នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២
នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំប្រចាំថ្ងៃរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង ជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការផ្តាំផ្ញើដល់សមាជិក សមាជិការ ទាំង អស់របស់អង្គភាពនៅ មុនពេលបើកកិច្ចប្រជុំ ដោយបានលើកឡើងថា គ្រប់គ្នាត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ នៅថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០១២ ខាងមុខនេះកុំបីអាក់ខាន ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ
ក្នុងការបញ្ចេញសិទ្ធិនយោបាយរបស់ខ្លួន ដែលជាសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញ។
ឯកឧត្តម ស្វាយ ស៊ីថា បានមានប្រសាសន៍ថា សមាជិកគណៈសារគមនាគមន៍
និងនាយកដ្ឋានទាំងបីចំណុះឱ្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស សូមឱ្យទាំងអស់គ្នាទៅបោះឆ្នោតទៅតាមឆន្ទៈរៀងៗខ្លួន។ ប៉ុន្តែ
ដើម្បីការត្រៀមខ្លួនទៅបោះឆ្នោតនេះ ឯកឧត្តម បានថ្លែងថា សូមទាំងអស់គ្នាត្រូវពិនិត្យមើលឡើងវិញនូវប័ណ្ណបោះឆ្នោត
រួមជាមួយនឹងឯកសាពាក់ព័ន្ធទាំងអស់សម្រាប់ជាការបញ្ជាក់នូវសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ដល់ការបោះឆ្នោត
មានដូចជា អត្តៈសញ្ញាណប័ណ្ណជាដើម និងត្រូវប្រាប់បន្ត
ហើយលើកទឹកចិត្តដល់ក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិ និងមិត្តទាំងអស់គ្នា
អំពីបញ្ហានេះ ដើម្បីដឹងច្បាស់ថា
គ្រប់គ្នាបានត្រៀមខ្លួនរួចហើយ។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានគូសបញ្ជាក់ផងដែរថា យើងជាពលរដ្ឋខ្មែរ
គឺត្រូវបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោត
ដើម្បីជ្រើសរើសមេដឹកនាំឃុំ សង្កាត់របស់ខ្លួន ដោយត្រូវគោរព
និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ
និងច្បាប់បោះឆ្នោតដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចុះការបោះឆ្នោត។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ស្វាយ ស៊ីថា ក៏រំលឹកទៅដល់សមាជិក សមាជិកា
របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទាំងអស់គ្នា ត្រូវចូលរួមគោរពនិងអនុវត្តនូវសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការផ្អាកមិនឲ្យលក់ដូរ និងពិសារគ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ខាងមុខនេះ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចបណ្តាលមកជាយថាហេតុពីការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ៕
អត្ថបទដោយៈ អង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស