បទអត្ថាធិប្បាយ
មន្ត្រីមួយរូបរបស់អង្គការសហប្រជាជាតិ
វាយតម្លៃខុសអំពីកម្ពុជា
សេចក្តីព្រាងច្បាប់
ស្តីពី អង្គការ និងសមាគម ដែលបាន និងកំពុងពិនិត្យពិចារណា និងកែសម្រួលឡើងវិញដោយក្រសួងមហាផ្ទៃ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃពង្រាងឯកសារគតិយុត្តិ
ដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ
ក៏ដូចជាការពង្រឹងនីតិរដ្ឋ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរឡើង។
សេចក្តីព្រាងច្បាប់នេះ
ត្រូវបានតាក់តែងឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ
និងជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ ។
នៅក្នុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង
គឺរាជរដ្ឋាភិបាល បានបើកទូលាយយ៉ាងចំហរ នូវសិទ្ធិសេរីភាពក្នុងការចូលរួម
លើកជាទស្សនៈ យោបល់ ពីក្រុមអ្នកជំនាញការច្បាប់នានា មកពីបណ្តាប្រទេសជាច្រើន និងបានជជែកចោទសួរដេញដោលអស់ពេលដ៏យូរមកហើយ ជាពិសេស
រាជរដ្ឋាភិបាលថែមទាំងបានអញ្ជើញតំណាងសហជីព សមាគម
និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន ឱ្យមកចូលរួមផ្លាស់ប្តូរយោបល់
ជាច្រើនលើកច្រើនសារ ដើម្បីបង្ហាញពីតម្លាភាព
ក្នុងការបង្កើតបាននូវច្បាប់ដ៏សុក្រិត សំរាប់ប្រើប្រាស់ក្នុងសង្គមកម្ពុជា។
បើទោះជាមានការបើកទូលាយយ៉ាងនេះក្តី
ប៉ុន្តែក៏នៅតែមានក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច
ដែលមិនចង់ឃើញច្បាប់នេះចេញជារូបរាង ពីព្រោះបារម្ភខ្លាចប៉ះពាល់
ខាតដល់ផលប្រយោជន៍ និងលាភសក្ការៈរបស់ពួកគេ គេបាននាំគ្នាប្រឆាំងឥតឈប់ឈរ ក្នុងចំណោមនោះ
មានទាំងជនបរទេសមួយរូបដែលពុំបានយល់ដឹងអំពីស្ថានការណ៍ពិតនៅកម្ពុជា
ក៏ចេញមកស្រែកប្រឆាំងតវ៉ានឹងគេដែរ។
តាមរយៈការចេញផ្សាយថ្ងៃទី២៦ ខែ
មេសា ឆ្នាំ ២០១២ ក្នុងគេហទំព័ររបស់កម្មវិធីសំឡេងប្រជាធិបតេយ្យវីអូឌី (www.vodhotnews.com)
ជាពិសេសការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១២ នេះ លោកស្រី ណាវីភីឡៃ
ប្រធានឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទិ្ធមនុស្ស បានលើកឡើងថា « ទាំងអង្គការមិនមែនរដ្ឋាភិបាល
សហជីពកម្មករ អ្នកការពារសិទ្ធិមនុស្ស បញ្ញាវ័ន្ត អ្នកសារព័ត៌មាន
ពួកគេត្រូវរងនូវការកៀបសង្កត់លើសកម្មភាពការងារ និងសេរីភាព របស់ពួកគេ» ។ លោកស្រីបានបន្ថែមទៀតថា
«ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយប្រទេសនេះ កំពុងតែរៀបរៀងច្បាប់ស្តីពីអង្គការ
និងសមាគម ដែលមានចរិតរឹតត្បិតសកម្មភាពរបស់អង្គការទាំងឡាយនៅកម្ពុជា»។
ទាំងនេះ គឺជាការប្រញាប់ប្រញាល់ជ្រុលហួសហេតុ
ក្នុងការធ្វើសេចក្តីសន្និដ្ឋានអំពីស្ថានការណ៍ពិតនៅកម្ពុជា ដោយលោកស្រីណាវីភីឡៃ បានបិទភ្នែកទាំងពីរ
និងត្រចៀកក៏ត្រូវបានញ៉ុករន្ធជិត ហើយលោកស្រីណាវីភីឡៃ បានយកអារម្មណ៍រវើរវាយ
និងការទទួលបាននូវរបាយការណ៍ខ្មៅពីក្រុមប្រឆាំងតែម្ខាង
ហើយក៏ចាប់ផ្តើមបន្ទរសំឡេងវាយប្រហារមកលើរាជរដ្ឋាភិបាលតែម្តង។
ក្នុងឋានៈជាមន្ត្រីមួយរូបតំណាងឱ្យភ្នែក ច្រមុះ
របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី ណាវីភីឡៃ គួរស្វែងរកព័ត៌មានឱ្យបានច្រើនជាងនេះ
មុននឹងផ្តល់កិច្ចសម្ភាសន៍បរិហាររិះគន់មកលើរដ្ឋាភិបាលកម្ពុជាដែលជារដ្ឋមាននូវអធិបតេយ្យ ឯករាជ្យមួយ។
មិនមែនបានន័យថា រាល់អ្វីដែលជាការលើកឡើងដោយភូតកុហក
មួលបំភ្លៃខុសពីការពិត
ចេញមកពីក្រអូមមាត់របស់លោកស្រីធ្វើឱ្យពលរដ្ឋខ្មែរជឿតាម
និងកោតសរសើរនោះទេ។
យោងតាមតួរលេខពីក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅកម្ពុជា មានអង្គការ សមាគមដែលបានចុះបញ្ជី
មិនតិចជាង ៣០០០អង្គការនោះទេ ។ ដោយឡែក បើតាមតួលេខអំពីការចុះបញ្ជីនៅក្រសួងការងារវិញ មានសហជីពដែលចុះបញ្ជីការរួចមិនតិចជាង២ពាន់។ ក្នុងចំណោម អង្គការ សមាគមទាំងនោះ
ក៏មានអង្គការមួយចំនួន បានជួលម៉ោងផ្សាយនៅតាមស្ថានីយ៍វិទ្យុជាច្រើន
និងផ្សាយបន្តទៅតាមបណ្តាខេត្តនានា
ដើម្បីបំរើសកម្មភាពការងាររបស់អង្គការខ្លួន
និងថែមទាំងបានបើកវេទិកាសាធារណៈគ្រប់ច្រកល្ហក ដោយជានិច្ចកាលពួកគេបានប្រើប្រាស់សិទ្ធិសេរីភាពនោះយ៉ាងទូលាយ
និងអ្នកខ្លះបានប្រើប្រាស់សិទ្ធិសេរីភាពដ៏ជ្រុលហួសព្រំដែន រហូតរិះគន់
វាយប្រហារ មកលើរាជរដ្ឋាភិបាលតាមទំនើងចិត្តទៀតផង។ នេះឬនៅកម្ពុជាដែលថា
សិទ្ធិសេរីភាពរបស់អង្គការ សមាគមត្រូវបានកៀបសង្កត់?
តើ លោកស្រី ណាវីភីឡៃ បាន និងកំពុងដើរតួនាទីធ្វើជាអ្នកនាំពាក្យឱ្យក្រុមអង្គការមួយចំនួន
និងបក្សប្រឆាំង ឬក៏មកបំពេញការងារនៅកម្ពុជា
ដើម្បីបំផ្លាញការរីកចំរើនរបស់កម្ពុជា? ។ រាជរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា
ពិតជាមាននូវសុឆន្ទៈមុតមាំបំផុតក្នុងការជំរុញឱ្យបង្កើតឡើងនូវ ច្បាប់ស្តីពី
អង្គការ និងសមាគម ពីព្រោះ សង្គមកម្ពុជាមានការប្រែប្រួល
រីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ពិតជាត្រូវការចាំបាច់
និងខានមិនបាននូវការបង្កើតច្បាប់ជាច្រើនដើម្បីធានា រក្សាឱ្យបាននូវស្ថិរភាពនយោបាយ
សន្តិសុខសង្គម និងការអភិវឌ្ឍ ក៏ដូចជាការផ្តល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគផ្សេងៗ។
គេបានដឹងថា មានប្រទេសចំនួន១១ហើយ បានបង្កើតច្បាប់អង្គការមិនមែនរដ្ឋាភិបាល
ប្រទេសទាំងនោះរួមមាន៖ ប្រទេសចិន
ឥណ្ឌា អូស្ត្រាលី សិង្ហបូរី ថៃ ជប៉ុន រុស្ស៊ី សហរដ្ឋអាមេរិក (រដ្ឋញ៉ូយក
និងរដ្ឋកាលីហ្វ័រញៀរ) បារាំង កូរ៉េ និងប្រទេសហ្វីលីពីន។ បណ្តាប្រទេសទាំងនោះគេធ្វើច្បាប់ក្នុងបំណងរក្សាសន្តិសុខ
ការពារស្ថេរភាពនយោបាយ ចៀសវាងពួកភេរវៈកម្ម ដែលស្ថិតក្រោមស្លាកអង្គការមិនមែនរដ្ឋាភិបាល ដែលក្រុមជនទុច្ចរិតទាំងអស់នោះប៉ុនប៉ងធ្វើអ្វីដែលផ្ទុយពីច្បាប់។
ដូច្នេះ នៅកម្ពុជាក៏ដូចគ្នាដែរ
ទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែសេចក្តីព្រាងច្បាប់ អង្គការ
និងសមាគមនេះឡើង គឺក្នុងគោលបំណងចង់បង្ហាញនូវចេតនាលុបបំបាត់នូវភាពអវិជ្ជមាននានាបង្កឡើងដោយពួកក្រុម
ដែលប្រឆាំងនឹងច្បាប់ និងក៏ដើម្បីនាំមកនូវយុត្តិធម៌ និងភាពសុខសាន្តជូនប្រជាពលរដ្ឋទូទៅក្នុងតំបន់
និងសកលលោកផងដែរ ។ ដូច្នេះ ពង្រាងច្បាប់ថ្មីមួយនេះ
មិនមែនជាសត្រូវជារបស់លោកស្រី ណាវីភីឡៃ ដែលតម្រូវឱ្យលោកស្រីបញ្ចុះតម្លៃខ្លួនមកធ្វើជាបាវបំរើឱ្យក្រុមប្រឆាំងនោះឡើយ
។
លោកស្រី ណាវីភីឡៃ
គួរគប្បីរៀនសូត្របន្ថែមទៀតឱ្យបានច្រើនពីកម្ពុជា ហើយជាងនេះទៅទៀត
លោកស្រីក៏រិតតែគួរគប្បីយល់ឱ្យបានច្បាស់ផងដែរអំពីកាតព្វកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពនយោបាយ គឺកម្ពុជា នឹងមិនអនុញ្ញាតឱ្យលោកស្រីធ្វើជាគ្រូបង្រៀនរបៀបបង្គាប់បញ្ជាដ៏ល្ងង់ខ្លៅនោះទេ។
លោកស្រី គួរស្វែងរកព័ត៌មានឱ្យបានច្រើន
និងពង្រឹងសមត្ថភាពខ្លួនឱ្យបានរឹងមាំជាងនេះ ទើបរបាយការណ៍ដែលផ្ញើជូនទៅចៅហ្វាយនាយរបស់លោកស្រីអាចយកជាការបាន៕
ដោយៈ
រួម ជាតិ