Friday, June 8, 2012

សម្តេចតេជោ បើក​ការដ្ឋាន​កសាង​ឡើង​វិញ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៦​ ពី​ក្រុង​សិរីសោភ័ណ​ ដល់​ក្រុង​សំរោង​ ប្រវែង​១១៣ គីឡូ​ម៉ែត្រ



កំណាត់ផ្លូវជាតិលេខ៥៦ ប្រវែង១១៣ គីឡូម៉ែត្រ ចាប់​ពីក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ដល់​ក្រុង​សំរោង ខេត្តឧត្តរ​មានជ័យ ដែល​ត្រូវ​បាន​ចាត់​ទុកជាច្រក​របៀង​សេដ្ឋកិច្ច ដ៏មាន​សក្តា​នុពល​ស្ថិត នៅប៉ែក ពាយ័ព្យ នៃ​តំបន់​ព្រំដែន របស់​ប្រទេស​កម្ពុជា បាន​ប្រារព្វពិធី​បើក​ការដ្ឋាន​ស្តារឡើង​វិញ នា​ព្រឹក​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២  ក្រោម អធិបតី​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ឥស្សរជន​ជាន់​ខ្ពស់ តំណាង​គ្រប់ស្ថាប័ន របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ឥស្សរជន​ការទូត តំណាង​អង្គការ​ជាតិ អន្តរជាតិ ពិសេសតំណាង​​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី និង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ នៃ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ ជាច្រើនរូប។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ ​​បាន​គូស​បញ្ជាក់​អំពី​​សារសំខាន់​នៃ​ការ​បន្ត​ខិត​ខំ​ប្រឹងប្រែង​របស់​ រាជរដ្ឋាភិបាល​ក្នុង​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស​ផង ​និង​ត​ភ្ជាប់​ទៅ​ក្នុង​តំបន់​តាម​រយៈ​កសាង​ផ្លូវ​ជា​តិ​លេខ​៥៦ នេះ​ ​។​
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍ថា ខ្ញុំ​នៅតែ​ប្រកាសថា ខ្ញុំ​អត់​ជឿ​ទេ​បើ​គ្រាន់តែ​ធ្វើ​សមា ហ​រណកម្ម​ជា​នយោបាយ និង​រដ្ឋបាល ហើយ​មិន​បានធ្វើ​សមាហរណកម្ម​ផ្នែក​រូ​ប​វន្ត គឺ​មិនអាច​ធានា បានទេ។ ព្រោះ​រដ្ឋបាលកណ្តាល​នឹង​បោះបង់ចោល​ទឹកដី​មួយផ្នែក និង​បោះបង់ចោល​ប្រជាពលរដ្ឋ​នៅ​តំ បន់​ចុងកាត់មាត់ញក ដោយហេតុ​នេះហើយ​បានជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល​នៅតែ​បន្ត​លើ​ដំណើរ ផ្លូវ ទឹក ភ្លើង និង​មនុស្ស​ជា​បន្តទៅទៀត​នោះ​។​សម្តេច​តេ​ជោ​ ថ្លែងឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ​យើង​កំពុងតែ​ខិតខំ​ធ្វើ ការតភ្ជាប់ ហើយ​ចំណុច​ត​ភ្ជាប់​នេះ​គឺជា​ចំណុច​អាទិភាព នៃ​នយោបាយ​របស់​រាជរដ្ឋាភិបាល​របស់​យើង ក៏ដូចជា​អាទិភាព​នៅក្នុង​ក្របខណ្ឌ​អាទិភាព​នៃ​ក្របខណ្ឌ​មហា​អនុតំបន់​មេគង្គ ដែល​ធនាគារ​អភិវឌ្ឍ​អា ស៊ី​មានការ​គាំទ្រ​បន្ថែម​ពីលើ​នោះ ហើយក៏​ជា​អាទិភាព​របស់​សមាហរណកម្ម​របស់​អាស៊ាន​នៅ ឆ្នាំ ២០១៥ ផងដែរ​។​

សម្តេចនាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍ឲ្យ​ដឹងថា ឥ​ឡូ​វ​​នេះ​យើង​កំពុងតែ​ភ្ជាប់​ទិស​​ពាយ័ព្យ ឧ​ត្ត​រ និង ទិស​ឥ​សាន្តហើយ​ យើង​នៅមាន​ភាគ​និរតី​ដែល​បាន​ត​ភ្ជាប់​រវាង​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ កំពត កែប ព្រែក​ចាក​ចូល​ទៅដល់​វៀតណាម ដែល​ការតភ្ជាប់​របស់​យើង​មាន​មួយ​ជុំវិញ​ប្រទេស​។​

​ ដោយ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទោះបី​ជា​នៅក្នុង​ឆ្នាំ ២០១៤ ឬ​២០១៥ ប្រាក់ ចំណូល​សរុប​​ប្រចាំឆ្នាំ​របស់​ប្រជា ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​នឹង​ទទួលបានរហូត​ដល់​ ១២០០ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយឆ្នាំក៏​ដោយ​ សម្តេច​តេ​ជោ​ បាន​ជំរាបជូន​តំណាង​ធនាគារ​អភិ​វ​ឌ្ឃ​អាស៊ី ដែល​បាន​ចូលរួម​ក្នុង ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​នោះ​ថា ​កម្ពុជា​នៅតែ​ត្រូវការ​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ ដែលជា​ពិសេស​គឺ​ឥណទាន​ស​ម្ប ទាន​ដែលមាន​ការប្រាក់​តិច និង​មាន​រយៈពេល​សង​យូរ​​។​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន ​ស្នើ​ឲ្យ ធនាគារ​អភិវឌ្ឍ​អាស៊ី​ផ្តល់ជំនួយ​បន្ថែម​លើ​ការសាងសង់​ផ្លូវលំ​ជនបទ​ចាក់​ កៅស៊ូ​ប្រវែង ១០០០ គីឡូ ម៉ែត្រ​ទៀត​ឲ្យ​បាន​មុន​គម្រោង​ផ្លូវ​ជាង ៥០០ គីឡូម៉ែត្រ​ដែល​កំពុងតែ​អនុវត្ត​ត្រូវ​ថ​បានបញ្ចប់​នោះ​។​

ឯកឧត្តម​ ត្រាំ អ៊ីវ​តឹក រដ្ឋមន្រ្តី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​ជាតិ​​លេខ៥៦ ប្រវែង១១៣ គីឡូម៉ែត្រ ពីក្រុង​សិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ដល់​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​ប្រារព្វ​ពិធី​បើក​ការដ្ឋាន សាងសង់​ឡើងវិញ​​នេះ មាន​ទទឹង​សរុប១១ ម៉ែត្រ​ក្នុង​នោះផ្ទៃ នៃ​ទ្រូងផ្លូវ ជា​ប្រភេទ​កំរាល​ថ្ម ស្រោច​កៅ​ស៊ូស្តើង​ពីរ​ស្រទាប់ DBST មាន​ទទឹង ១០ម៉ែត្រ មាន​ពីរគន្លង សំរាប់​រថយន្ត និង​ពីរគន្លង សំរាប់​ទោចក្រ​យានយន្ត និង​ចិញ្ចើម​ក្រាល​ក្រួស​ក្រហម សាង​សង់​ពង្រីកស្ពាន ២កន្លែង​ប្រវែង ៦៦ម៉ែត្រ លូ​គ្រប់ប្រភេទ​ចំនួន ១៦៨ កន្លែង​ប្រវែង​ជាង ២ពាន់ ៤១៧ ម៉ែត្រ រួមទាំង​ការសាង​សង់​អគារ​ប៉ុស្តិ៍​ព្រំដែន និង​បំពាក់​ឧបករណ៍​សម្ភារៈ គ្រឿង​បរិក្ខារ​ទំនើមៗ សំរាប់​ការត្រួត​ពិនិត្យ​ការឆ្លង​កាត់​ព្រំដែន នៅ​ច្រកទ្វារ​ព្រំដែន​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។ ឯកឧត្តម រដ្ឋមន្រ្តី មាន​ប្រសាសន៍ ឲ្យដឹង​ដែរថា គំរោង​នេះ នឹង​ចំណាយ​អស់ថវិកា​សរុបប្រមាណ ៤៥ លានដុល្លា​អាមេរិក ក្នុង​នោះ ១៦​លាន​ដុល្លា ជាថវិកា កម្ចី​ឥណទាន របស់​ធនាគារ​អភិវឌ្ឍអាស៊ី និង​២៩ លានដុល្លា​អាមេរិក​ទៀត ជា​កម្ចី​ឥណទាន ពី​សាធារណ​រដ្ឋកូរ៉េ។ ការ​សាងសង់ នៅពេល​នេះ​ត្រូវបាន​អនុវត្ត​ដោយឡែក​ពីគ្នា ក្នុងនោះ​កំណាត់​ផ្លូវ ពី​សិរីសោភ័ណ ដល់​ស្វាយចេក ប្រវែង ២៩គីឡូ ម៉ែត្រ ជា​ហិរញ្ញប្បទាន​របស់​ ADB​អនុវត្ត​ដោយ​ក្រុមហ៊ុន តាន់គឹមអេង សហការ​ជាមួយ​ក្រុមហ៊ុន BCDC ​របស់ថៃ សាងសង់ រយៈ​ពេល​ ២២ខែ គ្រោងនឹង​បញ្ចប់ នៅ​ពាក់កណ្តាល​ឆ្នាំ២០១៣។ រីឯពីស្វាយ​ចេក ដល់​ក្រុង​សំរោង ប្រវែង ៨៤ គីឡូ​ម៉ែត្រ ជា ហិរញ្ញប្បទាន របស់​ប្រទេស​កូរ៉េ អនុវត្ដ ដោយ​ក្រុមហ៊ុន គុមហូ សហការ​ជាមួយ​ក្រុមហ៊ុន ហ្វាងបូ របស់​ប្រទេស​កូរ៉េ សាងសង់​រយៈពេល ២៨​ខែគ្រោង និង​បញ្ចប់​នៅពាក់​កណ្តាល​ឆ្នាំ២០១៤។

ឯកឧត្តម ត្រាំ អ៊ីវតឹក បញ្ជាក់​ថា ផ្លូវជាតិ​លេខ ៥៦ នេះ គម្រោង​ទាំងមូល​មាន​ឈ្មោះថា គម្រោង​ស្ថាបនា​ផ្លូវថ្នល់​ទិសពាយ័ព្យ​ប្រទេស​កម្ពុជា ដែលជា​ផ្លូវ យុទ្ធសាស្ត្រ​យ៉ាងសំខាន់ ត​ភ្ជាប់​ខេត្តបន្ទាយមានជ័យ​ទៅនឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​ជា​ផ្លូវ​ផ្គត់ផ្គង់ សមរភូមិ ដើម្បី​យក​ប្រៀប និង​ឈរ​យ៉ាងរឹងមាំ ការការពារ​ខ្សែក្រវ៉ាត់​ព្រំដែន​នៃ​មាតុភូមិ​ទៀតផង​។​ឯក ឧ​ត្ត​ម​រដ្ឋមន្ត្រី​ថ្លែងថា បន្ទាប់ពី​សាងសង់​រួច​ផ្លូវជាតិ​លេខ ៥៦ នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​បន្ថែម ទៀត​ក្នុង​ការធ្វើទំនាក់ទំនង​ និង​ការធ្វើដំណើរ​រវាង​ខេត្ត​បន្ទាយ​មានជ័យ ឧ​ត្ត​រ​មានជ័យ តំបន់​ភូមិភាគ ខាងជើង​ទាំងមូល និង​ត​ភ្ជាប់​ទៅ​តំបន់​ប្រាសាទព្រះវិហារ ដែលជា​តំបន់​ទេសចរណ៍​ចប្ប​ធម៌​ប្រវត្តិ សាស្ត្រ​ដ៏​រុងរឿង​របស់​កម្ពុជា ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក និង​ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​មនុស្ស ជាតិ​ទាំងមូល​នោះ​៕​