Friday, June 8, 2012

ឯកឧត្តម កែវ រ៉េមី ៖ ការលើក​ឡើង​របស់ ប្រេដ អាដាម ដោយ​សារ​គំនុំ​បុគ្គល ​និង​សង​សឹក ​ចង់​ធ្វើ​ឲ្យ សភាព​ការណ៍​កម្ពុជា​ទៅ​រក​ភាព​អន្តរាយ


ឯកឧត្តម​ កែវ រ៉េមី រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី និង​ជា​អនុប្រធានអង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស​​របស់​​ទីស្តីការគណៈរដ្ឋមន្រ្តី បាន​ច្រានចោលការលើកឡើងរបស់ លោក ប្រេដ អាដាម (Brad Adams)នាយក​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី​ ដែល​បាន​ចោទ​​ប្រកាន់​រាជ​រដ្ឋាភិបាល​កម្ពុជាថា បានកាន់​អំណាច​ផ្តាច់ការ។

នៅក្នុងសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២នេះ ដែលរៀបចំឡើងនៅ ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ឯកឧត្តម​ កែវ រ៉េមី មាន​ប្រសាសន៍​​ថា អ្វី​ដែល​​ជា​ការ​កត់​សម្គាល់​របស់​ខ្ញុំ​ ការចោទ​ប្រកាន់​របស់​លោក អាដាម ដែល​ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ គឺ​ជា​រឿង​បុគ្គល​ ធ្វើឡើង​ដោយ​សារ​ការ​ស្អប់​ និង​​​គ្រាន់​តែជា​ការ​សង​សឹក​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យកម្ពុជាវឹកវរទៅរកភាពអន្តរាយ។ ឯកឧត្តម​ កែវ រ៉េមី បាន ​អះអាង​ថា នៅ​កម្ពុជា​មាន​សេរីភាព​គ្រប់​គ្រាន់​ ជា​ពិសេស​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សារព័ត៌មាន ។​ ជាក់​ស្តែង​​គ្មាន​ការ​ត្រួត​​ពិនិត្យ​ពី​រដ្ឋាភិបាល​ចំពោះ​ការ​សរសេរ​ អត្ថបទ​​របស់​អ្នក​សារព័ត៌មាន​ឡើយ​។​ ទាក់​ទង​នឹង​ការ​យក​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​មក​ ប្រៀប​ធៀប​ជា​មួយ​កម្ពុជា ដោយ​លោក ប្រេដអាដាម​ ឯកឧត្តម​ កែវ រ៉េមី បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សភាព​ការ​ណ៍កម្ពុជា​​ខុស​ពី​សភាព​ការណ៍​នៅ​បណ្តា​ប្រទេស​អារ៉ាប់​ ដែល​គ្មាន​ការ​​បោះ​ឆ្នោត​ គ្មាន​សេរីភាព​សារព័ត៌មាន ហើយ​ប្រទេស​ខ្លះ​នារី​ ឬ យុវជន​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​។ ផ្ទុយ​ទៅ​វិញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ទៀងទាត់​ អំណាច​បែង​ចែក​ដាច់​ពី​គ្នា​រវាង​ សភា រដ្ឋាភិបាល និង​តុលាការ​។​ ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ គឺ​ជា​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​មូលដ្ឋាន​។

ទាក់​ទង​នឹង​ការ​កាន់​អំណាច​យូរ ដោយ​សម្តេច​តេជោ​ ហ៊ុន សែន  ឯកឧត្តម​ កែវ រ៉េមី បាន ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខុស​ពី​ប្រទេស​ប្រកាន់​​របប​​ប្រធានាធិបតី​និយម​ ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រកាន់​របប​សភា​និយម​ ដូច្នេះ​គណបក្ស​ណា​ដែល​ឈ្នះ​ឆ្នោត​ គណបក្ស​នោះ​មាន​សិទ្ធិ​ផ្គូរផ្គង​ បេក្ខជន​ ​របស់​គណបក្ស​ខ្លួន​ ដើម្បី​​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​។​ សម្រាប់​សម្តេច​តេជោ ដែល​តាមការ​ស្ទង់​មតិ​​មាន​ការ​គាំ​ ទ្រ​​ពី​ប្រជាពលរដ្ឋ​ជិត​ ៩០% ត្រូវ​បាន​ កំណត់​ថា ជា​បេក្ខជន​នាយក​រដ្ឋ​មន្រ្តី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច្នេះ​ប្រជាជន​គឺ​ជា​អ្នក​គាំទ្រ​​សម្តេច​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី​។​ ឯកឧត្តម​ កែវ រ៉េមី បាន​បញ្ជាក់​ថា ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ធ្វើ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព គ្មាន​ភាព​រញ៉េរញ៉ៃ ផ្ទុយ​ពី​ប្រទេស​ខ្លះ​មាន​អំពើ​ហិង្សា​ មាន​ការ​ផ្ទុះ​គ្រាប់​បែក​។​

 សូម​បញ្ជាក់​ផង​ដែរថា កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមិថុនា ឆ្នាំ២០១២ ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គ​រាជ​ទូតខ្មែរប្រចាំនៅចក្រភព អង់គ្លេស បានបញ្ចេញ ប្រតិកម្មថ្កោល​ទោសអត្ថបទ​មួយរបស់​លោក ប្រេដ អាដាម ប្រធានអង្គការ ​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​បានរិះគន់​មកលើ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋកម្ពុជា ដែល​បាន​បោះ ឆ្នោតជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ៣ មិថុនា ឆ្នាំ២០១២​ផង​ដែរ​។

សេចក្តី ​ប្រកាសព័ត៌​មាន របស់​ស្ថានទូត​កម្ពុជា ប្រចាំនៅ​ចក្រភពអង់​គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ន័រវ៉េស អេព្យូពី និងសហភាព​អាហ្វ្រិក បានឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បានថ្កោល​ទោស​ចំពោះ​អត្ថបទ​ដ៏គំរោះ​គំរើយ នៅក្នុង​កាសែត The International Herald Tribune ដែល​ត្រូវបាន លោក ប្រេដ អាដាម ប្រើ​ដើម្បី​ធ្វើការវាយ ប្រហារ​មក​លើសម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា៕