តម្លៃនៃវប្បធម៌ជាតិ ក្នុងយុគសម័យសម្តេចតេជោ
ហ៊ុន សែន
កម្ពុជា ដែលត្រូវបានផ្តល់កិត្តិយសពីសហគមន៍អន្តរជាតិឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី៣៧
និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១៣
គឺជាជោគជ័យដ៏ធំធេង និងជាប្រវត្តិសាស្ត្រ
ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
ក្នុងការធានាបាននូវស្ថិរភាពនយោបាយ
សេដ្ឋកិច្ច សន្តិសុខសង្គម និងការលើកស្ទួយវប្បធម៌យ៉ាងខ្ពស់ត្រដែត។
ការសម្រេចចិត្តជាឯកច្ឆ័ន្ទរបស់សហគមន៍អន្តរជាតិលើបេក្ខភាពកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះ
និងជាប្រធាននៃកិច្ចប្រជុំលើកទី៣៧ ក្នុងខែមិថុនា ឆ្នាំ ២០១៣
គឺជាសារដ៏មានអត្ថន័យបំផុតទៅកាន់ពិភពលោកថា តម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ
ក៏ដូចជាប្រាង្គប្រាសាទរាប់ពាន់ដែលមាននៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈមួយនេះ
មាននូវដួងព្រលឹងរស់រវើកដែលជាមោទនភាពរបស់ជាតិទាំងមូល
គឺមិនមែនសម្រាប់តែរាជរដ្ឋាភិបាលនោះទេ។
បន្ទាប់ពីការតស៊ូមតិដ៏ស្វិតស្វាញដើម្បីសម្រេចនូវគោលដៅនៃយុទ្ធនាការស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ
នៅទីបំផុតកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូកម្ពុជា
ត្រូវបានទទួលនូវមហាកិត្តិយស គឺសម័យប្រជុំលើកទី៣៦
របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចប្រកាសជាផ្លូវការនៅថ្ងៃទី៤ ខែ
កក្កដា ឆ្នាំ ២០១២ ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ
និងជាប្រធាននៃកិច្ចប្រជុំលើកទី៣៧នៅឆ្នាំ២០១៣ ដែលបានកំណត់យកទីក្រុងភ្នំពេញ
និងសៀមរាមសម្រាប់ជាទីកន្លែងរៀបចំកិច្ចប្រជុំនាពេលខាងមុខនោះ។
សេចក្តីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៦
គឺជាសារដ៏មានសារៈសំខាន់បំផុតផ្ញើទៅកាន់ពិភពលោក អំពីនិមិត្តរូបនៃជាតិខ្មែរក្នុងយុគសម័យសម្តេចតេជោសែន
ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់តម្លៃនៃវប្បធម៌ជាតិ
និងការការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិ ជាពិសេសតំបន់បេតិកភណ្ឌអង្គរ
និងប្រាសាទព្រះវិហារ។
កាលពីឆ្នាំ២០០៨
កម្ពុជាទើបនឹងត្រូវបានដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិភណ្ឌពិភពលោក
បន្ទាប់ពីប្រាសាទអង្គរវត្ត
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៣។
ការសម្រេចបាននូវសមិទ្ធផលធំធេងជាបន្តបន្ទាប់របស់កម្ពុជា
គឺជាការបញ្ជាក់ឡើងវិញនូវការទទួលស្គាល់ នៃគុណសម្បត្តិរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ
ហ៊ុន សែន ដែលបានពុះពារនាំមកនូវឯកភាពជាតិ
ទឹកដី ការផ្សះផ្សាបង្រួបបង្រួមជាតិ ធានាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេស គឺកម្ពុជា
បានទទួលការកោតសរសើរថា ជាគំរូនៃការនាំមកនូវសន្តិភាពក្នុងតំបន់។
នេះ គឺជាភាពល្បីរន្ទឺរបស់កម្ពុជា
ដែលមានមេដឹកនាំប្រកបដោយភាពឈ្លាសវៃ។
អ្វីដែលជាសក្ខីភាពពុំអាចកាត់ថ្លៃបានជុំវិញការផ្តល់នូវកិត្តិយសដ៏ធំធេង
ពីសំណាក់សហគមន៍អន្តរជាតិដល់កម្ពុជា
គឺពិតជាផ្តើមចេញពីការជឿទុកចិត្តដ៏មោះមុតមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ
ក្នុងការរួមចំណែកពង្រឹង និងពង្រីកកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
បច្ចុប្បន្នកម្ពុជា បាន និងកំពុងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន
ដែលបានទទួលស្វាគមន៍ប្រមុខដឹកនាំប្រទេសមហាអំណាចធំៗ ក៏ដូចជាមេដឹកនាំជានាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់សំខាន់ៗមកពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន
ក៏ដូចជាទទួលជួបប្រជុំ ពិភាក្សាផ្លាស់ប្តូរយោបល់រវាងពាណិជ្ជករធំៗ
ដើម្បីស្វែងរកការអភិវឌ្ឍរីកចំរើនសម្រាប់ប្រទេសនៅក្នុងតំបន់
និងសកលលោកទាំងមូល។ « នេះ
គឺជាមោទនភាពនៃជាតិខ្មែរ» ។
សម្រាប់សម័យប្រជុំលើកទី៣៧ នៅកម្ពុជា គឺជាអង្គពិធីមួយ
ដែលប្រជាជាតិនៃពិភពលោកទាំងមូលធ្វើដំណើរមកកាន់ទឹកដីកម្ពុជា
ដើម្បីជួបជុំគ្នាពិភាក្សា និងផ្លាស់ប្តូរយោបល់ ទស្សនៈ និងបទពិសោធន៍គ្នាទៅវិញទៅមក
សំដៅជម្រុញការអភិរក្ស និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌពិភពលោក
និងសម្រាប់មនុស្សជាតិប្រកបដោយចីរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិយូណេស្កូកម្ពុជាចុះផ្សាយថ្ងៃទី៥
ខែ កក្កដា ឆ្នាំ២០១២ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំលើកទី៣៧
របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០១៣ ខាងមុខ
កម្ពុជារំពឹងថា នឹងទទួលស្វាគមន៍នូវភ្ញៀវអន្តរជាតិប្រហែលជិត១ពាន់នាក់ រួមមានអ្នកការទូត
និងអ្នកជំនាញខាងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលមកពីទ្វីបទាំង៥
នៃពិភពលោកទាំងមូល តំណាងឱ្យវប្បធម៌នៃបណ្តាប្រទេសចំនួន១៨៩
ដែលជារដ្ឋសមាជិកអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌
និងធម្មជាតិពិភពលោក ក្នុងចំណោមសមាជិកទាំង១៩៥ របស់អង្គការយូណេស្កូ។
ជារួម ជំនឿទុកចិត្តដ៏មុតមាំពីសំណាក់សហគមន៍អន្តរជាតិ
ដែលបានផ្តល់នូវកិត្តិយសសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៣៧
និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាជោគជ័យសម្រាប់រាជរដ្ឋាភិបាលក្នុងយុគសម័យសម្តេចតេជោ
សែន និងជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល៕
អត្ថបទដោយៈ
គង់ សម្បត្តិ