Monday, August 27, 2012

បទវិចារណ​​កថា៖ ​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ឃើញ​កាន់​តែ​ច្បាស់នូវ ពុត​ត្បុត​ទុច្ចរិត​របស់​​គណបក្ស​ប្រឆាំង

ប្រតិទិន​នៃការ​ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ដល់ ថ្ងៃទី ១២ ខែ តុលា នៃ​ឆ្នាំនីមួយៗរៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​ផ្តល់​​សិទ្ធិដល់ប្រជាពល​រដ្ឋក្នុង​ការ​បំ​ពេញ​សិទ្ធិ​ និង​កាតព្វ​កិច្ចតាម​ច្បាប់​សម្រាប់ការបោះ​ឆ្នោត​​ជ្រើសរើសតំ​ណាង​របស់​ខ្លួននៅ​មូល​ដ្ឋាន និង​មេ​ដឹក​នាំប្រទេស។

 ស្របជាមួយគ្នា​ពេលនោះគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ក៏បានជូនដំណឹង និង ប្រកាស​​​ជា​សា​ធារណៈ ក៏ដូច​ជា​ផ្តល់ពត៌មានដល់​គ្រប់​​គណបក្ស​នយោ​បាយ​ទាំង​អស់​ឲ្យ​ត្រៀម​ឬរៀបចំ​ និង​​បញ្ជូន​បញ្ជី​ឈ្មោះ​​អ្នក​សង្កេត​ការណ៏​រ​បស់គណ​បក្ស​នយោបាយ​នីមួយៗ​ឲ្យចូល​រួម​ពិនិត្យ​​ឈ្មោះ​ក៏ដូចជាជួយត្រួតពិនិត្យ ដើម្បីលប់ឈ្មោះ​ស្ទួន​ក្នុងបញ្ជីបោះឆ្នោត ដែលជា​គោល​បំណង​​ឲ្យ​​មានតម្លាភាព និងមាន​ភាព​ស្មើ​គ្នា​ក្នុង​សិទ្ធិ​នយោ​បាយ  ប៉ុន្តែ​បំណង​ដ៏ល្អនេះត្រូវបាន​គណ​បក្ស​​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្សបដិសេធមិន​ចូល​រួម​ទេ។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គណបក្សប្រឆាំង​ទាំងពីរនេះ​​បាន​ចេញ​សេចក្តី​ថ្លែងការណ៏ប្រកាសថា  « មិន​​បញ្ជូន​តំណាង​គណ​បក្ស​ទៅ​ចូល​រួម​សង្កេតការណ៏ អំពីដំណើរ​ការ​ពិនិត្យបញ្ជីឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ២០១២ ដែលនឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២.......ក្រោម​លេសចោទ​ប្រកាន់​ថា ដំណើរ​ការ​ពិនិត្យបញ្ជីឈ្មោះ​ និងចុះ​ឈ្មោះ​បោះឆ្នោតឆ្នាំ២០១២ដែលរៀបចំដោយ​គណៈ​កម្មាធិ​ការ​ជាតិ​​​រៀបចំការបោះ​ឆ្នោត មិនអាចជួយឲ្យការបោះឆ្នោតសកលឆ្នាំ២០១៣ ប្រព្រឹត្ត​​ដោយសេរី ត្រឹមត្រូវ​ និ​ង​យុត្តិធម៌​បានឡើយ»។

ការពិត​ ជុំ​វិញ​ការ​បដិសេធ​មិន​ចូល​រួម​ វាគ្រាន់​តែជាសិទ្ធិ​នៃការ​សម្រេច​ចិត្តផ្នែក​នយោបាយរបស់​គណបក្ស​នីមួយៗតែប៉ុណ្ណោះ ដែល​វាមិន​បាន​បង្កជាឧបសគ្គដល់​ដំ​ណើ​រការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខឡើយ ពី​ព្រោះ​បើ​ទោះបី​​ជា​គ្មាន​គណបក្ស​ប្រឆាំង​ពីរនេះ ក៏​គ្មាន​រាំង​ស្ទះ​ការ​ងារ​បោះ​ឆ្នោត​ដែរ ​ដោយ​យោង​ថា ក្រៅ​ពី​គណបក្ស​នយោបាយជាច្រើន​ទៀតដែល​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ ក៏​មាន​អង្គការ​ជាង​១០ បាន​បញ្ជូន​ក្រុម​ការងារ​របស់​ខ្លួន​សម្រាប់​ដំ​ណើរការ​ការងារនេះ​ដែរ។

ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​ ការ​បង្កើត​គណបក្ស​នយោបាយ​ហើយ បែរជា​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ពិនិត្យការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​ គឺវាគ្រាន់​តែជាបទ​ចម្រៀង​ចាស់​ដដែល​ៗដែល​គេចាក់​ឡើង​វិញ​នៅ​ពេល​រដូវ​បោះ​ឆ្នោត​​ខិតជិត​ចូល​មក​ដល់​តែប៉ុណ្ណោះ។

 ការបដិសេធមិ​​នចូល​រួម​ គឺជា​ការ​បោះ​បង់​ចោល​សិទ្ធិ​របស់​ខ្លួនឯង ដូច្នេះ ក៏ពុំ​គួរ​នឹង​មាន​ហេតុផល​ណា​មួយ​​មក​ចោទ​ប្រកាន់​ថា​ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខមិន​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌បាន​ដែរ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ​ទង្វើនេះ គឺជា​ការ​បង្ហាញឲ្យឃើញកាន់តែច្បាស់​នូវ​ពុតត្បុត​ទុច្ចរិត​​នៃក្រុមគណបក្ស​ប្រឆាំង គឺការ​ដេក​​ចាំតែប្រឆាំងផ្កាប់មុខ​ ដោយពួក​គេ​គ្មាន​បាន​បំ​​​​ពេ​​ញ​​កាតព្វ​កិច្ច​របស់​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ឡើយ​។

រៀងរាល់មុនការបោះឆ្នោតម្តងៗ ក្រុមគណបក្សប្រឆាំង ជាទម្លាប់​តែង​តែ​រិះ​គន់ និង​ស្តី​បន្ទោសដល់គ.ជ.ប ថា មិនឯករាជ្យ មិនបាន​ផ្សព្វ​ផ្សាយ​ឲ្យ​ទូលំទូលាយ និងបង្ក​ការ​រាង​ស្ទះ​​មិន​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឲ្យចូលរួមសង្កេត​ការ​ណ៍​ដោយសេរី​  ។ល។

គណបក្សប្រឆាំងចេះតែរិះគន់មកលើ គ.ជ.ប ឬរាជរដ្ឋាភិបាលក្រោម​ហេតុ​ផល​ជាច្រើន។​​ មាន​ជាសំ​នួរ​ចោទ​សួរ​ថា ចុះ​ហេតុ​អ្វីនៅពេល​ដែលគ.ជ.ប ប្រកាសឲ្យ​បញ្ជូន​តំណាង​គណបក្ស​ចូលរួមសង្កេតការណ៏​ពិនិត្យឈ្មោះ និង​ចុះ​ឈ្មោះបោះឆ្នោត ដែលជា​ឱកា​ស​របស់គណបក្ស​ប្រឆាំងដើម្បីពិនិត្យ​មើលនូវចំណុចខ្សោយរបស់គ.ជ.ប ប្រសិន​​បើ​មាន​ចំណុចអវិជ្ជមាននោះ តែបែជា​កំសាក​មិន​ហ៊ានបញ្ជូនតំណាងអ្នកសង្កេតការណ៏​របស់​គណ​បក្ស​ខ្លួន​ឬក៏គ​ណបក្ស​សម រង្ស៊ី និងតំណាង​គណ​បក្សសិទ្ធិមនុស្ស គ្មានអ្នកសង្កេតការណ៏ ហើយម្យ៉ាងទៀតក៏​គ្មានថវិការ​ផ្តល់​ថ្លៃសេវា​ដល់​អ្នក​សង្កេត​ការរបស់ខ្លួន ហើយចាំតែ​ស្រែ​​ក​នោះ? ។

បញ្ហា​ដូចគ្នា​នេះ​ដែរ គេនៅចាំបាន​ថា នៅពេលមិនទាន់មានច្បាប់​ប្រឆាំងអំពើពុក​រលួយ ក្រុមគណបក្សប្រឆាំង​ទាំងនោះ​តែង​តែយក​អំពើ​ពុក​រលួយ​មកធ្វើជា​យុទ្ធ​សាស្រ្ត ឬយក​ធ្វើ​ជា​គោលនយោបាយរបស់ខ្លួនថា បើសិន​គណ​បក្សខ្លួនឈ្នះឆ្នោតនោះ គណបក្ស​នឹង​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​  ប៉ុន្តែដល់ពេល​ដែល​រដ្ឋាភិ​បាល​មាន​​ឆន្ទៈ​បង្កើត​ច្បាប់​ប្រឆាំ​ង​អំពើពុករលួយរួចហើយ ស្រាប់តែក្រុមគណបក្សប្រឆាំងបន្ត​ស្រែកទៀតថា ច្បាប់​ប្រឆាំង​​​អំពើ​ពុករលួយ​ដែលរាជរដ្ឋាភិបាលបង្កើតនោះដូចជាឆាប់រហ័សណាស់ ហើយ​យក​លេស​ថា ​រាជ​​រដ្ឋា​ភិបាលមិនបាន​ផ្តល់​សិទ្ធិ​ឲ្យ​គណ​បក្ស​ប្រឆាំង  និងអង្គការសង្គមស៊ីវិលចូលរួ​ម​ផ្តល់​​ម​តិ​​យោ​បល់​ជាដើម​។ ការពិត​ច្បាប់​នេះ​ត្រូវ​បាន​អនុញ្ញាត្តឱ្យ​អ្នក​ជំ​​នាញ​ច្បាប់​ទាំង​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​​អង្គការ​សង្គម​ស៊ីវិលជាច្រើ​នចូល​រួម ​រហូត​បង្កើត​បាន​ជាច្បាប់​ ដែល​ត្រូវ​បាន​អនុម័ត​ដោយរដ្ឋសភា ប៉ុន្តែ​ ជាទម្លាប់របស់​​ក្រុមគណបក្ស​ប្រឆាំង​មិន​បាន​អបអរសាទ ​ឬកោត​សរសើរ​ម្តងណាឡើយ ពីព្រោះ​គេមាន​ឈ្មោះ​ជាបក្ស​ប្រឆាំងទៅ​ហើយ​ បើ​សិន​ជាគាំទ្រ គឺវា​អាច​ខុសពីគោល​នយោបាយ​របស់​ពួក​គេ ដូច្នេះហើយ បើ​ទោះ​ណាជា​ឃើញ​ថាត្រូវ ក៏​ពួក​គេបដិសេធ​ដែរ  នេះ​គឺជាវប្ប​ធម៌​របស់​បក្ស​ប្រឆាំង​ គ្មាន​អ្វី​ចម្លែក​នោះ​ទេ។

ដូច្នេះ ការ​បដិសេធមិនបញ្ជូនអ្នក​សង្កេត​ការណ៏​ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះ​បោះ​ឆ្នោត​​នោះ​ គឺ​ជា​​ការ​យក​រឿង​ចាស់​មក​ផ្សាយ​ឡើង​វិញដោយ​ក្រុម​បក្ស​ប្រឆាំង​ ពី​ព្រោះ​ខួរ​ក្បាល​របស់​​ពួក​គេ គិត​អ្វី​មិន​ចេញ​រឿង​ល្អ​ទេ គឺគិត​ចេញតែវិធិ​ណា​ដែល​ប្រឆាំង​ ៗ ៗ ប្រឆាំង​គ្រប់​ទិដ្ឋភាព​ ប្រឆាំងទាង​ច្បាប់ ប្រឆាំង​ទាំង​ផ្កាប់មុខ។​

ជារួមទង្វើរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្ស​ គឺគ្រាន់​តែជា​ពុតត្បុត​ទុច្ចរិតរបស់​បក្ស​ប្រឆាំង​ និង​បានបង្ហាញឲ្យ​ប្រជា​ពល​រដ្ឋ​ឃើញ​កាន់​តែច្បាស់ក្រឡែត​នូវ​មាយាទអាក្រក់ និងខ្ជឹល​ច្រ​អូស ចាំតែថា មិន​ដែល​ធ្វើ​ជា​ដុំកំភួនក្នុងការជួយជាតិសោះ វាផ្ទុយ​ពីគណបក្ស​ប្រជា​ជន​​កម្ពុជា​​តែងតែខិតខំកសាងអភិវឌ្ឍន៏ប្រទេស និងរក្សាបាននូវសន្តិសុខ សន្តិភាព ដែល​ជា​ទីកក់​ក្តៅ​របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕

អត្ថបទ​ដោយៈ រួម ជាតិ