Wednesday, May 23, 2012

បទវិចារណកថា៖ ដឹង​មុន​ថា​ចាញ់​ឆ្នោត ខិត​ខំ​បង្កើន​ការ​ភូត​​កុហក


ក្នុងរយៈពេល ​​ដែល​គណបក្ស​​នយោបាយ​នានា​​កំពុង​ធ្វើការ​ឃោសនា​ ស្វែងរក​សម្លេង​ឆ្នោត​​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នាថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១២​ ខាងមុខ​នេះ​ យើង​សង្កេត​ឃើញថា​​គណបក្ស​ប្រឆាំង​​បានប្រើប្រាស់​នូវយុទ្ធសាស្ត្រ​ ប្រជាភិថុត​ ដើម្បី​បោកប្រាស់​​​ ភូតភរ​​​ប្រជា​ពលរដ្ឋ​​ដោយគ្មាន​​អៀនខ្មាស់​​។​ ជាក់ស្តែង​មេបននយោបាយ​របស់ បក្ស​​​រវើរវាយ​មួយ​នោះ ​តែងតែលើកឡើង​ទាំង​ប្រថុយប្រថាន​​ឲ្យរួច​ពីមាត់ថា​ បើខ្លួនឈ្នះឆ្នោត​​នឹងរក​ប្តី​ឲ្យ​ស្ត្រី​ម៉េម៉ាយ​ សន្យា​ដាក់ធ្មេញ​មាស​ឲ្យ​លោកតា លោកយាយ​ ឬយក​មេឃុំ​ដែល​ជាប់​ឆ្នោត​​ទៅ​ដើរ​លេង​នៅ អាមេរិក​ជាដើម​។​ ថ្មីៗ​នេះ​គាត់បាន​ភូតទៀត​ថា ផ្លែចេក​គឺគាត់​អាចលក់​បាន១ផ្លែ ថ្លៃ១ដុល្លារ​ អញ្ចឹង​បើផ្លែចេក​មួយ​ស្និត​ឡើង​ដល់​ប៉ុន្មាន? មួយស្ទងឡើងដល់ប៉ុន្មាន​? ដល់មួយចំការ​ឡើង​ដល់​ប៉ុន្មាន?​ យើងឃើញ​ថាការកុហក​របស់គាត់​នេះ​គឺ​ថោកជាង​ចៅ​ចាក់​ស្មុគ្រ​​ទៅទៀត​​​។​​​ សូម្បី តែ​ប្រមុខ រដ្ឋាភិបាល ​​ក៏លោក​បានស្នើឲ្យ​​រដ្ឋមន្ត្រី​កសិកម្ម​ជួយ​សម្រួល​ដល់​ការ​​នាំចេញ​​ របស់ក្រុមហ៊ុន​ អា រហ័ន​ មួយនេះ​ផង​ដែរ​។ មួយទៀត គាត់បានលើក​ឡើងថា នៅ​​អាមេរិក​​គឺគេ​គោរព​ទៅដល់​សិទ្ធិ​របស់​កង្កែប​ទៅទៀត​ ដូចជា​បើរដ្ឋាភិបាល​អាមេរិក​ធ្វើ​ផ្លូវ​ណា​​មួយ​ ហើយ​ប៉ះ​នឹងរូង​កង្កែប​នៅ​ខាង​មុខនោះ ​​គឺគេ ធ្វើផ្លូវនោះ​វាង​ទៅ​ទៀត​​។​ នេះគឺជារឿង​មួយ​​ដែលគួរ​ឲ្យចង់​សើច​មែនទែន​។​​ ដូច្នេះយើង​ឃើញ​​ថា​​ នយោបាយ​ភរភូត​​របស់បក្ស​រវើរវាយ​មួយនេះ​ ​គួរតែប្រជាពលរដ្ឋ​​​គិតពិចារណា​ឲ្យមែនទែន។​

ពាក្យសម្តី ​ឃោសនា​បែបនេះ​គឺគ្មានបាន​បញ្ជាក់អំពី​គោលនយោបាយ​របស់​គណបក្ស​ខ្លួន​​ដើម្បី ​ចូលរួម​ជម្រុញ​ការអភិវឌ្ឍ​ ឃុំ សង្កាត់​​នោះទេ​ ផ្ទុយទៅវិញ​ គឺជា​ពាក្យ​បោកប្រាស់​ប្រជា​ពលរដ្ឋ​មួយសុទ្ធសាធ​​ ដើម្បីឲ្យ​អារម្មណ៍​ប្រជា​ពលរដ្ឋ​រំភើប​ ស្រើបស្រាល​ ដើម្បី​បន​នយោបាយ​​កំប៉ិក​កំប៉ុក​នេះ​​អាចទទួលសម្លេង​ឆ្នោត​បាន​ច្រើន​​មួយ​ ពេល​តែប៉ុណ្ណោះ​។​

បើនិយាយ ​ពីប្រវត្តិ​មេបន​នយោបាយ​នោះវិញ​ យើងឃើញថា​ គឺជា​បុគ្គល​ដែល​គ្មាន​លក្ខណៈ​​​ជាមេដឹក​នាំ​ទាល់តែ​សោះ​ ពីព្រោះ​ធ្លាប់មាន​ប្រវត្តិ​ជាចោរ​លួច​ជា​បន្តបន្ទាប់​ ដូចជា​លួចអង្ករ​​ដែល​ជារបប​ប្រជាពលរដ្ឋ​ លួចគោ​ និងបានប្រើ​បទពិសោធន៍​បោក​អង្គការ IRI ដើម្បី​លួច​លុយ​ដុល្លារ​បាន​យ៉ាងស្អាត​ នៅពេល​ដែលខ្លួន​កាន់ការ​តូចមួយ​​​។​ ដូច្នេះ​យើង​ឃើញ​ថា​​ តាម​រយះ​ប្រវត្តិ និង​បទពិសោធន៍​របស់​មេ​បក្ស​នេះ​ គ្រាន់​តែកាន់​ការងារ​កំប៉ិកកំប៉ុក​គឺ​ហ៊ា​ន​លួច​ប៉ុណ្ណឹង​ទៅហើយ​ ចុះទម្រាំ​ក្លាយ​ជាអ្នក​ដឹកនាំ​ប្រទេស​ តើ​ជននោះ​នឹងលួច​ប៉ុណ្ណា​?​ ដូច្នេះ​​សូម​បងប្អូន​ប្រជាពលរដ្ឋ​​ពិចារណាឲ្យ​បានច្បាស់​​កុំចាញ់​​ឧបាយកល​ ទុច្ចរិត​ និង​នយោ​បាយ​​រវើរវាយ​​​របស់​ក្រុមនេះ​ឲ្យសោះ​។​
ម្យ៉ាងទៀត ​ មេបក្ស​រវើរវាយ​ដល់ឋាន​ព្រះចន្ទ័​មួយនេះ​​​ ក៏ធ្លាប់មានប្រវត្តិជំពាក់​លុយ​សមាជិក​បក្ស​របស់ខ្លួន​រហូតដល់​ជាង​១ម៉ឺន​ ដុល្លារ​មិនព្រម​សងទៀត​ផង​ ហើយ​ឥឡូវនេះ​ម្ចាស់​បំណុល​​គេ​ទារ​​លុយវិញ​ ហើយ​សួរថា « សង ឬ មិនសង ​» ពីព្រោះដល់​រដូវ​បោះឆ្នោត​ហើយ​ ប្រយ័ត្ន​ត្រូវបណ្តា​សារ​ម្ចាស់បំណុល​នាំឲ្យ​ចាញ់​ឆ្នោត​ខ្មាស់គេ​។​ មាន​ន័យ​ថា ភាព​បរាជ័យ​របស់​ខ្លួន​គឺ​ត្រូវ​ប្រជាពលរដ្ឋ​​ គ្មាន​សេច​ក្តី​ទុក​ចិត្ត​ មិន​មាន​ជំនឿ​​​លើ​គណបក្ស​​​រវើរវាយ​ហ្នឹង​ហើយ​ ដែល​​គេនឹង​​មិន​បោះ​ឆ្នោត​ឲ្យ​នោះឡើយ​។​ ម្យ៉ាង​ទៀត​ ដោយសារ​ភាព​អាណាធិបតេយ្យ​របស់​ខ្លួន ​អ្នក​​បោះ​ឆ្នោត​ ​គេ​នឹង​ពិនិត្យ​​​តាំង​​ពី​គុណ​សម្បត្តិ ពី​មាយាទ​ ​ពាក្យ​សំដី សកម្មភាព​ការងារ ចុះ​បើ​​បននយោបាយ​ខ្លួន​ ​​ពី​មួយ​អាណត្តិ​ ទៅ​មួយ​អាណត្តិ​៥ឆ្នាំ​ ​មិនដែល​ឃើញ​ចូលរួម​ដោះ​ស្រាយ​​នូវទុក្ខ​លំបាក​ដល់​ប្រជាពល​រដ្ឋ​បែប​នេះ​ តើ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យយ៉ាងម៉េច​?​​

ទាក់ទងរឿងលទ្ធផល ​បោះឆ្នោត​នេះ​ គណបក្ស​ប្រឆាំង​​គួរ​កែ​​​ចរឹត​​ដែល​មិន​ថ្លៃ​ថ្នូររបស់​ខ្លួនហើយត្រូវ​​​ ធ្វើ​នយោបាយ​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​​​។​​ នៅ​ពេល​ដែល​បោះឆ្នោត​ ​​ហើយ​​ ទោះបីជា​ គ ជ ប ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន ឬក៏​មិ​ន​ទាន់​ប្រកាស​ក៏ដោយ ក៏​អ្នក​អង្កេត​ការណ៍​​គេមាន​តួលេខ​ពិនិត្យ​រួចទៅ​ហើយ​ និង​អាច​ដឹង​​​ថា​នរណា​ឈ្នះ​ឬ​ អ្នក​ណាចាញ់។​​ ដូច្នេះនាំ​គ្នា​ទទួល​យក​លទ្ធផល​នោះ​ទៅ​​។​​ គណបក្ស​នីមួយៗ​មាន​សេរីភាព​ពេញលេញ​​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ ការណ៍របស់ខ្លួន​​​ គឺគ្មានអ្វី​ដែល​ គ.ជ.ប​ ធ្វើ​តែ​ឯងនោះ​ទេ​ ដូច្នេះ​​ខ្លួន​គួ​រ​តែ​ពង្រឹង​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ ឲ្យ​បាន​១០០%​ ​​​ ហើយ​ជៀស​វាង​ប្រើ​វប្បធម៌​ដ៏​​សែន​ថោក​ទាប​ក្នុង​ការ​ទម្លាក់​កំហុស​ទៅ​អ្នក ​ដទៃ។​ ​​ការ​​ចោទ​​ប្រកាន់​ គ.ជ.ប គឺ​ត្រូវ​​​​ឲ្យ​មាន​ភស្តុតាង​​បញ្ជាក់​​​នូវ​អ្វី ដែល​ គ.ជ.ប មិន​គោរព​ច្បាប់​ តែ​បើ​​គ្រាន់​តែ​ចោទ​ច្បោលៗ​ថា គ.ជ.ប មិន​​ឯករាជ្យ​ គឺ​ជា​អំណះអំណាង​ដែល​គ្មាន​​ប្រយោជន៍​​​នោះ​ទេ។

​ នេះ​គ្រាន់​តែ​ជា​ការ​មួយ​ដាស់​តឿន​ក្រើន​រំលឹក​​ ដល់​គណបក្ស​ប្រឆាំង​កុំឲ្យ​ប្រើ​យុទ្ធសាស្ត្រ​​​ឡាំប៉ា​នៅពេល​ដែល​ដឹង​ ថាខ្លួន​ចាញ់ឆ្នោត​​ ហើយ​​​យើង​ចង់​ឃើញ​អ្នក​នយោបាយ​មាន​ចេតនា​សុច្ចរិត​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​ ​ពិត​ប្រាកដ​ ដើម្បី​ចូលរួម ​​កសាង​ជាតិ​ អភិវឌ្ឍន៍​ជាតិ បំរើ​ប្រយោជន៍​ប្រទេស​​ជាតិ​យើង​ទាំង​អស់​គ្នា​៕​
អត្ថបទដោយៈ​  ពង្ស សុក្រិត