Friday, July 13, 2012

រដ្ឋម​ន្រ្តីការ​បរទេស​ចិន សន្យា​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា

ឯកឧត្តម Yang Jiechi រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេស នៃសាធារណ​រដ្ឋប្រជា​មានិត​ចិន​បាន​ជម្រាប​ជូន​​សម្តេច​អគ្គម​ហាសេនា​បតី​តេជោ ហ៊ុន សែន នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០១២​ថា ប្រទេស​ចិននៅ តែ​បន្តជួយ​ដល់​កម្ពុជា ក្នុងការ​ផ្តល់ឥណទា​នជំរុញការ​ទិញអង្ករ និងនាំ​ផលិតផល កសិកម្មពី​កម្ពុជា ទៅកាន់​ប្រទេសចិន ព្រមទាំង​ជួយជំរុញ​ទេសច​រណ៍ និងអ្នក​វិនិយោគ​ចិនមក​កាន់ កម្ពុជា​ឲ្យកាន់​តែច្រើន​ឡើងថែម​ទៀតផង​ដែរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេច​តេជោនាយក​រដ្ឋមន្រ្តីបាន​ឲ្យដឹងថា នៅក្នុង ជំនួប​នៅវិមាន​សន្តិភាព​ក្នុងរាជ​ធានីភ្នំពេញ ឯកឧត្តមYang Jiechi  បាន​ជម្រាប​ជូនសម្តេច​តេជោ នាយក​រដ្ឋមន្រ្តីថា លោកមាន​សេចក្តី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែលបាន​មកចូល​រួមក្នុង​កិច្ចប្រជុំ រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​នៅព្រះរា​ជាណា​ចក្រក​ម្ពុជា ដែល​នៅក្នុង​ដំណើរទស្សន​កិច្ចនេះ លោក បានកត់​សម្គាល់​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាងឆាប់​រហ័ស ដែល​ការនេះ​បានបង្ហាញ​ឲ្យ ឃើញពីការ​ដឹកនាំ​ដ៏ឈ្លាស​វៃរបស់​សម្តេច​តេជោ​។ ដោយ​វាយ​តម្លៃ​ខ្ពស់ចំពោះ​ទំនាក់​ទំនង នៃ ប្រទេស​ទាំងពីរ កម្ពុជា-ចិន បាន​មាន​ប្រសាសន៍​ថា កន្លង​មក​កម្ពុជាកើ​តមាន​ជំងឺចម្លែក​ដែល បណ្តាល​ឲ្យកុមារ​កម្ពុជា​ប្រមាណ​ជាង ៦០ នាក់បាន​ស្លាប់ ​ហើយ ឯកឧត្តមYang Jiechi បាន​គោរព សុំការ​អនុញ្ញាត​ពីសម្តេច​តេជោនាយ​ករដ្ឋមន្ត្រី​បញ្ជូនអ្នក​ឯកទេសចិ​ន និងជំនួយ​មកធ្វើការ​ស្រាវ​ជ្រាវដើម្បីស្វែ​ងរក​ដំណោះស្រាយ​ពីជំងឺរា​ត្បាត​នេះ។ ឯកឧត្តម Yang Jiechi ថ្លែងថា ប្រទេស​ចិ​ន​ក៏នឹងបន្ត​គាំទ្រ​ជួយ​កម្ពុជា ក្នុង​ការរៀប​ចំកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅក្នុង​ខែវិច្ឆិកា និងបាន​គោរព​អញ្ជើញ​សម្តេច​នាយក​រដ្ឋមន្រ្តី ដើម្បី​ចូល​រួមក្នុង​ការ​តាំង ពិព័រណ៍​អាស៊ី-អឺរ៉ុប នៅ​ប្រទេស​ចិន​នៅ​ក្នុង ខែកញ្ញា ខាង​មុខនេះ។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បានថ្លែង​ថា សម្តេច​នឹង​ពិនិត្យ​មើល​ពេល​វេលា​សម​ស្រប​ព្រោះ​ថា នៅក្នុង​ខែនោះកម្ពុជា​អាចនឹង​មាន​គ្រោះទឹកជំនន់​កើត​ឡើង។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បានថ្លែង​អំណរគុណ​ចំពោះ ឯកឧត្តម Yang Jiechi ដែល​បាន​អញ្ជើញ​មកចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីកា​របទេស​អាស៊ាន​លើក​នេះ ដែល​ជាកិច្ច​ប្រជុំមាន​សារ​សំខាន់​ក្នុងការ​រៀបចំ​ធ្វើឲ្យមាន​ស្ថិរភាព និង​សន្តិភាព​ដល់​ប្រជាជន រួមទាំង​ជំរុញ​ដល់​កិច្ចស​ហប្រតិ​បត្តិការ​ក្នុងតបន់។  សម្តេច​តេជោនា​យករ​ដ្ឋមន្រ្តី​បានថ្លែង​អំណរគុណ ចំពោះការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីថ្នាក់​ដឹកនាំ​នៃសាធា​រណរ​ដ្ឋប្រជា​មានិត​ចិន និង​បានថ្លែង​អំណរ​គុណ ​ចំពោះ​បំណង​ល្អក្នុងការ​ជួយទប់ស្កា​ត់ ជំងឺ​ចម្លែក​ដែល​បណ្តាល​ឲ្យ​​កុមារ​កម្ពុជា​ស្លាប់​នាពេល​ថ្មីៗ​នេះ។សម្តេច​តេជោ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់ប្រទេស​ចិនចំពោះ​ការបន្ត​គាំទ្រផ្តល់​ឥណទាន​ជួយ​ទិញ​អង្ករ និងផលិត​ផលក​សិកម្ម​ពីកម្ពុជា​ទៅ​កាន់​ប្រទេសចិន ក៏ដូចជា កា​រជំរុញ​ទេស​ចរណ៍ និង​វិនិយោគ​ចិនមក​កាន់​កម្ពុជា ផងដែរ៕
អត្ថបទអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស