Thursday, March 29, 2012

ឯកឧត្ដមបណ្ឌិត សុខ អាន ចូល​រួម​ជាអធិបតី​ក្នុង​សិក្ខា​សាលាស្តីពី​ ការផ្សព្វ​ផ្សាយ​ និង​អនុវត្ត​កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា ទៅ​វិញ​ទៅ​មក​ ក្នុង​មុខ​ជំនាញ​វិជ្ជា​ជីវៈ​ទេសចរណ៍​អាស៊ាន និង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​គ្រប់​គ្រង​ទេសចរណ៍​ (អេកូ​ទេសចរណ៍​) ជូន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋម​ន្ត្រី​​ក្រសួង​ទេសចរណ៍


ឯកឧត្ដមបណ្ឌិត​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អញ្ជើញ ជា អធិបតី ក្នុង​សិក្ខាសាលា ស្ដីពី​ការផ្សព្វ​ផ្សាយ និងអនុវត្ត ​កិច្ចព្រម​ព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក ក្នុង មុខ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អាសាន និង​ពិធី​ប្រគល់​សញ្ញាបត្រ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ដោយ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ​ហាណូយ ដែល​ប្រារព្ធ​ធ្វើ​​នៅនៅ​វិមាន​មិត្តភាព​នៃទីស្តីការ​គណៈរដ្ឋមន្រ្តីនា​​ ព្រឹកថ្ងៃ​ទី​២៩ ខែ មីនា ឆ្នាំ ២០១២ ។

ថ្លែង​នៅ​ក្នុង​ពិធី​ជាមួយ​នឹង​ការអប​អរសាទរ និង​សរសើរចំពោះ ចំពោះ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ដែល​បានទទួល​សញ្ញាបត្រ បណ្ឌិត​គ្រប់គ្រង​ទេសចរណ៍​ជំនាញ​អេកូ​ទេសចរណ៍​ពី​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច ​ជាតិ​ហាណូយ ឯកឧត្តម​បណ្ឌិត​ សុខ អាន ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​ទាំងអស់​របស់​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ព្រម​ទាំងភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការជំរុញ​ការអនុវត្ត របស់​កម្ពុជា ក្នុងកិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅវិញ​ទៅមក ក្នុង​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន ដ៏​មាន​សារៈ​សំខាន់​នោះ ។

ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ថា ​រាជរដ្ឋាភិបាលក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា សម្រេច ​បាននូវ​សមិទ្ធផល​ធំៗជាច្រើន​ជូនជាតិ​មាតុភូមិ និង​ប្រជាជន ជាពិសេស ការនាំមក​និងធានាបាន​នូវសន្តិភាព ស្ថិរភាព​នយោបាយ សុវត្ថិភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការដាក់​ចេញ​នូវគោល​នយោបាយ ផែនការ និងយុទ្ធសាស្ត្រ​សំខាន់ៗ​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម សំដៅ​លើក​កំពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ជាក់ស្តែង នៅឆ្នាំ ២០១១ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ប្រមាណ ៧% ហើយ​អត្រាភាព​ក្រីក្រ​ថយចុះ​មកត្រឹម ២៥,៨% ក្នុង ​ឆ្នាំ ២០១០។ សមិទ្ធផល​ទាំងនេះ គឺ​ទទួល​បាន​ដោយសារ​ការដឹកនាំ​ដ៏ត្រឹមត្រូវ​ប្រកបដោយ​ឆន្ទៈនយោបាយ​មោះមុត និងភាព​ឈ្លាសវៃ​របស់​សម្តេចតេជោ​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈការ​ដាក់ចេញ​គោល​នយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​អភិវឌ្ឍ​ត្រឹមត្រូវ ច្បាស់លាស់ និង​មាន​​លក្ខណៈ​ប្រាកដ​ប្រជា គួបផ្សំនឹង​យន្តការស្ថាប័ន​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​លើគ្រប់​វិស័យ។ ឯកឧត្តម​បណ្ឌិត​ឧបនាយក​រដ្ឋ​មន្រ្តី​ បាន​បញ្ជាក់​ថា​ វិស័យ​ទេសចរណ៍​ក៏ត្រូវបាន​ចាត់ទុក​ជាវិស័យ​អាទិភាព​មួយ ជា​មាស​បៃតង និង​ជាការ​នាំចេញ​នៅ​នឹង​កន្លែង ក្នុងការរួម ​ចំណែក​​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និង ការថែរក្សា​​បរិស្ថាន ជាពិសេស ចូលរួម​ដល់ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​អង្គការ​​​ សហប្រជាជាតិ ក៏ដូចជាយុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទីពីរ​របស់​រាជរដ្ឋាភិបាល​ ដើម្បី ​“កំណើន​ ការងារ ប្រសិទ្ធភាព និង សមធម៌”


តាម​រយៈ​ឯកឧត្តម​បណ្ឌិត​ សុខ អាន​ បាន ​ឲ្យ​ដឹង​ថា​ កម្ពុជា​សម្រេច​បាន​​សមិទ្ធផល​​គួរជាទី​មោទនៈ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ ទេសចរណ៍​ដែល​កំពុង​មាន​សន្ទុះ​កំណើន​ដ៏​គំហុក​ក្នុង​រយៈកាល​ចុងក្រោយ​នេះ។ ជាក់​ស្តែង​​ក្នុង​ឆ្នាំ ២០១១ នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរ​ជាតិ​ប្រមាណ​ជាង ២,៨​លាននាក់  ដែល​បាននាំមក​នូវចំណូល​ប្រមាណ ១៩១២​លាន​ដុល្លារ ស្មើ​នឹង​​​ប្រមាណ ១២% នៃ​ផលិតផល​ក្នុង​ស្រុកសរុប ​(GDP)​ ព្រម​ទាំងបង្កើត​ការងារដោយ​ផ្ទាល់​ប្រមាណ ៣​សែន​៥​ម៉ឺននាក់ និង ​ដោយ​ប្រយោល​រាប់​សែន​នាក់​បន្ថែម​ទៀត។ តាម​ការប៉ាន់ស្មាន​ដោយក្រសួង​ទេសចរណ៍ កម្ពុជា​សង្ឃឹម​ថានឹង​ទទួល​​បាន​ភ្ញៀវ​ទេសចរ​ អន្តរជាតិ​​ប្រមាណ ៤,៥​លាននាក់ នៅ​ឆ្នាំ​២០១៥ និង​ប្រមាណ ៧​លាននាក់ នៅ​ឆ្នាំ​២០២០ ដែល​នឹង​បង្កើត ការងារ​ប្រមាណ ៨​សែននាក់ នៅ​ឆ្នាំ​២០២០

​ កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមកក្នុង​ជំនាញវិជ្ជាជីវៈ​ទេសចរណ៍ ត្រូវ​​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី ៨ ខែ​មករា ឆ្នាំ ២០១១ ដោយ​​រដ្ឋ​មន្រ្តី​​ក្រសួង​ទេស​ចរណ៍​នៃ​ប្រទេស​អាស៊ាន​ទាំង​ ១០ នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​។​ ​ កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមកក្នុង​ជំនាញវិជ្ជាជីវៈ​ទេសចរណ៍ គឺផ្តោត ទៅ​លើ​ចល័តភាព របស់​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​៣២ មុខ​ជំនាញ ដោយ​ផ្តោតលើ​សេវាកម្ម​សំខាន់​ ២ គឺទី១ សេវា​កម្ម​សណ្ឋាគារ ដែល​រួមមាន ៤​ផ្នែកគឺ ផ្នែក​ការិយាល័យ​ជួរមុខ ផ្នែក​គេហកិច្ច​ ផ្នែក​ផលិតកម្ម​ម្ហូប​អាហារ ផ្នែក​សេវាកម្ម​អាហារ និង​ភេសជ្ជៈ ។ ទី២ សេវាកម្ម ធ្វើដំណើរ ដែល​រួមមាន ២ផ្នែក គឺ ផ្នែក​ទី​ភ្នាក់ងារ​ទេសចរណ៍ និង​ផ្នែក​ប្រតិបត្តិការ​ខ្សែ​ទស្សនកិច្ច។

ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​មន្រ្តី​​ក្រសួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​នៃ​វិស័យ​ទេស​ចរណ៍​ និង​ដើម្បី​ឆ្ពោះទៅ​រក​ការ​កសាង​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ ២០១៥ អាស៊ាន​បាន​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្រ្ត​ទេស​ចរណ៍​អាស៊ាន​(ATSP 2011-2015) ដែល​បាន​អនុម័ត​ ដោយ​រដ្ឋ​ម​ន្រ្តី​ទេស​ចរណ៍​អាស៊ាន​ ក្នុង​ឱ​កាស​វេទិកា​ទេសចរណ៍​អាស៊ាន​(ATF-2011) នៅ​រាជធានី​ភ្នំ​ពេញ​ ដោយ​សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន​ជា​ដៅ​ទេស​ចរណ៍​លំដាប់​ពិភព​លោក​(ASEAN-A World Class Tourist Destination ) និង​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ទេស​ចរណ៍​(ASEAN-Feel The Warmth) ហើយ​ក្នុង​នោះ ការ​បង្កើន​​គុណភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេស​ចរណ៍​ គឺ​ជា​ចំណុច​គោល​ដៅ​យុទ្ធ​សាស្រ្ត​អាទិភាព​មួយ​ ក្នុង​ចំណោម​គោល​ដៅ​​យុទ្ធ​សាស្រ្ត​អាទិភាព​ទាំង៣ របស់​ផែន​ការ​នេះ​ ពោល​គឺ​ធើ្វ​យ៉ាង​ណា​សម្រួល​ការ​បម្លាស់​ទី​អ្នក​ជំនាញ​ទេសចរណ៍​ រវាង​ប្រទេស​ជា​សមាជិក​ឲ្យ​បាន​ពេញ​លេញ​ចាប់​ពី​ឆ្នាំ ២០១៥ ទៅ ។​

ឯកឧត្តម​បណ្ឌិត​ សុខ អាន ឧបនាយក ​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចាប់​ពី​ឆ្នាំ​២០១៥ ទៅ​អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន ក្នុង​ជំនាញ​ណាមួយ នៃ​ជំនាញ​ទាំង​៣២​មុខ ដែល​ទទួល​បាន ការ​ទទួល​ស្គាល់​នូវវិជ្ជាជីវៈ​ផ្នែក​ទេសចរណ៍ អាច​មាន លទ្ធភាព​ទៅបំពេញ​ការងារ​ក្នុង​បណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន​ណាមួយ​ក៏បាន។ ដើម្បី​ទទួល​បាននូវ​ការទទួល​ស្គាល់ បុគ្គល​ម្នាក់​ត្រូវមាន គុណ​វុឌ្ឍិជាក់​ច្បាស់ ដូច​ដែល​បាន​កំណត់ ទើប​អាចទៅ​បំពេញ​ការងារ​ក្នុងជំនាញ​ណាមួយ​បាន គឺ​ទាមទារ​អោយ​មាន​ការ​បណ្តុះ​បណ្តាល​ត្រឹមត្រូវ ទៅ​តាម​ស្តង់ដា​សមត្ថភាព និង​កម្មវិធី​បណ្តុះ​បណ្តាល​ដែល​បានដាក់​ចេញក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

ជាង ​នេះទៀត ការរៀប​ចំកិច្ចព្រម​ព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក គឺដើម្បី​ចូលរួម​អនុវត្ត ការធ្វើ​សមា​ហរណ​កម្ម​អាស៊ាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​តម្លាភាព ដែល​ប្រទេស​ជា​សមាជិក​ទទួល​បាន​ប្រយោជន៍​ជាច្រើន ដូចជា​តាមរយៈ​ការកាត់​បន្ថយ​តម្លៃ បង្កើន​ភាព​ប្រកួត​ប្រជែង ធានា​លំនឹង​ទីផ្សារ​ការងារ​ក្នុង​អាស៊ាន ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​សេវាកម្ម ក្នុង​តំបន់​ជាដើម។ ជាពិសេស​គឺ​ធានា​បាននូវ​ការជឿ​ទុក​ចិត្ត ភាព​ជា​ដៃ​គូ និង​កិច្ច​សហការ​ជិត​ស្និទ្ធ រវាង​បណ្តា​ប្រទេស​ជា​សមាជិក ព្រម​ទាំង​ចូលរួម​ដល់ការ ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​គុណភាព​សេវាកម្ម​ទេសចរណ៍​ផងដែរ ។

ដើម្បី ​ធានាថា​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ត្រៀម​ខ្លួនបានត្រឹម​ត្រូវក្នុងការ​ចូលរួមជំរុញ​ការ​អនុវត្តកិច្ច​ ព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍ នៅ​ឆ្នាំ​២០១៥ ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ដាក់​ចេញ​នូវ​អនុសាសន៍​ចំនួន​ ៤ ចំណុច​ដូច​ខាងក្រោម ៖
  1. សូមឱ្យគ្រប់ស្ថាប័ន-គ្រឹះ ​ស្ថានអប់រំ សាលា​បណ្តុះបណ្តាល​ជំនាញវិជ្ជា​ជីវៈ​ក្នុងវិស័យ​ទេសចរណ៍ ត្រូវ​រួសរាន់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​បណ្តុះ​បណ្តាល និង​កម្មវិធីសិក្សា​របស់ខ្លួន​ឱ្យ​ស្របតាម​ស្តង់ដា​សមត្ថភាព និង​កម្មវិធីបណ្តុះ​បណ្តាល​ដែលបានដាក់​ចេញដោយ​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ ​ទេសចរណ៍។ ក្នុងន័យ​នេះ គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ “ត្រូវខិត​ខំរៀបចំ​ឱ្យ​មាន​ស្តង់ដា​សមត្ថភាព​​អ្នកជំនាញ​ទេសចរណ៍ កម្មវិធី​បណ្តុះបណ្តាល ព្រមទាំងប្រព័ន្ធ​គុណវុឌ្ឍិ​សម្រាប់​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា ឱ្យបានឆាប់ ដើម្បី​ជាមូលដ្ឋាន​ឱ្យគ្រប់​គ្រឹះស្ថាន និង​សាលាបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ យក​ទៅ​ប្រើ​ប្រាស់​​ក្នុង​ការបណ្តុះ​បណ្តាល របស់​ខ្លួន។
  2. ក្រសួង ​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិអ្នក​ជំនាញ​ទេសចរណ៍ ត្រូវរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ ចាំបាច់​នានា​សម្រាប់​ការគ្រប់គ្រង​​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ កម្ពុជា និង ដើម្បី​ឱ្យមាន​សុខដុម​នីយកម្ម​នៃស្តង់ដា​សមត្ថភាព និងកម្មវិធី​បណ្តុះបណ្តាល​ថ្នាក់ជាតិ​តែមួយ នៅ​តាម​សាលា​​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ទាំងអស់។
  3. ទន្ទឹមនឹងការ ​ត្រៀមខ្លួន​ចូលរួមក្នុង​ចល័តភាព​នៃអ្នកជំនាញ​អាស៊ាន នៅឆ្នាំ​២០១៥ ខាង​មុខនេះ ខ្ញុំ​សូម​ស្នើ​ឱ្យ​មានការ​ជ្រើសរើស​សាលាបណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ​ ទេសចរណ៍​គំរូ ដែល​បាន​បណ្តុះ​​បណ្តាល ​​​​ដោយ​អនុវត្តតាម​ស្តង់ដា​សមត្ថភាព និង​កម្មវិធីបណ្តុះ​បណ្តាល​អាស៊ាន ដើម្បី​ជា​មូលដ្ឋាន​​សម្រាប់​ជំរុញ​ឱ្យ​សាលាបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ផ្សេងៗទៀត​អនុវត្តតាម។
  4. គណៈកម្មាធិការ ​ជាតិអ្នក​ជំនាញ​ទេសចរណ៍ ត្រូវ​បន្តជំរុញ​ធ្វើការ​ផ្សព្វផ្សាយ​ស្មារតី​នៃកិច្ច​ព្រមព្រៀង​នេះ​ ឱ្យកាន់​តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ដល់គ្រប់ភាគី​ពាក់ព័ន្ធ ជាអាទិ៍​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អ្នកទេស​ចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ សណ្ឋាគារ សេវាកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន សិស្ស និង​និស្សិត នៅតំបន់​គោលដៅ​ទេសចរណ៍​ធំៗ​នៅកម្ពុជា។
ជា​មួយ​នឹង​ការ​ប្រកាស​​គាំទ្រ​ផែន​ការ និងកម្មវិធី​ការងារអនុវត្ត​បន្តរបស់​គណៈកម្មាធិការ​ជាតិដែល​បាន​លើក​ទ្បើង​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នក​ជំនាញ​ទេសចរ​ណ៍ ឯកឧត្តម​បណ្ឌិត​ សុខ អាន​ ក៏ ​បាន​​អំពាវនាវ ដល់​សិស្សា​នុសិស្ស និស្សិត​ដែលកំពុង​សិក្សាក្តី ឬ អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​កំពុង​បម្រើ​ការក្តី ឲ្យ​យកចិត្តទុក​ដាក់អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​ឱ្យ​បានល្អ រួមផ្សំ​នឹងការ​អភិវឌ្ឍ​ជំនាញ​ភាសា​បរទេស​បន្ថែម​ផងដែរ និងសូម​ឱ្យនិយោជក​ជាប្រតិបត្តិករ​ទេសចរណ៍ ភោជនីយដ្ឋាន សេវាកម្ម​ស្នាក់នៅ មេត្តាផ្តល់​នូវ​វគ្គបណ្តុះ​បណ្តាល​ដល់​និយោជិត​របស់ខ្លួន ដើម្បីឱ្យ​ពួក​គាត់កាន់​តែមាន​សមត្ថភាព​ប្រកួតប្រជែង ដើម្បី​ជា​ប្រយោជន៍​ដល់ការផ្តល់​នូវសេវា​ប្រកបដោយ​គុណភាព​ដល់ភ្ញៀវ​ទេសចរ ក៏ដូច​ជាបង្កើន​នូវ​ផលិតភាព​ការងារជូន​ក្រុមហ៊ុន​វិញផងដែរ។

នៅ​ចុង​បញ្ចប់​នៃ​កម្ម​វិធី​បើ​សិក្ខាសាលា​ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដែល​បន្ទាប់​ពី​ បានធ្វើ​និក្ខេបបទ ដោយ​ជោគជ័យ​​នៅសាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ ហាណូយ​ទាក់​ទិន​នឹង អេកូ​ទេសចរណ៍​​កម្ពុជា​ ត្រូវ​បាន​​លោកសាស្ត្រាចារ្យ ង្វៀន វ៉ានណាម (Nguyen Van Nam) សាកលវិទ្យាធិការ នៃ​សាកលវិទ្យា​ល័យ​សេដ្ឋកិច្ច​ជាតិ​ហាណូយ និង សាស្ត្រាចារ្យ​២​រូប​ទៀត នៃ​សាកល​វិទ្យាល័យ​​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​គ្រប់គ្រង​ទេសចរណ៍ អេកូ​ទេសចរណ៍​ជូន​នៅ​​ក្រោម​អធិប​តី​ភាព​ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយក ​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ និង​ការ​អប​អរ​សាទរ​ពី​ក្រុម​គ្រួសារ​ និង​មន្រ្តី​នៃ​ក្រសួង​ទេស​ចរណ៍​ ព្រម​ទាំង​វិស័យ​ឯកជន​ដែល​ចូល​រួម​ក្នុង​សិក្ខាសាលា​​៕