Tuesday, June 12, 2012

បទអត្ថាធិប្បាយ៖ តើនរណាជាអ្នក​បញ្ចប់ជីវិត​នយោបាយ​របស់ សម រង្ស៊ី?


បទអត្ថាធិប្បាយ
តើនរណាជាអ្នក​បញ្ចប់ជីវិត​នយោបាយ​របស់ សម រង្ស៊ី?


          នៅទីបំ​ផុត​ យុទ្ធសាស្ត្រ​បំ​ផ្លិចបំ​ផ្លាញ​ដ៏ជ្រុល​និយម​ រួម​ផ្សំ​ជាមួយ​នឹង​ភាព​ច្រឡោង​ខាមក្នុង​អត្តភាព​ជាមេដឹក​នាំបក្ស​ប្រឆាំងដែល​ប្រកាន់​​ទម្លាប់យក​ច្បាប់​ទ្រាប់​អង្គុយ​ និង​ការ​មិនបាន​​ផ្លាស់​ប្តូរ​ឥរិយាបថនៅ​ពី​ក្រោយ​កំ​ហុសដ៏ធំ​របស់​ខ្លួន​ បាន​នាំឱ្យ​លោក​សម រង្ស៊ី​​ ដើរដល់​ផ្លូវ​ទាល់​ច្រក​ ស្មើនឹងការសម្រេច​ចិត្ត​ដាក់​ខ្នោះ​ជើង​ដោយ​ខ្លួន​ឯង​។ តើស្ថានភាព​ដ៏អាក្រក់នេះ​ នរណាជាអ្នក​បិទផ្លូវ​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​ស្រុក?​​​​ ។
          លោក សម រង្ស៊ី ត្រូវ​អវត្តមាន​នៅក្នុង​ប្រទេស​របស់​ខ្លួន បន្ទាប់ពី​លោកបាន​កសាងនូវ​កំ​ហុស​ព្រហ្មទណ្ឌក្នុង​រឿង​ដក​បំ​ផ្លាញ​តម្រុយ​បង្គោលព្រំ​ដែនកម្ពុជា‑ វៀតណាម ក្នុង​អ្វី​មួយ​ដែល​លោករំ​ពឹង​ទុក​ថា នឹង​ទទួល​បាននូវផលប្រយោជន៍​ត្រឡប់មក​វិញ​  គឺការ​គាំទ្រពី​ប្រជាពល​រដ្ឋនៅ​​ទូ​ទាំង​ប្រទេស ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​សកម្មភាព​បំ​ពាន​ផ្លូវ​ច្បាប់​នោះ​ បាន​នាំឱ្យ​មហិច្ឆិតារបស់​គាត់ត្រូវ​បាន​កាច់​បំ​បាក់។
          ដោយ​មានទំ​នុកចិត្ត​លើ​ខ្លួន​ឯង​ជ្រុល​ហួសហេតុ​ ​​មួយ​ជី​វិត​នយោបាយរបស់លោក សម រង្ស៊ី គ្មាន​អ្វី​ក្រៅពី​ការ​ដើរអួត​ប្រាប់​សហគមន៍អន្តរជាតិ និង​ក្រុមអង្គការ​ប្រឆាំងមួយ​ចំនួន​នៅ​ឯ​បរទេ​ស​​ដោយភាព​ជឿជាក់​ថា លោកប្រាកដជាមានសមត្ថភាពគ្រប់គ្រាន់ក្នុង​ការបណ្តេញ​សម្តេចតេជោ ហ៊ុន សែន ចេញ​ពី​ដំ​ណែង​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃណាមួយ​ដែល​លោកអាចធ្វើ​ទៅ​បាន​។
ប៉ុន្តែ ម្តង​ហើយ​ម្តង​ទៀត បន្ទាប់ពី​បរាជ័យ​នៅលើ​ទី​លានប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ តាម​រយៈការបោះ​ឆ្នោតដោយ​ស្មើភាព ​ដោយ​សេរី​ ត្រឹម​ត្រូវ​ យុត្តិធម៌ និង​តម្លាភាព​ ​ក្នុង​ការ​ដណ្តើម​សម្លេង​ឆ្នោតពី​ប្រជាពល​រដ្ឋអស់ពេល​៣អាណត្តិ​កន្លងទៅ​ លោក សម រង្ស៊ី​ បាន​រីង​ស្ងួត​អស់នូវ​សារ​នយោបាយ​ដែល​ធ្លាប់បាន​ទទួលការ​ទាក់​ទាញសម្លេង​គាំទ្រពី​​ម្ចាស់​ឆ្នោត​បាន​មួយ​ចំ​នួន រហូត​ធ្លាក់​មកដល់​ការ​បាត់​ទំនុក​ចិត្តស្ទើរតែទាំងស្រុង ដូចលទ្ធផលបណ្តោះអាសន្ន​ត្រូវ​បាន​បង្ហាញ​ក្រោយការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ‑​សង្កាត់​កាលពី​ថ្ងៃទី​៣ ខែ មិថុនា ឆ្នាំ២០១២ គឺបក្សសម​ រង្ស៊ី ទទួល​បានការគ្រប់​គ្រង​​ឃុំ​ចំ​នួន​តែ២៣ប៉ុណ្ណោះ​ក្នុង​ចំ​ណោម​​ឃុំ សង្កាត់១៦៣៣នៅ​ទូ​ទាំង​ប្រទេស។
ការ​​​ដាំក្បាលចុះ និង​ការ​បាត់​សិទ្ធិ​នយោបាយ​ទាំងស្រុង​ បាន​ជម្រុញ​ឱ្យ​លោក សម រង្ស៊ី ប្រើស្នៀត​ថ្មីៗជាច្រើន​ដ៏គ្រោះថ្នាក់​សម្រាប់​ជាតិ​ គឺការ​ប្រើយុទ្ធសាស្ត្រទាក់ទាញ​ ដោយ​ញុះញង់​ បង្កភាព​ចលាចលសង្គម និង​បំ​ផុសឱ្យ​មាន​ការ​ងើប​ឡើង​បះ​បោរដូចនៅពិភព​អារ៉ាប់។
មួយ​ថ្ងៃ មុនពេល​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លោក​សម​ រង្ស៊ី បាន​ផ្ញើ​សារ​បោកប្រាស់​ម្ចាស់ឆ្នោតថា ក្រោយការបោះ​ឆ្នោត​នេះ​រួច លោកនឹង​ត្រឡប់​ចូលមក​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​វិញ​ដោយ​មិនចាំបាច់​ចរចា និយាយ​ជាមួយ​សម្តេចតេជោ ហ៊ុន សែនទេ​ ដោយ​ចាត់​ទុក​ថា សម្តេចតេជោ ​ជាអាយ៉ង​គេ គឺលោក សម រង្ស៊ី ​អះ​អាង​ថា នឹង​ទៅ​និយាយជាមួយ​ចៅហ្វាយ​នាយ​របស់​ហ៊ុន ​សែន​ វិញដើម្បី​ឱ្យ​គេដាក់​ការគាប​សង្កត់មកលើសម្តេច។
គេបាន​កត់​សម្គាល់​ឃើញ​ថា កន្លង​មក​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ មិន​ដែល​ផ្ញើ​សារណាមួយ​បិទទ្វាការវិល​ត្រឡប់​មក​វិញ​របស់​លោក សម​ រង្ស៊ីម្តង​ណាទេ។ ប៉ុន្តែ គេបាន​ឃើញ និង​ឮជាបន្ត​បន្ទាប់​ពី​ទណ្ឌិត សម​ រង្ស៊ី ស្រែក​​ពី​ក្រៅ​ប្រទេស​មកដើម្បី​បិទបាំងកំ​ហុសរបស់​ខ្លួន​​ ដោយ​ព្រមាន​ឥតឈប់​ឈរថា​ អន្តរជាតិ និង​ប្រទេសមហាអំ​ណាចធំ​ៗ គេនឹង​ដាក់​ការ​គៀប​សង្កត់​មក​លើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ ។ សម្លេង​នេះ វាពិត​ជាដូច «សត្វ​ក្អាត់​នៅ​ក្នុង​ក្អម​មែន» នេះ​ គឺជាការ​ប្រដូចរបស់​សម្តេចតេជោ​ហ៊ុន សែន ឆ្លើយ​តប​ចំ​ពោះ​​ទង្វើ​របស់ទណ្ឌិត​ សម រង្ស៊ី ។
សម្តេចតេជោ​ហ៊ុន សែន បាន​សុំ​ឱ្យ​មេដឹក​នាំបក្ស​ប្រឆាំងរូប​នោះ​ថត និង​កត់​ត្រាសម្តី​ខ្លួន​ឯង​ទុក​ ហើយ​បាន​ជម្រុញ​ឱ្យ​ទៅ​ចរចាជាមួយ​វៀតណាម និង​អ្នកដែលមាន​ឥទ្ធិពល​លើវៀតណាម​ ដើម្បី​ដាក់​សម្ពាធវៀតណាម​។ សម្តេច ក៏បានប្រៀប​ប្រដូចសម្តីនេះ​ទៅនឹង​សម្តី​​របស់​​លោក ខៀវ សំ​ផន​ ដែលបាន​ប្រើ​នៅ​ពេល​ដែល​លោកជិត​ឈាន​ជើង​ទៅ​ចរចាជាមួយសម្តេចព្រះ​បាទ​​នរោត្តម សីហនុ សម្តេចថា​លោក ខៀវ សំ​ផន ក៏បាន​និយាយ​ដូចគ្នា​ថា មិន​ត្រូវ​ទៅ​ចរចាជាមួយ​អាយ៉ង​ភ្នំពេញទេ ត្រូវ​ចរចាជាមួយ​ក្រុង​ហាណូយ។ សម្តេចបាន​មាន​ប្រសាសន៍ថា ខ្ញុំ​អរគុណ​ ព្រោះ​ខ្ញុំ​ក៏មិន​ចង់​ឱ្យអ្នក​ណាម្នាក់​មក​រំ​ខាន​ខ្ញុំ​ទេ កុំ​មកចរចាសម្រប​សម្រួល​អី​ជាមួយ​ខ្ញុំ អត់ទេ ព្រោះខ្ញុំ​ជាអាយ៉ង​គ្មានសិទ្ធិ។​បន្ថែម​ពី​លើនេះ​ សម្តេច បាន​បញ្ជាក់​ថា អ្នក​ដែលមាន​សិទ្ធិត្រួត​ត្រាហ៊ុន សែន​ បាន​ គឺមាន​តែ​ប្រជាជន​ខ្មែរប៉ុណ្ណោះ​ សំ​ឡេង​ភាគ​ច្រើន​នៃប្រជាជន​ខ្មែរ ទើប​មាន​សិទ្ធិ​ត្រួតត្រា ហ៊ុន សែន ....។
ចំលើយ​របស់​សម្តេច គឺជាការ​វាយ​ផ្ទប់​ ទៅ​មេបក្ស​ដែល​មិន​យល់​ពី​ស្ថានការណ៍​ ។ ​នេះ​ គឺជាការធ្វើ​អត្តឃាតនយោបាយ​ខ្លួន​ឯង​របស់​មេបក្សប្រឆាំង សម​ រង្ស៊ី ។ តាម​ពិត​លោក សម​​ រង្ស៊ី ដឹង​ច្បាស់​ណាស់​ថា រាល់​ការ​ស្នើ​សុំ​ព្រះ​រាជអន្តរាគមន៍​លើក​លែង​ទោសណាមួយ​ ជា​ពិសេស​ចំ​ពោះ​អ្នក​នយោបាយ ទៅ​ព្រះ​មហាក្សត្រ គឺទាល់​តែមាន​ចំ​ណារ​ឯកភាពពីសម្តេចតេជោ​​​នាយក​រដ្ឋមន្ត្រី​។
ដូច្នេះ រាល់​សកម្មភាព​ផ្គើន និង​គំ​រាម​​ម្តង​ហើយ​ម្តង​ទៀត​ចំ​ពោះ​សម្តេចតេជោ ដោយ​បុគ្គល​ សម​ រង្ស៊ី តើ​មាន​តម្លៃអ្វី​សម្រាប់​បង្ខំ​ការ​សម្រេចចិត្តរបស់​សម្តេចឱ្យមក​ឱនលំ​ទោន​ចំ​ពោះ​ទណ្ឌិត​នោះ?    
នយោបាយពឹង​បរទេស​ដើម្បី​ឱ្យ​មក​ជួយ​អន្តរាគមន៍​ការពារ​កំ​ហុសរបស់​ខ្លួន​ គឺជាទង្វើទាប​ថោក ពុំ​សក្តិ​សម​ជាមេបក្ស​ដែល​ធ្លាប់​តែ​ស្រែក​ថា​ មិន​រណប​បរទេសណាទាំង​អស់​ ជាពិសេស​ប្រទេស​វៀតណាម​​។   ចុះ​ពេល​នេះ​ លោក សម រង្ស៊ី បំ​រុង​នឹង​ធ្វើ​អ្វី​នៅក្នុង​ដំ​ណាក់​កាលទាល់​ច្រក​នយោបាយ​នេះ​?​ អ្វី​ទៅ​ជាឧត្តម​គតិរបស់​សម រង្ស៊ី ដែល​ធ្លាប់​តែដើរស្រែក​ជេរប្រទេស​វៀតណាម​​រាល់​ថ្ងៃនៅឯក្រៅប្រទេស ​និងចោទ​ប្រកាន់​ដោយគ្មាន​ការពិត​ថា​ វៀតណាម​បាន​រំ​លោភលើ​ទឹក​ដីខ្មែរ ? ឬមួយក៏​លោក សម ​រង្ស៊ី ធ្វើ​ជា​ល្ងង់​ខ្លៅ ​ឆ្កួត​​វង្វេងបាត់​សតិ?​ ​​​
ចរិត​រឹង​រូស អត្តនោម័ត​និយម​ហួសហេតុ និង​ការ​មិន​ផ្លាស់​ប្តូរឥរិយាបថរបស់​លោក សម​ រង្ស៊ី បាន​រុញ​វាសនារបស់​លោក សមរង្ស៊ី ឱ្យ​ដើរទាល់​ច្រក​ដោយ​ខ្លួន​ឯង។ គេនៅ​ចាំបាន​ថា​ កន្លង​មក​លោក សម​ រង្ស៊ី ក៏ធ្លាប់​បាន​សរសេរលិខិត​មក​សម្តេចតេជោ ហ៊ុន សែន ដោយ​បាន​​សុំទោស និង​សំ​ដែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​ចោទប្រកាន់​នានាមក​លើ​សម្តេច ។ល។និង​។ល។​ ថា​ជារឿងដែល​ខ្លួន​ភូត​កុហក និយាយ​មិន​ពិត​ ហើយ​សន្យាថា នឹង​មិនឱ្យមាននូវ​​​កំ​ហុសជាថ្មី​​ទៀត​ទេ។ 
ដូច្នេះ​កំ​ហុសដ៏ច្រើន​រាប់​មិន​អស់​របស់​លោក​​សម រង្ស៊ី គឺមិន​អាចលាក់បាំងពី​ក្រសែភ្នែកម្ចាស់​ឆ្នោត​បាន​ឡើយ  ហើយ​សូម្បី​តែឈ្មោះរបស់​លោក សម រង្ស៊ី មកដល់ពេលនេះ គឺពល​រដ្ឋជាច្រើន​ស្ទើរតែភ្លេច លែងនឹកនាំទៀត​ គឺគេបាន​ស្គាល់​លោក សម ​រង្ស៊ី បច្ចុប្បន្ន​ត្រឹមតែ​ជាទណ្ឌិត​ដ៏ទន់​ជ្រាយ​ម្នាក់ និង​គ្មាន​មនសិការជាតិ​ ពីព្រោះមជ្ឈដ្ឋានទូ​ទៅគេដឹង​ថា នៅ​ក្នុង​បេះ​ដូង​ និង​ចិត្តគំនិត​របស់​គាត់​ ( សម រង្ស៊ី) គឺដក់​ជាប់​ដោយ​គំ​នុំនិង​ការ​សងសឹកគ្មានទីបញ្ចប់​។
សម រង្ស៊ី  គឺជាមេបក្សនយោបាយ​មួយរូប​ដែលបាន​ និង​កំពុង​ខិតខំ​ពង្រីក​បញ្ហាតូច ឱ្យទៅ​ជារឿងធំ​ និង​គ្មាន​អ្វី​ក្រៅពី​ការ​ប៉ុនប៉ង​កំ​ទេច បំ​ផ្លាញ​សន្តិភាព​ និង​រុញ​ច្រាន​ស្ថានការណ៍នៅ​កម្ពុជាឱ្យធ្លាក់​ចូល​ក្នុងភាព​អន្តរាយ​នោះទេ ។ បើនៅ​កម្ពុជាត្រូវ​វិនាសហិន​ហោច កាប់​សម្លាប់គ្នា​ ខ្ទេចខ្ទី​អស់ ឬមាន​សង្គ្រាម​ពេញផ្ទៃប្រទេស​ នោះ​ទើប​លោក សម ​រង្ស៊ី សប្បាយ​ចិត្ត និង​ចាត់ទុក​ថាវាជាជោគ​ជ័យ​របស់​ខ្លួន​ សមដូចការវិភាគ​របស់​លោក Thomas Mann Miller ដែលបាន​ចុះផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​នយោបាយ​ការបរទេស កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ ២០១២ អ្នក​និពន្ធ​រូប​នេះ​បាន​ទទួល​ស្គាល់​ថា លោក សម រង្ស៊ី គឺជាមនុស្ស​គ្រោះថ្នាក់​បំ​ផុត​ ក្នុង​ន័យ​ថា ទណ្ឌិត​សម រង្ស៊ី បាន និង​កំ​ពុង​លេង​ល្បែង​នយោបាយ​មួយ​ដៃចុងក្រោយ​បំ​ផុត​របស់​លោក ក្នុង​​ការបំផុស​ឡើងនូវ​ចលនា​បះបោរ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​​​​ ។
 មហិច្ឆិតារបស់​លោក សម រង្ស៊ី ក្នុង​ការ​ប៉ុនប៉ង​ទម្លាក់​សម្តេច​តេជោ ហ៊ុន សែន គឺបាន​ចាក់ឬសយ៉ាង​រឹង​មាំជាយូរមក​ហើយ។ ជាក់​ស្តែង គឺបាន​កើត​មាន​ឡើង​បន្ទាប់​ពីលោក​សម រង្ស៊ី បាន​ប្រកាសជាចំ​ហរ​ថា « បើមាន​សម​ ​រង្ស៊ី​ គឺអត់​ហ៊ុន សែន ហើយបើ​មាន​ហ៊ុន សែន គឺអត់​សម រង្ស៊ី​»។
ទង្វើ​ញុះញង់​ឱ្យមាន​ការ​ងើប​ឡើង​បះ​បោរនោះ នឹង​មិន​អាច​កើតមាន​បានជាដាច់​ខាត​នៅ​កម្ពុជា។ ហេតុអ្វីបាន​ជា​ទណ្ឌិត សម រង្ស៊ី នៅ​តែចចេះ​រឹង​រូសចង់​យក​មក​អនុវត្ត រំ​លោភលើឆន្ទះ​របស់​ប្រជាពល​​រដ្ឋម្ចាស់​ឆ្នោត? ។ ទោះបី​យ៉ាង​ណា​ រាជរដ្ឋាភិបាល​មានកាតព្វ​កិច្ច​ពេញ​លេញ​ក្នុង​ការ​ចាត់​វិធាន​ការផ្លូវ​ច្បាប់​ដើម្បី​​ការពារ​រដ្ឋធម្មនុញ្ញ គឺនឹង​មិន​អនុញ្ញាត​ឱ្យមាន​ការ​ទម្លាក់ ឬដកហូត​សិទ្ធិរបស់​​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់ចេញពី​ដំ​ណែង​ ​ធ្វើ​ឡើង​តាម​របៀប​បដិវត្តន៍ប្រជាជន​នោះ​ឡើយ។
ដូច្នេះ គោលបំ​ណង​ធំ​របស់​ទណ្ឌិត​ សម ​រង្ស៊ី គ្មានសុពល​ភាព​ដើម្បី​យក​មកអនុវត្តនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ប្រកាន់​ខ្ជាប់នូវ​លទ្ធិ​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស ​នោះ​ទេ​  ហើយ​ការ​ប្រកាសថា « ខ្ញុំ សម​ រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​ដោយ​មិន​ត្រូវ​ការ​និយាយ​ ចរចាជាមួយ​សម្តេច ហ៊ុន សែន នោះ» ​​ អ្នក​ដែល​ទៅ​ជួប​លោក សម​ រង្ស៊ី​ មុន​គេនៅ​ក្លោង​ទ្វារបស់​ប្រទេស គឺប្រាកដ​ជាកម្លាំង​សមត្ថកិច្ច​ជាអ្នក​អនុវត្តនូវ​សេចក្តី​សំ​រេចរបស់​តុលាការ ដែល​នឹង​កាន់​​យក​ទៅ​ជាមួយ​នូវ​ខ្នោះសម្រាប់​រង់​ចាំទទួល​ស្វាគមន៍។ ផល​កម្មនេះ​ តើ​នរណាជាអ្នក​បញ្ចប់​ជី​វិត​នយោបាយ​របស់​ សម​ រង្ស៊ី?

អត្ថបទដោយៈ គង់ សម្បត្តិ