី ក្តី លោក កឹម សុខា ក្តី គណបក្ស​នយោបាយ​គ្រប់​និន្នាការ​ គួរ​តែ​ផ្តល់​ភាព​បរិសុទ្ធ​មួយ​ជូន​ម្ចាស់​ឆ្នោត​ កុំ​មួល​បង្កាច់​អ្នក​ដ៏​ទៃ​​ ធ្វើ​ដូច​នៅទូរទស្សន៍​កីឡាកាស ពេល​ឡើង​អួត​ក្អេង​ក្អាង​ ពេល​វ៉ៃ​ហើយ​ស្តិ ពេល​ស្តិហើយ​ នៅ​ដង្ហើម​រួច​ទៅ​​ប្រកែក​ថា បោះ​ឆ្នោត​អត់​ល្អ​ អាហ្នឹង​គឺ​យ៉ាប់​មែន​ទែន។​​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ចង់​ឲ្យ​ជា​អនុសាសន៍​ទេ​ ទី​១​ ត្រូវ​គោរព​ទទួល​ស្គាល់​តួនាទី​ពិត​របស់​ គ.ជ​.ប​ កុំ​ទាម​ទារ​ឲ្យ​ គ.ជ​.ប ធ្វើ​ហួស​ពី​ដែន​របស់​គេ​​។ ទី២ បើ​​ពាក់​ព័ន្ធ​ទៅ​នឹង​​រឿង​បញ្ហា​ច្បាប់​ ដែល​ខ្លួន​យល់​ឃើញ​ថា មិន​ទាន់​គ្រប់​គ្រាន់​ បញ្ហា​ច្បាប់​បោះ​ឆ្នោត​ ខ្លួន​គួរ​តែ​ធ្វើ​សំណើ ហៅ​ថា សេច​ក្តី​ស្នើ​ច្បាប់​ ក្នុង​ក្រប​ខ័ណ្ឌ​ជា​អ្នក​តំណាង​រាស្រ្ត​ ស្នើ​ទៅ​រដ្ឋ​សភា​ដើម្បី​ពិនិត្យ​ ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​នៃ​មាត្រា​ណា​មួយ​ ដែល​ខ្លួន​យល់​ឃើញ​ថា ប្រសើ​ជាង​នោះ​ ប៉ុន្តែ​រឿង​ថា សភា​ភាគ​ច្រើន​សម្រេច​យ៉ាង​ម៉េច​ អាហ្នឹង​ជា​រឿង​មួយ​ផ្សេង​ទៀត។​​ អញ្ចឹង​បាន​ខ្ញុំ​ចង់​ចែក​គ្នា​ឲ្យ​ដាច់​ការ​រៀប​ចំបោះ​ឆ្នោត​ គេ​មិន​អាច​រៀប​តាម​បែប​ប្រជាធិបតេយ្យ​ទេ ការ​រៀប​ចំ​បោះ​ឆ្នោត​ដោយ គ.ជ​.ប ​គឺ​ការ​ងារ​របស់​ គ.ជ​.ប មិន​ផ្អែក​លើ​មូល​ដ្ឋាន​ប្រជាធិបតេយ្យ​ទេ​ គឺ​ គ.ជ​.ប រៀប​ចំ​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​គឺ រៀប​ចំ​ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់​ និង​មូល​ដ្ឋាន​គតិយុត្តិ​ផ្សេង​ៗ ទៀត​ អត់​មាន​ផ្អែក​លើ​គោល​ការ​ប្រជាធិបតេយ្យ​ទេ។

គណបក្សប្រឆាំងត្រូវ ​យល់ថា បើ គ ជ ប​ រៀបចំការបោះឆ្នោត​ផ្អែកទៅ​លើប្រជាធិបតេយ្យ​ គឺ​មិន​អាច​​ធ្វើអ្វី​ទៅកើតទេ អញ្ចឹង​គឺមិន​បានយកច្បាប់​ធ្វើជាមូលដ្ឋានបាត់ទៅ​ហើយ​។ អញ្ចឹង​ គ ជ ប គេអនុវត្ត​ការងារ​របស់​គេ​ ដោយផ្អែក​ទៅលើ​មូលដ្ឋាន​ច្បាប់ដែលរដ្ឋសភា​អនុមត្តិ និងផ្អែកទៅ​លើលិខិត​បទដ្ឋាន​គតិយុត្តិ​​នានា​ ដែលបាន​ប្រកាសផ្សព្វផ្សាយ​ឲ្យដឹង​មុន​។ រីឯអំណាចរបស់រដ្ឋសភាក្នុងកិច្ចការបោះឆ្នោត​ គឺជា​អំណាច​នីតិបញ្ញត្តិ​នៃការ​អនុវត្តច្បាប់​។ ដូច្នេះរដ្ឋសភា​សម្រេច​ច្បាប់​បោះឆ្នោត​ ឲ្យដំណើរ​ការ​តាម​បែប​នេះ​ ឬបែប​នោះគឺផ្អែក​ទៅលើ​មូលដ្ឋាន​​ប្រជាធិបតេយ្យ​​​ គឺការសម្រេចដោយមតិភាគច្រើន​ ហើយផ្អែកទៅ​លើ​មូលដ្ឋាន​​នៃ​នីតិរដ្ឋ​ធម្មនុញ្ញ​ ដែលយើងហៅ​ថាធម្មនុញ្ញភាព​នៃច្បាប់បោះឆ្នោត​។ អញ្ចឹង​យើងត្រូវ​បែងចែក​គ្នាឲ្យ​ច្បាស់​ ថា រដ្ឋសភា​កិច្ចការបោះឆ្នោត​ដោយផ្អែកទៅលើ​គោលការណ៍​ប្រជាធិបតេយ្យ​ក្នុងការ​ សម្រេច​​អនុមត្តិ​ច្បាប់បោះឆ្នោត ក៏​ដូច​ជា​​សម្រេចទៅ​លើបទញ្ញត្តិ​វិសោធនកម្មនៃច្បាប់បោះឆ្នោត​ ហើយនិង​ផ្អែក​ទៅលើ​ធម្មនុញ្ញភាព​នៃច្បាប់​បោះ​ឆ្នោត​។​

ចំណែកភារកិច្ច ​របស់រដ្ឋាភិបាល​គឺ​ប្រតិបត្តិការ​ដោយ​ផ្អែកទៅលើ​មូលដ្ឋាន​ច្បាប់ដែលសភា​ អនុមត្តិ​ ដោយ​បែងចែក​កិច្ចការ​ច្បាស់លាស់​ ហើយ​និងកាតព្វកិច្ចដែល​មានចែងនៅក្នុងច្បាប់​ដែលតម្រូវឲ្យ​អំណាច​នីតិ​​ ប្រតិបត្តិចូលរួមក្នុងការធានា​ប្រសិទ្ធិភាពឲ្យបាន​រលូននៅក្នុងការបោះឆ្នោត​។ ​ការចូលរួម​នូវភាពរឹងមាំ​របស់អំណាចនី​តិប្រតិបត្តិ​ ធ្វើឲ្យការបោះឆ្នោតដោយរលូន​ ប្រសិទ្ធិភាព ឲ្យមានសន្តិសុខ ឲ្យមានសុវត្ថិភាព​ គឺផ្អែក​ទៅលើ​មូលដ្ឋានច្បាប់ និង​ផ្អែកទៅលើគោលការណ៍ជាមូលដ្ឋាន​គ្រឹៈនៃអំណាចនីតិប្រតិបត្តិ​ដែលមាន​តួនាទី ​ទទួលខុសត្រូវ​ទៅលើកិច្ចការនោះ​។ ចំណែកគណបក្ស​នយោបាយ​ គឺមានសិទ្ធិ​រើសបេក្ខជន​បោះឆ្នោត​​របស់​ខ្លួនដោយផ្អែកលើ​​​ប្រជាធិបតេយ្យ​ ផ្ទៃក្នុងបក្ស និងភាពស្មោះ​ត្រង់ចំពោះ​នយោបាយ​​របស់​ខ្លួន​ ដោយគ្មាន​​នរណាមាន​សិទ្ធិលូកដៃ​ចូល​នោះទេ។​

ចំពោះប្រជាពលរដ្ឋ ដើម្បីគាត់អាចបង្កើត អាចសម្តែង និងអាច​សម្រេច​នូវឆន្ទះនយោបាយ​​លើ​សន្លឹក​ឆ្នោត​​របស់គាត់ គឺ គ ជ ប បានទុកពេលយ៉ាងវែង​សម្រាប់គាត់​ស្វែងយល់ និងដឹង​អំពី​គណបក្ស​នីមួយៗ​ដែលឈរ​ឈ្មោះ​​រហូត​ស្វែងយល់ដឹង​ អំពីបុគ្គលិកលក្ខណៈ​របស់បេក្ខជន​ថែមទៀត​។​ដូច្នេះការ ដឹង ការ​យល់​នេះ គឺជាមូលដ្ឋាន​សម្រាប់ម្ចាស់ឆ្នោត​ធ្វើការសម្រេចវិនិច្ឆ័យ​។ ចំណុចទាំងអស់​នេះហើយ​គឺជា​អង្គហេតុ​ពាក់ព័ន្ធសម្រាប់​ធានាឲ្យការបោះឆ្នោត​ ប្រព្រឹត្តិទៅ​បានដោយ​រលូន​​ល្អ​។​​

ចំណែក ​គណក្សប្រឆាំង​ដែលទាមទារ​ឲ្យ គ ជ ប​ ធ្វើតាមចិត្តគាត់នោះ គឺជាការទាមទារ​ខុស​ពីអ្វី​ដែល​ជា​គោល​ការណ៍ និងភារកិច្ច​ហើយ​។ ចំពោះបរិបទ​ដែលថាឯករាជ្យ​ ការចង់ឲ្យ គ ជ ប ឯករាជ្យ របស់​គណបក្ស​ប្រឆាំង ថាតើគេចង់ឲ្យឯករាជ្យ​តាមរបៀបយ៉ាងម៉េចទេ?​​។​ សមាសភាពរបស់ គ ជ ប គឺមាន​ការ​ផ្លាស់​ប្តូរជា​ច្រើនដង​មកហើយ​ ដូចជាការទាមទារ​ឲ្យមាន​តំណាង​គណបក្ស ជាដើម​ ដល់​ពេល​បាន​តំណាង​គណបក្ស​នៅ​ក្នុង គ ជ ប ហើយក៏នៅតែថាអត់ឯករាជ្យ​ទៀត​។ អញ្ចឹងមាន​ន័យថា ទាល់តែ​គណបក្ស​ប្រឆាំង​ដឹកនាំ​ឬ ទើបមានឯករាជ្យ​?​។ ភាព​ឯករាជ្យ​របស់ គ ជ ប គឺត្រូវផ្អែកលើ​មូលដ្ឋានច្បាប់​ គឺអត់ផ្អែក​ទៅ​លើ​បេះដូងទេ​ តែផ្អែកទៅលើបេះដូងគឺលំអៀងហើយ​។ បើចង់ចាប់ចំណុចរបស់ គ ជ ប​ ថាគ ជ ប ធ្វើ​ខុស​គឺ​ត្រូវចាប់ចំណុច​ណាដែល គ ជ ប ធ្វើ​ខុសច្បាប់ ពីព្រោះ គ ជ ប មិន​ផ្អែកទៅលើ​ប្រជាធិបតេយ្យទេ គឺផ្អែក​តែទៅ​លើ​ច្បាប់កំណត់តែប៉ុណ្ណោះ​។​ ដូច្នេះគ្រប់​គណបក្ស​នយោបាយ​គួរតែរៀនសូត្រ​អំពី​បញ្ហា​នេះ​វិញ កុំធ្វើឲ្យបរិយាកាសនៃការបោះឆ្នោត ហើយនិង​ដំណើរការកសាង​ប្រទេស​អាប់អួរ​ដោយសារ​ តែការ​ទាស់ចិត្ត​របស់ខ្លួន​​ពីរឿងលទ្ធផល​នៃ​​ការ​បោះឆ្នោត​នោះ​​។​ ដរាបណាគណបក្ស ប្រឆាំង មិនទទួល​ស្គាល់​នូវ​ភាព​ខ្សោយ​របស់ខ្លួន​ នោះគឺយ៉ាប់ហើយ​ ពីព្រោះបើមើល​ពីការបោះឆ្នោតកាលពីឆ្នាំ​២០០៨​ លោក សម រង្ស៊ី គាត់បានអួតអាង​មុន ប៉ុន្តែនៅពេល​ដែល​លទ្ធផលមិនបានដូចចិត្ត​ បែរជាចោទប្រកាន់​ថាការ​បោះឆ្នោត​អត់​ត្រឹមត្រូវ​ទៅវិញ​។ លោក កឹម សុខា ក៏អញ្ចឹងដែរ​ សុទ្ធតែអួត​មុនថាបានពី ៥៨ ទៅ៦០ គឺរឹតតែ​មិន​ដូច​ចិត្ត​របស់​ខ្លួនទេ ពីព្រោះគណបក្សទើបតែបង្កើត​គឺមិនអាចបាន​រហូត៥៨នោះទេ​ អញ្ចឹងគឺមិនអាចទេ​។​ ពួក​គេ​ក៏ធ្លាប់​បានទៅប្តឹង​​សហភាព​អឺរុបទៀត​ ហើយរហូតមកដល់​ពេលនេះក៏គ្មាន​បានលទ្ធផលអ្វី​ដែរ​ ប៉ុន្តែ​ពួកគេ​ស្ទើរ​តែរត់​មិនចង់ទាន់ក្នុង​ការចូលរួមប្រជុំសភា​លើក​ ដំបូងទៅវិញ​ គឺហាក់បីដូចជារឿងកំប្លែង។​អញ្ចឹង​ក្នុង​នាម​ខ្លួន​ជាអ្នក​ដឹកនាំ​គណបក្ស​ មិនអាចដើរតួជាអ្នកកំប្លែង ដូចក្នុងរឿងកំប្លែងបានទេ​ពីព្រោះ​ការ​ធ្វើ​នយោបាយ​ត្រូវភ្ជាប់​នឹងការទ​ទួល​ ​ខុសត្រូវ​ និងឈ្លាសវៃណាស់ មិនអាចលេងសើច​ដូចអស់​លោកមេបក្ស​ប្រឆាំង​ទាំងនោះ​បានទេ​​។​​

លោកសត្យា រក្ស​
សំណួរ៖ មកដល់ពេលនេះ គណបក្សប្រឆាំងទាំងអស់ ទាំងគណបក្ស​កឹម សុខា ក្តី ទាំង សម រង្ស៊ី ក្តី​ សុទ្ធតែកំពុងអួតថាគេបានរើសបេក្ខជនឈរឈ្មោះ​មេឃុំ។ កឹម សុខា គេថា​ខេត្តនេះក៏មាន ខេត្តនោះ​ក៏មាន​អ្នកឈរឈ្មោះមេឃុំ​ ហើយ សម រង្ស៊ី ក៏ថាគេបានឈរឈ្មោះទូទាំងប្រទេសដែរ​ អញ្ចឹង​គេ​កំពុង​តែ​មោទនភាព​​ថាគេមាន​សមត្ថភាព​ក្នុងការ​ឈរឈ្មោះមេឃុំ​ ទូទាំងប្រទេស​។ ប៉ុន្តែអ្វីដែល​គេប្រកាស​អញ្ចឹង​ហើយ​ គេថាគេនឹង​ទទួល​បាន​ជោគជ័យ ប្រសិនណា​ គ ជ ប កុំបន្លំសន្លឹកឆ្នោតគេ​ ប៉ុន្តែ​បើសិន​ជា​មាន​គេ​បន្លំ​នោះ​គេនឹងចាញ់​ទៀតហើយ​​។ បើយើងមើលទៅក្នុងគណបក្សប្រឆាំងវិញ​ យើងឃើញថា​ ដូចជា​គណបក្ស សម រង្ស៊ី កំពុងតែបែកបាក់ជាជំរៀកៗ​ គឺគ្មាននរណាស្តាប់នរណាទេ សូម្បីតែ គង់ គាំ​ ក៏ជា​ប្រធាន​ស្តីទី​ ទីងមោងដែរ​ គឺគាត់គ្មានសិទ្ធិ​អំណាចទេ គឹស្រេចតែ យឹម សុវណ្ណ ថាម៉េច​ គឺ គង់ គាំ ថាតាម​អញ្ចឹង​ហើយ​​។ នេះជាចំណុចមួយដែលធ្វើឲ្យអ្នកគាំទ្រអស់ជំនឿ​។ ម្យ៉ាងទៀត​ក៏មាន​ចរន្ត​នៃ​ការ​ចាកចេញ ដោយ​មាន​តាំងពីមន្ត្រីថ្នាក់​ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ រហូតដល់​ថ្នាក់ភូមិ​ក៏បាន​ចាកចេញ​មក​ចូលរួម​ជាមួយ​​គណបក្សប្រជាជនកម្ពុជា​។​ គណបក្ស កឹម សុខា ក៏អញ្ចឹងដែរ គឺជាបក្សមួយ​ដែលគេ​ហៅថា​បក្ស​ប្រហោង​ធ្លុង​ ក៏ចេះតែលើកអញ្ចឹងដែរថា បើសិនណា គ ជ ប ឯករាជ្យ​អត់លួចបន្លំទេ គេនឹង​ឈ្នះហើយ​​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ តើលោកបណ្ឌិត​​អាចឆ្លុះបញ្ចាំង​អំពីអារម្មណ៍​​របស់​គណបក្សប្រឆាំង​យ៉ាង​ ដូចម្តេច​ដែរ​?​

លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ខ្ញុំសូមលើកឧទាហរណ៍​ជាក់ស្តែងមួយថាតើ​ប្រជាពលរដ្ឋគួរ​តែបោះឆ្នោតគាំទ្រ​ បេក្ខជន​មេឃុំ​របស់គណបក្ស កឹម សុខា នៅ​ខេត្តកំពង់ចាមដែរឬទេ?​ ​ដែលបានទូរស័ព្ទ​ចូលមក​កម្មវិធី​វេទិកា​អ្នក​ស្តាប់​​របស់​វិទ្យាស្ថាន​ ពលរដ្ឋវិជ្ជា​ គឺគាត់បានគំរាមកំហែងជីវិតខ្ញុំ​ ដោយប្រើពាក្យដកក្រចក​ កាត់អណ្តាត និងយកច្រវាក់ទាក់ក​ខ្ញុំ នេះជាភាសារបស់ពួកឈ្លបខ្មែរក្រហម​សុទ្ធសាធ​។ អញ្ចឹងនៅពេល​ដែល​ប្រជា​ពល​រដ្ឋ​ស្តាប់ឮ តើប្រជាពលរដ្ឋគួរបោះឆ្នោត​ឲ្យម្នាក់ហ្នឹងដែរ​ឬទេ​?​ តើប្រជាពលរដ្ឋ​ចង់បាន​មេឃុំ​អាច​ដកក្រចក​ អាច​កាត់អណ្តាត អាចយកច្រវាក់ទាក់ក​ប្រជាពលរដ្ឋបែបនេះដែរឬទេ​?​។ នេះគ្រាន់​តែ​មើល​អំពី​ចរឹត​លក្ខណៈ​​របស់​​​បុគ្គល​នោះផង គឺយើងមិនទាន់និយាយអំពីចរឹតនយោបាយផង​។​ បើនិយាយ​អំពី​សមាស​ភាព​នៅ​ផ្ទៃ​ក្នុងបក្ស​របស់​ខ្លួន គ្រាន់តែរើសបេក្ខជនឈរឈ្មោះ​ឲ្យគ្រប់​​គុណសម្បត្តិ​ ឲ្យបាន​គឺល្អណាស់​ទៅ​ហើយ​​។ គណបក្ស សម រង្ស៊ី មិន​ទាន់​មាន​​រចនាសម្ព័ន្ធ​របស់ខ្លួននៅទូទាំងប្រទេស​ទេ គឺមានត្រឹម​តែ​ថ្នាក់​ខេត្ត​​ ឬថ្នាក់ស្រុកទេ​ ហើយក៏មិនទាន់ក្លាយទៅជាស្ថាប័នភាវូបនីយកម្ម ឬជាអង្គភាព​នយោបាយ​​នៅ​ឡើយ​ទេ​ គឺគ្រាន់តែមានចាត់មនុស្សជាប្រធានបក្សខេត្ត​ និងមានសមាជិកប៉ុន្មាន​អ្នក​អញ្ចឹង​ទៅ​ តែគ្មាន​ជីវភាព​នយោបាយ​ទេ​​។​ ការដែលមានមនុស្សដែលមិនស្គាល់អំពីជីវភាពនយោបាយ​ថ្នាក់ឃុំបែបនេះ តើមាន​ប្រជា​ពលរដ្ឋ​ណា​ទៅគាំទ្រ​មនុស្សដែល​មិនដឹងអំពីជីវភាព​ នយោបាយក្នុងឃុំខ្លួនឯង​នោះ​?​ ។​កម្មវិធី​នយោបាយ​គឺ​មាន​តែ​ពីភ្នំពេញទៅ​ គឺជាកម្មវិធីដែលអត់បានប្រយោជន៍ទៅដល់ឃុំ អញ្ចឹង​គ្មាន​នរណា​គេបោះ​​ឲ្យទេ​។ អញ្ចឹង​គណបក្ស​ប្រឆាំងត្រូវអភិវឌ្ឃគណបក្សរបស់ខ្លួនឯង​តទៅទៀត​សិនទៅ​ គឺមិនត្រូវធ្វើការឃោសនា​ចោទ​ប្រកាន់​ដល់គណបក្សដទៃ​នោះទេ​។ ជាពិសេសមិនទាន់បានចូលប្រកួតផង​ត្រៀមខ្លួនចាញ់ ហើយ​ចោទ គ ជ ប​ ថា​មិនត្រឹមត្រូវ​ គឺគ្មានភាពស្មោះត្រង់ចំពោះខ្លួនឯង​។ ខ្ញុំតែងតែ​លើក​ថា ចំណុចខ្លាំងរបស់ កឹម សុខា គឺមានតែមួយចំណុចទេ​គឺ​ កឹម សុខា ជាមនុស្សមិនចេះខ្មាស់ខ្លួនឯង​។ មនុស្ស​យើង​ តែ​មិនចេះ​ខ្មាស់​ខ្លួនឯង​ហើយកុំសង្ឃឹមថាចេះ​ខ្មាស់​អ្នក​ដ៏ទៃ​​ឲ្យសោះ​។ ចំណែកលោក សម រង្ស៊ី វិញ គាត់ភូត​ដោយ​មិន​ចេះ​ខ្មាស់សហសេវិកគាត់​ អញ្ចឹងនៅពេលដែលមេបក្សមិនចេះខ្មាស់សហសេវិក បានន័យថា ​ខ្លួន​ឯង​មិន​បាច់​និយាយ​អំពី​ប្រជាធិបតេយ្យ​​ផ្ទៃក្នុងបក្សទេ​ ពីព្រោះគ្មានការ​បញ្ជូន​ទស្សនៈ​ពី​ក្រោម​​​ឡើងទៅលើទេ​ ហើយ​ទស្សនៈរបស់អ្នកខាងក្រោម​មិនត្រូវបានទទួលស្គាល់​ អញ្ចឹង​ការធ្វើ​សមាជ​បក្ស គឺជាការ​ហៅ​អ្នក​ពី​ខាង​ក្រោម​មកស្តាប់ឱវាទ​របស់ខ្លួនតែប៉ុណ្ណោះ​ ម្លោះហើយ​គឺអ្នកខាងលើមិនដឹង​អំពី​បញ្ហា​ជីវភាព បញ្ហារស់​នៅ​ប្រចាំ​ថ្ងៃ​ បញ្ហាសហគមមូលដ្ឋានយ៉ាងណានោះគឺអត់ដឹងទេ​។​ លោក សម រង្ស៊ី គឺ​គាត់ធ្វើនយោបាយ​តាម​បែប​ឮគេថា​ នេះជាចំណុចខ្សោយរបស់លោក សម រង្ស៊ី​ គឺគាត់ឮតែពី​ពួកលោកម៉ី លោកថោង​គាត់​ថា​តែ​ប៉ុណ្ណោះ​​​។​​ ខ្ញុំនិយាយនេះ គឺចង់ឲ្យមានតុល្យភាពនៅក្នុងសភា​ នៅក្នុងក្រុមប្រឹក្សា​ឃុំសង្កាត់​ឲ្យ​បាន​ច្រើន​ បើ​កាល​ណា​មានតុល្យភាព គឺចលករវិវត្តន៍គឺទៅលឿន​។​

-មតិលោក សត្យា រក្ស​
ខ្ញុំនឹកឃើញដល់អ្នកគាំទ្រ លោក កឹម សុខា គឺសកម្មជនរបស់គាត់បានអះអាងថា​ ហេតុអ្វី​បាន​ជា​កម្មវិធី​យើង​លើតែពី​បញ្ហា កឹម សុខា ហ្នឹង​លួចអង្ករ​?។ គាត់ថា​រឿង កឹម សុខា លួចអង្ករនេះ​​ជារឿង​របស់​បុគ្គល​ទេ​​។ សម្រាប់ខ្ញុំ ខ្ញុំសូមបញ្ជាក់ជូនទៅសកម្មជនលោក កឹម សុខា វិញ​ថា​ កម្មវិធីរបស់យើងដែលលើក​ពីរឿង​ឯកសារ​សម្លេង​សារភាពរបស់​ កឹម សុខា​ ថាជាចោរលួចអង្ករហ្នឹ​ង​គឺមិនមែនលើកពីរឿងគណបក្ស សិទ្ធិមនុស្ស​លួចអង្ករទេ​ ​គឺយើងលើកអំពីបុគ្គល កឹម សុខា នេះ​ធ្លាប់មានប្រវត្តិ​លួចអង្ករ ហើយ​ខ្ញុំមាន​ភស្តុតាង​​មួយទៀត​ថា កឹម សុខា មិនមែនលួចត្រឹម​តែអង្ករទេ គឺលួចគោទៅទៀត​។ កាលពី​ឆ្នាំ១៩៨០ គឺ​សាលាក្រុង​មានគោច្រើនណាស់​ ហើយគេប្រគល់ជូនទៅសង្កាត់ទឹកល្អក់រាប់រយ​គោ​។ ចំណែក កឹម សុខា នេះ​គាត់​ដឹកគោ ១យប់មួយ​ ឬពីរយកមកកាប់ ហើយគេចេះតែបាត់គោ​។ ចៅសង្កាត់​ទឹកល្អក់​ចេះ​តែ​បាត់គោ​​ ដល់ពេលគេរកមិនឃើញ នៅពេលដែលគេទៅលេងផ្ទះ កឹម សុខា​ ដែលមានបឹងកំប្លោក​​នោះ​​គឺ​សុទ្ធ​តែ​ស្បែកគោ​​នៅក្នុងបឹង​កំប្លោកនោះ​។ អញ្ចឹងប្រវត្តិរបស់​គាត់គឺអត់ថ្លៃថ្នូរ​ទេ​ ហើយខ្ញុំនិយាយថាបុគ្គល កឹម សុខា ជាចោរនេះ​ គឺដោយសារគាត់អួតហួសហេតុពេកថាខ្លួនជាមនុស្សស្អាតស្អំ​ ជាមនុស្ស​មាន​គុណធម៌​ មានព្រហ្មវិហារធម៌​ ប៉ុន្តែធាតុពិតរបស់គាត់គឺជាចោរ​។ អញ្ចឹង​អំពើ​របស់​គាត់នោះ​គឺ​ជា​ព្រហ្មវិហារធម៌​មែនឬ​?​ ការដែលប្រជាពលរដ្ឋកំពុងតែអត់ឃ្លាន​គាត់បែរជាទៅលួចអង្ករបែបនេះ​?​ គួរណាស់​តែ​គាត់ខំប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះ​ កិត្តិយស កាលពីពេលនោះ​ដែលជាអ្នកកាន់ខាងសេដ្ឋកិច្ច គួរតែ​គាត់​ស្មោះត្រង់​​ ដើម្បីសាងគុណសម្បត្តិមកដល់ពេលនេះ​។ អញ្ចឹង​ស្រមោលជាចោររបស់គាត់នេះ គឺនៅ​តាម​លង​គាត់​ជាប់រហូត​​បែបនេះ អញ្ចឹងខ្ញុំសូមបញ្ជាក់ទៅ​​សកម្មជន​ កឹម សុខា ឡើងវិញថា យើង​មិនមែន​និយាយ​ថា​​គណបក្ស​សិទ្ធិមនុស្សជាចោរលួចអង្ករ​ទេ​ ខ្ញុំនិយាយថា កឹម សុខា ជាចោរលួចអង្ករ​ ហើយ​បច្ចុប្បន្ន​ជា​មេបក្ស​សិទ្ធិមនុស្ស​​។

-មតិ លោកបណ្ឌិត ឈឹម ផលវរុណ​
ប្រជាពលរដ្ឋត្រូវមើលឲ្យច្បាស់អំពីភាពស្មោះត្រង់ ទៀង​ត្រង់​ចំពោះនយោបាយ​ ពីព្រោះ​នយោបាយ​​ មិនមែនជាការប្រព្រឹត្តិទៅដើម្បីធ្វើការបោកប្រាស់ទេ​។ នយោបាយគឺជា​ការគិតដើម្បីរកគន្លឹៈ​ដោះស្រាយ និងដើម្បីបម្រើដល់​ការអភិវឌ្ឍន៍។ អ្នកនយោបាយ​ទេដែលយើងត្រូវពិចារណាឲ្យច្បាស់ អ្នក​នយោបាយ​ទេ​ដែល​បញ្ចេញវោហារសព្ទ័​បង្កប់ដោយន័យបោកប្រាស់​ច្រើនណាស់​ រួមទាំងប្រជាភិថុត។ អញ្ចឹង​អ្នក​ទាំងអស់​នេះហើយ ដែលប្រជាពលរដ្ឋ​គួរតែបង្កើនសមត្ថភាព មើលឲ្យ​ឃើញ​អំពីភាព​ស្មោះត្រង់​របស់​​អ្នកនយោបាយ​ និងមើលឲ្យឃើញអំពីភាពក្រឡិចក្រឡុច​របស់អ្នកនយោបាយក្នុងការចង់បាន​សន្លឹក​ ឆ្នោត​ពី​បងប្អូន​ នេះជាចំណុចសំខាន់ណាស់​។ ដូច្នេះដើម្បីមើលឲ្យច្បាស់ពីតម្លៃសន្លឹកឆ្នោតរបស់យើង​ យើង​ត្រូវ​ពិនិត្យមើល​អំពីរបៀប​ឃោសនា​​បោកប្រាស់ របស់អ្នកនយោបាយ​ដែលតែងតែ​លើក​ឡើង​ពី​រឿង​បរទេស​​ នៅ​អាមេរិក ឬនៅបារាំង ។ល។​​​​​ ពីព្រោះនៅប្រទេសទាំងនោះគេធ្វើសម្រាប់តែប្រទេសគេទេ​។​ ចំណែក​​អស់លោក​​ដែលមក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ​ គឺត្រូវ​ធ្វើនយោបាយសម្រាប់ប្រជាពលរដ្ឋខ្មែរ​ គឺ​មិនអាច​ចម្លង​​ពីប្រទេស​គេ​មកធ្វើនៅ​ស្រុក​ខ្មែរ​បាន​ទេ​។ ការអភិវឌ្ឍប្រទេស​ នៅកម្ពុជា ឬនៅអាមេរិក​ ឬនៅ​អាឡឺម៉ង់​ នៅបារាំង នៅអូស្ត្រាលី​គឺវាខុសគ្នា ដោយសារ​ការចាប់ផ្តើម​របស់ប្រទេសវាខុសគ្នា បរិបទ​របស់​ប្រទេស​នីមួយៗ​វាខុសគ្នា​។ គេអាចយកគំរូពីប្រទេសណាមួយបាន ប៉ុន្តែគេមិនអាចចម្លង​ដូច កឹម សុខា ឬ សម រង្ស៊ី មក​អួតនោះ​ គឺទៅមិនរួច​ទេ​​​៕​
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​