Sunday, June 17, 2012

ដំណើរ​ទស្សនៈ​កិច្ច​របស់​​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ទៅ​កាន់​ប្រទេស​ចិន​


ភ្នំពេញ​ ថ្ងៃ​ទី ១៧ ខែ​មិថុនា ឆ្នាំ ២០១២
តបតាមការ​អញ្ជើញ​ជា​ផ្លូវ​ការ​ពីសំណាក់​ ការិយាល័យ​ព័ត៌​មាន​របស់​ក្រុមប្រឹក្សា​រដ្ឋ
នៃ​​សាធារណ​រដ្ឋ​​ប្រជា​មានិត​ចិន​គណៈ​ប្រតិភូ​ដែល​មាន​សមាជិក​ចំនួន ០៦ រូប ​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ ដឹកនាំ​ដោយ​ឯកឧត្តម​ ស្វាយ​ ស៊ីថា រដ្ឋលេខាធិការ​ និង​ជា​​ប្រធាន​អង្គភាព​ព័ត៌មាន​និង ប្រតិកម្ម​រហ័ស ​បានចេញដំណើរទៅកាន់
សាធារណរដ្ឋ ប្រជាមានិតចិន​នៅ​ថ្ងៃ​ទី១៧ ខែ មិថុនា​ ឆ្នាំ២០១២ ដើម្បីធ្វើ​ទស្សនៈ​កិច្ច​​រយៈ​ពេល​ ០៧ ថ្ងៃ ​ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​​បទ ពិសោធន៍ទៅ​វិញ​ទៅ​មក​​​​ក្នុង​វិស័យ​ព័ត៌​មាន​ និង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ។

សមាជិក​ផ្សេង​ទៀត​នៃ​គណៈ​ប្រតិភូ​រួម​មាន ឯកឧត្តមកែវ​ រ៉េមី រដ្ឋ​លេខាធិការ​ និង​​ជា​អនុប្រធាន​អង្គភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័ស ឯកឧត្តម​សាស្ត្រា​ចារ្យ ប៉ែន ងឿន​ ទីប្រឹក្សា​​​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​សមាជិក​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ឯកឧត្តម​ លី គាំ ​ទី​ប្រឹក្សា​រាជរដ្ឋា​​ភិបាល និង​ជា​សមាជិក​អង្គភាព​ព័ត៌​មាន​ និង​ប្រតិកម្មរហ័ស លោក នូ សាវុធឌី អនុប្រធាន​​នាយក​ដ្ឋាន​សារគមនាគមន៍ និង​លោក ញ៉ែត​ ចាន់ មន្ត្រី​​នាយក​ដ្ឋាន​ព័ត៌មាន។

នៅ​មុន​ពេល​ចេញ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំ​ពេញ​ ឯកឧត្តម​ ស្វាយ​ ស៊ីថា មាន​ប្រសាសន៍ថា “ទស្សនៈ​កិច្ច​នេះ​​គឺ​ជា​ឱកាស​ដ៏​ធំធេង​មួយ​សម្រាប់​​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ​​ដើម្បី​រៀន​សូត្រ​ និង​ចែក​រំលែក​បទពិសោធន៍​​ជា​មួយ​នឹង​ការិយាល័យ​​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សារដ្ឋ​នៃ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន​។ ជាង​នេះ​ទៅ​ទៀត​ កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេសទាំងពីរ ក្នុង​ផ្នែក​ព័ត៌​មាន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ចាំ​បាច់​ត្រូវ​បង្កើន​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ធ្វើ​ឲ្យបានរិតតែប្រសើរ​ឡើង​​ដល់​ទំនាក់​ទំនង ​​កម្ពុជា​-ចិន​ ព្រម​ទាំង​​ការ​ធ្វើ​ឲ្យបានរិតតែ​ប្រសើ​ឡើង​ដល់​ការ​អភិវឌ្ឍន៍ សេដ្ឋ​កិច្ច​របស់​ប្រទេស​ កម្ពុជា​-ចិន​ ផង​ដែរ។  ​ទី​បញ្ចប់​ ខ្ញុំ​មាន​ទំនុក​​ចិត្ត​ថា ដៃគូ​​​​ទ្វេ​ភាគី​យុទ្ធ​សាស្ត្រ ដ៏ទូលំ​ទូលាយ​គ្រប់ជ្រុងជ្រោយរវាង​ប្រទេសទាំង​ពីរ​​ រដ្ឋាភិបាលទាំងពី​ និង​ប្រជា​ជន​ទាំងពីរ​នឹង​បន្ត នាំមកនូវកិច្ច​សហប្រតិបត្តិការ​​យ៉ាង​ល្អ​ប្រសើរ​ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​។ ដោយ​ឈរ​ លើទស្សនៈ​នេះ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ​​ប្តេជ្ញាចិត្ត​​យ៉ាង​មុត​មាំ​​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​ ជា​មួយ​នឹង​ការិយាល័យ​ព័ត៌​មាន​របស់​ក្រុម​ប្រឹក្សា​រដ្ឋ​ចិនដើម្បី​ធ្វើ​ឲ្យរិតតែ​ប្រសើ​ឡើង​ថែម​ទៀត​ដល់​កិច្ច​សហប្រតិបត្តិការ​នេះ​តាម​រយៈ​ព័ត៌​មាន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​​”៕​