Monday, May 28, 2012

បទ​វិចារណកថា ៖ ប្រជាពលរដ្ឋ​នៅតែគាំទ្រ​បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​​បន្តទៀត​


បទ​វិចារណកថា
ប្រជាពលរដ្ឋ​នៅតែគាំទ្រ​បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​​បន្តទៀត​

ថ្មីៗនេះ​ មេបននយោបាយតូច​មួយដដែល​ ​បានប្រឹងប្រែង​សន្យាភូតកុហក​ប្រជា​ពលរដ្ឋ​​បន្តទៀត​ហើយ​ ទោះបីជាពីមុនៗមកការភូតរបស់ជននោះ​ត្រូវបានប្រជាពលរដ្ឋ​មើលឃើញ​ថា​​ជា​​នយោបាយ ​រវើរវាយ​ ធ្វើឲ្យរាស្ត្រ​ត្រេកត្រអាល​ក៏ដោយ​។ តាមពិតការ​ស្រែក​របស់​គាត់នោះ​គឺ​មិនមែន​ជាគោលនយោបាយនោះទេ​ តែជាការសន្យា​ខ្យល់​ ពីព្រោះ​ជននោះ​តែងតែ​​ប្រើ​ពាក្យ​ថា​ ប្រសិនបើៗ​ ជាប់មិនដាច់ពីមាត់ឡើយ​។

ជាក់ស្តែងគេបានស្រែកថា ​ ប្រសិន​បើ​មេឃុំ​របស់ខ្លួន​ជាប់ឆ្នោត​ នឹងធ្វើនេះ ឬធ្វើនោះ​ជាដើម​។​ ចំណុច​ដែលគួរ​ឲ្យ​កត់​​សំគាល់​​នោះ​គឺ សមាសភាពឈរឈ្មោះ​មេឃុំរបស់បន​នយោបា​យ​មួយនេះ​ គឺគ្មាន​សមត្ថភាព​​ដឹកនាំ​ជម្រុញ​ការ​អភិវឌ្ឍឃុំសង្កាត់តែម្តង​ ពីព្រោះ​មេបន​​នយោបាយ​នេះ​បាន​បញ្ជាក់​​ច្បាស់​ណាស់​​ថា​ ប្រសិនបើមេឃុំរបស់ខ្លួនឈ្នះឆ្នោត គឺគេនឹង​យក មេឃុំ​នោះ​ទៅ​បង្រៀន​​សិន ទើប​​អាច​​ធ្វើការ​កើត​​។ ដូច្នេះបើ​ធនធាន​មនុស្ស​របស់​បក្សនយោបាយ នោះ​ខ្សោយ​យ៉ាងនេះ តើឲ្យប្រជាពលរដ្ឋ​បោះ​ឆ្នោតឲ្យម្តេចកើត​?​។

ជនប្រជាភិថុតមួយ ​នេះ ក៏បានប៉្រូទៀតថា​ ប្រសិនបើ ឃុំណាគេឈ្នះ គេអាចស្នើ​ខ្ចី​លុយ​ពី​អង្គការ​នានា​ដើម្បីអភិវឌ្ឍភូមិឃុំ​ទាំងនោះ​។​ ត្រង់​នេះ​ គឺ​ប្រជាពលរដ្ឋគ្មានជំនឿឡើយ​ ពីព្រោះ​មេ​បន​​នយោបាយនេះក៏ធ្លាប់បានខ្ចីលុយ​ប្រជា​ពលរដ្ឋ​ម្នាក់​ចំនួន​ ១ម៉ឺន​ ៧ពាន់​បីរយ​ដុល្លារ​ យក​ទៅ​ទិញ​​​​រថ​យន្ត ឡិចស៊ីស​ ជិះមក​ទល់​ពេល​​នេះ គឺពុំទាន់សង​នៅឡើយទេ ហើយពលរដ្ឋម្នាក់នោះ ធ្វើ​​​​អ្វីមិនកើត​មានតែពាក្យ​ទារប្រាក់វិញថា « សង ឬមិនសង​ »​ តែ​ប៉ុណ្ណោះ ដូច្នេះ​ តើ​ជន​កំហូច​នោះ​​​​​មាន​​សមត្ថភាព​ឯណា​ទៅស្នើ​ខ្ចី​លុយ​អង្គការ​នានា​នោះ​? ​ គឺ​ប្រាកដ​​ជា​មិនសង​គេទៀត​ឡើយ​​។ នេះ​បានចំជា​កំពូល​ជន​បោក​ប្រាស់​ពិតៗ​មែន​។​ ​​

ដូច្នេះ​ មុន​នឹង​បោះឆ្នោត​សូមប្រជាពលរដ្ឋ​ពិចារណា​អំពីភាពគ្មាន​គុណធម៌ អំពី​ចរិត​មាយា​ទ​​​​មិន​ថ្លៃថ្នូរ​ និងឧបាយកលទុច្ចរិត​របស់មេបននយោបាយ​​មួយនេះ​ឲ្យបាន​ច្បាស់​លាស់​​សិន​​។​​
ចំណែកគណបក្ស ​ប្រជាជនកម្ពុជា​ មិនមែន​ជាគណបក្សដែលដើរសន្យានោះទេ​ តែ​ជា​​គណបក្ស​​ដែល​កើតចេញពីប្រជាជន​ ហើយ​ហ៊ាន​​ធ្វើអ្វីៗ ចេញជាសមិទ្ធផលពិតៗ​​ជូន​​ប្រជាជន និង​បាន​រំដោះ​ប្រជាជន​​​ឲ្យរស់រានមានជីវិត​ពីរបប​ប្រល័យ​ពូជសាសន៍ រស់នៅ​រួមសុខ​រួមទុក្ខ​​ជា​មួយ​​​ប្រជាជន​ ​​ហើយបានកសាងប្រទេសពីបាតដៃទទេរ​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ច្រើនសន្ធឹក​សន្ធាប់​​ មានស្ពាន ថ្នល់ វត្តអារាម សាលារៀន​ ប្រព័ន្ធធារាសាស្ត្រ​ ភ្លើងអគ្គិសនី​​​​ ទៅដល់​ទី​ជនបទ​​ជាបន្តបន្ទាប់​។​

ទស្សនៈ​ របស់​ប្រជាពលរដ្ឋ​ ទាំង​បង​ប្អូន​នៅ​ជន​បទ​ ទាំង​បង​ប្អូន​នៅ​ទី​ក្រុង​​ គឺ​គាត់​​សប្បាយ​រីក​រាយ​ណាស់​ ចំពោះ​សមិទ្ធផល​ជាតិ​ ដូច​ជា​ស្ពាន ​ផ្លូវ​ សាលារៀន​ មន្ទីរពេទ្យ ដែល​​កើត​មាន​​នៅ​លើ​ទឹក​ដី​របស់​យើង​​​ បងប្អូនតែងតែយល់ថា​​ សុទ្ធសឹង​ជា​​សមិទ្ធផលដែល​បង​ប្អូន​ទាំង​នោះ​អាច​ទាញ​យក​ប្រយោជន៍​​ ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​បាន​ប្រសើរ​​ឡើង​ជាលំដាប់​។​ ប៉ុន្តែ​សម្រាប់​គណបក្សប្រឆាំង​ ជាពិសេសបននយោបាយ​តូចតាច​មួយនោះ​ ត្រូវបានប្រជាពលរដ្ឋ​​មើលមិនឃើញ​​​ក្នុង​ការ​ចូលរួម​ការ​អភិវឌ្ឍន៍​​អ្វី​ សោះឡើយ​។​ ប្រជាពលរដ្ឋ​ឃើញ​មាន​តែ​រាជ​រដ្ឋាភិបាល​​តែ​ប៉ុណ្ណោះ​ ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​តែ​ម្តង។

 ដូច្នេះហើយទើប រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​​ការដឹក​នាំ​របស់​ សម្តេចតេជោ ហ៊ុន សែន​ ​មានការគាំទ្រ​ពី​ប្រជាពលរដ្ឋ​​រហូត​​ដល់​​ទៅ​​ជាង​៨០%​ ឯណោះ​។​ នេះបញ្ជាក់ថា​ប្រជាពលរដ្ឋ​ មាន​ជំនឿ​ជឿជាក់​​ចំពោះ​គណបក្ស​​ប្រជាជន​កម្ពុជា​​ ហើយ​នៅ​តែបន្តបោះឆ្នោត​គាំទ្រ​គណបក្ស​​​នេះ​តទៅ​​ទៀត ដើម្បីបន្ត​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​បងប្អូន​​ឲ្យកាន់​តែ​​​រីកចម្រើន​ និង​ដើម្បី​​កាត់​​បន្ថយ​​នូវ​ភាព​ក្រីក្រ​​​នៅជនបទ​ឲ្យ​បាន​ជាអតិប្បរមា​៕​ ​​

អត្ថបទដោយៈ ពង្ស សុក្រិត