Tuesday, June 19, 2012

បទអត្ថាធិប្បាយ៖ ហេតុអ្វី កឹម សុខា ទៅចងសម្ព័ន្ធមិត្តជាមួយ ទណ្ឌិត?


បទអត្ថាធិប្បាយ
ដោយ ឧត្តម សក្តិ

ហេតុអ្វី កឹម សុខា ទៅចងសម្ព័ន្ធមិត្តជាមួយ ទណ្ឌិត?

ក្នុងនាមជាគណបក្សនយោបាយស្របច្បាប់ ហើយថែមទាំងមានអាសនះក្នុងរដ្ឋសភាថែមទៀតនោះ លោក កឹម សុខា ដែគេស្គាល់ថា ជាមេបក្សសិទ្ធិមនុស្ស បែរជាបានប្រកាសជាធារណៈ តាមប្រព័ន្ធ​ផ្សព្វផ្សាយនានា អំពីជំហររបស់ពួកគាត់ក្នុងការបង្រួបបង្រួមជាមួយគណបក្ស សម រង្ស៊ី ដែលមេបក្សមួយ​នេះជាអ្នកទោសនិរទេស ។
នរណាក៍បានដឹងដែរថា ដោយក្តីភ្លើតភ្លើននឹងនយោបាយប្រឆាំងផ្កាប់មុខ ជ្រុលនិយម បានបង្ករ​អោយ លោក សម រង្ស៊ី ក្លាយជាទណ្ឌិត ដែលសម្រេចដោយតុលាការកម្ពុជា លើបទចោទប្រកាន់បី​ករណីផ្សេងៗគ្នា មានស្ថានទំងន់ទោសដល់ទៅជាង ១០ ឆ្នាំ ។ យ៉ាងដូចនេះ បើគេនាំគ្នាក្រឡេក​មើលពី​ស្ថានភាពនយោបាយរបស់លោក សម រង្ស៊ី ក្នុងពេលបច្ចុប្បន្នអោយបានច្បាស់នោះ គេនឹងឃើញថា បុគ្គលម្នាក់នេះកំពុងស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យឺន អាប់ឱនជាទីបំផុត ដោយសព្វថ្ងៃការរស់នៅរបស់គាត់​បានអោបក្រសោបតាមជាប់ជាមួយនូវទោសទណ្ឌ ដែលជាហេតុធ្វើអោយបាត់សិទ្ធិនយោបាយទាំងស្រុង ។
បើលោក សម រង្ស៊ី ជាទណ្ឌិត ថែមទាំងបាត់អស់សិទ្ធិនយោបាយ ចុះហេតុអ្វីបានជា លោក កឹម សុខា ប្រកាសចងសម្ព័ន្ធមិត្តក្នុងការបង្រួបបង្រួមបក្សតែមួយជាមួយនិងអ្នកទោសនោះទៅវិញ?
ដោយមើលឃើញពីភាពចំណេញផ្នែកនយោបាយ ខណៈពេលដែលស្ថានភាពត្រដរខ្យល់របស់ សម រង្ស៊ី កំពុងតែមានការបែកបាក់ជាទ្រង់ទ្រាយធំជាបន្តបន្ទាប់ បាត់បង់ការគាំទ្រតាំងពីលើដល់ក្រោម ឈានទៅរកការរលំរលាយគណបក្សនាពេលដ៏ខ្លីខាងមុខ មេបក្សឱកាសនិយមសិទ្ធិមនុស្ស កឹម សុខា បានឆ្លៀតពេលនេះដើម្បីលេបត្របាក់យកនូវ កំអែល កំទេចកំទី ដែលនៅសេសសល់ ពីគណបក្ស សម រង្ស៊ី តាមរយៈនយោបាយ « ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ» ស្អីគេនោះ ។
ឥរិយាបទប្រែប្រួលមិនទៀងទាត់ របស់ កឹម សុខា បានធ្វើអោយមេបក្សប្រឆាំងរូបនេះនឹកឃើញ​នូវ​នយោបាយចាស់ដែលហៅថា (សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ) ធ្លាប់បានបរាជយ័កាលពីប៉ុន្មានឆ្នាំកន្លង​មក បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជាតិ ឆ្នាំ២០០៨ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹក ភ្លូកដីនោះ ។ ឥឡូវនេះដោយមើលឃើញពីភាពប្រាកដនូវបរាជ័យជាថ្មីទៀតក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីថ្ងៃទី ០៣ មិថុនា ដែលបង្ហាញពីភាពខ្លាំង ឈ្នះដ៏លើសលុប របស់គណបក្សប្រជាជន​កម្ពុជាដដែលនោះ បានធ្វើអោយអ្នកនយោបាយមុខចាញ់ដដែលៗ   ជ្រើសយកការបង្រួបបង្រួម ច្របាច់​ប​ញ្ចូលគ្នា​ដើម្បីបង្កើតបក្សតែមួយនេះមកអនុវត្តន៏ដដែល។  
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ដែលផ្តួចផ្តើមដោយ កឹម សុខា ធ្លាប់ទទូលរងនូវការប្រមាថពី សម រង្ស៊ី កន្លងរួចមកហើយ ដែលកាលនោះ លោក សម រង្ស៊ី បានចាត់ទុកគណបក្ស សិទ្ធិមនុស្សថា​ ជាគ្រាប់​ខ្សាច់ ដោយលើកតំកើងបក្សខ្លួនថា ជាភ្នំ ហើយថែមទាំងអះអាងថា ភ្នំមិនអាចច្របាច់បញ្ចូលជាមួយនឹង​ខ្សាច់បាននោះទេ ។ ចុះហេតុអ្វីនៅពេលនេះ ភ្នំរង្ស៊ី ព្រមប្រកាសទទួលយកការសុំបង្រួបបង្រួមពីខ្សាច់​ កឹម សុខា នោះទៅវិញ? តើមានហេតុផលនយោបាយអ្វីខ្លះដែលនៅពីក្រោយខ្នងអ្នកនយោបាយ ប្រជាភិថុតិ​ទាំងពីរនេះ? តើការរួបរួមនេះអាចដំណើការទៅបានក្នុងកំរិតណា?
ជុំវិញការប្រកាសបង្កើតសម្ព័ន្ធភាពរបស់គណបក្សប្រឆាំងទាំងពីរ ត្រូវបានអ្នកតាមដានស្ថានការណ៏​នយោបាយកម្ពុជាវាយតម្លៃថា: "ជាសម្ព័ន្ធភាពទឹកកក កណ្តាលថ្ងៃត្រង់" បង្កើតដើម្បីតែការរលាយ​វិញតែ​ប៉ុណ្ណោះ ព្រោះជាលក្ខណះសត្យានុមត័ ទឹកកក មិនអាចទប់នឹងកំដៅថ្ងៃបាន ហើយទឹក ក៏មិនអាច​រលាយ​បញ្ចូលគ្នាជាមួយ និងប្រេងនោះដែរ យ៉ាងណាមិញ ជាលក្ខណះនៃចរិកធម្មជាតិរបស់លោក សម រង្ស៊ី និង កឹម សុខា មិនអាចនិងចុះសំរុងគ្នាបាន ដោយអ្នកទាំងពីរជាអ្នកនយោបាយអាជីព មានជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ខាង បោកប្រាស់ ភូតភរ ដើម្បីលាបសក្ការៈ ក្នុងមហិច្ឆិតា បំពេញក្តីសុបិន្តកណ្តាល​ថ្ងៃត្រង់ថា និងបានក្លាយជានាយករដ្ឋ​មន្រ្តី រៀងៗខ្លួននោះ។ បើម្នាក់ៗសុទ្ធតែចង់ធ្វើធំ ធ្វើជាមេបែបនេះ តើ​នណាជាមេ​បក្ស? តើកឹម សុខា អាចជ្រកក្រោមដំបូលផ្លាក គណបក្ស សម រង្ស៊ី បានដែរឬេទ? តើ សម រង្ស៊ី អាចដោះស្លាកបក្សដែលមានលក្ខណៈជារបស់បុគ្គលផ្ទាល់ខ្លួនបានដែរឬអត់?
ក្នុងភាពជាមនុស្ស ដែលមានចរិតរឹងរូស មិនចេះទទួលស្គាល់ការពិត អត្តនោម័ត គ្រួសារ បក្សពួក​ជ្រុលនិយម របស់ លោក សម រង្ស៊ី បញ្ជាក់ច្បាស់ណាស់ថា មិនអាចនិងចុះសំរុងគ្នានិង ចរិតអំនួតក្អេង​ក្អាង ច្រលោងខាម មិនចុះញ៉ម របស់លោក កឹម សុខា នោះបានទេ ។
បើយ៉ាងដូច្នេះ ការចងសម្ព័ន្ធភាព ឬ ការបង្រួបបង្រួមបញ្ចូលគ្នាជាបក្សតែមួយនោះវាគ្រាន់តែជា​លេស ដើម្បីតែការបោកបញ្ឆោតគ្នា ទាញយកផលចំណេញខាង នយោបាយរៀងៗខ្លួនតែប៉ុណ្ណោះ ។ តើ​ក្នុងល្បែងនយោបាយ លើវិថីដ៏ផុយស្រួយនេះ សម រង្ស៊ី បោក កឹម សុខាកឹម សុខា ជាអ្នកបោក សម រង្ស៊ី? ចំលើយនេះ និងមានក្នុងពេលដ៏ខ្លីខាងមុខ!
សរុបសេចក្តីមក ទោះបីជាក្នុងលក្ខណៈដែលគណបក្ស សម រង្ស៊ី និង សិទ្ធិមនុស្ស ឬ គណបក្ស ហ្វុនស៊ីនប៉ិច និង នរោត្តម រាណឬទ្ធិ ច្របាច់បញ្ចូលគ្នាយ៉ាងណាក៏ដោយ ក៏លទ្ធផលបឋម ក្នុងការបោះ​ឆ្នោត​ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងពេលថ្មីៗកន្លងទៅនេះបានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានភាពឈ្នះដាច់ រហូតដល់ទៅ ១៥៩១ លើឃុំ-សង្កាត់សរុប ១៦៣៣នៅ​ទូ​ទាំង​ប្រទេស គឺឈ្នះស្នើនឹង៧៦% ដែល​លទ្ធ​ផលនេះជាកញ្ចក់ធ្លុះបញ្ចាំងពីលទ្ធផល​ក្នុងការបោះឆ្នោតថ្នាក់ជាតិនា​ឆ្នាំ​២០១៣ ខាងមុខនេះ៕