Monday, May 28, 2012

ស្ពានអាកាសទី៣ ត្រៀមបង្ហាញរូបរាង ក្នុងពេលឆាប់ៗ ខាងមុខនេះ


ដោយៈ ហួន ស្រីលីន

ភ្នំពេញៈ ដើម្បីចូលរួមចែករំលែក ការធ្វើ​ចរាចរណ៍ឲ្យ មានភាពកាន់តែងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ អភិបាល​រាជធានីភ្នំពេញ បានជួបប្រជុំ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​លំអិត លើគម្រោងស្​ថាប​នាស្ពានអាកាសទី៣ ពាក់​ព័ន្ធ​ទៅនឹង​ផល​ប៉ះពាល់នានា ក្នុងការ​ចាប់​ផ្តើម​អនុវត្ត គម្រោង​ស្ថាបនានេះ។

នៅក្នុងសេចក្តីប្រកាស របស់​សាលា​រាជធានី​ភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែ​ឧសភា​ បានឲ្យដឹងថា គម្រោង​សាង​សង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ បានប៉ះពាល់ដល់លំនៅដ្ឋាន ប្រជា​ពលរដ្ឋចំនួន ១១៨ខ្នង បង្គោល​ភ្លើង​អគ្គិសនីចំនួន ៣០បង្គោល បង្គោលភ្លើងបំភ្លឺសាធារណៈចំនួន ៤១បង្គោល ដើមឈើចំនួន ១៩ ដើម រួមទាំងបណ្តាញលូ បណ្តាញខ្សែកាប ប្រៃសណីយ៍ ខ្សែកាបអុបទិក និងបំពង់ទឹកស្អាត របស់រដ្ឋាករទឹក មួយចំនួនទៀត។

នៅក្នុងឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ក៏បានមានប្រសាសន៍ថា ស្ថាន​ភាព​​​ចរាចរណ៍ នៅចំណុចស្ពាន ស្ទឹងមាន​ជ័យ​  បច្ចុប្បន្នកាន់មាន សភាពយ៉ាប់យ៉ឺន ដោយ​សារ​​កំណើន​មធ្យោបាយ របស់ប្រជាពលរដ្ឋផង ដូច្នេះហើយបានជារាជរដ្ឋាភិបាល ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ អនុវត្តការងារនេះ ឲ្យបានលឿន ទោះបីគ្រប់ភាគីពាក់ព័ន្ធ មានការ​មមាញឹក​យ៉ាងណាក្តី ក៍ត្រូវ​ជំរុញ​ការងារ​ស្ថាបនា​ស្ពានអាកាសនេះ ឲ្យបានឆាប់រហ័ស។ ពិសេស​ជំហានដំបូង ត្រូវដោះស្រាយផលប៉ះពាល់ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ រួមទាំង​ផល​ប៉ះពាល់​ផ្សេងទៀត របស់ស្ថាប័នមួយចំនួន ហើយត្រូវធ្វើយ៉ាងណាឲ្យបានម៉ត់ចត់ជាទីបំផុត។

លោក កែប ជុតិមា បានណែនាំដល់រដ្ឋបាល សាលារាជធានីភ្នំពេញ សហការជាមួយ មន្ទីរ​សាធារ​ណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ ត្រូវរៀបចំកម្មវិធី ឲ្យបានច្បាស់លាស់ ដើម្បី​ត្រៀម​ការ​សាងសង់ ស្ពានអាកាសស្ទឹងមានជ័យ ពិសេសលើការងារ ដោះស្រាយផលប៉ះពាល់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋធ្វើឲ្យបានល្អ និងម៉ឺងម៉ាត់ ជាទីបំផុត ដោយអនុវត្តតាមនីតិវិធីច្បាប់ ស្រប​ទៅតាម​គោល​ការណ៍ ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រោងនឹងចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១២ នេះតទៅ ៕