Monday, June 25, 2012

នាយក​រដ្ឋមន្ត្រីរបស់ប្រទេស​កម្ពុជា វៀតណាម សម្ពោធជាផ្លូវការ​បង្គោលព្រំដែនលេខ៣១៤ នៅខេត្តកំពត និងគៀនយ៉ាង


នៅព្រឹក​ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១២ នាយក​រដ្ឋម​ន្ត្រីនៃ​ប្រទេស​កម្ពុជា​សម្តេច​តេជោ​ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី នៃ​សាធារ​ណរដ្ឋ​សង្គម​និយម​វៀត​ណាម ឯកឧត្តម ង្វៀន តាន់ យុង បាន​អញ្ជើញ​ជា​អធិបតី សម្ពោធ​ជាផ្លូវការ​បង្គោល​ព្រំដែន​លេខ​៣១៤ នៅ​ក្នុង​​ខេត្តកំពត និង​គៀន​យ៉ាង ដោយ​មាន​ការ​ចូលរួម​ពីមន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ មន្ត្រី​ការ​ទូត​ មន្ត្រី​សាលា​ខេត្ត អ្នកពាណិជ្ជករ អាជ្ញាធរ និងសិស្ស និស្សិត​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេសទាំងពីរ ព្រមទាំង​​អ្នកសារ​ព័ត៌មានយ៉ាង​ច្រើន​កុះករ។
ពិធី​សម្ពោធ​ជាផ្លូវការ​បង្គោល​ព្រំដែន​លេខ​៣១៤ នា​ពេល​នេះ។ នេះជា​ពិធី​លោកទី ២ ហើយ​បន្ទាប់​ពីការ​សម្ពោធ​បង្គោល​ព្រំដែន​លេខ ១៧១ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ បាវិត ម៉ុក​បាយ កាល​ពីឆ្នាំ ២០០៦ កន្លងទៅ។
សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានមាន​ប្រសាសន៍​ថា ការសម្ពោធ​បង្គោល​ព្រំដែន​លេខ​៣១៤ នាពេល​នេះពុំមាន​ន័យ​ថា ជាការ​សម្ពោធ​ចាប់​ផ្តើម​បោះ​បង្គោល ហើយ​ក៏មិន​មែន​ជាការ​សម្ពោធ​បញ្ចប់​ការបោះ​បង្គោល និង​ខ័ណ្ឌ​សីមាព្រំដែន​រវាង​ប្រទេស​យើង​ទាំង​ពីរទាំង​ស្រុង​នោះទេ ពីព្រោះ​យើង​នៅ​មាន​ការងារ​សេស​សល់​មួយ​ចំនួន​ទៀត ដែល​ត្រូវ​អនុវត្ត​បន្តរ​ហូត​ដល់​កិច្ចការ​ទាំងអស់​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​នាពេល​ខាង​មុខ។  ការ​បោះបង្គោល​ព្រំដែន មិនត្រឹម​តែរួ​មចំណែក​យ៉ាង​សំខាន់​ដល់កិច្ច​ការពារ​បូរណ​ភាពដែន​ដីនៃ​ប្រទេស​នីមួយៗ​នៅជិត​ខាង​គ្នា ឱ្យបាន​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់ការ​បង្កើន​សុខភាព ការ​ជំរុញ​កំណើន សេដ្ឋកិច្ច ការ​អភិវឌ្ឍ​សង្គម លើក​កម្ពស់​ជីវភាព​ប្រជាពល​រដ្ឋរ​ស់នៅ និងការ​កាត់​បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​ទៀត​ផង។
ជាមួយ​គ្នានេះ សម្តេច​នាយក​រដ្ឋមន្រ្តី បាន​ធ្វើការ​កោត​សរសើរ និង​វាយ​តម្លៃខ្ពស់ ដល់​គណៈ​កម្មកា​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀត​ណាម​ដែល​ខំប្រឹង​ប្រែង​ធ្វើការ​ងារបោះ​បង្គោល​ព្រំដែន​បានប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ការ​ទទួល​ស្គាល់​ពេញ​លក្ខណៈ​ផ្លូវច្បាប់។
សម្តេច​នាយក​រដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​បន្ថែម​ថា ចំពោះ​មុខ នេះ​ដែរ​កម្ពុជា​មាន​គោល​ដៅ​បន្តឆ្ពោះទៅ​កំណត់ព្រំដែន​ទឹកថែម​ទៀត ដោយ​ចាប់​ផ្តើមពី​ការត​ភ្ជាប់​ ព្រំដែន គោក​នៃប្រទេស​ទាំងពីរ​ដោយ​មាន​ភាព​ពេញ​លេញ ដោយ​គ្មានភាព​លំអៀង​ឈរលើ​គោល​ការ​ណ៏ នៃច្បាប់ និងក្រប​ខ័ណ្ឌ​គតិយុត្ត​អន្តរជាតិ​។

សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ជាឱឡា​រិកថា កិច្ចការ​កសាង​ព្រំដែន​នេះគឺ បាន​អនុវត្តដោយ​ឈលើ​មូលដ្ឋាន​ច្បាប់​ជាតិ និងច្បាប់​អន្តរជាតិ និងការអនុវត្ត​ជាអន្តរ​ជាតិ​ស្តីពីការ​ទទួលស្គាល់​ខ្សែព្រំដែន ដែល​អាណា​និគម​និយម​បារាំង​បានប​ន្សល់​ទុកឱ្យ​សម្រាប់​ធ្វើជា​ឧបករណ៏​នាំមុខ ដើម្បីឈាន​ទៅដល់​កាបញ្ចប់​ទាំងស្រុង​លើកា​រងារ​ខ័ណ្ឌ​សី​មា និង​បោះ​បង្គោល​ព្រំដែន​គោករវាង​ប្រទេស​ទាំងពីរ។ ជាក់ស្តែង​បង្គោល​ព្រំដែន​លេខ​៣១៤ នេះ​មាន​សារៈ​សំខាន់​ណាស់​ដោយ​ទីតាំង​បង្គោល​នេះ​ជា​ចំណុច​មូលដ្ឋាន​នៃ ការចាប់​ផ្តើមគូស​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ ដែលជា​ភារកិច្ច​របស់​គណៈកម្មការ​ចម្រះព្រំ​ដែននៃ​ប្រទេស​ទាំងពីរ​ត្រូវអនុវត្ត​បន្តនា​ពេលខាង​មុខនេះ។
ចំពោះ​មុខរាជ​រដ្ឋាភិបាលក​ម្ពុជា និង​រដ្ឋា​ភិបាល​វៀតណាម​នឹង​ខិត​ខំពុះពារ​គ្រប់​ឧប​សគ្គ​ទាំង​អស់ ​ធ្វើឱ្យ​ប្រទេស​យើង​ទាំង​ពីរ​មានខ្សែ​ព្រំដែន​សមស្រប​ជា​ព្រំដែនអន្តរ​ជាតិ​ស​ម្រា​ប់​​ជាតិ​មាតុភូមិ​នៃ​យើងទាំង​អស់គ្នា​តរៀង​ទៅ និង​ដើម្បីឱ្យ​ប្រទេស​យើង​ទាំងពីរ​មានខ្សែ​ព្រំដែន​មួយច្បាស់​លាស់​ស្តែង​ឡើង ដោយ​បង្គោល​ព្រំដែន ដោយប្រែ​ក្លាយ​ខ្សែ​ព្រំដែន ដែលមាន​តែនៅ​លើផែន​ទីឱ្យទៅ​ជាបង្គោល​ព្រំដែន​នៅលើដី​ជាក់ស្តែ​ង។ ព្រមជា​មួយ​នេះ​នៅ​ពេលដែល​ការងារ​បោះប​ង្គោល និងខ័ណ្ឌ​សីមា​ព្រំដែន​ត្រូវ​បាន​ធ្វើ​រួច​រាល់​ហើយ​ គឺខ្សែ​ព្រំ​ដែននេះ ត្រូវដើ​ស្រប​គ្នាទៅនឹងការ​កាន់កាប់​ជាក់ស្តែង​របស់​ប្រជាជន​ដែលរស់​នៅតាម​បណ្តោយ​ព្រំដែន ហើយ​ប្រែក្លាយ​ព្រំដែន​កម្ពុជា-វៀតណាម​ឱ្យទៅ​ជា​ព្រំ​ដែន​សុខ​សន្តិភាព មិត្តភាព សហ​ប្រតិបត្តិការ និងការអភិវឌ្ឍន៏​លើគ្រប់​វិស័យ។

ជារួម ខ្សែ​ព្រំដែន​កម្ពុជា-វៀតណាម​ប្រវែង​ប្រមាណ ១.២៧០ គីឡូ​ម៉ែត្រ ដែល​ត្រូវ​បោះបង្គោល​ព្រំដែន​ចំនួន ៣១៤ បង្គោល នេះមិន​ត្រឹមតែ​បានឆ្លើយ​តបដល់​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៏​ប្រទេស​នៅក្នុង​មហាអនុតំបន់​មេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​បង្កើន​កិច្ចសហការ​ល្អក្នុង​ចំណោម​ប្រជាជាតិ-អាស៊ីអាគ្នេយ៍ ដើម្បីប្រែ​ក្លាយ​ខ្លួនស្រប​តាម​បាវ​ចនា «អាស៊ាន សហគមន៍​តែមួយ-វាសនា​តែមួយ» ផងដែរ។
សម្តេច​តេជោ ក៏បាន​វាយ​តម្លៃខ្ពស់ ចំពោះ​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃប្រទេស​ទាំងពីរ​ ដែល​បានខិត​ខំប្រឹងប្រែង​អស់ពីកម្លាំង​កាយ​ចិត្ត និង​បានសហការ​គ្នាយ៉ាង​ជិត​ស្និទ្ធ ដើម្បីសម្រេច​បានដំណើរ​ការបោះ​បង្គោល និង​ខ័ណ្ឌ​សីមា​ព្រំដែន​គោក​រវាង​ប្រទេស​យើង​ទាំងពីរ ជា​ពិសេស​ការរៀប​ចំកសាង​បង្គោល​ព្រំដែន​លេខ៣១៤ ដែល​ជាបង្គោល​ចុង​ក្រោយ​​បង្អស់​នៃព្រំដែន​គោក​កម្ពុជា-វៀតណាម​នៅ​ចំណុច​ឆ្នេរ​សមុទ្រ​ខេត្ត​កំពត និង​គៀន​យ៉ាង​​នេះ។ ទន្ទឹម​នេះ​ដែរ សម្តេច​ក៏បាន​លើកឡើង​ផងដែរ​ថា ការរៀប​ចំពិធី​សម្ពោធ​ការ​បោះបង្គោល​ព្រំដែន​នេះចំ​ពេល​ជាមួយ​គ្នា និងថ្ងៃ​ខួប​អនុស្សាវ​រីយ៍​លើកទី ៤៥ឆ្នាំ នៃការ​បង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំងពីរ  ២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១២។ សម្តេច​បានយក​ឱកាស​នេះឧទ្ទេស​ពិធី​សម្ពោធ​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា- វៀត​ណាម លេខ​៣១៤ ឱ្យ​ក្លាយ​ទៅជា​យន្តការ​ប្រកៀក​ស្មាគ្នា​ក្នុង​ស្មារតី​ភាត​រភាព​ជាអមតៈ​ និង​ការ​បង្កើត​នូវកិច្ច​អភិវឌ្ឍ​គ្រប់​វិស័យ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នៃប្រទេស​ទាំងពីរ។
សម្តេចក៏​បាន​ធ្វើការ​ថ្លែង​អណរ​គុណ​ផងដែរ​ចំបពោះ​ឯកឧត្តម​អភិបាល ខេត្ត​គៀន យ៉ាង​ដែល​បាន​សហការ​គ្នាររៀប​ចំពិធី​សម្ពោធ​ដ៏ម​ហោឡារិក​នេះ ដើម្បី​ញុំាង​ឱ្យ​ពិធី​នេះ​ប្រ​ព្រឹត្តិ​ទៅក្នុង​បរិយា​កាស​រីករាយ​អធិក​អធម និង​ជាមិត្ត​ភាពរវាង​ប្រទេស​ទាំងពីរ។ ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា សម្តេច​ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​វៀតណាម​ដែល​​បាន​ជួ​យ​​​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​លើការ​ចំណាយ​មួយ​ចំនួន ដែល​បម្រើ​ដល់​ដំណើរ​ការខណ្ឌ​សីមា និងបោះ​បង្គោល​ព្រំដែន​គោកនៃ​ប្រទេស​យើង​ទាំង​ពីរ ជាពិសេស​ការ​ជួយ​ឧបត្តម្ភ​ដល់ មន្រ្តីបច្ចេក​ទេសព្រំដែន​កម្ពុជា-វៀតណាម​ដែល​បានរួម​សុខ​ទុក្ខ តស៊ូពុះ​ពារការ​លំបាករួម​គ្នានៅ​តំបន់​ព្រៃភ្នំ តំប​ន់ដាច់​ស្រយាល ដើម្បី​បំពេញ​បានការ​ងារ​ជាប្រវត្តិ​សាស្ត្រ​ដ៏មាន សារៈ​ដំខាន់​សម្រាប់​កូន​ចៅ​យើង​ទៅថ្ងៃ​ក្រោយ។

នាយក​រដ្ឋមន្រ្តី​វៀតណាម បាន​មាន​ប្រសាសន៍​ថា នេះជាលើក​ទី២​ហើយ ដែល​បាន​រួម​គ្នា​សម្ពោធ បង្គោល​ព្រំដែន ដែល​លើក​ទី១ បាន​ធ្វើឡើង​នៅ​ខេត្តស្វាយ​រៀង​នោះ។​
ឯកឧត្តម ង្វៀន តាន់យ៉ុង បាន​មាន​ប្រសាសន៍​បន្តថា ការបោះ​បង្គោល​​ព្រំដែន​លេខ៣១៤ និង​បង្គោល​ព្រំដែន​ដទៃ​ទៀត នៃ​ប្រទេស​ទាំងពីរ មិន​មែន​បង្ហាញ​​ពីសន្តិភាព និង​កិច្ចសហ​ប្រតិ​បត្តិការ នៃការ​កំណត់​ព្រំដែន​នោះ​ទេ តែវា​ធ្វើឱ្យ​មាន​​ការជំរុញ​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រជាជន​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ។ ឯកឧត្តម បន្តថា បង្គោល​ព្រំដែន ៣១៤ ស្ថិតនៅ​ជាប់​មាត់​សមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធនេះ ដែល​អនាគត​រំពឹងថា នឹង​ក្លាយ​ជាតំបន់​ទេសចរណ៍ ដ៏​សំខាន់​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ និង​ភ្ញៀវ​ទេស​ច​រ​អន្តរជាតិ ហើយ​ពេល​នោះ នឹង​បង្ហាញ​ពីកិច្ច​សហ​ប្រតិ​បត្តិការ​កាន់​តែខ្លាំង​រវាង​ប្រទេស​ទាំងពីរ​។
ឯកឧត្តម ង្វៀន តាន់​យុង បានកោត​សរសើរ ដល់មន្រ្តី​គណៈ​កម្មការ​ព្រំដែន នៃប្រទេស​ទាំងពីរ ហើយ​លោក​ជំរុញ​ឲ្យមន្រ្តី នៃ​ប្រទេស​ទាំងពីរ​បន្តបោះ​បង្គោល ព្រំដែន​ដទៃទៀត​។ បន្ទាប់​ពីថ្លែង​សុន្ទរកថា នាយក​រដ្ឋមន្រ្តី នៃប្រទេស​ទាំងពីរ បានឡើង​ទៅទាញ​ក្រណាត់​គ្របបង្គោល​ព្រំដែន សម្ពោធ​ជាផ្លូវការ​រួមគ្នា៕
អត្ថបទ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស