Friday, April 20, 2012

លោក Richard Stanger ៖ កម្ពុជា ដែលធ្លាប់តែជាប្រទេសអាថ៌កំបាំង ឥឡូវនេះបើកទូលាយសំរាប់ការធ្វើអាជីវកម្ម


លោក Richard Stanger ៖ កម្ពុជា ដែលធ្លាប់តែជាប្រទេសអាថ៌កំបាំង ឥឡូវនេះបើកទូលាយសំរាប់ការធ្វើអាជីវកម្ម
ប្រភព៖  Brian Sylvester of The Gold Report    ចុះថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២
អ្នកវិនិយោគ​លើធនធាន តែងតែស្វែង​រកតំបន់​ថ្មីដែល​គេមិន​ធ្លាប់​ប៉ះពាល់ ហើយ​លោក Richard Stanger គិតថា​លោកបាន​រកឃើញ​តំបន់​នោះ​ហើយ។ ជាប្រធាន និង​ជាស្ថាបនិក​នៃ​សមា​គមក្រុម​ហ៊ុនរ៉ែ និងរុក​រករ៉ែ​កម្ពុជា (President and founder of the Cambodian Association of Mining and Exploration Companies) លោក Stanger​ ​បាននិង​កំពុង​ធ្វើកា​រងារ​ដើម្បី​និយាយ​អំពីកម្ពុជា ដែល​ជាប្រទេ​សកំពុង​លូត​លាស់ និង​មាន​ស្ថិរភាព ដោយមាន​ភូគព្ភ​សាស្រ្តល្អ​សំរាប់​របក​គំហើញធំៗ។
នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​នេះ​ជាមួយ ​​The Gold Report​  លោក Stanger ផ្តល់ ទស្សនៈ​អ្នកខាង​ក្នុងមួយ​អំពីអាថ៌​កំបាំង​ក្នុងការ​វិនិយោគ​ទុន​នៅ​កម្ពុជា និងពន្យល់​ពីមូល​ហេតុ ដែលលោក​រំពឹងថា​នឹង​មានកា​រប្រញាប់​ប្រញាល់​ទៅរក​ដី។ បណ្តាក្រុមហ៊ុនដែលបានលើកឡើង នៅក្នុងបទសម្ភាសន៍នេះរួមមាន៖ Angkor Gold Corp. - Brighton Mining Group Ltd. - Indochine Mining Ltd. - Renaissance Minerals Ltd. - Southern Gold Ltd.
The Gold Report: ផលិតផល​សរុប​ក្នុងស្រុក (GDP) មាន​ប្រហែល ១៣,២ ពាន់លាន​ដុល្លារ​​ក្នុងមួយ​ឆ្នាំ ឬ ប្រហែល ១.០០០ ដុល្លារ​ក្នុង​មួយ​នាក់ នេះយោង​ទៅតាម​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។ ច្បាស់​ណាស់ នេះជាប្រទេស​ក្រីក្រមួយ ប៉ុន្តែរ​ហូតមក​ដល់ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​​នេះ ប្រទេស​នេះបាន​ធ្វើការងារ​តិចតួច​ណាស់ ក្នុងការ​អភិវឌ្ឍន៍​ធនធាន​រ៉ែរបស់​ខ្លួន។ តើហេតុអ្វី?
Richard Stanger: ភាគច្រើន​ដោយសារ​តែប្រទេស​នេះសឹង​តែគ្មាន​ព័ត៌ ​មាន​អំពី​ភូគព្ភ​សាស្រ្ត​របស់ប្រ​ទេស។ តំបន់​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ត្រូវ​បាន​ បំផ្លិចបំផ្លាញ​នៅក្នុង​សង្រ្គាម​ស៊ីវិល។ ប្រ​ទេស​នេះគឺមាន​អាថ៌កំបាំង​បន្តិច។ មនុស្សមិន​បានដឹង​ច្រើនអំពី​កម្ពុជា ឬក៏ក្នុង​ករណីខ្លះ គេមិន​​ដឹង​ថា​កម្ពុជានៅ​ទីណា​ផង។ ហេដ្ឋារចនា​សម្ពន័្ធ​យ៉ាប់​ណាស់ រហូតមក​ដល់ពេល​ថ្មីៗ​នេះ។ ផ្លូវ​ពិ​បាក​ធ្វើដំណើរ។ គមនាគមន៍​ពិតជា​មិន​មាន​ការអភិវឌ្ឍ។ កាលនោះ សឹងតែគ្មានហេដ្ឋារចនា​សម្ព័ន្ធសំរាប់​ការរុករក។
​TGR: តើលោកធ្វើយ៉ាងម៉េចបានមកដល់កម្ពុជា?
RS: ខ្ញុំកាលនោះកំពុង​ស្វែងរក​ប្រទេសមួយ ដែលមាន​ស្ថានភាព​ភូគព្ភសាស្រ្តល្អ និង​រដ្ឋា​ភិបាល​ល្អមួយ​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ដំណើរ​ការ​។​កម្ពុជា​ ពិតជាសក្តិសម។
TGR: តើប្រទេសនេះមានអត្រាកំណើនGDPបច្ចុប្បន្នប៉ុន្មានដែរ?
RS: ជាមធ្យមប្រមាណ ៦,៥% នាពេលបច្ចុប្បន្ន។ ខ្ញុំជឿថា អត្រានេះ​នឹងខ្ពស់​ជាង​នេះនៅ​ឆ្នាំ​នេះ​។ វាអាចមានកំណើនពីរខ្ទង់។
TGR: តើកម្ពុជាមានលោហធាតុនិងរ៉ែអ្វីខ្លះ?
RS: កម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសនានា ដែល​មិនមាន​ដំណាំ​ដុះ​ចេញ​ខាង​ក្រៅ​នោះ​ទេ។ វាមិន​មែន​ជា​ការ​ងាយ​ស្រួល​នោះទេ​ដែល​យើង​ដើររុករកនៅតាមផ្ទាំងថ្ម ហើយ​រក​ឃើញ​របស់​មាន​តំលៃនោះ ប៉ុន្តែរបស់មានតំលៃពិតជានៅទីនោះ។ កម្ពុជាមានកាកសំណល់ជា​ច្រើន​គ្រប ដណ្តប់​នៅទូទាំងប្រទេស។ ប៉ុន្តែ ប្រទេសនេះពិតជាមានរ៉ែមាស ទង់ដែង និង​លោហធាតុ​មូលដ្ឋាន រ៉ែដែកនិង​លោហធាតុ​ឧស្សហ​កម្ម​ជា​ច្រើន​ទៀតដូចជា zirconiumgraphite និង titanium។ រ៉ែមាននៅតាមតំបន់ជាច្រើន។
TGR: តើអ្វីទៅដែលជំរុញឲ្យបណ្តាក្រុមហ៊ុនរករ៉ែខ្នាតតូចមកវិនិយោគទុន និងរុករករ៉ែនៅ​ទីនោះ?
RS: គន្លឹះសំខាន់សំរាប់ប្រទេសនេះគឺថា ប្រទេសនេះបើកទូលាយសំរាប់អាជីវកម្ម និងមាន​រដ្ឋាភិ​បាល​មួយដែលមានស្ថិរភាព និង​មាន​ការ​ប្តេជ្ញា​ចិត្ត ដែលចង់អភិវឌ្ឍន៍សេដ្ឋកិច្ច។ មានក្រប​ខ័ណ្ឌ​សេដ្ឋកិច្ច និងច្បាប់សំរាប់ក្រុមហ៊ុន និងអ្នក​វិនិយោគ​ទុន​បរទេស​ឲ្យចូល​មក​ធ្វើការ។ ប្រទេស​នេះ​មាន​ការ​ត្រួតពិនិត្យហិរញ្ញវត្ថុខ្លាំង។ វាមាន​ភាពងាយ​ស្រួល​ក្នុងកា​រនាំសាច់​ប្រាក់ចូល និង​ចេញ​ពីកម្ពុជា។ ប្រជាជន​ពិតជា​ល្អ​វិសេស​វិសាល ស្មោះត្រង់ ស្វាគមន៏រាក់ទាក់ និងឧស្សាហ៍​ព្យាយាម។ ខ្ញុំមិនអាចនិយាយឲ្យបានគ្រប់គ្រាន់អំពីពួកគេទេ។ នេះជាប្រទេស​ដែល​មាន​​សុវត្ថិ​ភាព​។ ចំណាយប្រតិបត្តិការទាប។ ហេដ្ឋារចនា​សម្ព័ន្ធ​មានការ​អភិវឌ្ឍលឿន ជាពិសេស ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាក់ទង​ទៅនឹង​ឧស្សហ​កម្ម​រុករករ៉ែ។ មានក្រុមហ៊ុនខួងអណ្តូងរ៉ែ និងសេវាកម្ម​ផ្នែក​ភូគព្ភសាស្រ្តមួយចំនួននៅទីនេះ។
TGR: តើមានកន្លែងពិសោធន៍វិភាគមើលរ៉ែទេ?
RS: ថ្មីៗនេះមានបើកពីរកន្លែង។​
TGR: បើនិយាយត្រឡប់ទៅក្រោយពី ៥ឆ្នាំ ទៅ ១០ ឆ្នាំមុន តើកម្ពុជា​ប្រៀបដូច​ប្រទេស​ណា​ទៅ?
RS: អ្នកខ្លះចេះតែនិយាយដូចប្រទេសកូឡុំប៊ី ប៉ុន្តែប្រទេសម៉ុងហ្គោលីពិត​ជាការប្រៀបធៀប​ដ៏ល្អ​មួយ​។ ខ្ញុំបាន​ទៅ​ប្រទេស​ម៉ុង​ហ្គោលី​មុន​នេះ​ដែរ​។ គ្មានអ្វី​កើត​ឡើង​សោះនៅ​ទីនោះអស់រយៈ​​ ពេល៥ឆ្នាំបន្ទាប់​មកស្រាប់តែ​មានការ​ចាប់ផ្តើម​លូតលាស់យ៉ាងលឿន។
TGR: បន្ទាប់ពីសង្រ្គាមស៊ីវិលអស់រយៈពេលជា​ច្រើន​ទសវត្សរ៍ ប្រទេសកម្ពុជាបានរើប​ឡើងវិញ​យឺតៗ និងបានធ្វើកា​របោះ​ឆ្នោត​ដោយ​ប្រជា​ធិប​តេយ្យ​ ជាបន្តបន្ទាប់ក្រោមរបបរាជាធិបតេយ្យ​អាស្រ័យរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ យោងទៅតាមអង្គការតម្លាភាពអន្តរជាតិ (Transparency International) កម្ពុជាគឺជាប្រទេសពុករលួយខ្លាំងជាងគេទី៤នៅលើពិភពលោក។ តើលោក​យល់យ៉ាង​ណាដែរចំពោះបញ្ហានេះ?
RS: ក្នុងនាមជាអ្នកវិនិយាគទុន ខ្ញុំមិនយល់​ច្បាស់​ពីការ​កំណត់​នោះ​ទេ។ ខ្ញុំហាក់​ដូចជា​មាន​ការ​ភ្ញាក់​ផ្អើលចំពោះរឿងនេះ។ ការកំណត់​បែប​នោះ គឺគ្រាន់តែជា​ការយល់​ឃើញ​សុទ្ធសាធ មិនមាន​ភស្តុតាង​អ្វីច្បាស់លាស់។ ខ្ញុំពិតជាគិតថាពួ​កគេ​គ្រាន់តែ​ទទួល​ព័ត៌មានខុស។ ហើយ​ខ្ញុំមិន​មែន​​ជា​មនុស្ស​ម្នាក់ដែលនិយាយ​បែបនេះទេ។
TGR: តើមានហានិភ័យអ្វីខ្លះពាក់ព័ន្ធនឹងការវិនិយាគនៅកម្ពុជា?​
RS: វាពិតជាពិបាក​រកហា​និភ័យ​ឲ្យបាន​ច្រើនណាស់។ កម្ពុជាមាន​ច្បាប់​ដែលទទួល​ស្គាល់ជា អន្តរជាតិ មានរដ្ឋា​ភិបាល​មួយដែល​មាន​ស្ថិរភាព​ដែល​បាន​ឈ្នះការ​បោះឆ្នោត​ចុងក្រោយ​ដោយ សំឡេង​ភាគច្រើន មានការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធមាន​ក្រុម​ហ៊ុនគួរ​ឲ្យ​ទុកចិត្ត​មួយ​ចំនួន​ ចូល មកវិនិយោគ​ទុននៅ​ក្នុងប្រទេស។ ការអភិវឌ្ឍមាន​ល្បឿន​លឿន។ ខ្ញុំដឹងថា​ស្តាប់​ទៅ​ដូច​ជាមិន ពិត ប៉ុន្តែ​មាន​ហេតុ​ផល​តិច​តួច​ណាស់​​ដែលមិនមកពីវិនិ​យោគ​​ ទុននៅក្នុងប្រទេសនេះ។ ប្រទេស នេះគ្រាន់តែស្ថិតក្នុងអាថ៌កំបាំងអស់រយៈ​ពេលដ៏យូរតែ​ប៉ុណ្ណោះ​។
TGR: វិនិយោគទុនផ្ទាល់ពីបរទេសនៅកម្ពុជាបានកើនឡើងសឹងតែទ្វេដង​ដល់ទៅ ៥ពាន់លាន​ដុល្លានៅឆ្នាំមុន។តើលុយនោះទៅណា?
RS: តួលេខនោះទំនងជាខ្ពស់ជាងច្រើននៅឆ្នាំនេះ។ លុយដ៏ច្រើនទាំងនេះកំពុងដាក់ចូល​ទៅ​វិស័យ​ផលិតកម្ម។ មាន​រោង​ចក្រ​ផលិត​កម្ម​សំខាន់ៗ​មួយចំនួន​កំពុងត្រូវបាន​សាងសង់​នៅទីនេះ​។ លុយទាំងនោះក៏កំពុងដាក់ចូលទៅក្នុងវិស័យកសិកម្ម ធនាគារ និងហិរញ្ញវត្ថុ សំណង់ ហេដ្ឋា​រចនា​សម្ព័ន្ធ និងការអភិវឌ្ឍទេសចរណ៍ និង សិប្បកម្មកែច្នៃចំណីអាហារ។ នៅកម្ពុជាពិតជាមិន​ទាន់មាន​ឧស្សាហកម្មរ៉ែទេ។ នៅ​ពេល​នេះវា​គ្រាន់​តែជាឧស្សាហកម្មរុករករ៉ែតែប៉ុណ្ណោះ ហើយ​ដូច្នេះ ចំណាយ​លើកា​រ​ងារ​រុក​រក​មិនបាន​បញ្ចូល​ទៅក្នុង​វិនិយោគ​ទុនផ្ទាល់​ពីបរទេស​ ទេ។
TGR: នៅពេល​លុយចាប់​ផ្តើមហូរ​ចូលមក​ប្រទេសមួយ​ដែលពិតជា​មិនដែល​ឃើញ​ទ្រព្យ​សម្បត្តិ បែបនេះពីមុនមក អ្វីៗអាច​ទៅតាម​ផ្លូវ​មិន​ត្រឹម​ត្រូវ។ តើរដ្ឋាភិបាល​បច្ចុប្បន្ន​អាចមាន​សមត្ថភាព គ្រប់គ្រងលុយកាក់ដ៏ច្រើននេះ និងការអភិវឌ្ឍបានទេ?
RS: ខ្ញុំពិតជាគិត​ថាអាច។ មានការលូត​លាស់ដ៏ច្រើន​នៅពីក្រោយ​ឆាកក្នុងរយៈ​ពេលប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។ រដ្ឋាភិបាល​នេះពិត​ជាដឹង​ច្បាស់​ពីគោល​ជំហររបស់ខ្លួន មិនត្រឹមតែ​នៅក្នុងអាស៊ី​ប៉ុណ្ណោះទេ ថែមទាំង​នៅលើស​កលលោក​ទៀតផង។ រដ្ឋាភិបាល​មានការប្រយ័ត្ន​ប្រយែងក្នុង​ការ​ អភិវឌ្ឍក្របខ័ណ្ឌសេដ្ឋកិច្ចសំរាប់ការវិនិយោគ។ រដ្ឋាភិបាល​មាន​មនុស្ស​ដែល​មានការ​អប់រំល្អ និង​ឈ្លៀស​វៃ​ប្រកប​ដោយ​បទ​ពិសោធន៍​អន្តរជាតិ ជាពិសេស នាយករដ្ឋមន្រ្តី មេដឹកនាំ និង​ទីប្រឹក្សា​រដ្ឋាភិបាលជាន់ខ្ពស់។ មានមនុស្ស​វ័យ​ក្មេង​ជាច្រើន​ទៀតដែល​ត្រឡប់​មក​កម្ពុជា​វិញ​​បន្ទាប់​​ពី​បាន​ សិក្សា និង ធ្វើការ​នៅបរទេស​ដើម្បីជួយ​អភិវឌ្ឍន៍​ប្រទេស​របស់ខ្លួន។
TGR: តើកម្ពុជាមានទំរង់ទីផ្សារមូលធនណាមួយទេ?
RS: មានទីផ្សារ​ភាគហ៊ុន ដែលកំពុង​ត្រូវបាន​អភិវឌ្ឍន៍កាល​ពីបីឆ្នាំមុន បាន​បើក​នៅខែនេះ និង​បាន​​ដំណើរ​ការលក់​ភាគហ៊ុន​ដំបូង​របស់​អាជ្ញាធរ​រដ្ឋាករទឹកនៅភ្នំពេញ។ កម្ពុជាមានច្បាប់​មូល​ប័ណ្ណ​​​​ ដ៏ត្រឹមត្រូវនិយ័តករនិងមានការលក់ដូរភាគហ៊ុនរបស់ក្រុមហ៊ុនមួយរហូតមក​ទល់​ពេល​ នេះ​។
TGR: មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ គឺថាចិនបានមកដល់កម្ពុជារួចហើយ។ ក្រុមហ៊ុនចិន Guangxi Nonferrous Metals Group បាន​វិនិយោគ​ទុន​ទឹក​ប្រាក់ចំនួន ២២ លានដុល្លារ លើការសាង​សង់​រោងចក្រកែច្នៃដែកមួយនៅទីនោះ។ កាលពីចុងឆ្នាំមុន ទីភ្នាក់ងារ​សារ​ព័ត៌មា​ន​របស់​រដ្ឋ​ចិន Xinhua បានរាយការណ៍ថា បណ្តា​ក្រុមហ៊ុន​ចិនគ្រោង​វិនិយោគ​ទឹកប្រាក់​ដល់​ទៅ ៥០០ លាន​ដុល្លារ​នៅ ខេត្ត​ព្រះវិហារ​។​តើចិន​គ្រោង​រុក​រក​រ៉ែមាសនៅកម្ពុជាឬ?
RS: មានក្រុមហ៊ុនមួយចំនួននៅទីនេះកំពុងស្វែងរករ៉ែមាស។ ប៉ុន្តែបណ្តាក្រុមហ៊ុនចិន​ជាទូទៅ​មិនចាប់អារម្មណ៍លើការងាររុករកទេ។ ពួក​គេចាប់​អារម្មណ៍លើការងារអភិវឌ្ឍន៏ច្រើនជាង។
TGR: តាមទស្សនៈរបស់លោក តើអ្នកវិនិយោគគួរតែដឹងអ្វីខ្លះអំពីកម្ពុជា?
RS: កម្ពុជា​គឺជាប្រទេស​រស់រាយ​រាក់ទាក់​ចំពោះអ្នក​វិនិយោគទុន មាន​លទ្ធិ​ប្រជាធិ​បតេយ្យ​ប្រកប​ដោយស្ថិរភាព មានច្បាប់​វិនិយោគ​ដ៏ល្អ​វិសេស​វិសាល មាន​ការលើក​ទឹកចិត្ត​មួយចំនួន និងប្រព័ន្ធ ​ច្បាប់​និងសារ​ពើពន្ធដែល​បានកសាង​ឡើងដើម្បីជំរុញ​ការអភិវឌ្ឍ។ កម្ពុជា​មាន​ប្រព័ន្ធ​ធនាគារ លំដាប់ពិភពលោក ដែលមានធនាគារជាង ៥០ និងធនាគារ​ពាណិជ្ជ​ដ៏ធំមួយ​ចំនួន និងគ្មាន​ធនាគារ ណា​មួយ​ទទួល​រង​ផល​ប៉ះពាល់​ពីវិបត្តិហិរញ្ញវត្ថុសកលលោកឡើយ។ មានកន្លែងជាច្រើន ដែលអ្នក វិនិយោគអាចដាក់លុយរបស់ខ្លួននៅក្នុងប្រទេសនេះ។ មាន​ឱកាស​ច្រើនណាស់នៅទីនេះ ហើយ វានៅមិនទាន់ហួសពេលទេ។
TGR: តើមានក្រុមហ៊ុនរ៉ែណាខ្លះ​បច្ចុប្បន្ន​កំពុងដំណើរ​ការនៅកម្ពុជា?
RS: ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជីជាសាធារណៈរួមមាន​៖
Angkor Gold Corp. (ANK:TSX.V),Brighton Mining Group Ltd. (BTN:ASX),Southern Gold Ltd. (SAU:ASX),Indochine Mining Ltd. (IDC:ASX)  និង   Renaissance Minerals Ltd. (RNS:ASX). ​ហើយក៏មានក្រុម​ហ៊ុនមិន​បានចុះ​បញ្ជីផង​ដែរដូចជា​ក្រុមហ៊ុន Liberty Mining International ​Ltd.
TGR: តើធនធានរ៉ែសំខាន់​អ្វីខ្លះដែល​ក្រុមហ៊ុន​ទាំងនោះកំពុង​ស្វែងរក?
RS: មានមាស ទង់ដែង និងលោហធាតុ​មូលដ្ឋាន គឺជាធន​ធានរ៉ែ​សំខាន់​ដែលគេ​កំពុង​ស្វែង​រក។ មាស​គឺជា​អាទិភាព​ខ្ពស់​ជាង​គេ​នៅ​ដំណាក់​កាល​នេះ ព្រោះវា​មានភាព​ងាយ​ស្រួលជាង​គេក្នុង ការ​អភិវឌ្ឍនៅ​ក្នុង​ប្រទេស​មួយ​ដែល​មិន​ធ្លាប់​មាន​ឧស្សហកម្ម​រ៉ែពីមុន​មក។
TGR: ដោយសារវាគ្រាន់​តែជាការ​រុករកនៅ​ដំណាក់កាលនេះ តើក្រុម​ហ៊ុនណា​ខ្លះដែល​មាន​ទំហំ ដីសំខាន់ៗ? ក្រុមហ៊ុន​ណាខ្លះ​បាន​ខួង?
RS: ក្រុមហ៊ុនដែលសកម្មជាងគេនៅ​ដំណាក់កាល​នេះគឺក្រុមហ៊ុន Angkor Gold។ ក្រុមហ៊ុននេះ​មាន​កន្លែង​ខួង​បីកំពុង​ដំណើរ​ការ​ជាង​១០.០០០ម៉ែត្រ  គ្រោងនៅឆ្នាំនេះ និងមាន​មនុស្ស​ប្រហែល ១៥០ នាក់កំពុងធ្វើការនៅការដ្ឋាននោះ។ ក្រុមហ៊ុននេះ​កំពុង​ធ្វើការ​នៅ​លើ​​ចំណុច​​ដៅ​ជា​ច្រើន និងកាន់កាប់ដីដ៏ធំមួយ។ ក្រុមហ៊ុននេះ គ្រប់​គ្រងដោយប្រធានប្រតិបត្តិ​ប្រកប​​ដោយ​ទស្សន​វិស័យ វែងឆ្ងាយគឺលោក Mike Weeks ដែលមាន​ទស្សនៈ​សប្បុរសធម៌ផង​ដែរ។​ លោក​ធ្វើការងារអភិវឌ្ឍន៍ សង្គម​ជា​ច្រើន​រួម​ទាំង​ការ​ងាររុករក​រ៉ែ​ផង​ដែរ។
TGR: គាត់ពីមុនជាអ្នកធ្វើការងារនៅផ្នែកប្រេង និង ឧស្ម័ន។ តើការងាររុករកមាសនៅកម្ពុជា ហាក់​ដូច​ជាពិបាក​បន្តិច​សំរាប់​រូបគាត់​ទេ?
RS: គាត់មានប្រវត្តិនៅផ្នែកប្រេង និងឧស្ម័នមែន ប៉ុន្តែតែខ្ញុំអាចនិយាយប្រាប់អ្នកបានថា ចាប់​ពី​ពេល​​​ដែល​ខ្ញុំចំណាយ​ពេល​វេលា​ជាមួយ​គាត់មក គាត់ផ្តោតការយកចិត្តទុកដាក់ ១០០% ​លើការ​អភិវឌ្ឍ​​ក្រុមហ៊ុនAngkor​ Gold
TGR: តើក្រុមហ៊ុនAngkorគ្រោងលក់ភាគហ៊ុនអចលនវត្ថុខ្លះទៅឲ្យក្រុមហ៊ុនដទៃទេ?
RS: មិននៅក្នុងដំណាក់កាលនេះទេ ខ្ញុំជឿថាអញ្ចឹង។ ប៉ុន្តែ ក្រុមហ៊ុននេះអាចបើកទូលាយ នៅ​ពេល​ណា​គំរោង​ខ្លះ​របស់​ខ្លួន​ខិតជិត​ដល់ដំណាក់កាលទទួលបានធនធាន។ ខ្ញុំបាននិយាយ​ជា​មួយ​​គណៈគ្រប់គ្រង ហើយពួកគេនឹងបើកទូលាយក្នុងការជជែក​ជាមួយបណ្តាក្រុមហ៊ុនផ្សេង​ទៀត​​​ អំពីការចូលរួមដើម្បីរុករកចំណុចដៅខ្លះទៀតពីព្រោះក្រុមហ៊ុននេះពិតជាមានទំហំ​ ដីធំមួយ​។
TGR: តើក្រុមហ៊ុនAngkorមានទទួលបានលទ្ធផលជាវិជ្ជមានក្នុងការខួងទេ?
RS: ពិតជា​មាន។ តំបន់សំខាន់ពីរ ដែលក្រុមហ៊ុន​នេះកំពុង​ធ្វើមាន​ស្ថានភាព​ភូគព្ភ​សាស្រ្ត​ខុសគ្នា ខ្លាំង។ តំបន់​មួយ​ក្នុង​នោះ​មាន​ប្រព័ន្ធ​មួយដែលមានលក្ខណៈ​ជា​សរសៃ​មាស ដែលមាន​សក្តានុ​ពលយ៉ាងតិចចំនួនមាស ០,៥ លាន ounces នៅ​ដំណាក់​កាល​ទី​មួយ​។ តំបន់មួយទៀតគឺជា​ប្រព័ន្ធ​ទង់ដែង-មាស ដែលកំពុងខួងយ៉ាង​សកម្មនា​ពេលនេះ។ តំបន់​ទាំងពីរ​នេះ ជាពិ​សេស​តំបន់​ទីពីរមាន​សក្តានុពល​សម្បើម​និងកំពុង​ទទួល​បានលទ្ធផល​ល្អ។
TGR: តើប្រព័ន្ធទង់ដែង-មាសធ្លាប់បានរុករកទេពីមុន?
RS: តំបន់ដែលមាន​ប្រព័ន្ធទង់ដែង-មាសត្រូវបាន​រុករក​តាំងពីឆ្នាំ ២០០៥។ ឆ្នាំនេះក្រុមហ៊ុន Angkor​កំពុង​ជិត​ទៅ​ដល់​ប្រភព​នៃ​តំបន់ដ៏ធំមួយ​ដែលខុសប្លែកពីមុន។
TGR: តើមានក្រុមហ៊ុនផ្សេងទៀត​ដែលកំពុង​ខួងព្យាយាម​បង្ហាញ​ពីបរិមាណ​នៃលទ្ធ​ផលខួង​របស់ ខ្លួនទេ?
RS: ក្រុមហ៊ុន​ Renaissance Mineralsខួងបាន​លទ្ធផលខ្លះ។ ក្រុមហ៊ុន​នេះមាន​ទំហំដីធំ​គួរសម និង​មាន​ធន​ធាន​រ៉ែមាស​ដែល​រក​ឃើញ​​បច្ចុប្បន្នកើនឡើងដល់ប្រហែល ៧២០.០០០ ounces នៅស្រទាប់រ៉ែមាស អូកាវៅ។ ខ្ញុំដឹង​ថា​ក្រុមហ៊ុន​នេះ​កំពុង​មាន​ផែន​ការ​រៀបចំកម្មវិធីខួងបន្ត យ៉ាងសំខាន់​មួយដែល​ចាប់ផ្តើម​ភ្លាមៗនេះ។ ក្រុមហ៊ុន​នេះខួង​បាន​ប្រហែល ៥០.០០០ ម៉ែត្រ និង មានចំណុច​ដៅមួយ​ចំនួនផ្សេង​ទៀតនៅ​តំបន់នេះ។ ក្រុមហ៊ុន​ Renaissance គឺជាក្រុមហ៊ុន​មួយ​ទទួលបាន​ជោគជ័យ​នៅទីនេះ និងជាក្រុម​មួយក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ចាប់​ផ្តើម​មុនគេ​ទាក់​ទង​ការរករ៉ែ។
TGR: តើមានក្រុមហ៊ុនណាទៀត​ដែលមាន​ដំណើរការ​យូរហើយ​ទេ?
RS: មានក្រុមហ៊ុន​ផ្សេង​ទៀត​ដែលមាន​ដំណើរការ​យ៉ាង​សកម្ម ដូចជា ក្រុមហ៊ុន Indochine Mining ជាដើម។ ក្រុមហ៊ុន​នេះ​មាន​ទំហំដី​ដ៏ធំមួយ និងកំពុងរុករកយ៉ាងសកម្ម។ ក្រុមហ៊ុន Indochine បានអនុវត្តការងារនៅមូលដ្ឋានយ៉ាងច្រើន និងមាន​កម្មវិធី​ខួង​ជាមួយ​ក្រុម​ហ៊ុន ​Southern Gold និងក្រុមហ៊ុន Brighton Mining Group។ ប៉ុន្តែ ខ្ញុំជឿជាក់​ថាក្រុមហ៊ុនទាំងនោះ​មិន​ទាន់​មានអ្វីដូច គំរោង​ឈានមុខរ​បស់ក្រុមហ៊ុន Angkor Gold ទេ។ ខ្ញុំគិត​ថាយើង​អាច​និយាយ​បានថា​ក្រុមហ៊ុន Angkor នឹងក្លាយ​ជា​ក្រុម​ហ៊ុន​ដែលមានដំណើរការល្អ និង​ទទួល​បាន​ធន​ធាន​នៅក្នុងរយៈពេល ប្រហែលមួយឆ្នាំទៀត។
TGR: តើលោកមាន​ទទួល​ការហៅ​ទូរស័ព្ទពី​មិត្តភក្តិ​របស់​លោកនៅ​អូស្រ្តាលី​ទេសព្វថ្ងៃនេះ?
RS: គួរឲ្យចាប់អារម្មណ៍ដែរ ខ្ញុំមានក្រុមហ៊ុន​ជាបន្ត​បន្ទាប់​នៅទីនេះ​កាលពី ៦ខែទៅ ៨ខែមុន​នេះ​។ គួរឲ្យ​កត់សំ​គាល់​ដែល​មាន​ក្រុម​ហ៊ុន​ ជាច្រើនចាប់អារម្មណ៍ចូលរួមក្នុងគំរោងបច្ចុប្បន្ន ធ្វើអា​ជីវកម្ម​រួម​គ្នា ជ្រើសរើសតំបន់ថ្មី ឬក៏ចុះ​មក​រៀន​សូត្រ​អំពី​ប្រទេសនេះ។ ខ្ញុំរំពឹងថានឹងមាន​ការប្រញាប់​ប្រញាល់រត់រកដីនៅពេលអនាគតដ៏ខ្លីនេះ។ មនុស្សជាច្រើនកំពុងព្យាយាម​ចូលរួមក្នុងអាជីវកម្ម​នេះ​ នៅទីនេះនាពេលបច្ចុប្បន្ន។
TGR: ខ្ញុំគិតថាកម្ពុជាលែង​ជាប្រទេសអាថ៌កំបាំងទៀតហើយមែនទេ?
RS: នោះគឺជាអ្វីដែលយើង​ចង់គិត។ យើងមាន​សន្និសីទ​វិនិយោគ​ទុនអន្តរជាតិ​មួយ​នៅទីនេះ កាល​​ពីឆ្នាំមុន ហើយ​មាន​ការ​ចូល​រួមបាន​ល្អ។ នោះគឺអ្វីមួយ​ដែលបាន​លើកឡើង​នៅក្នុងស​ន្និ​សីទ នោះ​គឺថាកម្ពុជាលែង​ជាប្រទេស​អាថ៌កំបាំង​ទៀតហើយ។ វាគួរឲ្យ​ភ្ញាក់ផ្អើលដែរ។ អាកាស​ចរណ៍ មួយ​ចំនួន​ហោះហើរ​ផ្ទាល់មក​កម្ពុជាឥឡូវនេះ។ ជើង​ហោះ​ហើរ​ទាំង​នោះមិន​គ្រាន់​តែ​សំរាប់​អ្នក​ទេស​ចរ​​ទេ គឺមានអ្នក​វិនិយោគ​ជាច្រើន​នៅក្នុង​នោះ។ មូលនិធិ​មូលធន​វិនិយោគ និងអាជីវកម្ម កំពុង​បង្កើត​ឡើង​នៅទី​ នេះ។ ខ្ញុំមិន​អាចស្រមៃ​ថា៥​ឆ្នាំទៅ​មុខទៀត​នឹងក្លាយ​ជាយ៉ាង​ណាទេ។
TGR: សូមអរគុណ​លោក Stanger ដែល​បានចែក​រំលែកទស្សនៈ​របស់លោក​អំពីកម្ពុជា