Friday, March 30, 2012

កម្ពុជាចង់បាន​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី​សម្រាប់​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង



សម្តេច​អគ្គ​មហាសេ​នាបតី​តេ​ជោ ​ហ៊ុន សែន ​មាន​ប្រសាសន៍ ជា​មួយ​​លោក ​HARUHIKO ​KURODA ​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) ពេល​អនុញ្ញាត​ឲ្យ​ជួប​សំដែង​ការ​គួរ​សមនា​​ថ្ងៃ​ទី ​៣០​ មីនា ឆ្នាំ ២០១២​​នៅ​​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ ​ថា ​ ​កម្ពុជា​មាន​ក្តី​សេចក្តី ​សង្ឃឹម​ទៅលើ​ជំនួយ​របស់ ​ADB​ ដើម្បី​ធ្វើ​សមាហរណកម្ម​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​របស់​ខ្លួន​ ដែល​ជា​ការ​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ជាមួយ​ប្រទេស​ជិតខាង ​និង​តំបន់​ដែរ​នោះ​។

សម្តេច​តេ​ជោ​ បាន​គូស បញ្ជាក់ថា ការតភ្ជាប់​នេះ គឺ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ជំរុញ​កំណើនសេដ្ឋកិច្ច និង បែងចែក​ផ្លែផ្កា​នៃ កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​រវាង​អ្នករស់នៅ​ទីក្រុង និង​ជនបទ​ផងដែរ។

 ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ឲ្យ​ដឹងថា លោក HARUHIKO KURODA បាន​ជំរាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា លោក​មាន​ចំណាប់អារម្មណ៍ និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កា​រីកចំរើន​យ៉ាង​ឆាប់រ​ហ័យ និង​យ៉ាង ខ្លាំង​របស់​កម្ពុជា។លោក​ប្រធាន ADB បាន​បញ្ជាក់ថា សេដ្ឋកិច្ច​របស់​កម្ពុជា​គឺ​កំពុង​តែមាន​ភាព​រស់ រវើក និង​មាន​កំណើនសេដ្ឋកិច្ច៧% ដែលជា​សញ្ញា​មួយ​បានបញ្ជាក់​ឲ្យ​ឃើញថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ខ្លាំង ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ក៏ដោយ។

លោក HARUHIKO KURODA មានប្រសាសន៍ថា បណ្តា​ប្រទេស​អាស៊ាន​នឹងមាន​កំណើន សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ជាពិសេស​គឺមាន​សាមគ្គីភាព​គ្នា​យ៉ាង​រឹងប៉ឹង រវាង​បណ្តា​ប្រទេស​អាស៊ាន ហើយ​សេដ្ឋកិច្ច​អាស៊ី​នឹងមាន​កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព។

សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​ ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក  KURODA  ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ អាស៊ាន​នៅ​កម្ពុជា​នាពេលនេះ ដែល​នេះ​គឺ ជា​កិត្តិយស​ណាស់​របស់​កម្ពុ​ជា។ សម្តេចនាយក​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ ADB ដែល​បាន ជួយ​ដល់​កម្ពុជា កាលពី​ឆ្នាំកន្លងមក​ក្នុងពេលដែល​កម្ពុជា​បាន​ជួបប្រទះ​គ្រោះទឹកជំនន់ ដែល​ជំនួយ​នេះ បាន​ជួយ​ដល់​កម្ពុជា​សម្រាប់​ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ បាន​ខូចខាត​ដោយ​គ្រោះ​ទឹក ជំនន់​៕