Monday, June 25, 2012

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល​រួម​សន្និសីទកម្ពុជា-វៀតណាម លើកទី៣ ស្តីពី កិច្ចសហប្រតិបត្តិការវិនិយោគ



          បន្ទាប់ពីបាន​អញ្ជើញ​ចូលរួម​ជាអធិ​បតីដ៏ខ្ពង់ខ្ពស់​ជាមួយ​ឯកឧត្តម ង្វៀន តាន់​យ៉ុង នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ក្នុងពិធី​សម្ពោធ​​បង្គោលព្រំដែន​លេខ ៣១៤ រវាង​ខេត្តកំពត នៃព្រះរា​ជាណាចក្រ​កម្ពុជា និងខេត្ត​គៀនយ៉ាង នៃសាធារណរដ្ឋ​សង្គមនិយមវៀត​ណាម​នាព្រឹក​ថ្ងៃទី២៤មិថុនារួចមក  ព្រឹកថ្ងៃដដែលនេះដែរ សម្តេចអគ្គ​មហា​សេ​នា​បតី​តេជោ  ហ៊ុន សែន និងឯកឧត្តម ង្វៀន តាន់យ៉ុង បានបន្ត​ដំណើរ​អញ្ជើញ​ទៅចូល រួមជាអធិបតី​ក្នុងសន្និ​សីទ កម្ពុជា‑​វៀតណាម  លើកទី៣ នៅទីក្រុងហាទៀង  នៃសាធារណ​រដ្ឋសង្គម​និយម​វៀតណាម ​ស្តីពីកិច្ចសហ ប្រតិបត្តិការ វិនិយោគ ។

          ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី អគ្គ​លេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ប្រសាសន៍​ថា សន្និសីទ​លើក​ទី៣ ក្នុងថ្ងៃនេះ ប្រព្រឹត្តទៅ​ក្នុងបរិការ​ណ៍​នៃទំនាក់ទំនងកិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព រវាង​កម្ពុជា វៀតណាម ឲ្យកាន់​ស្អិតរមួត និងស៊ីជំរៅ​ថែមទៀត។ ឯកឧត្តម បាន​កត់​សំគាល់ថា ពាណិជ្ជកម្ម រវាង កម្ពុជា វៀតណាម បានទទួល​បច្ច័យ​នៃភាព​ងាយ​ស្រួលក្នុង​ការឆ្លង​កាត់​ព្រំដែន និង​មាន​កំណើន​ឡើងជា​បន្ត​បន្ទាប់។ តាម​តួលេខ​នៃការ​នាំចេញ នាំចូលក្នុង​ឆ្នាំ២០១១ បង្ហាញថា ការនាំ​ចេញ​របស់​កម្ពុជា ទៅវៀត​ណាម មានតម្លៃ​ស្មើនឹង​៤២៩លាន​ដុល្លារអា​មេរិក ខណៈ​ដែលការ​នាំចូល​ទំនិញពីវៀតណាម   មកកម្ពុជា​មាន​តម្លៃ​ស្មើនឹង ២.៤០៦លាន ដុល្លារ អាមេរិក។ តួលេខ​ខាង​លើបាន​បង្ហាញ​ឲ្យឃើញថា ទិសដៅ ដែលសម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រីកម្ពុជា និងនាយ​ករដ្ឋ​មន្ត្រីវៀត​ណាម​បាន​កំណត់ ស្តី​ពីទំហំ​ពាណិជ្ជកម្ម​រវាង ប្រទេស​កម្ពុជា និងវៀត​ណាម កើនលើស ២.០០០​លានដុល្លារ​អាមេរិក នៅឆ្នាំ​២០១២ ពោល​គឺយើង​សំរេច​បានតាំង​ពីឆ្នាំ​២០១១​កន្លង​មកម៉្លេះ។

          ជាមួយនឹង​សេចក្តី​ថ្លែង​អំណរ​គុណ​ចំពោះការ​បដិសណ្ឋារ​កិច្ចពី​ភាគីវៀតណាម សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណដល់​ក្រសួង​ផែនការ និងអ្នក​វិនិយោគវៀតណាម គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហាទៀង ខេត្ដគៀនយ៉ាង​ដែលបានសហកា​រជាមួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រៀបចំ​សន្និសីទ​កម្ពុជា-វៀត​ណាម​លើកទី៣ ស្ដីពីកិច្ចសហ​ប្រតិ​បត្ដិ​ការ- វិនិយោគ​ដ៏មាន​សារៈសំខាន់នេះ​ឡើង ។ សន្និសីទ​នេះ​គឺជា​ព្រឹត្ដិការណ៍ ថ្មីមួយ​ទៀត ដែលយើង​បានប្រារព្វ​ឡើងបន្ទាប់​ពីជំនួប​គ្នាក្នុង​សន្និសីទ​លើក ទី ២ កាលពី​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១១ កន្លង​ទៅ នៅរាជ​ធានីភ្នំ​ពេញ ហើយ​សម្តេច​មាន​ជំនឿ​យ៉ាង​មុត​មាំថា សន្និសីទ​នេះពិតជា​នឹងរួម​ចំណែក​ថែម ទៀត ក្នុងការ​រកឃើញ​នូវ​កាលា​នុវត្ដភាព​ថ្មីៗ​សម្រាប់​ពង្រឹង និងពង្រីក សហ​ប្រតិបត្ដិការ​សេដ្ឋកិច្ច-ពាណិជ្ជកម្មរ​វាងប្រទេស​យើង​ទាំងពីរ​ និងជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើងឱ្យ​កាន់តែ​ប្រសើរ  ថែមមួយ​កម្រិតទៀត ។ 

          ម្យ៉ាងវិញ​ទៀត ថ្ងៃនេះ​គឺជាថ្ងៃ​មួយដ៏វិសេស​វិសាល​ផងដែរ ពីព្រោះ​កាលពី ៤៥ ឆ្នាំ កន្លង​ទៅ គឺនៅ​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ កម្ពុជានិង វៀតណាម​បានភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ។ សម្តេច​បាន​សម្ដែង​នូវការ​ដឹងគុណ ដ៏ជ្រាល​ជ្រៅ​សាជាថ្មី​ម្ដង​ទៀត ចំពោះ​ប្រជាជន​និងរដ្ឋា​ភិបាលវៀត​ណាម ដែល​បាន​បន្ដគំាទ្រ​ដល់​កម្ពុជា តាមរយៈ​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង កម្ចី​សម្បទាន ជំនួយ​សង្គមកិច្ច ការ​បណ្ដុះ បណ្ដា​លធន​ធាន​មនុស្ស ការក​សាងហេដ្ឋារ​ចនាសម្ព័ន្ធ​រូបវ័ន្ដ រួមមាន ផ្លូវ ស្ពាននៅ​តាម​បណ្ដា​ខេត្ដ ដែលជាប់​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម ព្រមទាំង​ការជំរុញ​ដល់​ធុរជន អ្នក​វិនិយោគ និ​ង​ប្រជាជន​វៀតណាម​ឱ្យមក​បណ្ដាក់​ទុន និងទស្សនា​កម្ពុជា។

          សម្តេច​តេជោ បាន​បញ្ជាក់ថា ព្រឹត្ដិការណ៍​នៃការ​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ គឺជា​សក្ខីភាព​បន្ថែម​​ទៀតបង្ហាញ​ឱ្យ​ឃើញ នូវកិច្ចសហប្រតិ​បត្ដិការល្អ​រវាង​ប្រទេស​កម្ពុជា និងវៀតណាម។  កម្ពុជា​បាន​ឆ្លង​កាត់​ដំណាក់​កាល​ផ្លាស់​ប្ដូរយ៉ាង​ឆាប់រហ័ស​លើគ្រប់​ទិដ្ឋ​ភាព ទោះបី​ជាមាន​បញ្ហា​ប្រឈម​ធំៗ មួយចំនួន​នៅក្នុង​ស្ថា​នការណ៍​សេដ្ឋកិច្ច​តំបន់ និង​ពិភព​លោក ព្រម​ទាំងមាន​គ្រោះធម្មជាតិ​មិន​អំណោយ​ផល​មួយ​ចំនួន​នៅ​ក្នុងផ្ទៃ​ប្រទេស​ក៏​ដោយ ក៏​យើង​អាច​បន្ដ​គ្រប់គ្រង​និងរក្សា​បាន​នូវសុខ​សន្ដិភាព​វឌ្ឍនភាព​សង្គម​ និងធានា​បាន​​នូវ​​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​គួរឱ្យ​មោទនៈ។ សេដ្ឋកិច្ច​កម្ពុជាបា​នងើប​ចេញ​ពីវិបត្ដិ​ប្រកប​ដោយ​ចិរភាព និង​មាន​សន្ទុះ​កំណើន​ឡើងវិញ ប្រកប​ដោយ ចិរភាព​ក្នុងកម្រិត​ប្រហែល ៧% ប្រចាំឆ្នាំ ។ ជាក់ស្ដែងក្នុងឆ្នាំ ២០១១ កន្លងទៅ កម្ពុជាសម្រេច​បាននូវកំណើន​ផលិត​ផល​ក្នុងស្រុកសរុប ៧,១ % ។ ជាទស្សនៈ អនាគត​សេដ្ឋកិច្ច​កម្ពុជា​មាន​លក្ខណៈជាវិជ្ជមាន គឺ​ត្រូវបាន​គេរំពឹង​ទុកថា កើន​ឡើងពី ៦% ទៅ ៧% ជាប្រចាំឆ្នាំ​ក្នុង​រយៈ​ពេល​មធ្យម​ខាងមុខ។ កម្ពុជា​ក៏ត្រូវ​បានរពឹង​ទុកដែរថា​នឹងទទួល​ផល​ប្រយោជន៍​ពីការវិនិ​យោគ និង​លំហូរ​ឥណទាន​​សកល​លោក ក្នុងពេល​អនាគត ដែល​កើត​ឡើង​ពីលក្ខណៈ​អំណោយ​ផល​នៃតំបន់​អាស៊ី ខណៈ​ពេល​ដែល​មានការចុះ​ខ្សោយ​តម្រូវ​ការក្នុង​តំបន់​ដទៃទៀត​នៃពិភព​លោកនោះ។ 

សម្តេច​តេជោ បាន​បន្តថា ភាពជា​ដៃគូមួយ​ដ៏រឹងមាំ រវាង​រាជរ​ដ្ឋាភិបាល និងវិ​ស័យ​ឯកជន​ គឺជាកត្ដា​ចាំបាច់​បំផុតនៅ ក្នុង​ដំណាក់​កាលនេះ។ ក្នុងន័យ​នេះ កម្ពុជា​ស្វាគមន៍​ជានិច្ច ចំពោះ​ការផ្លាស់ប្ដូរ​យោបល់​ជា​មួយ​វិស័យ​ឯកជន និងបន្ដ​ផ្ដល់​ការ​យកចិត្ដ​ទុកដាក់​ចំពោះ បរិស្ថាន​ធុរកិច្ច ក៏ដូច​ជាការ​គាំទ្រ​និងលើក​ស្ទួយ​សមត្ថភាព​របស់​វិស័យ​ឯកជន ឱ្យរីក​លូតលាស់​ និងអាច​ប្រកួត​ប្រជែង​ទាំងនៅ​ក្នុងក្របខ័ណ្ឌ​តំបន់ និង​ពិភព​លោក។ កម្ពុជា​បាន​បើក​ចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំង​អស់ ដោយ​គ្មានការ​បែង​ចែក​រវាង​អ្នកវិនិយោគ​ជាតិ និងអ្នក​វិនិយោគ​បរទេស​ឡើយ។ 

រាជរដ្ឋា​ភិបាលកម្ពុជា បាន​ និង​កំពុងអនុវត្ដ​កំណែទម្រង់យ៉ាង​ហ្មឺងម៉ាត់​ក្នុងគ្រប់​វិស័យ ដែលរួម​មាន​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុសាធារណៈកំណែ​ទម្រង់​អភិបាល​កិច្ចដែល​ផ្ដោត​លើការ​គ្រប់គ្រង​ដីធ្លី កំណែ​ទម្រង់​រដ្ឋ​បាល​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌និង​ការពង្រឹង ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្នែកទន់​និង​ផ្នែក​រឹង​ដែល​ត្រូវការ​ចំបាច់​សម្រាប់​ធ្វើ​ឱ្យកិច្ចការ វិនិយោគ​និងធុរកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព ។

សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រីក៏អំ​ពាវ​នាវដល់​ធុរជន និង​វិនិយោគិន​វៀតណាម​ទាំង​អស់​ឲ្យមក​ទស្សនា​​ប្រទេស​កម្ពុជា​ដើម្បីសិក្សា​និងពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​សម្រាប់ធ្វើកា​រវិនិយោគ   ព្រោះថាសកម្ម​ភាព​​វិនិ​យោ​គ​​​មួយចំនួន​ដែលកើត​មានឡើង នៅប្រទេស​វៀតណាម ​និងបទ​ពិសោធន៍​ដែលបាន​ទទួល​ពីសកម្មភាព​ទាំង នោះអាចយក​មកអនុវត្ដ​នៅ​កម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​និងជោគ​ជ័យ។ ជាមួយនេះ សម្តេច​ក៏បាន​ស្នើសហគមន៍​ធុរ​កិច្ចវៀត​ណាមធ្វើការ​ពិភាក្សា​ជាមួយគណៈ​ប្រតិភូវិ​និយោគ​កម្ពុជា​សរុបចំនួន ១២០ នាក់ ដែល​អញ្ជើញ​ចូលរួម​សន្និសីទនេះ ក្នុងគោល​បំណងចាប់​ដៃគ្នា រួមកម្លាំងគ្នា  ដើម្បីធានា​ជោគ​ជ័យ​​នៃគំរោង​វិនិយោគ ។ ក្នុងនាម​រាជរដ្ឋាភិ​បាល​កម្ពុជា សម្តេច​តេជោ​បាន​យកឱកាសនេះ​បញ្ជាក់ម្ដង​ទៀតថា កម្ពុជា​នៅ​តែ​មាន​ជំហរ​បន្ដ​ស្វាគមន៍ និង​បន្ដជំរុញ​លើក​ទឹកចិត្ដ​ចំពោះ​បណ្ដា​គម្រោង​វិនិយោគ​មក​កម្ពុជា ហើយ​រាជរដ្ឋាភិ​បាល​​នឹងបន្ដ​ការខិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត ក្នុង​គោលដៅ​បន្ដ ពង្រឹង​នូវ​កិច្ច​សហប្រតិបត្ដិ​ការសេដ្ឋកិច្ច​ការបើក​ទូលាយ ព្រម​ទាំង​ការ​បង្កើត​បាន នូវបរិយា​កាស​វិនិយោគ​ឱ្យកាន់​តែល្អ​ប្រសើរ មាន​លក្ខណៈទុក​ចិត្ដបាន​សម្រាប់​វិនិយោគិន​និង ធុរជន ។

          ឯកឧត្តម ង្វៀន តាន់យ៉ុង នាយក​រដ្ឋមន្ត្រី វៀតណាម បានមាន​ប្រសាសន៍​ថា សន្និសីទ​អំពីកិច្ច​សហ​ប្រតិបត្តិការ​វិនិយោគ​វៀតណាម កម្ពុជា លើក​ទី៣នេះ គឺជា​សកម្មភាព សំខាន់ នៃបណ្តាស​មកម្មភាព​របស់​ឆ្នាំ​មិត្តភាព វៀតណាម កម្ពុជា ខួបអនុ​ស្សាវរីយ៍ លើកទី៤៥ ថ្ងៃបង្កើត​ទំនាក់ទំនង​ការទូត ប្រទេស​ទាំង២។ នេះគឺជា​ឱកាស​ភាគីទាំង​២វាយ​តម្លៃទំនាក់​ទំនងកិច្ច សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​វិនិយោគ ពាណិជ្ជ​កម្ម ប្រទេសទាំង​២ ជាពិសេស គឺលទ្ធ​ផល បាន​សំរេចចាប់​តាំងពី​សន្និសីទ​ជំរុញ​វិនិយោគ វៀតណា​មក​ម្ពុជា ពីមុន និង​ពិភាក្សា​បណ្តា​វិធីសាស្ត្រ ដើម្បីជំរុញ​បន្ថែម​ទៀតនូវ​ទំនាក់ទំនង​វិស័យនេះ នាពេល​ខាង​មុខ។​ឯកឧត្ត​មបន្តថា ទំហំ​ពាណិជ្ជកម្ម ភាគីទាំង​២រយៈពែល៥​ឆ្នាំកន្លងមក ២០០៧-២០១១​កើនឡើង​យ៉ាង​ឆាប់​រហ័យ​គឺពី១,២ពាន់​លានដុល្លារ​អាមេរិក ដល់២,៨ពាន់​លាន​ដុល្លារអា​មេរិក គឺកើម​ឡើង​​២,៣ដង ល្បឿន​នៃកំណើន​ជាមធ្យម​ជិត ២៥%ក្នុង​១ឆ្នាំ។ ​ឆ្នាំ២០១១កើន​ឡើង៥៥%ប្រៀប​ធៀប​ឆ្នាំ២០១០។ ​៥ខែដំបូង​ឆ្នាំ​២០១២​ទោះបីជា​ជួបការ​លំបាកច្រើន​ក៏ដោយ ក៏នៅតែ​កើនឡើង១,៥ពាន់លាន​ដុល្លាអា​មេរិក គឺកើន​ឡើង​៣០​% ប្រៀប​ធៀប​នឹងរយៈពេលដូច​គ្នានៅឆ្នាំ​២០១១។បច្ចុប្បន្ន បន្តា​ក្រុមហ៊ុន អាជីវកម្ម​វៀតណាម បាន​ដាក់​ទុន​​​វិនិយោគ​លើ១១២​គំរោង​នៅ​កម្ពុជា ដើម​ទុន​វិនិយោគ បានចុះ​បញ្ជីសរុប​ជិត​២,៤ពាន់​លាន​ដុល្លារ​អាមេរិក ។
          វិស័យ​ទេសចរណ៍​ប្រទេស​ទាំង២ រយៈពេល​៥ឆ្នាំ​កន្លងមក ២០០៧-២០១១ ចំនួនភ្ញៀវ​ទេស​ចរណ៍​​កម្ពុជា មកវៀត​ណាម កើន​ឡើង​៣ដង ជាមធ្យម​កំណើន​២៩%ក្នុង១ឆ្នាំ ដោយ​ឡែក​ភ្ញៀវទេស​ចរណ៍​វៀត​ណាម​មក​កម្ពុជា កើនឡើង៤,៥ដង កំណើន​ជាមធ្យម ៤៦%ក្នុង១ឆ្នាំ។​ ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម បានដាក់​សំណើរ​សំណូម​ពរមួយ ចំនួន​ដើម្បីជំរុញ​កិច្ចសហប្រតិប​ត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ដើម្បី​ជំរុញ​ឲ្យសំរេច​បានដោយ​ប្រសិទ្ធភាពថែម​ទៀត ដូចជាដាក់​ចេញការ​គាំទ្រ ការលើក​លេង​ពន្យា​ពេលលើក​លែងពន្ធ​លើទំនិញ​មួយចំនួន និងឲ្យ​ភាគីទាំង២​បង្កល​ក្ខណៈងាយស្រួល​ទៅ​លើ​គំរោង​​វិនិយោ​គ​មួយចំនួន​ដូចជា​វារីអគ្គិសនី កៅស៊ូ កសិឧស្សាហកម្ម  ភាគីទាំង២​ត្រូវដោះ​ស្រាយ​ឲ្យទាន់​ពេល​វេលានូវ​យន្តការ​ដោះស្រាយ គោលន​យោបាយ ច្បាប់​នានា ការបន្ត​ផ្លាស់ប្តូរ​ព័ត៌មាន​ស្វែងរក​គម្រោង​វិនិយោគ​ថ្មីៗ​ដែល​ប្រទេស​ទាង២មាន។ ជាងនេះទៀត រដ្ឋាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធនៃ​ប្រទេស​ទាំង២​បង្កលក្ខណៈ​ងាយ​ស្រួល ឲ្យភាគីទាំង​២ មានការ​គាំទ្រដាក់​គំរោង​វិនិយោគទៅ​វិញទៅមក។

          ក្នុងនាម​រដ្ឋាភិបាល​វៀតណាម ឯកឧត្តម ង្វៀន តាន់យ៉ុង បានវាយ​តម្លៃខ្ពស់​ចំពោះ គោល​នយោបាយ​កម្ពុជា គោរពការ​អភិវឌ្ឍ​ទំនាក់​ទំនង និងកិច្ចាស​ហប្រតិបត្តិការ​ជាមួយ វៀតណាម បានបង្ក​លក្ខណៈ​ងាយ​​ស្រួល​សំរាប់​បណ្តា​ក្រុមហ៊ុន​វៀតណាម មកវិនិ​យោគនៅ​កម្ពុជា ហើយ​ជាមួយនេះ​ឯកឧត្តម​បា​នវាយតម្លៃខ្ពស់ និង​ថ្លែងអំណរ​គុណ​យ៉ាង​ស្មោះ ស្ម័គ្រចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រួមវិភាគ​ទាន​យ៉ាង​សំខាន់​ចំពោះទំនាក់​ទំនងដ៏ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង២។ ឯកឧត្តម​សង្ឃឹម​ថា កិច្ច​សហប្រតិ​បត្តិ​ការលើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ រវាងប្រទេស​ទាំង២ នឹងឡើង​ដល់៥.០០០​លាន​ដុល្លា​រអាមេរិក នៅឆ្នាំ២០១៥ ហើយ​ពេលនោះ​អ្នកវិនិយោគ​វៀតណាម នឹងក្លាយ​ទៅជា​អ្នកវិនិយោគ​ជាប់​លំដាប់​ថ្នាក់លេខ​១នៅកម្ពុជា។

           បន្ទាប់​មក សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​ឯកឧត្តម ង្វៀន តាន់​យុង នាយក​រដ្ឋមន្ត្រី នៃ​សាធារណ​រដ្ឋសង្គម​និយម​វៀត​ណាម បាន​អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីចុះ​ហត្ថលេខា​លើពិធីសារ ស្ដីពី វិសោធ​ន​កម្មលើកិច្ចព្រម​ព្រៀងរវាង​រដ្ឋាភិបាល នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា និង​រដ្ឋា​ភិបាល នៃសាធារ​ណ​រដ្ឋ​សង្គម​និយម​វៀតណាម ស្ដីពីការ​ជំរុញនិង​ការ​ការ​ពារ វិនិយោគដែល​បានចុះហត្ថ​លេខា​នៅឆ្នាំ ២០០១។ គោល​បំណង​នៃពិធី​សារ នេះគឺការ​បង្កើតឱ្យ​មានយន្ដ​ការសម្រប​សម្រួល រួមមាន​ចំណុច​​ទំនាក់​ទំនង និងគណៈកម្មាធិការ​ចម្រុះស្ដីពីវិ​និយោគ ដែលយន្ដ​ការទាំង​នោះនឹង​ជួយ យ៉ាង​ជាក់​ស្ដែងដល់​អ្នកវិនិយោគ ៕​

អត្ថបទៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស