Monday, August 27, 2012

បទអត្ថាធិប្បាយ ៖ បក្សប្រឆាំងអស់លេសសម្រាប់បោករាស្រ្តក្នុងរឿងព្រំដែន


បទ​បង្ហាញ​ស្តី​ពី​បញ្ហា​ព្រំ​ដែនកម្ពុជា‑ វៀត​ណាម​ ដោយ​សម្តេចតេជោ ហ៊ុន សែន រយៈពេល​ជាង​៥ម៉ោង​នៅ​រដ្ឋសភា កាលពី​ថ្ងៃទី​៩ ខែ សីហា ឆ្នាំ ២០១២ ប្រៀប​បានទៅ​នឹងបំ​ណាក់​ផ្ទាំង​ថ្មភ្នំដ៏ធំ​សង្កត់​លើ​ក្រុម​ប្រឆាំង​ឱ្យ​ដួល​ផ្ងាក ងើប​ខ្លួន​លែង​រួច​ ហើយ​អំ​នួត​របស់​ពួក​គេនាពេល​កន្លង​មក​ដែល​យក​បញ្ហា​ព្រំ​ដែន​ ក្នុង​ការ​កេង​ចំ​ណេញ​នយោបាយ​ក៏ត្រូវ​បាន​បញ្ចប់​។

អស់​ពេល​ជាច្រើន​អាណត្តិ​មកហើយ បក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំ​នួន ក្នុងនិង​ក្រៅ​ប្រទេស​ ​បាន​ខិត​ខំនិយាយបំ​ប៉ោង​អំពី​បញ្ហា​ព្រំ​ដែន ដោយ​ចោទ​ប្រកាន់​ថា រាជរដ្ឋា​ភិបាល​កម្ពុជា​​ ​បាន​កាត់​ទឹក​ដី​ឲ្យ​ទៅប្រទេសជិតខាង ហើយបាន​បណ្តែតបណ្តោយឲ្យវៀតណាម រំ​កិល​បង្គោ​ល​​ទ្បា​ក់ ចូល​ក្នុង​ដី​កម្ពុជា​ជាច្រើនរយគីទ្បូម៉ែត្រក្រឡាទៀតផង។

ការពិត​បញ្ហា​ព្រំ​ដែន មិន​មែន​ជារឿង​ថ្មី​ដែល​ទើប​នឹង​កើត​មាន​ម្សឹល​មិញ​ ឬ​ក៏មួយ​ថ្ងៃពីរ​កន្លង​​មក​នេះ​​ទេ គឺក្រុម​ប្រឆាំង​បាន​ខិត​ខំ​បំ​ភ្លេចកត្តាប្រវត្តិ​សាស្រ្តចោល​ទាំង​ស្រុង​ និង​បាន​មើល​រំ​លង​ពី​សមិទ្ធផល​ដ៏ធំ​ធេង​ដែល​រាជ​រដ្ឋាភិបាលសព្វ​ថ្ងៃសម្រេចបាន​ ។ ផ្ទុយ​ទៅ​វិញ​ ក្រុម​ប្រឆាំង​បាន​ជ្រើសរើសយក​ល្បែង​នេះ​ មក​ដណ្តើម​ប្រជាប្រីយភាព​ និង​ការកេង​នយោបាយ​ជាបន្ត​បន្ទាប់​។

ដូច​សម្តេចតេជោ បាន​មាន​ប្រសាសន៍​ហើយ​ថា ការងារ​បោះ​បង្គោល​ខណ្ឌសីមាព្រំ​ដែន គឺសម្តេច បាន​យក​ផែន​ទី​ខ្នាត​១ លើ១០០ពាន់​ ដែល​អតី​តព្រះ​មហាក្សត្រ សម្តេចនរោត្តម​ សីហនុ បាន​យក​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​កាលពី​ឆ្នាំ ១៩៦៤ មក​​អនុវត្ត។ 

វាពិត​ជាមាន​ភាព​​សាំញ៉ាំ និង​ពិបាកជាទី​បំ​ផុត​ នៅ​​ពេល​ដែលប្រជាពល​រដ្ឋដែល​មាន​ដី​ជាប់​នឹង​ព្រំ​ដែន​ គឺពួក​គាត់បាន​ប្រកាន់​មាំ ថា ជាទឹក​ដី​ ឬ​ក៏​ចាត់​ទុក​ថា​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​ពួក​គាត់​ ដែល​មិន​អាច​ត្រូវ​បាន​ដក​ហូត​វិញ​នោះ​ទេ ។ ប៉ុន្តែ ការ​កាន់​កាប់​ដី​ពី​ដូន​តា​មក​នោះ គឺមិន​អាច​ត្រូវ​គ្នា​ជា​មួយ​នឹងផែន​ទី​ និង​​ការ​វាស់​វែង​ជាក់​ស្តែងនោះឡើយ នោះហើយ​ គឺជាដើម​ចម​នៃបញ្ហា​ និង​​នាំឱ្យ​មាន​ការ​បកស្រាយ​ផ្សេង​ៗគ្នា​ ហើយ​ក៏​​ត្រូវ​បាន​ក្រុម​ប្រឆាំង​ឆក់​យក​ឱកាសនោះ​ ដើម្បី​ប្រយោជន៍​នយោ​បាយ​ ដោយ​ពួក​គេមិន​បាន​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ ឬ​ក៏​មានផែន​ទី​អ្វី​យក​មក​ជាសំ​អាង​ជាក់​លាក់​​ទេ គឺ​មាន​តែការ​ចោទ​ ការ​ទម្លាក់​កំ​ហុសអំពី​ការ​បាត់​បង​ទឹក​ដី ការ​បោកបន្លំ​ប្រជាពល​រដ្ឋ​ យកមក​​​ធ្វើ​ជា​មធ្យោបាយដើម្បី​ដណ្តើម​ប្រៀបឈ្នះ​។​​

នយោបាយទុច្ចរិត អសីលធម៌ ញុះញង់ ប្រឌិត​ហេ​តុ​ការ​ណ៍​​ក្នុងចេតនាបង្ក​នូវអស្ថិរភាព​នយោបាយ តាមរយៈការប​ញ្ឆេះកំហឹ​ងប្រជា​ពល​រ​ដ្ឋឲ្យ​មាន​ការ​ភន្ត័​ច្រ​ទ្បំ  គឺមិន​អាច​ថ្ពក់​ទឹក​ចិត្តពី​ប្រជាពល​រដ្ឋឱ្យ​ដើរចេញ​ពី​ការ​គាំទ្រចំ​ពោះ​រាជ​រដ្ឋាភិបាល​បាន​ទេ ពី​ព្រោះ​ ការ​ចំ​ណាយ​ពេល​អស់​ជាង​៥ម៉ោង​នៅ​រដ្ឋសភាកាលពី​ថ្ងៃទី​៩ ខែ សីហា ឆ្នាំ ២០១២ សម្តេច​តេជោ បាន​បកស្រាយ​បំ​ភ្លឺ​អំពី​បញ្ហា​ព្រំ​ដែន​យ៉ាង​ច្បាស់លាស់​ ដោយ​បាន​គាស់​រំ​លើង​ទាំង​កត្តាប្រវត្តិសាស្ត្រ​ លើក​បង្ហាញ​ទាំង​​ផែន​ទី​ ទាំង​សកម្មភាព​ការងារ​ជាក់​ស្តែង​របស់​ក្រុម​ការងារ​គណៈកម្មាការ​វាស់​វែង និង​កំណត់​ខណ្ឌសីម៉ា និង​បាន​ឆ្លើយ​តបទៅ​នឹង​សំ​នួររបស់​បក្ស​ប្រឆាំង​ទាំង​ទិដ្ឋភាព​ច្បាប់ និង​នយោបាយ។

 ការ​បកស្រាយ​អំពី​បញ្ហាព្រំ​ដែន​ គឺបាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅពី​ប្រជា​ពល​រដ្ឋក្នុង​ និង​ក្រៅ​ប្រទេស​តាម​រយៈការចេញ​ញត្តិគាំទ្រនូវ​ប្រសាសន៍​ដ៏មាន​អត្ថន័យ​ និង​ជាប្រវត្តិ​សាស្ត្រ​របស់​សម្តេច​តេជោ ហើយ​បទ​បង្ហាញ​នេះក៏ត្រូវ​បាន​បោះពុម្ពជាសៀវ​ភៅ និង​បង្ហោះ ក៏ដូច​ជាចុះ​ផ្សាយ​នៅ​តាម​គេហទំ​ព័រ​ និង​សារព័ត៌មាន​ជាច្រើន ជាបន្ត​បន្ទាប់​មក​ដល់​សព្វ​ថ្ងៃ​។

សកម្មភាព​ទាំង​នេះ គឺបាន​បង្ហាញ​នូវ​​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំ​ផុត​របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​​ចំ​ពោះ​មុខប្រវត្តិសាស្ត្រ​ ឆ្លើយ​តប​ទៅ​ក្រុម​ប្រឆាំង​ដែលមិនស្គាល់អំ​ពីកត្តាប្រវត្តិសាស្រ្ត ហើយ​បាន​បើ​ក​កា​រ​​វាយប្រហារខាងនយោបាយយ៉ាងធ្ងន់ធ្ងរប្រកបដោយគ្រោះថ្នាក់នោះ​ គឺត្រូវ​បាន​ដកពីសអស់​ពី​ខ្លួន។

 សម្តេចតេជោនាយក​រដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ លោកមិនអា​ចទទួលយ​កបា​នទេ នូវ​ការ​ចោ​ទ​ប្រ​​កា​ន់​​របស់បក្សប្រឆាំង ដែលបានចោទថា សម្តេចជាជនក្បត់ជាតិ កាត់ទឹកដីឲ្យ​វៀតណាម  ពី​ព្រោះ​រហូ​ត​ម​ក​ដល់ពេលនេះ ពុំមានទឹកដីខ្មែរ ឬភូមិខ្មែរណាមួយ ត្រូវបានបាត់​បង់​នោះទេ ហើ​យ​បើ​និ​យា​យ​ពីបញ្ហាព្រំដែនទឹកវិញ គឺក្រុមការងារប្រទេសទាំងពីរ មិន​ទាន់​បាន​ដោះ​ស្រា​យ​គ្នា​ច​ប់ ដើ​ម្បី​ឈា​​ន​​ដល់ការកំណត់បែងចែកគ្នានៅទ្បើយទេ។ ដូច្នេះ ការចោទប្រកាន់ថា ការបា​ត់បង់​ព្រំ​ដែ​ន​ទឹ​ក​ជា​ង ១ ម៉ឺនគីទ្បូម៉ែត្រការ៉េ ឲ្យទៅប្រទេសវៀតណាម គឺជារឿងមិនពិត ពោល​ គឺអ្ន​ក​ចោ​ទសួ​រធ្វើ​ជា​មិនយល់អំពីបញ្ហានេះ ហើយបើទោះបីជាខំបក​ស្រាយពន្យល់​នូវ​ការ​ពិតយ៉ាងណាក៏ដោយ ក៏​សម្តេចដឹងច្បាស់ថា ពួកគេនៅតែមិនទទួលស្គាល់ការពិតដែរ ពី​ព្រោះវាក្លាយ​ទៅជា​ចរិ​ត​នយោ​បា​យ​ដាច់ណាត់របស់បក្សប្រឆាំងទៅហើយ។

ការបកស្រាយ​របស់​សម្តេចតេជោ គឺជាការ​ជម្រះនូវភាពមិនច្បាស់លាស់ទាំងទ្បាយ ជុំវិ​ញ​បញ្ហាព្រំដែន ឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ នឹង​ដើ​ម្បី​ប​ញ្ឈ​ប់​នូវ​ន​យោ​បាយ​បោ​ករា​ស្រ្ត​របស់បក្សប្រឆាំង ដែលជារឿយៗ គេតែងតែ​លើ​កយ​កប​ញ្ហា​នេះ​ ដែល​ជាចំណុ​ច​រ​សើ​ប​បំ​ផុ​ត​ក្នុងការបង្កវិទ្ធង្សនានយោបាយ បង្ខូចកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈនៃការធ្វើបទបង្ហាញនេះ ប្រជាពលរដ្ឋគ្រប់ៗរូប បានដឹងកាន់តែច្បាស់ថា ផ្ទៃ​ក្រទ្បា​ប្រទេស​កម្ពុជា មិនមែនមានត្រឹមតែ ១៨១,០៣៥ គីទ្បូម៉ែត្រក្រទ្បានោះទេ គឺ​នឹ​ង​អា​ច​កើនទ្បើងរហូតដល់ ១៨១,៦០៦ គីទ្បូម៉ែត្រក្រទ្បាឯណោះ នេះ​បើតា​មកា​រគ​ណ​នារ​ប​ស់​អា​ជ្ញា​ធរ​ជាតិ​ទទូល​បន្ទុក​កិច្ចការ​ព្រំដែន។

សរុបសេចក្តីមក ក្រោយពីបានស្តាប់ការបកស្រាយរបស់សម្តេចអគ្គម​ហា​សេ​នា​ប​តី​តេ​ជោ នាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចមក នយោ​បាយ​បញ្ឆេះ​កំហឹ​ងរប​ស់ប​ក្សប្រ​ឆាំង​ បា​​ន​​ចាក​ឆ្ងាយ​ពីផ្នត់​គំនិតរបស់ពលរដ្ឋខ្មែរអស់ទៅហើយ ជាពិសេ​សបា​នធ្វើ​ឲ្យ​មហា​ជនគ្រ​ប់ៗរូ​ប បា​ន​​យល់​កាន់​តែ​ច្បាស់ នូវក្រយៅអាក្រក់របស់​មេបក្សប្រឆាំងនៅកម្ពុជា ដែល​តែ​ង​តែ​យក​បញ្ហា​នេះ​ធ្វើជា​ទុន​នៃ​អាជីវ​កម្ម​នយោបាយជាប់តរហូតមក តែពេលនេះ ត្រូវរលត់សាបរលាបអស់​ឥ​ទ្ធិព​ល​គ្មាន​សេស​សល់​អ្វីនោះទេ៕

អត្ថបទដោយៈ  ឧត្តម សក្តិ