Sunday, April 1, 2012

ទិដ្ឋភាព​នៃការបោះ​ឆ្នោត​បំ​ពេញ​បន្ថែម​នៅ​​ប្រទេស​មីយ៉ាន់​ម៉ា


 
ដូចការ​គ្រោង​ទុក​ នៅ​វេលាម៉ោង​៦ព្រឹក​ នាថ្ងៃ​ទី​១ ខែ មេសា ឆ្នាំ ២០១២នេះ​ ការិយាល័យ​បោះ​ឆ្នោត​នីមួយៗ​បាន​ចាប់ផ្តើម​​ដំ​ណើរការ។

ការបោះឆ្នោត​បំ​ពេញ​បន្ថែម​នេះ​ប្រព្រឹត្តទៅ​ចាប់​ពី​ម៉ោង​៦ព្រឹក​ ដល់​ម៉ោង​៤រសៀល ដែល​មាន​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំ​នួន​៨០០០ ស្ថិត​នៅ​ក្នុង៨មណ្ឌល ដើម្បី​ជ្រើសរើសសមាជិក​​សភា​ជាន់​ទាប​ចំ​នួន​៣៧រូប​ សភាជាន់​ខ្ពស់​ចំ​នួន​៦រូប​ និង​សភា​ប្រចាំ​តំ​បន់​ចំ​នួន​២រូប​ លើអាសនៈ​សរុប​ចំ​នួន​៦៥៩។

គណបក្សចូល​រួម​ប្រកួត​ប្រជែង​មាន​ចំ​នួន​១៧ ហើយគណបក្សប្រឆាំង​របស់​លោកស្រី​ អ៊ុង សាន​ស៊ូជី​ ដែល​មាន​ឈ្មោះថា NLDP គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ឈរនៅ​លេខ រៀងលំ​ដាប់​ទី​៨។ ​អ្នក​បោះ​ឆ្នោត​សរុប​មាន​ចំនួន​ជាង៦លាន​នាក់ ស្មើនឹង​៧ភាគ​រយនៃ​ចំ​នួន​ប្រជាពល​រដ្ឋដែល​មាន​សិទ្ធិ​បោះ​ឆ្នោត។


អ្នក​សង្កេត​ការណ៍​ជាតិ​ និងអន្តរជាតិ​សរុប​ចំ​នួន​១៨៩រូប​ ដែល​រួម​មាន អ្នក​សង្កេត​ការណ៍​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​សំ​រាប់​ឆ្នាំ ២០១២ អ្នក​សង្កេត​នៃ​សមាជិក​អាស៊ាន​ទាំង​៩ប្រទេស​ អ្នក​សង្កេត​ការណ៍​នៃ​លេខាធិការដ្ឋាន​អាស៊ាន​ ព្រម​ទាំង​អ្នក​សង្កេត​ការណ៍​មក​ពី​សហគមន៍​អ៊ឺរ៉ុប សហរដ្ឋអាមេរិក​ និង​កាណាដាជាដើម។ល។



ឯកឧត្តម​ ឈាង វុន ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈកម្មាការ​កិច្ចការ​បរទេស សហប្រតិ​បត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃរដ្ឋសភា បាន​ដឹក​នាំគណៈ​ប្រតិភូពីរ ក្រុម​ក្នុងនាម​ជាប្រធាន​អាស៊ាន​ និង​ក្នុង​នាម​ជាសមាជិក​អាស៊ាន​ចំ​នួន​៨រូប​ បាន​ចុះ​សង្កេត​ការណ៍​នៅ​តាម​ការិយាល័យ​ជាច្រើន​ក្នុង​ទី​ក្រុងយ៉ាំង​ហ្គូន និង​បាន​អះ​អាង​ជាបឋម​ថា​ ​ ការ​បោះ​ឆ្នោត​នេះ​ គឺជាព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ  ហើយ​ឯកឧត្តម​ បាន​ និង​កំ​ពុង​បន្ត​តាម​សង្កេត​ការណ៍​ជុំ​វិញ​ការ​រាប់​សន្លឹក​ឆ្នោត​ជាបន្តទៀត​ មុន​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជាក្រោយ​​។


នៅ​ពេល​ជួប​ជាមួយ​មន្ត្រី​នៃ​ការិយាល័យ​បោះ​ឆ្នោត​ ក៏ដូចជាអ្នក​បោះ​ឆ្នោត​ ឯកឧត្តម  ឈាង វុន  បាន​ថ្លែង​នូវ​ការកោតសរសើរចំ​ពោះ​ការ​បំ​ពេញ​កាតព្វ​កិច្ច​ក្នុង​នាម​ជាប្រជាពល​រដ្ឋមីយ៉ាន់​ម៉ា​  និង​បាន​អះ​អាង​ថា​ ការ​បោះ​ឆ្នោត​នេះ​ គឺ​ជា​ជោគ​​ជ័យ​មួយ​របស់​ប្រជាពល​រដ្ឋដែល​រស់​នៅ​ក្នុងសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​អាស៊ាន​ទាំង​មូល​។

ដោយ​ឡែក​មន្ត្រី​អ្នក​សង្កេតការណ៍​​ម្នាក់នៃ​សហគមន៍​អ៊ឺរ៉ុប ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា​ លោកកំ​ពុង​អង្កេត និង​វិភាគ​អំពី​ស្ថាន​ការណ៍​នៃ​ការបោះ​ឆ្នោត​នាថ្ងៃ​ទី​១ ខែ មេសា ឆ្នាំ២០១២នេះ​ ដោយ​មិន​ទាន់​មាន​ការអត្ថាធិប្បាយ​អ្វី​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ ទោះ​ជាយ៉ាង​ណាក៏ដោយ​អ្នក​បោះ​ឆ្នោត​មីយ៉ាន់​ម៉ា​​ម្នាក់​បាន​ឆ្លើយ​អះ​អាង​ថា​ ការ​បោះ​ឆ្នោត​នាឆ្នាំ២០១២នេះ​ គឺពិត​ជាខុសប្លែក​ពី​ការបោះ​ឆ្នោត​នាឆ្នាំ២០១០។


មាន​អ្នក​បោះឆ្នោត​ជាច្រើន​ដែល​យើង​បាន​ជួប​ផ្លាស់​ប្តូរ​យោបល់​គ្នា​ បាន​អះអាង​ថា​ ដំ​ណើការ​នៃការបោះ​ឆ្នោត​នៅ​ថ្ងៃនេះ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។

ស្ត្រី​មេផ្ទះ Myo Myo Aye បាន​លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​នៅ​ពេល​នេះ​ គឺជា​លើក​ទី​២ ហើយ​សំ​រាប់​រូប​គាត់​ និង​បានប្រព្រឹត្តទៅ​ដោយ​សេរី ហើយ​ទទួល​យក​បាន​។  គាត់​សង្ឃឹម​ថា​ ផ្លែផ្កាដែល​គាត់​ទទួល​បាន​បន្ទាប់​ពី​ការបោះឆ្នោត​នេះគឺការអប់​រំ​ល្អ​ប្រសើរ និង​សុខុមាលភាព​គ្រាន់​បើសម្រាប់​ក្រុម​គ្រួសារ​របស់​គាត់ និង​ប្រជាពល​រដ្ឋផ្សេង​ទៀត​។  ដោយ​ឡែក ការ​យល់​ឃើញ​​របស់​ពីរនាក់​ប្តី​ប្រពន្ធ​លោក MY Than Htut និង​ លោកស្រី​ Ma Su Su Wai វិញ​គឺ៖ ការ​វិនិយោគ​ សេរី​ភាព​ច្រើន​ជាង​មុន​ ការបង្កើត​កាងារ​ធ្វើ​ និង​ការ​អភិវឌ្ឍប្រទេស​។

ជាចុង​ក្រោយ​ ស្ត្រីវ័យ​៧០ឆ្នាំ Dan San Nwe  បាន​លើក​ឡើង​​ថា​ ក្នុង​នាម​ជាប្រជាពល​រដ្ឋ​ គាត់​ត្រូ​វ​តែមកចូល​រួម​ការបោះ​ឆ្នោត​ ហើយ​យល់​ឃើញ​ថា​​ ការបោះ​ឆ្នោត​កន្លែង​នេះ​ប្រព្រឹត្តទៅ​បាន​យ៉ាងល្អ​​ត្រឹម​ត្រូវ​។

ការិយាល័យបោះ​ឆ្នោត​នីមួយ​ៗមាន​ប្រជាពល​រដ្ឋមីយ៉ាន់​ម៉ាយ៉ាង​ច្រើន​កុះ​ករ បាន​មក​ចូល​រួម​បំ​ពេញ​កាតព្វ​កិច្ច​ក្នុង​នាម​​ជាប្រជាពល​រដ្ឋ​ក្នុង​ទឹក​មុខរីក​រាយ​ ស្រស់​ថ្លា ពោរពេញ​ដោយ​ក្តីសង្ឃឹម​​នាពេល​អនាគត។



ការ​បោះ​ឆ្នោត​លើក​នេះ ពិត​មែន​តែមាន​អាសនៈចំ​នួន​៤៥ ដើម្បី​ប្រកួត​ប្រជែងពិតមែន ​បើ​ប្រៀប​ធៀប​ទៅ​នឹង​អាសនៈសរុប​ចំ​នួន​៦៥៩ ប៉ុន្តែ នេះ​ជាការបើក​ទ្វារដ៏ពិត​ប្រាកដឱ្យ​សភាជាន់ទាបនិង​សភាជាន់​ខ្ពស់​មាន​សម្លេង​របស់​គណបក្ស​ប្រឆាំង​ ជាពិសេសសម្លេង​របស់​គណបក្ស​សម្ព័ន្ធ​ជាតិដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុនសាន​ ស៊ូជី​។

សំ​រាប់​ក្រសែភ្នែក​របស់​សហគមន៍​អន្តរជាតិ​ នេះ​គឺជាការ​បោះ​ជំ​ហាន​វិជ្ជ​មាន​របស់​រដ្ឋាភិបាល​ ដែល​កំ​ពុងកាន់​អំ​ណាច​នាពេល​បច្ចុប្បន្ន​​ ដែល​បាន​ប្តេជ្ញាអនុវត្តផែន​ទី​បង្ហាញ​ផ្លូវ​ត្រង់​ចំ​នុចទី​៧ ឱ្យ​ខាន​តែ​បាន​ គឺការ​កែទម្រង់​ឱ្យ​មាន​​ប្រជាធិបតេយ្យ​សេរី​ពហុបក្សនៅ​ប្រទេស​មីយ៉ាន់​ម៉ា៕


អត្ថបទៈ (ភ្នាក់​ងារ​ព័ត៌មាននៃក្រុម​អ្នក​សង្កេត​ការណ៍កម្ពុជាសំរាប់ការបោះឆ្នោតនៅភូមា)