Wednesday, April 11, 2012

បទ​អត្ថាធិប្បាយ​៖ ស៊ូយ៉ា​ស៊ូបែឌី​ គួររៀន​​សូត្រ​បន្ថែម​​​អំពី​​តួនាទី​​របស់​​ប្រមុខរាជ​​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​​គ្រប់​គ្រង​​រដ្ឋ​ឯករាជ្យ​​មួយ​



 
          តាម​រយៈការ​ផ្តល់​បទ​សម្ភាសន៍ដ៏​ខុសឆ្គង​មួយ​​ ជាមួយ​វិទ្យុ​បរទេស​ដែល​បាន​ផ្សព្វ​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ មេសា ឆ្នាំ ២០១២ ដែល​ទាក់​ទង​ទៅ​នឹង​ដំ​ណើរការ​របស់​សាលាក្តីកាត់​ទោសមេដឹក​ខ្មែរក្រហម​ ​លោក ស៊ូយ៉ាស៊ូ​បែឌី អ្នក​រាយ​ការណ៍​ពិសេសរបស់​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បានចោទ​ប្រកាន់​មកលើ​ប្រមុខរាជ​រដ្ឋាភិបាល​ថា​ បាន​លូក​ដៃជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​សាលាក្តី​ អ...ក ដែល​ជា​ការ​បន្ទរដដែល​ៗរបស់​ក្រោមប្រឆាំង​មួយ​ចំ​នួន​តូច ដែល​ការ​ពិត​ក្រុម​នេះ​ហើយ​ដែល​បាន​​និង​កំ​ពុង​ជ្រៀត​ជ្រែក​​ចូល​ទៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​ ដូច​ពាក្យ​ថា « ខ្លួន​ធ្វើ​ចោរស្រែកឱ្យ​គេជួយ​ចាប់​ចោរ»

          ជាក់​ស្តែង​​ចៅក្រម​ស៊ើប​អង្កេត​បរទេស​ដែល​បាន​លាលែងជាបន្ត​បន្ទាប់​ គឺពិត​ជាកើត​ឡើង​ដោយ​សារ​រង​សម្ពាធ​នៃ​ការ​កៀប​សង្កត់​ បង្ខំ​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ក្រុម​អគតិ​មួយ​ចំ​នួន​តូច​នេះ​ ដែល​ពួក​គេមិន​អាច​បំ​ពេញ​ការ​ងារ​បាន​ដោយ​រលូន​។

          ស៊ូយ៉ា​ស៊ូ​បែឌី  គួរគប្បី​ស្វែង​យល់​អំពី​គោលការណ៍​​នៃកិច្ច​ព្រម​ព្រៀងរវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​អង្គ​ការ​សហប្រជាជាតិ​ ដែល​ខ្លឹម​សារ​សំ​ខាន់ ​គឺភាគី​ទាំង​ពី​រត្រូវ​មាន​ការគោរព​បូរណភាព​ និង​អធិបតេយ្យភាព​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​រក​យុត្តិ​ធម៌ជូន​ពល​រដ្ឋខ្មែរដែល​រង​គ្រោះ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ និង​រក្សាឱ្យ​បាន​នូវ​សន្តិភាព សន្តិ​សុខ ស្ថិរភាព​ ការ​បង្រួប​បង្រួម​ និង​ផ្សះ​ផ្សាជាតិ​ ពីព្រោះ​ថា​ កម្ពុជា​បាន​ឆ្លង​កាត់​នូវ​សោក​នាដកម្មសង្គ្រាម​ផ្ទៃ​ក្នុងរាំរ៉ៃ​រាប់​ទស្សវត្សមក​ហើយ​។

ម៉្យាង​វិញ​ទៀត​ មាត្រា៥២ និង​មាត្រាមួយ​ចំ​នួន​ទៀត​នៃ​រដ្ឋធម្មនុញ្ញដែល​ជា​ច្បាប់​កំ​ពូល​របស់​ជាតិ​ខ្មែរ បាន​ចង្អុល​ឱ្យ​ «រាជ​រដ្ឋាភិបាល​កម្ពុជា​ ការពារ​នូវ​ឯករាជ្យ ​អធិបតេយ្យ​ អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​.......ឱ្យបាន​»។ ហេតុដូច្នេះ​ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំដោយ​សម្តេច​តេជោ​ ហ៊ុន សែន មាន​កាតព្វ​កិច្ច​ក្នុង​ការ​​អនុវត្តនូវ​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ទទួល​ខុសត្រូវ​ខ្ពស់​បំ​ផុត​ចំ​ពោះ​មុខប្រវត្តិសាស្ត្រ​ ដើម្បីបញ្ចៀសនូវ​រាល់​បាតុភាព​អវិជ្ជមាន​ទាំង​​ឡាយណា ដែល​​ធ្វើ​ឱ្យ​ប្រទេស​មានភាពច្របូក​ច្របល់​ ដែល​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ម្តង​ទៀត។​

ហេតុ​ដូច្នេះ​ រាល់​បទ​អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ គឺគ្រាន់​តែ​ជាការ​ព្រួយ​បារម្ភតែ​ប៉ុណ្ណោះ​ ដោយ​ពុំ​មាន​ការ​ជ្រៀត​ជ្រែក​ទៅក្នុង​ដំ​ណើរការ​របស់​ អ...ក នោះ​ទេ ឧទាហរណ៍​ជាក់​ស្តែង​ ក្នុង​ពិធី​ចែក​សញ្ញាបត្រនៅ​សាលាភូមិន្ទ​រដ្ឋបាល​ សម្តេច​តេជោ​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​ «ចំ​ពោះ​ការ​សំ​រេច​របស់​តុលាការ​ក្នុង​ការ​ដាក់​ទោស ឌុច លោកគោរព​ដោយ​គ្មាន​ការ​តវ៉ា​» រាល់​ការ​សំ​រេច​របស់​ចៅក្រមនៃ​តុលាការ​​កូន​កាត់​នេះ​ គឺជាឆន្ទានុសិទ្ធិ​របស់​ចៅ​ក្រម ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ ឬ​ការ​បង្ខិត​បង្ខំ​ពី​រាជ​រដ្ឋាភិបាល​នោះ​ឡើយ​។

ដូច្នេះ អ្វី​ដែល​លោក ស៊ូយ៉ាស៊ូបែឌី​ បាន​លើក​ឡើងធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជាគឺគ្រាន់​តែ​ជាការ​បន្ទររបស់​ក្រុម​អគតិ​មួយ​ចំ​នួន​តូច​ដែល​តែង​តែ​ធ្វើ​ការ​ជ្រៀត​ជ្រែក​លូក​ដៃមកលើ​សាលាក្តីខ្មែរក្រហម​តែ​ប៉ុណ្ណោះ ដោយ​ពួកគេទាំង​នេះ​គ្មាន​ការ​យល់​ដឹងអំ​​ពី​ទំ​នួល​ខុសត្រូវ​របស់​ប្រមុខដឹក​នាំរដ្ឋម្នាក់​នៅក្នុង​រដ្ឋអធិប​​តេយ្យ​​មួយ។


អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​​