Thursday, July 5, 2012

សេចក្តី​ប្រកាស​ព័ត៌មាន របស់​គណៈ​កម្មការ​ជាតិ យូណេស្កូ​កម្ពុជា សហគមន៍​អន្តរ​ជាតិផ្តល់​កិត្តិយស​ដ៏ធំធេង​ដល់​កម្ពុជា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
      ​                    
           ភ្នំពេញ, ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន
សហគមន៍អន្តរជាតិផ្តល់កិត្តិយសដ៏ធំធេងដល់កម្ពុជា
            ក្រោមម​គ្គុទេស​ក៍ដឹក​នាំដ៏ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ-​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ដោយ​មាន​ការណែ​នាំការ​ងារ​ដោយ​ផ្ទាល់​របស់​ឯកឧត្ត​មបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​និង​ជាប្រធាន​គណៈ​កម្មការ​ជាតិ​យូណេ​ស្កូ​កម្ពុជា គណៈ​ប្រតិ​ភូ​កម្ពុជា​ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រជុំពេ​ញ​អង្គ​លើក​ទី​៣៦​ នៃ​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​​ពិភព​លោក ដែល​បាន​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី២៤ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទី​ក្រុង St. Petersburg សហព័ន្ឋ​រុស្ស៊ី បាន​បំពេញ​ការងារ​​យ៉ាង​មមា​ញឹក​តាម​របៀប​វារៈ​ដែល​បាន​គ្រោង​ទុក។ ក្នុង​ឱកាស​សម័យ​ប្រជុំ​នេះ គណៈ​ប្រតិភូ​បាន​ជួប​ពិគ្រោះ​យោបល់​ជា​មួយ​លោក ជំទាវ Eleonora Mitrofanova ប្រធាន​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​ និងបាន​ពិភាក្សា​ការងារ​​ជាមួយ​ប្រធាន​គណៈ​ប្រតិភូនិង​ឯក​អគ្គ​រដ្ឋ​​ទូត​ទាំង​អស់​នៃបណ្ដា​ប្រទេសជាសមាជិក​​​​គណៈ​កម្មា​ធិការ​​​ និង​គណៈ​ប្រតិភូ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​មិនមែន​ជា​សមាជិក​គណៈ​កម្មា​ធិការ​ ព្រម​ទាំង​គណៈ​ប្រតិភូ​​តំណាង​ឲ្យ​ស្ថាប័ន​សំខាន់ៗរបស់​យូណេ​ស្កូ ដើម្បី​ចលនា​ស្វែងរក​ការគាំទ្រ​ដល់​កម្ពុជាដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើកទី៣៧ នៃគណៈ​កម្មា​​ធិការ​បេតិកភណ្ឌ​ពិភព​លោក។
            ជា​លទ្ធ​ផល នៅថ្ងៃទី ៤ ខែកក្កដា​ ឆ្នាំ២០១២ គណៈ​កម្មា​ធិការ​បាន​សម្រេច​ជាឯក​ច្ឆច័ន្ទ​លើ​បេក្ខភាព​​​របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​ធ្វើជា​ម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រជុំ​លើកទី​៣៧ និង​ជាប្រធាន​នៃគណៈ​កម្មា​ធិការ​​​បេតិក​ភណ្ឌ​ពិភព​លោក នៅឆ្នាំ២០១៣។
            ការ​កំណត់​យក​ទីក្រុង​ភ្នំពេញ​និង​សៀមរា​បជាទីក​ន្លែង​សម្រាប់​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣៧ បន្ទាប់ពី​ទីក្រុង​​បា្រស៊ីល​យ៉ា ទីក្រុង​ប៉ារីស​ និង​ទីក្រុង St. Petersburg មានន័យ​ថា​គណៈ​កម្មាធិ​ការបាន​ផ្តល់​កិត្តិយស​ដ៏ធំធេង​ដល់​ប្រទេស​កម្ពុជា និងផ្តល់​តម្លៃដ៏​ថ្លៃថ្លា​ដល់​អារ្យធម៌​របស់​យើង​ដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំមក​ហើយ។​ នេះ​គឺជា​​និមិត្តរូប​ដ៏មាន​សារសំខាន់​បំផុត ​ដែល​ចូលរួម​ចំណែក​ពង្រឹង​និង​ពង្រីក​កិត្យា​នុភាព​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​លើ​ឆាក​អន្តរជាតិ។​ ជាការ​ពិត​ណាស់ ​សេចក្តី​សម្រេច​នេះគឺជា​ការ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ទទួល​​ស្គាល់​​ដល់៖
១.​   កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិ​បាល​កម្ពុជា ក្រោម​ការ​ដឹក​នាំប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បី​តេជោ ហ៊ុន សែន ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​លើក​កម្ពស់​តម្លៃ​វប្បធម៌​ជាតិ និង​ការ​ការ​ពារ​បេតិក​ភណ្ឌ​វប្បធម៌ ជាពិ​សេស​តំបន់​បេតិក​ភណ្ឌ​អង្គរ និង​ព្រះវិ​ហារ។
២.   តួនាទី​យ៉ាង​សកម្ម​របស់​កម្ពុជា​នៅក្នុង​កិច្ចការ​អន្តរជាតិ ជា​ពិសេស​ក្នុង​ការងារ​អង្គការ​យូណេស្កូ និង​គណៈ​​​កម្មា​ធិការ​បេតិកភណ្ឌ​ពិភព​លោកដែល​កម្ពុជា​បាន​ចូល​ជាសមា​ជិកអស់​រយៈ​ពេល​៣ឆ្នាំ​កន្លង​មក។
៣.​   សមត្ថភា​ពរបស់​កម្ពុជា​លើការ​ថែរក្សា​ស្ថេរភាព​នយោបាយ​ និងការងារ​ការពារ​សន្តិសុខ​និង​សុវត្ថិភាព​ក្នុងការ​រៀប​ចំសន្និសីទ​កម្រិត​អន្តរ​ជាតិ និងការ​ទទួល​បដិ​សណ្ឋារ​កិច្ចដល់​ភ្ញៀវ​អន្តរជាតិ។
            ជាង​នេះ​ទៀត​ ការ​សម្រេច​ផ្តល់​កិត្តិយស​ដល់​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះជា​ការ​បញ្ជាក់​នូវ​ជំនឿ​ទុកចិត្ត​របស់​សហគមន៍​អន្តរជាតិ​មក​លើកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិ​បាលក​ម្ពុជា ក្នុងការ​សម្រេច​បាននូវ​សមិទ្ឋផល​ដ៏ ធំធេង​លើវិស័យ​នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
            នៅក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើកទី​​៣៧ របស់​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌពិ​ភព​លោក​​នេះ កម្ពុជានឹង​ទទួល​​​ស្វាគមន៍​ភ្ញៀវ​អន្តរជាតិ​ប្រហែល ៨០០​នាក់ រួមមាន​អ្នកការ​ទូត​ និងអ្នក​ជំនាញ​ខាង​បេតិក​ភណ្ឌវប្បធម៌ និង​​ធម្មជាតិ​ដែល​មកពី​ទ្វីប​ទាំង ៥ នៃ​ពិភព​លោក​ទាំង​មូល តំណាង​ឲ្យវប្បធម៌​នៃបណ្តាប្រ​ទេស ១៨៩  ដែល​ជា​រដ្ឋ​សមាជិក​​អនុសញ្ញា​ឆ្នាំ១៩៧២ ស្តីពីការ​ការពារ​បេតិកភ​ណ្ឌវប្បធម៌​និងធម្មជាតិ​ពិភពលោក​ ក្នុង​ចំណោម​​​សមាជិក​ទាំង​១៩៥ នៃ​អង្គការ​យូណេស្កូ។
            នេះគឺ​ជាអង្គ​ពិធី​ជា​សាកល​មួយ ដែល​ប្រជាជាតិ​នៃពិភព​លោក​ទាំង​មូល​ជួបជុំ​គ្នាដើម្បី​ពិភាក្សា​និង​ផ្លាស់​​ប្តូរ​ទស្សនៈ​និងបទ​ពិសោធន៍​គ្នា សំដៅ​ជម្រុញ​ការអភិរក្ស និង​អភិវឌ្ឍ​បេតិក​ភណ្ឌ​ប្រកប​ដោយ​ចេរភាព និង​សម្តែង​​នូវការ​គោរព​ដល់​បេតិក​ភណ្ឌ​របស់​មនុស្សជាតិ។