Tuesday, May 22, 2012

នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា អំពាវ​នាវ​ឱ្យ​ពិភពលោក​ធ្វើ​សុខ​ដុមនីយ​កម្ម​តម្លៃ​ ស្បៀង​ និង​តម្លៃ​ប្រេង​ឥន្ធនៈ​


ក្នុង ​​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​​សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ទី ​៤​ ស្ដី​ពី​ សន្ដិសុខ​ស្បៀង​ និង​អាហារ​​រូប​ត្ថ​ម្ភ​ក្រោម​​ប្រធានបទ​ “​អាហារ​រូប​ត្ថ​ម្ភ​របស់​មាតា​ និង​កុមារ​”​ នៅ​វិមាន​សន្ដិភាព​ ​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​​២០១២​ សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អំពាវ​​នាវ​ទៅ​កាន់​ពិភពលោក​ឱ្យ​យកចិត្ដ​ទុក​ដាក់​ធ្វើ​សុខដុម​នី​យ​ កម្ម​លើ​តម្លៃ ​ស្បៀង​ និង​តម្លៃ​ប្រេង​ឥន្ធនៈ​ ដើម្បី​​ឱ្យ​ពិភពលោក​ មាន​តុល្យភាព​ផ្នែក​សេដ្ឋកិច្ច​ ។​

សម្ដេច​តេ​ជោនាយក​រដ្ឋ​មន្រ្តី មាន ​ប្រសាសន៍​ថា​ នៅ​ក្នុង​វេទិកា​អន្ដរជាតិ​នានា​ ទាំង​ថ្នាក់​ តំបន់​ និង​ថ្នាក់​ពិភពលោក​ គេ​បាន​យក​ ចិត្ដ​ទុកដាក់​ច្រើន​ទៅ​លើ​បញ្ហា​សន្ដិសុខ​ ស្បៀង​ និង​សន្ដិសុខ​ថាមពល​ ។​ ប៉ុន្ដែ​គេ​ នៅ​មិន​ទាន់​ឃើញ​វិធាន​ការណ៍​ណាមួយ​ ជុំវិញ​ការ​ធ្វើ​សុខដុម​នី​យ​កម្ម​រវាង​ផ្នែក​ ស្បៀង​ នឹង​ថាមពល​នៅឡើយ​ទេ​ ទាំងនេះ​ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ផលិត​ស្បៀង​ចាំតែ​ ទទួល​រង​គ្រោះ​ ។​ ក្នុង​ឋា​នៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ពិភពលោក​យក ចិត្ត​ទុកដាក់​ធ្វើ​សុខដុម​ប​នីយកម្ម​រវាង​តម្លៃ​ស្បៀង និង​តម្លៃ​ប្រេង។ សម្តេច​តេ​ជោ​ ​ថ្លែង​ថា តើ​ពិភព​លោក ដល់ពេល​វេលា​ដែល​ត្រូវ​ពិភាក្សា ដើម្បី​ធ្វើ​សុខដុម​ប​នីយកម្ម​រវាង​ប្រេង​ជាមួយ​នឹង​ស្បៀង​ហើយ​ឬ​នៅ? ព្រោះ​ហាក់​ដូចជា​មិនទាន់​ឃើញ​វេទិកា​អន្តរជាតិ​ណាមួយ​បាន​ផ្សារភ្ជាប់​គ្នា ​លើ​បញ្ហា​ទាំងពីរ​នេះ​ទេ។

នៅ ​ចំពោះ​មុខ​វត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការ​​សហប្រជាជាតិ (FAO)  ដែល​ចូល​រួម​​នៅ​ក្នុង​សិក្ខាសាលា​នោះ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង ​ថា ខ្ញុំ​គិត​ថា តាមរយៈ​FAO នៅ​ទី​នេះ​ដែល​ទទួល​បាន​ហើយ សូម​រំលេច​នូវ​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​ទាមទារ​ឲ្យ​មានការ​ពិភាក្សា​លើ បញ្ហា​នេះ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ពិភពលោក​នឹង​ឈាន​ទៅ​រក​ការ​បាត់​តុល្យភាព។ សម្តេច​តេ​ជោ​ បាន​កត់​សម្គាល់​ថា សម្រាប់​ប្រទេស​ដែល​ផលិត​ប្រេង​គេ​មិន​គិត​ពី​បញ្ហា​ស្បៀង​ឡើងថ្លៃ​ប៉ុន្មាន ​ទេ ព្រោះ​ប្រជាជន​របស់​គេ​ក៏​មិន​ច្រើន​ប៉ុន្មាន​ទេ​ហើយ​នៅ​ពេល​គេ​តម្លើង​ថ្លៃ ​មួយ​បារ៉ែល ១០ ដុល្លារ​សហ​រដ្ឋ​អាមេរិក គឺ​​ក្នុង​មួយ​ថ្ងៃ​គេ​អាច​នាំចេញ ១ លាន​បារ៉ែល រឿង​អ្វី​គេ​ខ្លាច​ក្នុង​ការ​ឡើងថ្លៃ​ស្បៀង​ត្រឹមតែ ១ តោន ៥០ ដុល្លារ​ឬ ១០០ ដុល្លារ​នោះ។ ដូច្នេះ​បញ្ហា​នេះ​គួរ​ក្លាយទៅជា​និយាម​អន្តរជាតិ​មួយ ដែល​មាន​ចំណងទាក់ទង​ជា​មួយ​គ្នា​ដែរ។

សម្ដេចតេជោ​​ បន្ដ​ថា​ ប្រទេស​ផលិត​ប្រេង​ បាន​ដំឡើង​ថ្លៃ​ទាំង​អង្គការ​ OPEC​ ទាំង​អ្នក​ មិន​នៅ​ក្នុង​អង្គការ​ OPEC​ គឺ​បាន​ដំឡើង​ តម្លៃ​ប្រេង​ស្រេច​តែ​ចិត្ដ​ ។​ ដោយ​គ្រាន់​ តែ​ព័ត៌មាន​ស្ដី​ពី​បញ្ហា​សង្គ្រាម​នៅ​ឈូង​ សមុទ្រ​ពែ​ក្ស​ បញ្ហា​វាយប្រហារ​នៅ​អ៊ី​រ៉​ង់​ ក៏​ធ្វើ​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​ស្ទុះ​ ឡើងថ្លៃ​ដែរ​ ខណៈ​ដែល​អ្នក​ផលិត​ស្បៀង​ ក្នុង​ពិភពលោក​អត់​បាន​ដំឡើង​ថ្លៃ​នោះ​ ។​


សម្តេច​តេ​ជោ​ មាន​ប្រសាសន៍​ថា ប្រទេស​​ផលិត​ប្រេង​គឺ​គិតតែ​ផលិត ហើយ​គិតតែ​តម្លើង​ថ្លៃ ឯ​អ្នក​ផលិត​ស្បៀង​យើង​បាន​គិតគូ​ហ្មត់ចត់​មិន​មែន​​ត្រឹមតែ​ប្រជាពលរដ្ឋ​ ប្រទេស​ខ្វះខាត​ស្បៀង​ទេ ប៉ុន្តែ​យើង​គិត​គូ​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ឯង ដែល​នៅ​កម្ពុ​ជា​មាន​ប្រហែល ៨០%នៃ​អ្នក​ផលិត​ស្បៀង ប៉ុន្តែ​មាន ២០% នៃ​អ្នក​ដែល​មិន​ផលិត​ស្បៀង ដែល​ការ​នេះ​ប្រសិនបើ​យើង​តម្លើង​ថ្លៃ​ស្បៀង​គំហុក​​នឹង​ធ្វើ​ឲ្យ​មនុស្ស​ ច្រើន​ណាស់​ទទួលរង​ផល​ប៉ះពាល់​នោះ។

សម្ដេចតេជោ​ឲ្យ ​ដឹង​​ថា​ នៅ​លើ​ពិភពលោក​​មាន​ប្រភេទ​ប្រទេស​៣​៖​ ប្រភេទ​ទី​១ ​គឺ​ប្រទេស​ផលិត​ប្រេង​ ហើយ​ផលិត​ស្បៀង​​តិចតួច​ ប្រទេស​ទាំងនោះ​នាំ​ស្បៀង​ចូល​​ទាំងស្រុង​តែ​ម្ដង​,​ ប្រភេទ​ទី​២​ គឺ​ប្រទេស​ដែល​ផលិត​ស្បៀង​មិន​មានការ​ផលិត​​ប្រេង​ ដូច​ជា​ប្រទេស​កម្ពុជា​ ដែល​នាំ​​ចូល​ប្រេង ​១០០​ភាគរយ​ និង​ប្រភេទ​ទី​៣​ គឺ​ប្រទេស​ដែល​មានភ័ព្វ​សំណាង​ គឺ​ផលិត​​បាន​ប្រេង​ហើយ​​អាច​ផលិត​ស្បៀង​បាន​​ថែម​ទៀត​ ដូច​ជា​ប្រទេស​​ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ ឬ ​រុ​ស្ស៊ី​ជាដើម​ ។​

ទាក់​ទង​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី ​បាន​មាន​ប្រសា​ស​ន៍​អះ​អាង​​ថា ​ប្រទេស​កម្ពុជា​នឹង​មិនមាន​បញ្ហា​សន្តិសុខ​ស្បៀង​ទេ ខ​ណៈដែល​ប្រទេស​កម្ពុជា​រំពឹងថា ​នឹង​អាចមាន​អង្ករ​សល់​ចំនួន​រហូតដល់​ទៅ​ ២,៧៨ លាន​តោន ​នៅក្នុង​ឆ្នាំ​២០១២​នេះ​។​

​​សម្តេចតេជោ​​​បាន ​មានប្រសាសន៍ថា ថ្វី​ត្បិត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាកាសធាតុ​មានការ​ប្រែប្រួល បណ្តាល​ឲ្យ​មាន​ភាពរាំងស្ងួត ​និង​ទឹកជំនន់​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ​ ក៏​យើង​នៅតែ​អាច​បង្កើន​ផលិតកម្ម​ដំណាំ​ស្បៀង ជាពិសេស​ដំណាំង​ស្រូវ ​តាមរយៈ​ការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ និង​ការកែលម្អ​បច្ចេកវិទ្យា​កសិកម្ម​។ 

សម្តេចតេជោ​​មានប្រសាសន៍​ប​ន្ថែ​ម​ទៀតថា "តាមរយៈ​នេះ យើង​អាច​វាយតម្លៃ​បាន​ថា កម្ពុជា​ពិត​អាច​រក្សាបាន​នូវ​សន្តិសុខ​ស្បៀង​របស់ខ្លួន​។ ជាក់ស្តែង​ឆ្នាំ​២០១១​កន្លងទៅ យើង​អាច​ផលិត​ស្រូវ​បាន​ប្រមាណ ៨,៧៧​ លាន​តោន ដូច្នេះ​តុល្យភាព​ស្បៀង​សម្រាប់​ឆ្នាំ​២០១២ គឺ​កម្ពុជា​អាច​នឹងមាន​អតិរេក​ស្រូវ​ប្រមាណ​ ៤,៤៣​ លាន​តោន ដែល​គេ​គិត​អតិរេក​អង្ករ​ ២,៧៨​ លាន​តោន"​។​

នៅក្នុង ​សិក្ខាសាលា​ថ្នាក់ជាតិ​អំពី​អាហារូបត្ថម្ភ​របស់​មាតា​ និង​កុមារ​ ដែល​រៀប​ចំ​ឡើង​ដោយ​ ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ សម្តេ​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ចំនួន​ប្រាំ​ចំណុច​ ដើម្បី​ឲ្យ​អង្គ​សិក្ខា​សាលា​ចូលរួម​ធ្វើ​ការ​ពិភាក្សា​ ​៖
​ ទី​១. តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​អន្តរាគមន៍​រួម និង​ព្រមៗ​គ្នា ក្នុងចំណោម​ផ្នែក​ពាក់ព័ន្ធ​គ្នា រួមមាន ​៖ ផ្នែក​កសិកម្ម, សុខភាព, ទឹកស្អាត និង​អនាម័យ និង​ត្រួវ​រួមគ្នា​រៀបចំ​គោលនយោបាយ​ស្តីពី​ ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អាហារ, រៀបចំ​លិខិតបទដ្ឋាន​ពាន់​ព័ន្ធ​នឹង​ម្ហូបអាហារ និង​វិធា​នការ​គាំពារ​សង្គម​ផ្សេងៗ​។​ 

​ជារួម ការបញ្ចូល​មីក្រូ​សារជាតិ ដូចជា ជាតិ​អ៊ីយ៉ូត​, ជាតិ​ដែក​, វីតាមីន​អា ទៅក្នុង​អាហារ​មូលដ្ឋាន គឺជា​មធ្យោបាយ​ដែល​ចំណា​យតិច ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លើកកម្ពស់​អាហា​រូប​ត្ថ​ម្ភ។ ដូច្នេះ​ដើម្បី​បង្កើន​​ធាតុ​ចូល ខ្ញុំ​សូម​ស្នើ​ឲ្យ​អង្គសិក្ខាសាលា​ពិភាក្សា និង​រិះរក​មធ្យោបាយក្នុងការ​ពង្រីក​អន្តរាគមន៍ ដែលមាន​ស្រាប់​ដូចជា ការផ្ដល់​បន្ថែម​មីក្រូ​សារជាតិ​កុមារ​តូចៗ​, ការព្យាបាល​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​, ការចិញ្ចឹម​ទារក និង​កុមារ​តូច​ឲ្យ​បាន​សមស្រប ជាពិសេសក្នុង​រយៈពេល ១.០០០​ ថ្ងៃ​ដំបូងនៃ​ជីវិត​របស់​កុមារ​។​

​ទី២. តួអង្គ​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​ រួមគ្នា​អនុវត្ត​កម្មវិធី​ពាក់ព័ន្ធ​ការលើកកម្ពស់​អាហារូបត្ថម្ភ ដែលមាន​មូលដ្ឋាន​នៅ​សហគមន៍​។ ក្នុងនោះ ត្រូវ​រួមគ្នា​គិតគូរ​អំពី​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​ របៀបរបបនៃ​ការរស់នៅ និង​ការបរិភោគ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ ការថែទាំ​សុខ​ភា​ព និង​អនាម័យ​សហគមន៍​ផងដែរ​។​

​ ទី៣. ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ត្រូវខិតខំ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ក្នុងតួនាទី​ជា​អ្នកសម្របសម្រួល​ការងា​រ​រក្សាសន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដែលជា​ភារកិច្ច​ស្នូល​របស់ខ្លួន​។ កិច្ចការ​នេះ នឹង​រួមចំណែក​ធានា​ឲ្យ​គ្រួសារ​នីមួយៗ មាន​ស្បៀង​ប្រកបដោយ​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​។ ក្នុងនោះ​ក៏ត្រូវ​បន្ត​ជំរុញ​ផលិតកម្ម​ស្បៀង​តាម​សហគមន៍ និង​តាម​គ្រួសារ ដូចជា ការបង្កើត​សួន​ដំណាំ​ ការចិញ្ចឹម​សត្វ និង​ការចិញ្ចឹម​ត្រី ដែលជា​ប្រការ​ចាំបាច់​មួយ ​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​អាហារូបត្ថម្ភ​របស់​ស្ដ្រី និង​កុមារ​នេះ​។​

​ ទី៤. ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ត្រូវ​បន្ត​បណ្ដុះបណ្ដាល​អ្នកធ្វើ​ផែនការ និង​អ្នកធ្វើការ​សម្រេចចិត្ត​ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អំពីសន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដើម្បី​បន្ត​លើកកម្ពស់​សមត្ថភាព និង​បង្កើន​ប្រសិទ្ធភាព​ការងារ​។​

​ ទី​៥. ដោយមាន​កិច្ចពិភាក្សា​ជាមួយ​គ្រប់​តួអង្គ​ពាក់ព័ន្ធ ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ត្រូវ​រៀបចំ​បង្កើត​ឲ្យ​មាននូវយុទ្ធសាស្ដ្រ​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដែលមាន​លក្ខណៈ​ទូលំទូលាយ​ ស៊ីជម្រៅ និង​អាច​យកទៅ​អនុវត្តបាន​។ ជាមួយគ្នានេះ ត្រូវ​បន្ត​ពង្រីកក​ម្ម​វិធីដែលមាន​ស្រាប់ និង​បង្កើត​កម្មវិធី​ថ្មីៗ ដែល​នឹងត្រូវ​អនុវត្ត​ដោយផ្ទាល់​នៅ​សហគមន៍ តាមរយៈ​យន្ដកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ កិច្ចការ​ដ៏​សំខាន់​នេះ នឹង​រួមចំណែក​បង្កើត​សំណាញ់​សុវត្ថិភាព​សង្គម​ ការកែលម្អ​សមត្ថភាព​របស់​គ្រួសារ​ក្រីក្រ និង​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​របស់​ពួកគេ​ផងដែរ​

​សូម​បញ្ជាក់​ថា មុន​នឹង​ប្រារព្វ​ពិធី​បើក​សិក្ខា​សាលា​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​(WFP)​ អង្គការ​ស្បៀង ​និង​កសិកម្ម​ អង្គការ​សហប្រជាជាតិ​ (FAO) ​មូលនិធិ​សម្រាប់​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​ (UNICEF)​ និង​អង្គការ ​សុខភាព​ពិភពលោក​(WHO)​ដឹកនាំ​ដោយ​លោក​ Hiroyuki ​Konuma ​តំណាង​អង្គការ ​FAO​ ប្រចាំ​តំបន់​ អាស៊ី​-​ប៉ាស៊ីហ្វិក​ បាន​ចូល​ជួប​សម្តែង​ការគួរសម​ផង​ដែរ​​ នៅ​វិមាន​សន្តិ​ភាព​​ក្នុង​រាជធានី​ភ្នំពេញ​៕​