Thursday, April 19, 2012

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន​លើក​ទី ៤ នៅ​ទីក្រុង​តូក្យូ


​យោង​តាម​ការ អញ្ជើញ​របស់​ឯកឧត្តម យូ​ស៊ី​ហ៊ី​កុ ណូ​ដា នាយករដ្ឋមន្ត្រីនៃ​រាជាណាចក្រ​ជប៉ុន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ១៩ មេសា ឆ្នាំ ២០១២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ចាក​ចេញ​ពី​រាជធានី​ភ្នំ​ពេញ​ធ្វើដំណើរ​ទៅ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ៤ នៅ​ទីក្រុង​តូ​ក្យូ។

​ឯកឧត្តម​ ស្រ៊ី ​ថាមរុង្គ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​ ៤ ដែល​ប្រព្រឹត្ត​ទៅ​ ​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​នា​ថ្ងៃទី​ ២១​ មេសា​ ប្រទេស​ជប៉ុន​នឹង​ដាក់​ចុះ​នូវ​យុទ្ធសាស្ត្រ​ថ្មី​មួយ​គឺ​យុទ្ធសាស្ត្រ​ ទីក្រុង​តូ​ក្យូ​ ឆ្នាំ ​២០១២​ ដើម្បី​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​ ដែល​ក្នុង​នោះ​ប្រទេស​ជប៉ុន​បាន​ស្នើ​បង្កើត​នូវ​សសរ​ទ្រូង ​៣ ​ដើម្បី​ជំនួស​ផែនការ​សកម្មភាព ៦៣ ​ចំណុច​ដែល​ នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ​២០១២ ​នេះ​។ឯកឧត្តម ស្រ៊ី ថាមរុង្គ មានប្រសាសន៍​បញ្ជាក់​ថា សរសរ​ទ្រូង ទាំង ៣ នោះ​រួមមាន​សរសរ​ទី ១ នៃ​ផែនការ​សកម្មភាព​នេះ​គឺ​ការ​ជម្រុញ​ការតភ្ជាប់​តំបន់​មេគង្គ​សរសរ ទ្រូង​ទី ២ គឺ​ការអភិវឌ្ឍ​រួមគ្នា និង​សរសរ​ទ្រូង​ទី ៣ គឺ​ការធានា​សន្តិសុខ​មនុស្សជាតិ និង​ចីរភាព​បរិស្ថាន​។

សូម ​បញ្ជាក់ថា ​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន ​លើក​ទី ១ ថ្នាក់ដឹកនាំ​នៃ​កិច្ចប្រជុំ​បានចេញ​នូវ​សេចក្តី​ថ្លែង ការណ៍​ទីក្រុង​តូ​ក្យូ ដែល​ក្នុងនោះ​មាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ចំនួន ៦៣ ចំណុច ដែល​ផែន ការ​សកម្មភាព​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១២ នេះ​។​ ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១ ធ្វើ​នៅក្នុង​ប្រទេស​ជប៉ុន​នៅ​ខែវិច្ឆិកា ឆ្នាំ ២០០៩ លើក​ទី ២ ធ្វើ​នៅ​ទីក្រុង​ហាណូយ ក្នុង ឆ្នាំ ២០១០ លើក​ទី ៣ ធ្វើ​នៅ​ធ្វើ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង ខែវិច្ឆិកា ឆ្នាំ ២០១១ ។​  ជប៉ុន​ជា​ប្រទេស​នាំមុខ​មួយ​នៅក្នុង​ការជួយ​ផ្តល់​ហិរញ្ញប្បទាន​ សហ​ប្រតិបត្តិកា​រ សម្រាប់​គម្រោង​ផ្សេងៗ​នៅក្នុង​តំបន់​មេគង្គ ពិសេស​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ ដែល​សកម្មភាព​នេះ​ស្រប គ្នា​ជាមួយនឹង​គោលការណ៍​អាស៊ាន ដែល​និយាយ​ពី​សមាហរណកម្ម​នៅ ក្នុង​តំបន់​ដែលជា​ការបំពេញ​ឲ្យ​គ្នា ដើម្បី​រួមវិភាគទាន​ក្នុងការ​ជម្រុញ​អាស៊ាន​​ឲ្យ​កសាងបាន​នូវ​សហ គម​ន៍​មួយ​នៅក្នុង​ឆ្នាំ ២០១៥ ខាងមុខនេះ​។​ក្រៅពី​កិច្ច​សហប្រតិបត្តិការ ជប៉ុន​ក៏បាន​យកចិត្តទុកដាក់ លើ​វិស័យ​សុខាភិបាល ការអភិវឌ្ឍ​នៅ​តំបន់​ត្រីកោណ​កម្ពុជា ឡាវ វៀតណាម តំបន់​កម្ពុជា វៀតណាម ឡាវ មី​យ៉ាន់​ម៉ា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យេ​យ៉ាវ​វ​ឌី​-​ចៅ​ផៃ​យ៉ា​មេគង្គ​ (AMECS) និង​មហា​អនុ តំបន់​មេគង្គ​ផងដែរ​។​

ឯកឧត្តម​ ស្រ៊ី ​ថាមរុង្គ ​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​បានទទួល​នូវ​គម្រោង​ជាច្រើន​នៅក្រោម​កិច្ច សហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ដែលមាន​ជាអាទិ៍​គម្រោង​ស្តារ​ផ្លូវជាតិ​លេខ ៥ ការស្តារ​ផ្លូវជាតិ​លេខ ១ ការសាងសង់​ស្ពាន​អ្នក​លឿង ការអភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ គម្រោង​ទឹកស្អាត​នៅ​ខេត្តសៀមរាប គម្រោង​បណ្តាញ​ឆ្អឹងខ្នង​ទូរគមនាគមន៍​តំបន់​មហា​អនុតំបន់​មេគង្គ គម្រោង​ធារាសាស្ត្រ​ខាងលិច​បឹង ទន្លេសាប និង​គម្រោង​កែលម្អ​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ និង​រំដោះ​ទឹក​ភាគ​នីរ​តី​រាជធានី​ភ្នំពេញ ផងដែរ​។​

​តាម​កម្ម​វិ​ធី​ដែល​បានគ្រោង​ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ឯកឧត្តម ​យូ​ស៊ី​ហ៊ី​កុ ណូ​ដា នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ស្តីពី​ការផ្តល់​ជំនួយឥតសំណង​ ដែលមាន​ទឹកប្រាក់​ចំនួន​ជាង ១៨ លាន​ដុល្លារ​សហ រដ្ឋ​អាមេរិក​សម្រាប់​ការអនុវត្តន៍​គម្រោង​ស្តារឡើងវិញ និង​ការ​សម្រាល​ទុក្ខលំបាក​ដោយ​ទឹកជំនន់​​រវាង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ជាមួយ​លោក ម៉ាសា​ហ្វ៊ូ​គី គុ​រ៉ូ​គី ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​​នៅ​កម្ពុជា​។

​គណៈ​ប្រតិភូ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នឹង​ត្រូវធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃទី ២២ ខែមេសា​ ឆ្នាំ ២០១២​៕