Wednesday, May 30, 2012

បទអត្ថាធិប្បាយ៖ កឹម សុខា ប្រដូចខ្លួនឯងដូចសត្វឆ្កែ


បទអត្ថាធិប្បាយ
កឹម សុខា ប្រដូចខ្លួនឯងដូចសត្វឆ្កែ

          ពេញមួយរដូវកាលឃោសនា​បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ លោក​កឹម សុខា ​ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជូនសារនយោបាយដ៏ចម្លែកខុសគេមួយ​យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្សរស់នៅបម្រើខ្មែរ ស្លាប់ទៅជាខ្មោចក៏ដើម្បី​ខ្មែរ មិនធ្វើឆ្កែបម្រើយួនឡើយ​»។
          ស្តាប់ពាក្យឃោសនាមួយឃ្លានេះ បាននាំឲ្យមានការពញ្ញាក់ស្មារតីជាខ្លាំងដល់ប្រ​ជា​ពលរដ្ឋ​ ត្រង់ឃ្លាចុងក្រោយដែលលោកកឹម សុខា​ ប្រដូចខ្លួនទៅនឹងសត្វឆ្កែ ទោះបីថា គាត់មិន ​​​ចង់ធ្វើឆ្កែបំរើអ្នកណាក៏ដោយ ប៉ុន្តែជាតិកំណើតជាមនុស្សពុំគួ​គប្បីលោកកឹម សុខា​​ទំលាក់​​តម្លៃខ្លួនស្មើនឹងឆ្កែបែបនេះឡើយ។
          សារជាតិរបស់បក្សប្រឆាំង ពិតជាមាននូវ​ទេពកោសល្យរៀងៗខ្លួនដើម្បី​ដណ្តើម​ប្រៀប​ឈ្នះខាងនយោបាយ ក្នុងនោះមេបក្សខ្លះធ្វើបាបខ្លួនឯងដ៏ហួសហេតុ ដូចជាបង្កនូវ​អំពើ​ខុស​ច្បាប់ផ្សេងៗដើម្បីចង់ឲ្យសមត្ថកិច្ចចាប់ខ្លួន ឬក៏​តុលាការឃុំនៅក្នុងពន្ធនាគារដែល​​​គេហៅ​ថា «សាច់កម្មនយោបាយ» ឲ្យតែបានល្បីឈ្មោះ។ ចំណែកលោកកឹម សុខា គាត់​ដឹង​ច្បាស់​​ណាស់ថា កំណើតជាសត្វឆ្កែ គឺមិនអាចបំរើ​បរទេស ឬលួចលុយពី​មនុស្ស​ដើម្បី​ធ្វើ​មាន​បានកើត​ គឺ​មានតែមនុស្សទេទើបអាចធ្វើនយោបាយបាន។
កឹម សុខា គេស្គាល់ជាទូទៅថា ធ្លាប់មានប្រវត្តិល្បីល្បាញខាងលួច​អង្ករ កេងប្រវ័ញ្ច លុយជំនួយពីបរទេស ប្រព្រឹត្តិអំពើពុករលួយយកលុយពីសមាជិកបក្ស​ សំបូររឿងអាស្រូវ យក​​លុយទៅចិញ្ចឹមស្រីក្មេង ជាពិសេសជាកូនបំណុលអត់មានការខ្មាស់អៀនម្នាក់​ដែល​ជំពាក់​​ប្រាក់​​អតីតសមាជិកបក្សសិទ្ធមនុស្សមួយរូប ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក​ មិន​ទាន់​​សង ​នៅឡើយ។
ដើម្បីតែការស្រែកឃ្លានចង់បានអំណាច​ លោកកឹម សុខា បានធ្លាក់ខ្លួនវង្វេង​មិន​ស្គាល់​តម្លៃ អ្វីទៅជាមនុស្ស អ្វីទៅជាសត្វ។ ពាក្យថា ខ្លួន (កឹម សុខា) មិនធ្វើឆ្កែបំរើគេ គឺជា​ការទាញតម្លៃមនុស្សធ្លាក់មកនៅត្រឹមសត្វតិរច្ឆានដោយខ្លួនឯង។
ជាទូទៅមនុស្សលោក​តែងតែធ្វើបុណ្យទាន​ដោយប្រាថ្នាសំរាប់អនាគត់ជាតិ​ កើត​ក្នុង​​សម្បត្តិ មនុស្ស ទេវតា ឬសម្បត្តិព្រះនិពាន្ត គឺជាជំពូកអ្នកមានបុណ្យ ផ្ទុយទៅវិញបើនរណា​ម្នាក់ភ្លាត់គតិទៅចាប់កំណើតជាប្រែត នរក ឆ្កែ ឆ្មា....ដែលជាពពួកសត្វតិរិច្ឆានដែលមិន​មាន​វិចារណញ្ញាណដូចមនុស្ស គឺគេសម្គាល់បានថាជាជំពូកអ្នកមានបាបច្រើន។
ក្នុង​ន័យ​នេះ ប្រហែលជាលោកកឹម សុខា ចង់ទៅកើតក្នុងជាតិ​កំណើតជា​សត្វហើយ​មើលទៅ បានជា សូម្បីតែសារនយោបាយរបស់ខ្លួនក៏ភ្ជាប់ជាមួយនូវពាក្យសត្វធាតុដែរ។ ដោយ​ឡែក បើពិនិត្យមើលអំពីសកម្មភាពជាក់ស្តែង គឺលោកកឹម សុខា ពិតជាមនុស្ស​ពូកែ​ភូត​កុហក់ សន្យាខ្យល់ ញុះញង់ បង្កនូវភាពចលាចលសង្គម ឆ្កឹះឆ្កៀល ចាក់ដោត ពង្រីក​រឿង​តូច ឲ្យ​ទៅ​ជារឿងធំ បំភ្លៃការពិត ចលចិត្តបំភ័ន្តពី ស ឲ្យទៅជាខ្មៅ ។ល។ និង​។ល។ ដែល​អំពើ​ទាំង​នេះ​ គឺប្រាកដច្បាស់​ណាស់​ថា គេចមិន​ផុតទេ នៅពេល​ស្លាប់ទៅ នឹង​ត្រូវតែ​កើត​ជាសត្វ។
មេបក្សដូចលោក កឹម សុខា គឺប្រឈមនឹងភាពផុយស្រួយ អាប់ឱនកេរ្តិ៍ឈ្មោះ​ដោយ​សារតែ ជានិច្ចកាល គាត់តែងតែបដិសេធមិនទទួលយកនូវការពិត។ ជាក់ស្តែងរាជ​រដ្ឋា​ភិបាល​កម្ពុជា បានរំដោះប្រទេសជាតិឲ្យរួចពីការកាប់សម្លាប់នៃរបប​ប្រល័យពូជ​សាសន៍​ ប៉ុល​ពត ក៏លោកកឹម សុខា មិនទទួលស្គាល់ ឬដឹងគុណថ្ងៃ៧មករា ថាជា ថ្ងៃដែល​គាត់​រួច​ពី​ស្លាប់​ដែរ នេះមិននិយាយដល់សមិទ្ធផលជាច្រើនដែលមាន​ក្នុងពេល​សព្វថ្ងៃ ហើយត្រូវ​បាន​​​បដិសេធដោយលោកកឹម សុខា​ថា ប្រទេសជាតិ គ្មានការរីកចំរើន​អ្វីបន្តិច សោះទៅវិញ​។
ការលើកឡើងបែបនេះ គឺ​គ្រាន់តែមានបំណងចង់បង្ហាញនូវការពិតអំពីអត្ត​ចរិតខ្លះ​របស់​មេបក្សប្រឆាំងដែលស្រដៀងគ្នា​ទៅនឹងទិដ្ឋភាពនៃកត្តាប្រវត្តិសាស្រ្ត ដែលខ្មែរបាន​ជួប​ប្រទះក្នុងអតីតកាល គឺការញុះញង់បំបែកបំបាក់ឯកភាពជាតិរវាងខ្មែរ និងខ្មែរ តាមរយៈ អ្នកនយោបាយទុច្ចរិតមួយចំនួន។ ជាក់ស្តែង កាលពីសម័យប៉ុលពត គឺពលរដ្ឋខ្មែរមួយ​ចំនួន​​ត្រូវបានគេយកទៅសម្លាប់ដោយគ្រាន់តែចោទថា«អ្នកឯងក្បាលយួនខ្លួនខ្មែរ»។
ការ​លាប​​ពណ៌ដាក់គ្នានេះ អ្នកដែលរងគ្រោះពិតប្រាកដ គឺសុទ្ធ​តែជាខ្មែរដូចគ្នា​ទាំង​អស់ ​​គ្មានបរទេស​ណា​ស្លាប់ទេ គ្រាន់តែជាង២ឆ្នាំប៉ុណ្ណោះពលរដ្ឋខ្មែរជាង២លាននាក់​ត្រូ​វ​បានយកទៅ​សំលាប់យ៉ាងអយុត្តិធម៌។
ឥឡូវយើងឃើញនូវទ្រឹស្តីមនោគមន៍វិជ្ជា របស់លោកកឹម សុខា បានបន្តពី​ប៉ុលពល​ទៀតហើយ គឺនយោបាយប្រឡាក់យួន ព្រោះបើយើងមើលទិដ្ឋភាពនយោបាយ​បែបកឹម សុខា គឺគាត់ចោទអ្នកដទៃមិនមែនជាខ្មែរទេ។ សូមបញ្ជាក់ថា ក្នុងសម័យប៉ុលពត ខ្មែរដែល​ត្រូវបានយកទៅសម្លាប់បូករួមទាំងឪពុកលោក កឹម សុខា ផង គឺគេចាត់ទុកខ្មែរទាំងនេះជា​សត្រូវ ឬខ្មាំងរបស់អង្គការ ដោយគេគ្រាន់តែចោទថា «ក្បាលយួនខ្លួនខ្មែរ ឬយួនបង្កប់​ឬក៏​យួនស៊ីរូងផ្ទៃក្នុង និងCIA អាមេរិកាំង» ជាដើម។ ឥឡូវនេះភាសានេះកំពុងត្រូវបាន​លោក​កឹម សុខា រើសយកមកប្រើ ហើយចូលដល់មនុស្សរាប់លាននាក់បោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជាត្រូវបានគេចោទអ្នកទាំងនេះថា «យួនបង្កប់» មានន័យថា គាត់ឥតយកខ្មែរ​ណាជាសត្រូវទេ គឺយកខ្មែរក្បាលយួន ឬខ្មែរស៊ីរូងផ្ទៃក្នុង ឬយួនបង្កប់ហ្នឹងឯងជាសត្រូវ​។ អ៊ីចឹង​ហើយបានយើង ឃើញថា ក្នុងចម្លើយសារភាពមេដឹកនាំប៉ុលពតដែលនៅរស់មាន ខៀវ សំផន, នួន ជា ជាដើមតែងបដិសេធ ហើយធ្វើមិនដឹង មិនឮពីការសម្លាប់ខ្មែរ ក្នុងរបប ការគ្រប់គ្រងរបស់ខ្លួន។
បើរំឭកបន្តិចទៀតក្នុងរបបនេះ សូម្បីតែខ្មែរគ្រាន់តែមានសាច់ឈាមជាខ្មែរ​កម្ពុជា​ក្រោម មានសម្លេងជាយួន ក៏ត្រូវបានប៉ុល ពត ចាត់ជាខ្មាំងដែរ។ តើនយោបាយសម្លាប់ ខ្មែរ​ដោយចោទប្រកាន់ថាបរទេសហ្នឹង តើវាបានប្រយោជន៍ដល់ប្រជាជាតិខ្មែរទេ? ចំណុចនេះ​សូមជនរួមជាតិខ្មែរពិចារណា។ មហាជនខ្មែរពិតជាបានស្គាល់ បានជឿ ចំ​ពោះអ្នក​ដែល​បាន​​​ជួយ​រំដោះខ្លួនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដើម្បីបុព្វហេតុក្នុងការ ការពារ​បូរណ​​​ភាពទឹកដី អធិបតេយ្យភាពពេញលេញ ក្នុងនាមជាពលរដ្ឋថ្លៃថ្នូរ និងម្ចាស់អំណាច​យ៉ាងពិតប្រាកដ។ បើដូច្នេះតើអ្នកដែលគ្រាន់តែនិយាយឲ្យរួចតែពីមាត់ទៅមានលទ្ធភាពអ្វី​ទៅ​​ប្រកួតប្រជែង​ជាមួយអ្នកដែលបានធ្វើយ៉ាងពេញទំហឹងដើម្បី ការពារផលប្រយោជន៍​ជាតិ និងប្រជារាស្រ្តនៅគ្រប់ដំណាក់កាលបាន។
បច្ចុប្បន្ន ខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិដោយខ្លួនឯង។ កម្ពុជា មានឯករាជ្យ អធិប​​តេយ្យ របស់ខ្លួនពិតប្រាកដ​មិនមែនស្ថិតនៅក្រោមប​រទេសដូចមេបក្សសិទ្ធមនុស្ស​ចោទ​ប្រកាន់នោះទេ។
ដូច្នេះលោក កឹម សុខា ដែលនិយាយថា មិនធ្វើឆ្កែ​បំរើយួន គឺគ្រាន់តែ​ជានយោបាយ​លាបពណ៌ខ្មែរ ឬក៏គ្រាន់តែជាការប្រកាសខ្លួនឯងប្រដូចទៅនឹងសត្វឆ្កែ​តែ​ប៉ុណ្ណោះ៕

បុរី រ័ត្ន