Wednesday, May 2, 2012

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី ​អញ្ជើញ​សំណេះ​សំណាល​ស្តី​ពី​ ការពង្រឹង​ភូមិ ឃុំ ​មាន​សុវត្ថិភាព​



នៅភូមិពត់សរ ឃុំក្រាំងធ្នង់ ស្រុកបាទី នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១២ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី អញ្ជើញ​ជា​អធិបតី ​ក្នុងពិធី សំណេះ​សំណាល​ស្តីពី​ការពង្រឹង​ភូមិ ឃុំ មាន​សុវត្ថិភាព ចូល​រួម​ក្នុង​ពិធី​ដ៏អធិក​អធមនេះ​មាន  អភិបាល​ខេត្ត អភិបាល​រងខេត្ត​អភិបាល​ស្រុក អភិ​បាល ​​រង​ស្រុក ព្រម​ទាំង ប្រធាន​ភូមិ ឃុំ សង្កាត់​នៅ​ក្នុង​ខេត្តតាកែវ។

នៅក្នុង ​ពិធីសំណេះ​សំណាល​នេះឯកឧត្តម ស្រី បេន អភិបាលខេត្ត បាន​អានរបាយ​ការណ៍ ស្តីពី​សុវត្ថិភាព​ភូមិឃុំ​សង្កាត់ ទូទាំង​ខេត្តតាកែវ ដោយ​បានលើក​ឡើងថា នៅក្នុង​ទូទាំងខេត្ត បាន​ពង្រឹង​ការការ​ពារ សុវត្ថិភាព ជូន​ប្រជា​ពលរដ្ឋទូ​ទាំងខេត្ត​តាកែវ​ទាំងមូល​យ៉ាង​យក​ចិត្តទុក​ដាក់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តី​ការ​​គណៈ​រដ្ឋមន្រ្តី បាន​លើកឡើង​ថា សុវត្ថិភាព​គឺ​ជាបញ្ហា​ចំបង​បំផុត ហើយ​ត្រូវយក​ចិត្ត​ទុក​ដាក់​ជា​ចាំបាច់​មិនអាច​អោយ​រំលង​បានឡើយ។ ឯកឧត្តម​បានផ្តាំ​ផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំ​ដាប់​​ថ្នាក់អោយ​យកចិត្ត​ ទុកដាក់​ជាពិសេស​ដល់​សុវត្ថិភាព​របស់​ប្រជាពល​រដ្ឋ នៅក្នុង​មូល​ដ្ឋាន ​​របស់​ខ្លួន។ ឯកឧត្តម​បានបញ្ជាក់​បន្ថែម​ទៀតថា ភូមិឃុំ​ទាំងអស់​ត្រូវយក​ចិត្តទុក​ដាក់​លុប​បំបាត់​ចោលនូវ​រាល់ទង្វើ​រើស អើង​ផ្សេងៗ ដែល​បង្កអោយ​មាន​អស​កម្ម និង​បង្ក​អោយ​មាន​អសន្តិ​សុខនៅ​ក្នុងភូមិ​ឃុំរបស់​ខ្លួនដោយ​ធ្វើការ ត្រូវ​លុបបំបាត់​អោយបាន​ទាំងស្រុងនូ​វ ក្មេង​​ទំនើង អំពើ​ហិង្សាក្នុង​គ្រួសារ ចោរលួច ប្លន់ និងបញ្ហា​គ្រឿង​ញៀន​ក្នុងភូមិ​ឃុំ។

ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ទៀត ​ថា ត្រូវ​យកចិត្តទុក​ដាក់​ធ្វើ​​ប្រព័ន្ធ​​ធារាសា​ស្រ្ត​ស្រោច​ស្រព សំរាប់​នាំទឹក ដើម្បី​ងាយស្រួល​ដល់ប្រជា​ពលរដ្ឋ​ក្នុងការ​ធ្វើ ការបង្ក​បង្កើត​ផល។
ដោយឡែក ​ចំពោះកំណែ​ទម្រង់​នេសាទ​ឯកឧត្តម បាន​មាន​ប្រសាសន៍​ថា ត្រូវ​អនុវត្ត តាម​បទ​បញ្ជា​របស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី អោយបាន​យ៉ាងម៉ឺង​ម៉ាត់​ជាទីបំផុត​ចំពោះ​ភូមិ​ស្រុក​ណា​ដែល​មានឡូតិ៍​នេសាទ ត្រូវទប់​ស្កាត់បទ​ល្មើស​នេសាទ​នេះកុំ​អោយ​កើត​មាន​។​ 
ពាក់ព័ន្ធ ​ទៅនឹង​ការបោះ​ឆ្នោត​ឃុំ សង្កាត់​នាពេល​ខាង​មុខនេះ​ឯកឧត្តម​បានធ្វើការ​ណែនាំ​ដល់មន្រ្តី​រាជការ​ គ្រប់​លំដាប់​ថ្នាក់ទាំង​អស់ អោយ​គោរពច្បាប់​បោះឆ្នោត ជាពិសេស​មិន​ត្រូវ​ប្រើ​ប្រាស់​រាល់​មធ្យោបាយ​ធ្វើដំណើរ​ទាំងឡាយ ដែល​ជារបស់​រដ្ឋ និងមិន​ត្រូវប្រើ​ប្រាស់​​ពេល​វេលា​ក្នុងម៉ោង​ធ្វើការរដ្ឋ ក្នុងការ​ចុះ​ឃោសនា ឬចុះ​មូលដ្ឋាន​ឡើយ។
 
នៅព្រឹក​ថ្ងែដដែលនេះ​ដោយ​មានការ​យកចិត្ត​ទុកដាក់ និង​តែងតែ​គិត​ពីសុខ​ទុក្ខ​របស់​ប្រជាពល​រដ្ឋ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏បាន​អនុញ្ញាត្ត​អោយ​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេ​ខាធិការ​នៃទីស្តី​ការគណៈ​រដ្ឋមន្រ្តី តំណាង​ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧប ​នាយ​ករដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​អោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្រោច ​ស្រព​ហ៊ុនសែន ពត់សរ ដែល​មានប្រឡាយ​មេ មាន​ប្រវែង​ប្រមាណ ១១៦០០ ម៉ែត្រ។ គួរំលឹកផង​ដែរថា ប្រឡាយ​នេះ​ត្រូវបាន​ផ្តួចផ្តើម សាង​សង់​ដោយ​សម្តច​តេជោហ៊ុន សែន នាយក ​រដ្ឋមន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា  តាំង​ពី​ឆ្នាំ ១៩៩៤ ដែល​មានប្រពភ​មេចេញ​មកពីអាង​ទឹក​ទន្លេបាទី បន្ទាប់​មក​សម្តេច​ក៏បាន​បន្ត​អោយមាន​ការជីក​ប្រឡាយ​ប្រវែង ៣ ពាន់​ម៉ែត្រ។ ដោយ​មាន​ការយក​ចិត្ត​ពីក្រុម​ការងារ ចុះជួយ​មូលដ្ឋាន​របស់​ខេត្តតាកែវ ដែល​មាន​ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន​ជាប្រ​ធាន បាន​បន្តជីក​ប្រឡាយនេះ​ហើយក៏បាន​ក្លាយ​ទៅ​ជាប្រព័ន្ធ​ស្រោច​ស្រព​សម្រាប់​ ជួយ លើក​កំពស់​ជីវភាព​របស់​ប្រជា​កសិករ ដែល​ភាគច្រើន​នៃ​ឃុំពត់​សរ​ទាំង​មូលអាច​ធ្វើស្រែ​បាន​រហូតដល់​៣ដង​ក្នុង​ មួយឆ្នាំ។