Wednesday, April 11, 2012

បទអត្ថា​ធិប្បាយ៖ សមរង្ស៊ី​គ្មាន​សមត្ថភាព​ក្នុង​នយោបាយ​ការ​បរទេស​សោះ​ឡើយ


ខណៈពេល​ដែល​កិច្ចប្រជុំកំពូល​អាស៊ាន​បាន​ និងកំពុង​ចាប់ផ្ដើម​ពិភាក្សា លើបញ្ហា​សំខាន់ៗ មួយ​ចំនួន ពិសេស​បញ្ហា​ជំលោះ​សមុទ្រ​ចិន​ខាង​ត្បូង សម រង្ស៊ី បាន​លើក​ឡើង​ថា បញ្ហា​សមុទ្រ​ចិន ខាងត្បូង​គួរត្រូវ​បាន​ដោះស្រាយ​ដោយ​ទ្វេភាគី​រវាងចិន និង​ប្រទេស​ដែល​មានបញ្ហា​ពាក់ព័ន្ធ​ដែល​ជា ជំហផ្ទុយ​គ្នានឹង​ការ​លើក​ឡើង​របស់​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​របស់​គណ​បក្ស សម រង្ស៊ី ដែល ថា​ជំលោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គួរ​យក​ដាក់​ចូល​ទៅក្នុង​របៀប​វរៈនៃ​ កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

ការលើក ​ឡើង​នូវជំហ​ផ្ទុយ​គ្នា​ក្នុង​ចំណោម​អ្នកដឹក​នាំ​បក្ស​សមរង្ស៊ី​ទាំងពីរ​ខាង ​លើនេះ បាន ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវភាព​គ្មាន​សមត្ថភាព​របស់ សម រង្ស៊ី ក្នុងគោល​នយោបាយ​ការបរទេស​មួយ ដែល​មិន​អាច​ទទួល​យក​បានសំរាប់​បរិបទ​នយោបាយ​ក្នុងតំបន់​បច្ចុប្បន្ន។ ប្រសិន​បើ សម រង្ស៊ី គ្មាន​សមត្ថភាព​ក្នុង​ការគោល​នយោបាយ​ការបរទេស​ច្បាស់​លាស់​បែប​នេះ តើសម​រស្ស៊ី​អាច​មាន សមត្ថ​ភាព ដឹកនាំ​ប្រទេស​ឱ្យមាន​សន្ដិភាព ស្ថិរភាព​នយោបាយ និងការ​អភិវឌ្ឍ​ប្រកប​ដោយ ចីរភាព​បាន​ទាំង​ក្នុង​ប្រទេស និងក្រៅ​ប្រទេស​បានយ៉ាង​ដូចម្ដេច​ទៅ!

ផ្ទុយទៅវិញ មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ​បាន​កោត​សរសើរ និងវាយ​តំលៃ​ខ្ពស់​ចំពោះ ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹក​នាំដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហា​សេនាបតី តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងជាប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដែល បានរៀប​ចំកិច្ចប្រ​ជុំកំពូល​អាស៊ាន​លើទឹកដី​កម្ពុជា ចាប់តាំង​ពីកម្ពុជា​បានចូល​ជា​សមាជិក នៃ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក្នុងឆ្នាំ​១៩៩៨មកម្លេះ។ ជោគ​ជ័យ​ និងសក្ដានុ​ព​លរបស់​កម្ពុជា​លើ ឆាក​អន្ដរជាតិ​ត្រូវបាន​ទទួលកា​រជឿទុក​ចិត្ដ និង​សំរេច​ឡើង​ដោយ​សារ​រាជរដ្ឋា​ភិបាល​កម្ពុជា បាន ប្រកាន់​គោល​នយោបាយ​ការបរទេស​ដ៏ច្បាស់​លាស់ ដែល​បាន​ចារិកក្នុង​ធម្មនុញ្ញ​ឆ្នាំ ១៩៩៣ ថា ព្រះ​រាជាណា​ចក្រ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជានិច្ចនូវ​នយោបាយ​អព្យា​ក្រិត្យ​ អចិន្ដ្រៃយ៍ និងមិ​នចូល​បក្ស សម្ព័ន្ធ។ ព្រះរាជា​ណាចក្រ​កម្ពុជា​រួមរស់​ដោយ​សន្ដិសហ​វិជ្ជមាន​ជាមួយ​ប្រទេស​ជិត​ខាង និងប្រទេស ដទៃ​ទៀត​ទាំងអស់​នៅលើ​សកល​លោក។ ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​ឈ្លាន ពាន​ប្រទេស​ណា ដាច់ខាត មិនជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃប្រទេស​ដទៃ​ដោយ​ផ្ទាល់ ឬដោយ​ប្រយោល​ទោះបី ក្រោម​រូបភាព​ណាក៏ដោយ​ដោះស្រាយ​រាល់បញ្ហា​ដោយ​សន្ដិវិធី និង​គោរព​ផល​ប្រយោជន៏​ផងគ្នា ទៅវិញ​ទៅមក។

ហើយ ​ក្នុង​ក្របខ័ណ្ឌ​នៃធម្ននុញ្ញ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ប្រទេស​កម្ពុជា​បាន ប្រកាន់​យក​នូវគោល​ការណ៍​ទាំង​ឡាយ ដែលមាន​ចែងក្នុង​ធម្មនុញ្ញ​អាស៊ាន​ចំពោះ​ការ​ដោះស្រាយ បញ្ហា​ដោយ​សន្ដិវិធី​ពិសេស​ការស្វែង​រកឱ្យ​បាននូវ​សម្លេង​ឯកច្ឆន្ទ​ក្នុង​ អាស៊ាន​តែម្ដង។

អ្វីដែល​បាន​ធ្វើឱ្យ​ មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​ចាប់​អារម្មណ៍នោះ គឺ មុខមាត់ កិត្យា​នុភាព និងជំនាញ​ការទូត​របស់​កម្ពុជា​កាន់តែ​ទទួល​បានការ​ជឿទុកចិត្ដ​ថែម​ទៀត​ដោយ​ សារ​ដំណើ​ទស្សនៈ
កិច្ច​របស់ លោក បាន គីមូន អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ និង​លោក​ស្រី ហ៊ីល ឡារីក្លីនតុន រដ្ឋម​ន្ដ្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១១​កន្លង​ទៅ។

ពិសេស ដំណើ​ទស្សនៈ​កិច្ច​ថ្មីៗ​នេះ​របស់​លោក ហ៊ូ ជីនតាវ ប្រធា​នាធិបតី​ចិនមក​កាន់ ប្រទេស​កម្ពុជា​បានបង្ហាញ​ឱ្យឃើញ​នូវសក្ដា​នុពលភាព​ក្នុង​នយោបាយ​ការទូត​ របស់​កម្ពុជា​ក្នុងតំបន់​ក៏ដូច​ក្នុង​កិច្ចការ​អន្ដរជាតិ​ផង​ដែរ។

សំរាប់ ​កិច្ចការ​តំបន់​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​ក្នុងការ​រៀបចំ​កិច្ច​ប្រជុំ​ កំពូល​កម្ពុជា-ឡាវ-វៀតណាម កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ-មីយ៉ាន់ម៉ា-វៀត​ណាម កិច្ចប្រជុំ​កំពូល​ស្ដីពីយុទ្ធ​សាស្ដ្រ សហ​ប្រតិបត្ដិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ាឌី ចាវប្រា​យ៉ា​មេគង្គ​លើកទី៤ និងមហាស​ន្និបាត​លើក​ទី៦ នៃ​គណបក្ស​នយោបាយ​នៅអាស៊ី​នៅ​រាជធានី​ភ្នំពេញ​កន្លង​ទៅ។ មោទនៈភាព​ដ៏ធំធេង​ចំពោះ លទ្ធផល​ក្នុង​មហា​សន្និបាត​លើកទី៦​របស់​គណបក្ស​នយោបាយ​នៅអាស៊ី ដែលមាន​គណបក្ស ចំនួន​៩៤ និង​អង្គការ​អន្ដរជាតិ​ធំៗ​ចំនួន​៦ចូល​រួម គឺអង្គ​ប្រជុំ​បាន​កោត​សរសើរ និង​វាយ​តំលៃ ខ្ពស់ចំពោះ​ជោគជ័យ​របស់​កម្ពុជា ក្នុងការ​បង្រួប​ង្រួម​ជាតិ​តាមរយៈ​នយោបាយ​ឈ្នះឈ្នះ។​ ប្រទេស កម្ពុជាត្រូវ​បាន​ចាត់​ទុក​ជាគំរូ​មួយសំរាប់​ពិភព​លោក ក្នុងការ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិ​វិធីការ បង្រួ​បង្រួម​ជាតិផ្អែក​លើដំណោះ​ស្រាយ​នយោបាយ និង​ការ​កសាង​បាន​នូវ​សន្ដិភាព​នយោបាយ រឹងមាំ ដែល​ជាមូល​ដ្ឋាន​គ្រឹះធ្វើមាតុ​ភូមិកម្ពុជា​បានរីក​ចំរើន​លូតលាស់​រហូត​មក ដល់​បច្ចុប្បន្ន។

ដូច្នេះ​ឆ្លង​កាត់​ កិច្ចការ​ខាងការ​ទូត​ក្នុង​អង្គការ​តំបន់ បានធ្វើ​សហគមន៍​អន្ដរជាតិ​ទទួល​ស្គាល់ នូវជំ​នាញ​ការ​ទូត​គ្រប់គ្រាន់​របស់​កម្ពុជា​ក្នុងការ​បំពេញ​តួនាទី ជាប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដែល បានធ្វើឱ្យ​កម្ពុជា​អាចស្វែង​រក​នូវ​សម្លេង​កុងស៊ង់ស៊ីស​ក្នុងអង្គការ​តំបន់ ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង តំបន់ ដូចក្នុង​ជំលោះ​ក្នុង​សមុទ្រ​ចិនខាង​ត្បូងនេះ​ជា​ឧទាហរណ៍។

 ដូច្នេះ សំរាប់​គោល​នយោបាយ​ការបរ​ទេស រាជរ​ដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព គ្រប់​គ្រាន់​និងមាន​ការទទួល​ខុសត្រូវ​ក្នុងការ​អនុវត្ដ​បានយ៉ាង​ពេញលេញ​ តាមធម្មនុញ្ញ​កម្ពុជា និង ធម្មនុញ្ញ​អាស៊ាន ដែលប្រកប​ដោយការ​ទទួល​ខុសត្រូវ​ច្បាស់លាស់​សំរាប់​ជាតិ​មាតុភូមិ និង ប្រជាជន​កម្ពុជា ក្នុង​គោលដៅ​រក្សាឱ្យ​បាន​នូវ​សន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ និងការ អភិវឌ្ឍ​ទាំងក្នុង​តំបន់ និង​អន្ដរជាតិ។  

ផ្ទុយទៅវិញ ​សមរង្ស៊ី​គ្មាន​សមត្ថភាព​ឆ្លើយ​តប​និង​ទទួល​ខុស​ត្រូវក្នុង​កិច្ចការ​ នយោបាយ ការ បរទេស​កម្ពុជា ដែលឆ្លើយ​តបទៅនឹង​ធម្មនុញ្ញ​របស់​កម្ពុជា ក៏ដូច​ធម្មនុញ្ញ​របស់​អាស៊ាន​អ្វីសោះ ឡើយ។ ការ​ប្រកាន់​យកគោល​នយោបាយ​ការបរទេស​ត្រឡប់​ត្រឡិន​របស់​សមរង្ស៊ី​ថ្មីៗ​បែប នេះបាន ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវភាព​គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ និង​ដោះស្រាយ​បញ្ហា​អន្ដរជាតិ ប្រកប ដោយ​ទទួល​ខុស​ត្រូវ​ឡើយ។

ដូចនេះ ប្រជាជន​កម្ពុជា​ដ៏លើស​លុប​នៅតែ​បន្ដគាំទ្រ​ជំហន​យោបាយ​ការបរ​ទេស​របស់​រាជ រដ្ឋាភិបាល​ដែល​ជាយុត្ដិសាស្ដ្រ​បំរើដល់​ការរក្សា​ឱ្យបាន​នូវសន្ដិភាព ស្ថិរភាព សន្ដិសុខ និងការ អភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភព​លោក ដែលជា​គោល​បំណង​រួមរបស់​បណ្ដា​ប្រទេស​ទាំងឡាយ​ក្នុ​ង ពិភព​លោក។
ដោយ ឡុង សុគុណ